យ៉ូហាន 8:31-51
យ៉ូហាន 8:31-51 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេស៊ូវមានព្រះបន្ទូលទៅពួកសាសន៍យូដា ដែលជឿដល់ព្រះអង្គថា៖ «ប្រសិនបើអ្នករាល់គ្នានៅជាប់នឹងពាក្យរបស់ខ្ញុំ អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំមែន អ្នករាល់គ្នានឹងស្គាល់សេចក្តីពិត ហើយសេចក្តីពិតនោះនឹងរំដោះអ្នករាល់គ្នាឲ្យបានរួច»។ គេទូលឆ្លើយថា៖ «យើងរាល់គ្នាជាពូជលោកអ័ប្រាហាំ មិនដែលធ្វើជាបាវបម្រើរបស់អ្នកណាឡើយ ម្តេចក៏អ្នកថា "អ្នករាល់គ្នានឹងបានរួច" ដូច្នេះ?» ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អស់អ្នកណាដែលប្រព្រឹត្តអំពើបាប គេជាបាវបម្រើរបស់អំពើបាបហើយ។ បាវបម្រើ គេមិននៅជាប់ក្នុងផ្ទះរហូតទេ តែកូនវិញ នៅជាប់រហូត។ ដូច្នេះ បើព្រះរាជបុត្រារំដោះអ្នករាល់គ្នាឲ្យបានរួច នោះអ្នករាល់គ្នានឹងបានរួចមែន។ ខ្ញុំដឹងហើយថា អ្នករាល់គ្នាជាពូជលោកអ័ប្រាហាំ តែអ្នករាល់គ្នារកសម្លាប់ខ្ញុំ ព្រោះពាក្យខ្ញុំ មិនស្ថិតនៅក្នុងចិត្តរបស់អ្នករាល់គ្នាឡើយ។ ខ្ញុំនិយាយតែសេចក្តីណាដែលខ្ញុំបានឃើញជាមួយព្រះវរបិតាខ្ញុំ តែអ្នករាល់គ្នាធ្វើតែអ្វីដែលអ្នករាល់គ្នាបានឮពីឪពុករបស់អ្នករាល់គ្នា»។ គេទូលព្រះអង្គថា៖ «ឪពុករបស់យើង គឺលោកអ័ប្រាហាំ»។ ព្រះយេស៊ូវមានព្រះបន្ទូលតបថា៖ «បើអ្នករាល់គ្នាពិតជាកូនចៅរបស់លោកអ័ប្រាហាំមែន អ្នករាល់គ្នាមុខជាធ្វើតាមលោកមិនខាន តែឥឡូវនេះ អ្នករាល់គ្នារកសម្លាប់ខ្ញុំ ជាមនុស្សដែលប្រាប់អ្នករាល់គ្នាពីសេចក្តីពិត ដែលខ្ញុំបានឮពីព្រះ។ លោកអ័ប្រាហាំមិនបានធ្វើដូច្នេះទេ។ អ្នករាល់គ្នាពិតជាធ្វើតាមឪពុករបស់ខ្លួនមែន»។ ដូច្នេះ គេទូលថា៖ «យើងរាល់គ្នាមិនមែនជាកូនសហាយទេ យើងមានព្រះវរបិតាតែមួយ គឺជាព្រះ»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «បើព្រះជាព្រះវរបិតារបស់អ្នករាល់គ្នាមែន នោះអ្នកនឹងស្រឡាញ់ខ្ញុំ ដ្បិតខ្ញុំចេញពីព្រះមកទីនេះ។ ខ្ញុំមិនបានមកដោយអាងខ្លួនខ្ញុំទេ គឺព្រះអង្គបានចាត់ខ្ញុំឲ្យមក។ ហេតុអ្វីបានជាអ្នករាល់គ្នាមិនយល់ពាក្យដែលខ្ញុំនិយាយដូច្នេះ? គឺដោយព្រោះអ្នករាល់គ្នាស្តាប់ពាក្យរបស់ខ្ញុំមិនបាន។ អ្នករាល់គ្នាមានអារក្សសាតាំងជាឪពុក ហើយអ្នករាល់គ្នាចូលចិត្តធ្វើតាមតណ្ហា ដែលគាប់ចិត្តដល់ឪពុករបស់អ្នក វាជាអ្នកសម្លាប់គេតាំងពីដើមមក វាមិនឈរលើសេចក្តីពិតទេ ព្រោះគ្មានសេចក្តីពិតនៅក្នុងវាឡើយ កាលណាវាពោលពាក្យភូតភរ នោះដុះចេញពីចិត្តវាមក ដ្បិតវាជាអ្នកកុហក ហើយជាឪពុកនៃសេចក្តីកុហក។ ប៉ុន្តែ ព្រោះតែខ្ញុំនិយាយសេចក្តីពិត អ្នករាល់គ្នាមិនជឿខ្ញុំ។ ក្នុងចំណោមអ្នករាល់គ្នា តើមានអ្នកណាម្នាក់ អាចចោទប្រកាន់ខ្ញុំ ពីអំពើបាបបានឬទេ? តែបើខ្ញុំនិយាយសេចក្តីពិតវិញ ហេតុអ្វីបានជាអ្នករាល់គ្នាមិនជឿខ្ញុំ? អ្នកណាដែលកើតមកពីព្រះ តែងស្តាប់តាមព្រះបន្ទូលរបស់ព្រះ តែអ្នករាល់គ្នា មិនបានកើតមកពីព្រះទេ បានជាមិនស្តាប់តាមដូច្នេះ»។ ពួកសាសន៍យូដាទូលព្រះអង្គថា៖ «តើយើងនិយាយត្រូវទេ ថាអ្នកជាសាសន៍សាម៉ារី ហើយមានអារក្សចូល?» ព្រះយេស៊ូវឆ្លើយថា៖ «ខ្ញុំគ្មានអារក្សចូលទេ ខ្ញុំគោរពព្រះវរបិតាខ្ញុំ តែអ្នករាល់គ្នាត្មះតិះដៀលខ្ញុំវិញ។ ខ្ញុំមិនមែនរកសិរីល្អសម្រាប់ខ្លួនខ្ញុំទេ មានព្រះមួយអង្គដែលរកឲ្យខ្ញុំហើយ ព្រះអង្គក៏ជំនុំជម្រះផង។ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា បើអ្នកណាកាន់តាមពាក្យខ្ញុំ អ្នកនោះនឹងមិនស្លាប់ឡើយ»។
យ៉ូហាន 8:31-51 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ជនជាតិយូដា ដែលបានជឿលើព្រះអង្គថា៖ «ប្រសិនបើអ្នករាល់គ្នាស្ថិតនៅជាប់នឹងពាក្យរបស់ខ្ញុំ អ្នករាល់គ្នាពិតជាសិស្សរបស់ខ្ញុំមែន។ អ្នករាល់គ្នានឹងស្គាល់សេចក្ដីពិត ហើយសេចក្ដីពិតនឹងរំដោះអ្នករាល់គ្នាឲ្យមានសេរីភាព»។ គេនាំគ្នាទូលព្រះអង្គថា៖ «យើងខ្ញុំជាកូនចៅលោកអប្រាហាំ! យើងខ្ញុំមិនដែលធ្វើខ្ញុំបម្រើអ្នកណាឡើយ ម្ដេចក៏លោកគ្រូថា “អ្នករាល់គ្នានឹងមានសេរីភាព”ដូច្នេះ?»