យ៉ូហាន 9:1-41
យ៉ូហាន 9:1-41 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលព្រះអង្គកំពុងយាងទៅ ទ្រង់ទតឃើញមនុស្សម្នាក់ដែលខ្វាក់ពីកំណើត។ ពួកសិស្សទូលសួរព្រះអង្គថា៖ «លោកគ្រូ តើអ្នកណាបានប្រព្រឹត្តអំពើបាប មនុស្សនេះ ឬឪពុកម្តាយរបស់គាត់ បានជាគាត់កើតមកខ្វាក់ដូច្នេះ?» ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «មិនមែនដោយព្រោះអ្នកនេះ ឬឪពុកម្តាយគាត់បានប្រព្រឹត្តអំពើបាបទេ គាត់កើតមកខ្វាក់ដូច្នេះ គឺដើម្បីឲ្យព្រះបានបង្ហាញកិច្ចការរបស់ព្រះនៅក្នុងគាត់វិញ។ យើងត្រូវតែធ្វើការរបស់ព្រះ ដែលចាត់ខ្ញុំឲ្យមក ទាន់នៅថ្ងៃនៅឡើយ ដ្បិតដល់ពេលយប់ គ្មានអ្នកណាអាចនឹងធ្វើការបានទេ។ កាលខ្ញុំកំពុងតែនៅក្នុងពិភពលោកនេះ ខ្ញុំជាពន្លឺបំភ្លឺពិភពលោក»។ ពេលព្រះអង្គមានព្រះបន្ទូលរួចហើយ ទ្រង់ក៏ស្តោះទៅលើដី ហើយយកទឹកព្រះឱស្ឋធ្វើជាភក់ ទៅលាបភ្នែកមនុស្សខ្វាក់នោះ ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «ចូរទៅលាងក្នុងស្រះស៊ីឡោមទៅ» (ស៊ីឡោម មានន័យថា ចាត់ឲ្យទៅ)។ ដូច្នេះ គាត់ក៏ទៅលាង ហើយត្រឡប់មកវិញទាំងភ្នែកមើលឃើញ។ អ្នកជិតខាង និងអស់អ្នកដែលធ្លាប់ឃើញគាត់ពីមុនជាអ្នកសុំទាន នាំគ្នាសួរថា៖ «តើអ្នកនេះមែនទេ ដែលធ្លាប់តែអង្គុយសុំទានគេ?» ខ្លះថា៖ «គឺអ្នកហ្នឹងហើយ» ខ្លះទៀតថា៖ «ទេ អ្នកនេះគ្រាន់តែមានមុខមាត់ដូចគាត់»។ តែគាត់ឆ្លើយថា៖ «គឺខ្ញុំនេះហើយ»។ គេសួរគាត់ទៀតថា៖ «ធ្វើដូចម្តេចបានជាភ្នែកអ្នកភ្លឺដូច្នេះ?» គាត់ឆ្លើយថា៖ «មានបុរសម្នាក់ឈ្មោះ យេស៊ូវ បានធ្វើភក់មកលាបភ្នែកខ្ញុំ រួចប្រាប់ថា "ចូរទៅលាងក្នុងស្រះស៊ីឡោមទៅ" ខ្ញុំក៏ទៅលាង ហើយស្រាប់តែបានមើលឃើញភ្លាម»។ គេសួរគាត់ថា៖ «អ្នកនោះនៅឯណា?» គាត់ឆ្លើយថា៖ «ខ្ញុំមិនដឹងទេ»។ គេក៏នាំមនុស្សដែលខ្វាក់ពីមុននោះ ទៅជួបនឹងពួកផារិស៊ី។ ថ្ងៃដែលព្រះយេស៊ូវធ្វើភក់ប្រោសឲ្យគាត់ភ្លឺភ្នែកនោះ គឺជាថ្ងៃសប្ប័ទ។ ពួកផារិស៊ីក៏សួរគាត់ ពីការដែលបានភ្លឺភ្នែកដោយរបៀបណា គាត់ជម្រាបថា៖ «លោកយកភក់មកលាបភ្នែកខ្ញុំ រួចខ្ញុំទៅលាង ហើយក៏មើលឃើញ»។ ពួកផារិស៊ីខ្លះនិយាយថា៖ «មនុស្សនោះមិនមែនមកពីព្រះទេ ព្រោះមិនកាន់តាមថ្ងៃសប្ប័ទ»។ ខ្លះទៀតថា៖ «ធ្វើដូចម្តេចឲ្យមនុស្សមានបាប អាចធ្វើទីសម្គាល់យ៉ាងនេះបាន?» ពួកគេក៏បាក់បែកគ្នា។ គេក៏សួរមនុស្សខ្វាក់ម្តងទៀតថា៖ «តើអ្នកថា មនុស្សដែលធ្វើឲ្យភ្នែករបស់អ្នកបានភ្លឺនោះ ជានរណា?» គាត់ឆ្លើយថា៖ «លោកជាហោរា»។ ពួកសាសន៍យូដាមិនជឿថា គាត់ខ្វាក់ភ្នែក ហើយបានភ្លឺឡើងវិញទេ ទាល់តែហៅឪពុកម្តាយរបស់អ្នកដែលបានភ្លឺភ្នែកនោះមក ហើយសួរថា៖ «តើអ្នកនេះជាកូនរបស់អ្នក ដែលអ្នកថា បានកើតមកខ្វាក់នោះមែនឬ? ចុះឥឡូវនេះ ធ្វើដូចម្តេចបានជាគាត់ភ្លឺឡើងវិញ?» ឪពុកម្តាយគាត់ឆ្លើយថា៖ «យើងខ្ញុំដឹងថា នេះជាកូនយើងពិត ហើយពេលវាកើតមក ខ្វាក់មែន តែយើងខ្ញុំមិនដឹងថា វាបានភ្លឺដោយរបៀបណានោះទេ ក៏មិនដឹងថាអ្នកណាបានធ្វើឲ្យភ្លឺដែរ វាគ្រប់អាយុហើយ សូមសួរវាចុះ វានឹងប្រាប់ដោយខ្លួនឯង»។ ឪពុកម្តាយគាត់និយាយដូច្នេះ ព្រោះខ្លាចសាសន៍យូដា ដ្បិតពួកសាសន៍យូដាបានព្រមព្រៀងគ្នាហើយថា បើអ្នកណាប្រកាសថាព្រះយេស៊ូវជាព្រះគ្រីស្ទ ត្រូវកាត់អ្នកនោះចេញពីសាលាប្រជុំរបស់គេ។ ហេតុនោះបានជាឪពុកម្តាយគាត់និយាយថា៖ «វាគ្រប់អាយុហើយ សូមសួរវាចុះ»។ ដូច្នេះ គេក៏ហៅមនុស្សដែលខ្វាក់ពីមុននោះ មកជាលើកទីពីរ ហើយពោលទៅគាត់ថា៖ «ចូរថ្វាយសិរីល្អដល់ព្រះ យើងដឹងថាអ្នកនោះជាមនុស្សបាបទេ»។ គាត់ឆ្លើយថា៖ «លោកនោះជាមនុស្សមានបាប ឬយ៉ាងណានោះ ខ្ញុំមិនដឹងទេ ខ្ញុំដឹងតែម្យ៉ាងគឺថា ពីដើមខ្ញុំខ្វាក់ តែឥឡូវនេះ ខ្ញុំមើលឃើញ!» គេសួរគាត់ថា៖ «តើអ្នកនោះបានធ្វើអ្វីដល់អ្នក? តើគាត់ធ្វើឲ្យភ្នែកអ្នកភ្លឺដោយវិធីណា?» គាត់ឆ្លើយទៅគេថា៖ «ខ្ញុំបានជម្រាបហើយ តែលោកមិនស្តាប់ ហេតុអ្វីបានជាលោកចង់ស្តាប់ម្តងទៀត? តើលោកចង់ធ្វើជាសិស្សរបស់លោកនោះដែរឬ?» ពេលនោះ គេដៀលប្រមាថគាត់ថា៖ «ឯងទេតើជាសិស្សរបស់អ្នកនោះ យើងជាសិស្សរបស់លោកម៉ូសេ។ យើងដឹងថា ព្រះបានមានព្រះបន្ទូលមកកាន់លោកម៉ូសេមែន តែអ្នកនោះ យើងមិនដឹងថាមកពីណាទេ!» បុរសនោះឆ្លើយថា៖ «រឿងនេះចម្លែកមែន អស់លោកមិនដឹងថាលោកនោះមកពីណា តែលោកនោះហើយដែលបានធ្វើឲ្យភ្នែកខ្ញុំភ្លឺ។ យើងដឹងថា ព្រះមិនស្តាប់មនុស្សបាបទេ ប៉ុន្តែ ព្រះអង្គនឹងស្តាប់អ្នកណាដែលកោតខ្លាចព្រះ ហើយប្រព្រឹត្តតាមព្រះហឫទ័យព្រះអង្គ។ តាំងពីដើមរៀងមក មិនដែលឮថា មានអ្នកណាអាចធ្វើឲ្យភ្នែកខ្វាក់ពីកំណើតបានជានោះឡើយ។ បើលោកនោះមិនមកពីព្រះ លោកពុំអាចនឹងធ្វើអ្វីបានឡើយ»។ គេឆ្លើយតបទៅគាត់ថា៖ «ឯងជាមនុស្សកើតមកក្នុងអំពើបាបសុទ្ធ ហើយតើឯងចង់បង្រៀនយើងឬ?» រួចគេបណ្តេញគាត់ចេញទៅ។ ព្រះយេស៊ូវឮថា គេបានបណ្តេញគាត់ ហើយពេលព្រះអង្គបានជួបគាត់ ទ្រង់មានព្រះបន្ទូលសួរថា៖ «តើអ្នកជឿដល់កូនមនុស្សឬទេ?»។ គាត់ទូលឆ្លើយថា៖ «លោកម្ចាស់អើយ តើលោកនោះជានរណា? សូមប្រាប់ខ្ញុំផង ដើម្បីឲ្យខ្ញុំបានជឿដល់ព្រះអង្គ»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «អ្នកបានឃើញព្រះអង្គហើយ គឺជាអ្នកដែលកំពុងនិយាយនឹងអ្នកនេះឯង»។ គាត់ទូលថា៖ «ខ្ញុំជឿហើយ ព្រះអម្ចាស់អើយ»។ រួចគាត់ក៏ក្រាបថ្វាយបង្គំព្រះអង្គ។ ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ខ្ញុំមកក្នុងពិភពលោកនេះ ដើម្បីជំនុំជម្រះ ឲ្យអស់អ្នកដែលខ្វាក់បានមើលឃើញ ហើយឲ្យអស់អ្នកដែលមើលឃើញ ត្រឡប់ជាខ្វាក់វិញ»។ ពួកផារិស៊ីខ្លះ ដែលឈរក្បែរព្រះអង្គ បានឮពាក្យនោះ ក៏ទូលសួរថា៖ «តើយើងខ្ញុំខ្វាក់ដែរឬ?» ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ប្រសិនបើអ្នករាល់គ្នាខ្វាក់មែន អ្នករាល់គ្នាគ្មានបាបទេ តែឥឡូវនេះ ដោយអ្នករាល់គ្នាអាងថាខ្លួនមើលឃើញ នោះអ្នករាល់គ្នានៅជាប់មានបាបនៅឡើយ»។
យ៉ូហាន 9:1-41 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះយេស៊ូយាងតាមផ្លូវ ព្រះអង្គទតឃើញមនុស្សម្នាក់ខ្វាក់តាំងពីកំណើត។ ពួកសិស្សទូលសួរព្រះអង្គថា៖ «ព្រះគ្រូ បុរសនេះកើតមកខ្វាក់ដូច្នេះ តើបណ្ដាលមកពីបាបរបស់នរណា? បាបរបស់គាត់ផ្ទាល់ ឬបាបរបស់ឪពុកម្ដាយគាត់?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «គាត់ខ្វាក់ មិនមែនមកពីបាបរបស់ឪពុកម្ដាយគាត់ ឬបាបរបស់គាត់ទេ គាត់ខ្វាក់ដូច្នេះ ដើម្បីឲ្យព្រះជាម្ចាស់បង្ហាញកិច្ចការរបស់ព្រះអង្គនៅក្នុងគាត់។ យើងត្រូវធ្វើកិច្ចការរបស់ព្រះអង្គដែលបានចាត់ខ្ញុំឲ្យមក ទាន់នៅភ្លឺនៅឡើយ ដ្បិតដល់ពេលយប់ គ្មាននរណាអាចធ្វើការឡើយ។ ពេលខ្ញុំស្ថិតនៅក្នុងពិភពលោកនេះ ខ្ញុំជាពន្លឺបំភ្លឺពិភពលោក»។ កាលព្រះអង្គមានព្រះបន្ទូលដូច្នេះហើយ ព្រះអង្គស្ដោះទឹកព្រះឱស្ឋទៅលើដី ធ្វើភក់លាបភ្នែកមនុស្សខ្វាក់នោះ រួចព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញទៅលុបមុខនៅស្រះស៊ីឡោម ចុះ»(ពាក្យ“ស៊ីឡោម”នេះមានន័យថា អ្នកដែលគេចាត់ឲ្យទៅ)។ គាត់ក៏ចេញទៅលុបមុខ ពេលត្រឡប់មកវិញ គាត់មើលឃើញ។ អ្នកជិតខាង និងអស់អ្នកដែលធ្លាប់ឃើញគាត់សុំទានកាលពីមុន នាំគ្នាពោលថា៖ «បុរសនេះជាអ្នកដែលតែងអង្គុយសុំទានទេតើ!»។ អ្នកខ្លះពោលថា៖ «គាត់មែន!»។ ខ្លះទៀតថា៖ «មិនមែនទេ អ្នកនេះមានមុខដូចគាត់!»។ រីឯបុរសនោះវិញ គាត់ពោលថា៖ «គឺខ្ញុំហ្នឹងហើយ!»។ គេក៏នាំគ្នាសួរគាត់ថា៖ «ម្ដេចបានជាភ្នែកអ្នកភ្លឺដូច្នេះ?»។ គាត់ឆ្លើយថា៖ «មានលោកម្នាក់ឈ្មោះយេស៊ូ បានធ្វើភក់យកមកលាបភ្នែកខ្ញុំ ហើយប្រាប់ខ្ញុំថា “សុំអញ្ជើញទៅលុបមុខនៅស្រះស៊ីឡោមចុះ!” ខ្ញុំក៏ទៅលុបមុខ ហើយខ្ញុំមើលឃើញ»។ គេសួរគាត់ថា៖ «លោកនោះនៅឯណា?»។ គាត់ឆ្លើយថា៖ «ខ្ញុំមិនដឹងទេ!»។ គេនាំអ្នកដែលខ្វាក់ពីមុននោះទៅជួបពួកខាងគណៈផារីស៊ី*។ ថ្ងៃដែលព្រះយេស៊ូធ្វើភក់ និងប្រោសអ្នកខ្វាក់ឲ្យភ្លឺនោះជាថ្ងៃសប្ប័ទ ហេតុនេះហើយបានជាពួកខាងគណៈផារីស៊ីនាំគ្នាសួរម្ដងទៀត អំពីហេតុការណ៍ដែលធ្វើឲ្យភ្នែកគាត់ភ្លឺ។ គាត់ឆ្លើយថា៖ «លោកបានយកភក់ដាក់ពីលើភ្នែកខ្ញុំ ខ្ញុំទៅលុបមុខ ហើយក៏មើលឃើញ»។ ពួកខាងគណៈផារីស៊ីខ្លះពោលថា៖ «អ្នកនោះមិនមែនមកពីព្រះជាម្ចាស់ទេ ដ្បិតគាត់ពុំគោរពក្រឹត្យវិន័យ*សម្រាប់ថ្ងៃឈប់សម្រាក»។ ខ្លះទៀតពោលថា៖ «តើមនុស្សបាបអាចធ្វើទីសម្គាល់ដូចម្ដេចបាន?»ពួកគេក៏បាក់បែកគ្នា។ គេសួរអ្នកដែលខ្វាក់ពីមុននោះម្ដងទៀតថា៖ «ចុះអ្នកវិញ តើអ្នកថា លោកដែលធ្វើឲ្យអ្នកភ្លឺនោះជានរណា?»។ គាត់ឆ្លើយថា៖ «លោកពិតជាព្យាការី*មែន!»។ ប៉ុន្តែ ជនជាតិយូដានៅតែមិនជឿថា កាលពីមុនបុរសនេះខ្វាក់ ហើយឥឡូវបានមើលឃើញនោះឡើយ ទាល់តែហៅឪពុកម្ដាយគាត់មកសួរសិន។ គេសួរទៅឪពុកម្ដាយគាត់ថា៖ «អ្នកនេះពិតជាកូនរបស់អ្នកដែលអ្នកថាខ្វាក់ពីកំណើតមែនឬ ចុះឥឡូវម្ដេចក៏ភ្នែកគាត់ភ្លឺ?»។ ឪពុកម្ដាយគាត់ឆ្លើយថា៖ «យើងខ្ញុំដឹងថាវាពិតជាកូនរបស់យើងខ្ញុំមែន ហើយកើតមកខ្វាក់!