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាប្រព្រឹត្តអំពើបាប អ្នកនោះជាខ្ញុំបម្រើរបស់អំពើបាប។ ធម្មតា ខ្ញុំបម្រើមិនដែលស្ថិតនៅក្នុងផ្ទះរបស់ម្ចាស់ជាប់រហូតទេ មានតែកូនរបស់ម្ចាស់ប៉ុណ្ណោះដែលស្ថិតនៅក្នុងផ្ទះជាប់រហូតតទៅ។ ប្រសិនបើព្រះបុត្រារំដោះអ្នករាល់គ្នា អ្នករាល់គ្នាពិតជាមានសេរីភាព។ ខ្ញុំដឹងហើយថា អ្នករាល់គ្នាជាកូនចៅរបស់លោកអប្រាហាំ ប៉ុន្តែ អ្នករាល់គ្នារកសម្លាប់ខ្ញុំ ព្រោះពាក្យរបស់ខ្ញុំមិនស្ថិតនៅក្នុងចិត្តអ្នករាល់គ្នាឡើយ។ ខ្ញុំនិយាយតែអំពីអ្វីៗដែលខ្ញុំបានឃើញនៅក្បែរព្រះបិតា រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាធ្វើតាមសេចក្ដីណាដែលអ្នករាល់គ្នាបានឮពីឪពុករបស់អ្នករាល់គ្នា»។ គេទូលព្រះអង្គថា៖ «ឪពុករបស់យើងគឺលោកអប្រាហាំ»។ ព្រះយេស៊ូមានព្រះបន្ទូលតបវិញថា៖ «បើអ្នករាល់គ្នាពិតជាកូនចៅលោកអប្រាហាំមែន អ្នករាល់គ្នាមុខជាធ្វើកិច្ចការ ដូចលោកអប្រាហាំធ្លាប់ធ្វើនោះមិនខាន តែឥឡូវនេះ អ្នករាល់គ្នារកសម្លាប់ខ្ញុំ មកពីខ្ញុំនិយាយសេចក្ដីពិត ដែលខ្ញុំបានឮពីព្រះជាម្ចាស់ លោកអប្រាហាំមិនបានប្រព្រឹត្តដូច្នេះទេ។ អ្នករាល់គ្នាធ្វើកិច្ចការដែលឪពុកអ្នករាល់គ្នាប្រព្រឹត្ត»។ គេទូលព្រះអង្គថា៖ «យើងខ្ញុំជាកូនពេញច្បាប់ យើងមានឪពុកតែមួយគត់គឺព្រះជាម្ចាស់»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ប្រសិនបើព្រះជាម្ចាស់ពិតជាឪពុកអ្នករាល់គ្នាមែន ម៉្លេះសមអ្នករាល់គ្នាស្រឡាញ់ខ្ញុំពុំខាន ដ្បិតខ្ញុំចេញពីព្រះជាម្ចាស់មកទីនេះ។ ខ្ញុំមិនមែនមកដោយចិត្តឯងឡើយ គឺព្រះជាម្ចាស់បានចាត់ខ្ញុំឲ្យមក។ ហេតុអ្វីបានជាអ្នករាល់គ្នាមិនយល់ពាក្យដែលខ្ញុំថ្លែងប្រាប់ដូច្នេះ? គឺមកពីអ្នករាល់គ្នាមិនអាចស្ដាប់ពាក្យរបស់ខ្ញុំបាន។ អ្នករាល់គ្នាជាកូនចៅរបស់មារសាតាំង* ហើយអ្នករាល់គ្នាចង់ធ្វើតាមចំណង់ចិត្តឪពុកអ្នករាល់គ្នា។ តាំងពីដើមរៀងមក វាបានសម្លាប់មនុស្ស ហើយមិនកាន់តាមសេចក្ដីពិតទេ ព្រោះគ្មានសេចក្ដីពិតនៅក្នុងខ្លួនវាសោះ។ ពេលវានិយាយកុហក នោះវានិយាយចេញពីគំនិតវាផ្ទាល់ ព្រោះវាជាមេកុហក ហើយជាឪពុកនៃអ្នកកុហក។ រីឯខ្ញុំវិញ ខ្ញុំនិយាយសេចក្ដីពិត តែអ្នករាល់គ្នាមិនជឿខ្ញុំទេ។ ក្នុងចំណោមអ្នករាល់គ្នា តើនរណាអាចចោទប្រកាន់ថា ខ្ញុំប្រព្រឹត្តអំពើបាបបាន? បើខ្ញុំនិយាយសេចក្ដីពិត ហេតុដូចម្ដេចបានជាអ្នករាល់គ្នាមិនជឿខ្ញុំ? អ្នកណាកើតមកពីព្រះជាម្ចាស់ អ្នកនោះតែងស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គ។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាមិនមែនកើតមកពីព្រះជាម្ចាស់ទេ បានជាអ្នករាល់គ្នាមិនស្ដាប់ខ្ញុំដូច្នេះ»។ ជនជាតិយូដាទូលព្រះអង្គថា៖ «យើងនិយាយថា លោកជាសាសន៍សាម៉ារី ហើយថាមានអារក្សចូលលោកនោះត្រូវមែន!»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «គ្មានអារក្សណាចូលខ្ញុំឡើយ តែខ្ញុំគោរពព្រះបិតារបស់ខ្ញុំ ហើយអ្នករាល់គ្នាបែរជាបន្តុះបង្អាប់ខ្ញុំទៅវិញ។ ខ្ញុំមិនរកសិរីរុងរឿងសម្រាប់ខ្លួនខ្ញុំឡើយ គឺមានម្នាក់រកឲ្យខ្ញុំ ហើយវិនិច្ឆ័យទៀតផង។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាកាន់តាមពាក្យរបស់ខ្ញុំ អ្នកនោះនឹងមិនស្លាប់សោះឡើយ»។
យ៉ូហាន 8:31-51 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះព្រះយេស៊ូវមានបន្ទូល ទៅពួកសាសន៍យូដាដែលជឿដល់ទ្រង់ថា បើអ្នករាល់គ្នានៅជាប់ក្នុងពាក្យខ្ញុំ នោះអ្នករាល់គ្នាជាសិស្សខ្ញុំមែន អ្នករាល់គ្នានឹងស្គាល់សេចក្ដីពិត ហើយសេចក្ដីពិតនោះនឹងប្រោសឲ្យអ្នករាល់គ្នាបានរួច គេទូលឆ្លើយថា យើងរាល់គ្នាជាពូជលោកអ័ប្រាហាំ ក៏មិនដែលធ្វើជាបាវបំរើរបស់អ្នកណាឡើយ ម្តេចក៏អ្នកថា យើងនឹងបានរួចដូច្នេះ ព្រះយេស៊ូវមានបន្ទូលតបថា ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អស់អ្នកណាដែលប្រព្រឹត្តអំពើបាប នោះជាបាវបំរើរបស់អំពើបាបនោះហើយ រីឯបាវបំរើ គេមិននៅជាប់ក្នុងផ្ទះជាដរាបទេ តែព្រះរាជបុត្រា ទ្រង់នៅជាប់អស់កល្បជានិច្ចវិញ ដូច្នេះ បើព្រះរាជបុត្រាប្រោសឲ្យអ្នករាល់គ្នាបានរួច នោះនឹងបានរួចជាពិត ខ្ញុំដឹងហើយថា អ្នករាល់គ្នាជាពូជលោកអ័ប្រាហាំ ប៉ុន្តែ អ្នករាល់គ្នារកសំឡាប់ខ្ញុំ ពីព្រោះពាក្យខ្ញុំគ្មានកន្លែងដក់នៅក្នុងចិត្តរបស់អ្នករាល់គ្នាទេ ឯខ្ញុំៗនិយាយតែសេចក្ដីណា ដែលខ្ញុំបានឃើញនៅឯព្រះវរបិតាខ្ញុំ តែអ្នករាល់គ្នាធ្វើតែការ ដែលបានឃើញនៅឯឪពុករបស់អ្នករាល់គ្នាវិញ គេទូលឆ្លើយថា គឺលោកអ័ប្រាហាំ ជាឪពុកនៃយើងរាល់គ្នា ព្រះយេស៊ូវមានបន្ទូលថា បើអ្នករាល់គ្នាជាពូជលោកអ័ប្រាហាំពិត នោះនឹងធ្វើតាមលោកជាប្រាកដ តែឥឡូវនេះ អ្នករាល់គ្នារកចង់សំឡាប់ខ្ញុំវិញ ជាមនុស្សដែលយកសេចក្ដីពិត ដែលបានឮពីព្រះ មកប្រាប់ដល់អ្នករាល់គ្នា លោកអ័ប្រាហាំមិនបានធ្វើដូច្នោះទេ អ្នករាល់គ្នាធ្វើតាមតែឪពុករបស់ខ្លួន ដូច្នេះ គេទូលថា យើងរាល់គ្នាមិនមែនជាកូនសហាយទេ យើងមានព្រះវរបិតាតែ១ គឺជាព្រះ ព្រះយេស៊ូវមានបន្ទូលថា បើព្រះជាព្រះវរបិតានៃអ្នករាល់គ្នាមែន នោះអ្នកនឹងបានស្រឡាញ់ខ្ញុំ ដ្បិតខ្ញុំចេញពីព្រះមក ហើយក៏មកដល់ មិនមែនមកដោយអាងខ្លួនខ្ញុំទេ គឺព្រះអង្គបានចាត់ឲ្យខ្ញុំមកទេតើ ហេតុអ្វីបានជាអ្នករាល់គ្នាមិនយល់សំដីខ្ញុំ គឺមកតែពីស្តាប់ពាក្យខ្ញុំមិនបានប៉ុណ្ណោះ អ្នករាល់គ្នាមានអារក្សសាតាំងជាឪពុក ហើយអ្នករាល់គ្នាចូលចិត្តធ្វើតាមតណ្ហា ដែលគាប់ចិត្តដល់ឪពុករបស់អ្នក វាជាអ្នកសំឡាប់គេតាំងពីដើមមក វាមិនបាននៅជាប់ក្នុងសេចក្ដីពិត ព្រោះគ្មានសេចក្ដីពិតនៅក្នុងវាទេ កាលណាវាពោលពាក្យភូតភរ នោះដុះចេញអំពីចិត្តវាមក ដ្បិតវាជាអ្នកកំភូត ហើយជាឪពុកនៃសេចក្ដីនោះឯង ដោយព្រោះតែខ្ញុំនិយាយសេចក្ដីពិត បានជាអ្នករាល់គ្នាមិនជឿខ្ញុំ តើមានពួកអ្នករាល់គ្នាណាមួយចាប់ប្រកាន់ខ្ញុំ ពីអំពើបាបបានឬទេ តែបើខ្ញុំនិយាយសេចក្ដីពិតវិញ ហេតុអ្វីបានជាមិនជឿដល់ខ្ញុំសោះ អ្នកណាដែលកើតអំពីព្រះ នោះក៏ស្តាប់តាមព្រះបន្ទូលនៃព្រះដែរ ឯអ្នករាល់គ្នា មិនបានកើតមកពីព្រះទេ បានជាមិនស្តាប់តាមដូច្នេះ។ នោះពួកសាសន៍យូដាទូលទ្រង់ថា តើយើងមិននិយាយត្រូវថា អ្នកជាសាសន៍សាម៉ារី ហើយមានអារក្សចូលទេឬអី ព្រះយេស៊ូវទ្រង់ឆ្លើយថា ខ្ញុំគ្មានអារក្សចូលទេ ខ្ញុំគោរពប្រតិបត្តិចំពោះព្រះវរបិតាខ្ញុំ តែអ្នករាល់គ្នាត្មះតិះដៀលខ្ញុំវិញ ឯខ្ញុំ មិនមែនរកកិត្តិសព្ទចំពោះខ្លួនទេ មានព្រះ១អង្គដែលរកឲ្យខ្ញុំវិញ ហើយទ្រង់ក៏ជំនុំជំរះផង ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នកណាកាន់តាមពាក្យខ្ញុំ អ្នកនោះមិនត្រូវឃើញសេចក្ដីស្លាប់ នៅអស់កល្បរៀងទៅ