។ ត្រង់ឯភ្នែកវាបានភ្លឺដោយហេតុយ៉ាងណាៗនោះ យើងខ្ញុំមិនដឹងទេ ហើយនរណាបានធ្វើឲ្យភ្នែកវាភ្លឺនោះ ក៏យើងមិនដឹងដែរ!។ សូមអស់លោកសួរវាទៅ វាធំហើយ វាឆ្លើយខ្លួនឯងបាន»។ ឪពុកម្ដាយគាត់និយាយដូច្នេះមកពីខ្លាចជនជាតិយូដា ព្រោះជនជាតិយូដារួមគំនិតគ្នា បណ្ដេញអស់អ្នកដែលទទួលស្គាល់ថាព្រះយេស៊ូជាព្រះគ្រិស្ត* ចេញពីសាលាប្រជុំ*របស់គេ។ ហេតុនេះហើយបានជាគាត់ពោលថា “វាធំហើយ សូមសួរវាទៅ!”។ ពួកខាងគណៈផារីស៊ី*បានហៅបុរសដែលខ្វាក់ពីមុននោះ មកសួរជាលើកទីពីរ។ គេពោលទៅគាត់ថា៖ «ត្រូវនិយាយការពិតនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់! យើងដឹងថា អ្នកនោះពិតជាមនុស្សបាបមែន!»។ បុរសនោះតបថា៖ «លោកនោះជាមនុស្សបាប ឬយ៉ាងណានោះ ខ្ញុំមិនដឹងទេ ខ្ញុំដឹងតែម្យ៉ាង គឺពីមុនខ្ញុំខ្វាក់ ឥឡូវនេះ ខ្ញុំមើលឃើញ»។ ពួកគេសួរគាត់ថា៖ «តើអ្នកនោះបានធ្វើអ្វីដល់អ្នក? គាត់បានធ្វើឲ្យភ្នែកអ្នកភ្លឺ ដោយវិធីណា?»។ គាត់ឆ្លើយទៅគេវិញថា៖ «ខ្ញុំបានជម្រាបអស់លោករួចមកហើយ តែអស់លោកពុំស្ដាប់ខ្ញុំទេ។ ហេតុដូចម្ដេចបានជាអស់លោកចង់ឲ្យខ្ញុំនិយាយម្ដងទៀតដូច្នេះ? អស់លោកប្រហែលចង់ធ្វើជាសិស្សរបស់លោកនោះដែរហើយមើលទៅ!»។ ពួកខាងគណៈផារីស៊ីក៏ជេរប្រមាថគាត់ថា៖ «ឯងទេតើជាសិស្សរបស់គាត់! រីឯយើងវិញ យើងជាសិស្សរបស់លោកម៉ូសេ!។ យើងដឹងថាព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេមែន។ រីឯអ្នកនោះវិញ យើងមិនដឹងថាគាត់មកពីណាទេ!»។ បុរសនោះនិយាយតបទៅគេថា៖ «លោកនោះបានធ្វើឲ្យភ្នែកខ្ញុំភ្លឺ តែអស់លោកមិនដឹងថាគាត់មកពីណាដូច្នេះ គួរឲ្យឆ្ងល់ណាស់។ យើងដឹងស្រាប់ហើយថា ព្រះជាម្ចាស់មិនស្ដាប់ពាក្យរបស់មនុស្សបាបទេ ព្រះអង្គស្ដាប់តែពាក្យរបស់អ្នកគោរពប្រណិប័តន៍ព្រះអង្គ និងប្រព្រឹត្តតាមព្រះហឫទ័យព្រះអង្គប៉ុណ្ណោះ។ តាំងពីដើមរៀងមក យើងមិនដែលឮថា មាននរណាធ្វើឲ្យភ្នែកមនុស្សខ្វាក់ពីកំណើតភ្លឺនោះឡើយ។ ប្រសិនបើលោកនោះមិនមកពីព្រះជាម្ចាស់ទេ លោកមិនអាចធ្វើការអ្វីបានទាល់តែសោះ»។ ពួកគេនាំគ្នាពោលទៅគាត់ថា៖ «ឯងជាមនុស្សជាប់បាបពេញខ្លួន តាំងពីកំណើតមក ហើយឯងហ៊ានប្រដៅយើងទៀត!»។ គេក៏បណ្ដេញគាត់ចេញទៅខាងក្រៅ។ ព្រះយេស៊ូជ្រាបថា គេបានបណ្ដេញគាត់ កាលព្រះអង្គជួបគាត់ ព្រះអង្គមានព្រះបន្ទូលសួរថា៖ «តើអ្នកជឿលើបុត្រមនុស្ស*ឬទេ?»។ គាត់ទូលព្រះអង្គថា៖ «លោកម្ចាស់អើយ តើនរណាជាបុត្រមនុស្ស សូមប្រាប់ខ្ញុំឲ្យដឹងផង ដើម្បីឲ្យខ្ញុំជឿលើព្រះអង្គ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «អ្នកឃើញលោកស្រាប់ គឺអ្នកដែលកំពុងតែនិយាយជាមួយអ្នកហ្នឹងហើយជាបុត្រមនុស្ស»។ គាត់ទូលព្រះយេស៊ូថា៖ «បពិត្រព្រះអម្ចាស់! ទូលបង្គំជឿលើព្រះអង្គហើយ»។ គាត់ក៏ក្រាបថ្វាយបង្គំព្រះអង្គ។ បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ខ្ញុំមកក្នុងពិភពលោកនេះ ដើម្បីវិនិច្ឆ័យចិត្តមនុស្ស គឺឲ្យមនុស្សខ្វាក់មើលឃើញ ហើយឲ្យមនុស្សមើលឃើញ ត្រឡប់ទៅជាខ្វាក់វិញ»។ ពួកខាងគណៈផារីស៊ីខ្លះដែលនៅទីនោះជាមួយព្រះអង្គបានឮដូច្នេះ ក៏ទូលព្រះអង្គថា៖ «លោកប្រហែលជាចង់ថា យើងខ្ញុំនេះជាមនុស្សខ្វាក់ដែរហើយមើលទៅ!»។ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយទៅគេវិញថា៖ «ប្រសិនបើអ្នករាល់គ្នាខ្វាក់មែន អ្នករាល់គ្នាគ្មានបាបទេ។ ផ្ទុយទៅវិញ មកពីអ្នករាល់គ្នាថាខ្លួនមើលឃើញដូច្នេះហើយ បានជាអ្នករាល់គ្នានៅតែជាប់បាបរហូត»។
យ៉ូហាន 9:1-41 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លុះទ្រង់យាងហួសទៅ ក៏ទតឃើញមនុស្សម្នាក់ដែលខ្វាក់ពីកំណើត ពួកសិស្សទូលសួរទ្រង់ថា លោកគ្រូ តើអ្នកណាបានធ្វើបាប មនុស្សនេះ ឬឪពុកម្តាយរបស់គាត់ បានជាគាត់កើតមកខ្វាក់ដូច្នេះ ព្រះយេស៊ូវមានបន្ទូលឆ្លើយថា មិនមែនដោយព្រោះអ្នកនេះ ឬឪពុកម្តាយគាត់បានធ្វើបាបទេ គឺដើម្បីឲ្យការរបស់ព្រះ បានសំដែងមក ក្នុងខ្លួនគាត់វិញ កំពុងដែលថ្ងៃនៅភ្លឺនៅឡើយ នោះត្រូវតែខ្ញុំធ្វើការរបស់ព្រះ ដែលចាត់ឲ្យខ្ញុំមក ដ្បិតយប់ដល់មក នោះគ្មានអ្នកណាអាចនឹងធ្វើការបានទេ កាលខ្ញុំកំពុងតែនៅក្នុងលោកីយនៅឡើយ នោះខ្ញុំជាពន្លឺនៃលោកីយ លុះមានបន្ទូលសេចក្ដីទាំងនោះរួចហើយ ទ្រង់ក៏ស្តោះដាក់នៅដី ហើយយកទឹកព្រះឱស្ឋទ្រង់ធ្វើជាភក់ ទៅលាបភ្នែកនៃមនុស្សខ្វាក់នោះ រួចមានបន្ទូលទៅគាត់ថា ចូរទៅលាងក្នុងស្រះស៊ីឡោមទៅ (ស៊ីឡោម គឺស្រាយថា ចាត់ឲ្យទៅ) ដូច្នេះ គាត់ក៏ទៅលាង ហើយត្រឡប់មកវិញ ទាំងមើលឃើញ នោះពួកអ្នកជិតខាង នឹងពួកអ្នកដែលពីដើមបានឃើញថា គាត់ជាអ្នកសុំទាន គេនិយាយថា អ្នកនេះទេតើ ដែលធ្លាប់តែអង្គុយសុំទានគេ ខ្លះថា គឺអ្នកហ្នឹងហើយ ខ្លះទៀតថា គាត់ដូចជាអ្នកនោះទេ តែគាត់ឆ្លើយថា គឺខ្ញុំនេះឯង គេសួរថា ធ្វើដូចម្តេចបានជាភ្នែកឯងបានភ្លឺដូច្នេះ គាត់ឆ្លើយថា មានម្នាក់ឈ្មោះ យេស៊ូវ បានធ្វើភក់មកលាបភ្នែកខ្ញុំ រួចប្រាប់ឲ្យទៅលាងនៅស្រះស៊ីឡោម ខ្ញុំក៏ទៅលាង ហើយបានភ្លឺឡើង គេសួរទៀតថា អ្នកនោះនៅឯណា គាត់ឆ្លើយថា ខ្ញុំមិនដឹងទេ។ គេក៏នាំមនុស្សដែលពីដើមខ្វាក់នោះ ទៅឯពួកផារិស៊ី រីឯថ្ងៃដែលព្រះយេស៊ូវទ្រង់ធ្វើភក់ ប្រោសឲ្យគាត់ភ្លឺភ្នែកនោះ គឺជាថ្ងៃឈប់សំរាក ដូច្នេះ ពួកផារិស៊ីក៏សួរគាត់ ពីដំណើរដែលបានភ្លឺភ្នែក ជាយ៉ាងដូចម្តេចដែរ នោះគាត់ជំរាបថា លោកយកភក់មកលាបភ្នែកខ្ញុំ រួចខ្ញុំទៅលាង ហើយក៏មើលឃើញ ដូច្នេះ ពួកផារិស៊ីខ្លះនិយាយថា មនុស្សនោះមិនមែនមកពីព្រះទេ ព្រោះមិនកាន់ថ្ងៃឈប់សំរាកសោះ ខ្លះទៀតថា ធ្វើដូចម្តេចឲ្យមនុស្សមានបាបអាចធ្វើទីសំគាល់យ៉ាងនេះបាន នោះក៏កើតបាក់បែកគ្នា រួចគេសួរមនុស្សខ្វាក់ម្តងទៀតថា តើឯងថាដូចម្តេច ពីដំណើរអ្នកដែលធ្វើឲ្យភ្នែកឯងភ្លឺនោះ គាត់ឆ្លើយថា លោកជាហោរា តែពួកសាសន៍យូដាមិនជឿថា គាត់ខ្វាក់ភ្នែក ហើយបានភ្លឺឡើងវិញទេ ទាល់តែបានហៅឪពុកម្តាយរបស់អ្នក ដែលបានភ្លឺភ្នែកនោះមក សួរថា តើអ្នកនេះជាកូនរបស់អ្នក ដែលអ្នកថា បានកើតមកខ្វាក់នោះឬអី ចុះឥឡូវនេះ ធ្វើដូចម្តេចបានជាវាភ្លឺឡើងវិញ ឪពុកម្តាយគាត់ឆ្លើយថា យើងខ្ញុំដឹងថា នេះជាកូនយើងខ្ញុំពិត ហើយថា វាកើតមកខ្វាក់មែន តែឥឡូវនេះ ដែលវាភ្លឺជាយ៉ាងដូចម្តេច នោះយើងខ្ញុំមិនដឹងទេ ក៏មិនដឹងជាអ្នកណាបានធ្វើឲ្យភ្លឺផងដែរ វាពេញអាយុហើយ សូមសួរវាចុះ វានឹងជំរាបពីដំណើរខ្លួនវា ឪពុកម្តាយគាត់និយាយដូច្នេះ ព្រោះខ្លាចសាសន៍យូដា ដ្បិតពួកសាសន៍យូដាបានព្រមព្រៀងគ្នាហើយ ថាបើអ្នកណានឹងទទួលទ្រង់ទុកជាព្រះគ្រីស្ទ នោះត្រូវកាត់ពីពួកជំនុំគេចេញ ហេតុនោះបានជាឪពុកម្តាយគាត់និយាយថា វាពេញអាយុហើយ សូមសួរវាចុះ។ គេក៏ហៅមនុស្សដែលពីដើមខ្វាក់នោះ មកម្តងទៀត ប្រាប់ថា ចូរសរសើរដំកើងដល់ព្រះវិញ ឯមនុស្សនោះ យើងដឹងថាជាអ្នកមានបាបទេ គាត់ឆ្លើយទៅថា បើលោកជាមនុស្សមានបាប នោះខ្ញុំមិនដឹងទេ ខ្ញុំដឹងតែប៉ុណ្ណេះថា ពីដើមខ្ញុំខ្វាក់ តែឥឡូវនេះខ្ញុំមើលឃើញ នោះគេសួរគាត់ម្តងទៀតថា អ្នកនោះបានធ្វើអ្វីដល់ឯង តើបានធ្វើដូចម្តេចខ្លះ ឲ្យភ្នែកឯងភ្លឺឡើង គាត់ឆ្លើយថា ខ្ញុំបានជំរាបហើយ តែលោកមិនស្តាប់ ហេតុអ្វីបានជាចង់ស្តាប់ម្តងទៀត តើលោកចង់ធ្វើជាសិស្សរបស់លោកនោះដែរឬអី នោះគេដៀលត្មះគាត់ថា គឺឯងជាសិស្សអ្នកនោះហើយ ឯយើង ជាសិស្សរបស់លោកម៉ូសេវិញ យើងដឹងថា ព្រះបានមានបន្ទូលនឹងលោកម៉ូសេពិត តែអ្នកនោះ យើងមិនដឹងជាមកពីណាទេ មនុស្សនោះឆ្លើយថា នេះចំឡែកណាស់មែន លោករាល់គ្នាមិនដឹងជាលោកនោះមកពីណា ដែលលោកបានធ្វើឲ្យភ្នែកខ្ញុំភ្លឺផង យើងខ្ញុំដឹងថា ព្រះមិនស្តាប់តាមមនុស្សមានបាបទេ ប៉ុន្តែ បើអ្នកណាកោតខ្លាចដល់ព្រះ ហើយប្រព្រឹត្តតាមព្រះហឫទ័យទ្រង់ ទើបទ្រង់នឹងស្តាប់តាមអ្នកនោះឯង ចាប់តាំងពីអស់កល្បរៀងមក មិនដែលឮនិយាយពីអ្នកណាដែលធ្វើឲ្យភ្នែកមនុស្សខ្វាក់ពីកំណើតបានភ្លឺទេ បើលោកនោះមិនមកពីព្រះទេ នោះលោកពុំអាចនឹងធ្វើអ្វីបានឡើយ គេឆ្លើយតបទៅគាត់ថា ឯងជាមនុស្សកើតមកក្នុងអំពើបាបសុទ្ធ ហើយឯងបង្រៀនយើងឬ រួចគេបណ្តេញគាត់ទៅ។ ព្រះយេស៊ូវទ្រង់ឮថា គេបានបណ្តេញគាត់ហើយ រួចកាលទ្រង់បានឃើញគាត់ នោះក៏មានបន្ទូលទៅថា តើអ្នកជឿដល់ព្រះរាជបុត្រានៃព្រះឬទេ គាត់ទូលឆ្លើយថា លោកម្ចាស់អើយ តើអ្នកណាជាព្រះរាជបុត្រានោះ ដើម្បីឲ្យខ្ញុំបានជឿដល់ទ្រង់ផង ព្រះយេស៊ូវមានបន្ទូលទៅគាត់ថា អ្នកបានឃើញទ្រង់ហើយ គឺជាខ្ញុំដែលនិយាយនឹងអ្នកនេះឯង គាត់ទូលថា ខ្ញុំជឿហើយ ព្រះអម្ចាស់អើយ រួចគាត់ក៏ក្រាបថ្វាយបង្គំទ្រង់។ ព្រះយេស៊ូវមានបន្ទូលថា ខ្ញុំបានមកក្នុងលោកីយនេះ ដើម្បីនឹងជំនុំជំរះ ឲ្យពួកអ្នកដែលមើលមិនឃើញបានភ្លឺឡើង ហើយឲ្យពួកអ្នកដែលមើលឃើញ បានទៅជាខ្វាក់វិញ ពួកផារិស៊ី ដែលនៅជាមួយនឹងទ្រង់ បានឮពាក្យនោះ ក៏ទូលសួរថា តើយើងខ្ញុំខ្វាក់ដែរឬអី ព្រះយេស៊ូវមានបន្ទូលទៅគេថា បើសិនជាអ្នករាល់គ្នាខ្វាក់មែន នោះអ្នករាល់គ្នាឥតមានបាបទេ តែឥឡូវនេះ អ្នករាល់គ្នាអាងថាភ្លឺ បានជាជាប់មានបាបនៅឡើយ។