យ៉ូហាន 6:48-58
យ៉ូហាន 6:48-58 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ខ្ញុំជានំបុ័ងជីវិត។ បុព្វបុរសអ្នករាល់គ្នាបានបរិភោគនំម៉ាណា នៅទីរហោស្ថាន ហើយក៏ស្លាប់អស់ទៅ នំប៉័ងដែលខ្ញុំនិយាយនេះ ជានំបុ័ងដែលចុះពីស្ថានសួគ៌មក ដូច្នេះ អ្នកណាដែលបរិភោគ មិនត្រូវស្លាប់ឡើយ។ ខ្ញុំជានំបុ័ងជីវិត ដែលចុះពីស្ថានសួគ៌មក បើអ្នកណាបរិភោគនំបុ័ងនេះ នោះនឹងរស់នៅអស់កល្បជានិច្ច ឯនំបុ័ងដែលខ្ញុំឲ្យ គឺជារូបសាច់ខ្ញុំ ដែលខ្ញុំនឹងឲ្យមនុស្សលោកមានជីវិត»។ ដូច្នេះ ពួកសាសន៍យូដាជជែកគ្នា ហើយនិយាយថា៖ «តើអ្នកនេះអាចនឹងឲ្យសាច់គាត់មកយើងបរិភោគដូចម្តេចបាន?» ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ប្រាកដមែនខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នករាល់គ្នាមិនពិសាសាច់ និងផឹកឈាមកូនមនុស្សទេ អ្នករាល់គ្នាគ្មានជីវិតនៅក្នុងខ្លួនឡើយ។ អ្នកណាដែលពិសាសាច់ និងផឹកឈាមរបស់ខ្ញុំ មានជីវិតអស់កល្បជានិច្ច ហើយខ្ញុំនឹងប្រោសឲ្យរស់ឡើងវិញ នៅថ្ងៃចុងបំផុត។ ព្រោះសាច់ខ្ញុំជាអាហារពិតប្រាកដ ហើយឈាមខ្ញុំក៏ជាគ្រឿងផឹកពិតប្រាកដ អ្នកណាដែលពិសាសាច់ និងផឹកឈាមរបស់ខ្ញុំ អ្នកនោះនៅជាប់ក្នុងខ្ញុំ ហើយខ្ញុំក៏នៅជាប់ក្នុងអ្នកនោះដែរ។ ដូចជាព្រះវរបិតាដែលមានព្រះជន្មរស់ បានចាត់ខ្ញុំឲ្យមក ហើយខ្ញុំរស់នៅ ដោយសារព្រះអង្គ នោះអ្នកណាដែលពិសាខ្ញុំ នឹងរស់ដោយសារខ្ញុំដែរ។ នេះជានំបុ័ងដែលចុះពីស្ថានសួគ៌មកពិត មិនដូចជាបុព្វបុរសអ្នករាល់គ្នា បានបរិភោគនំម៉ាណា ហើយស្លាប់ទៅនោះទេ គឺអ្នកណាដែលបរិភោគនំបុ័ងនេះ នឹងរស់នៅអស់កល្បជានិច្ចវិញ»។
យ៉ូហាន 6:48-58 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំនេះហើយជាអាហារដែលផ្ដល់ជីវិត។ បុព្វបុរសរបស់អ្នករាល់គ្នាបានបរិភោគនំម៉ាណា នៅវាលរហោស្ថាន ហើយទទួលមរណភាពអស់ទៅ។ រីឯអាហារដែលចុះមកពីស្ថានបរមសុខ មានប្រសិទ្ធភាពបែបនេះ គឺអ្នកណាបរិភោគ អ្នកនោះមិនស្លាប់ឡើយ។ ខ្ញុំនេះហើយជាអាហារដែលមានជីវិត ចុះមកពីស្ថានបរមសុខ។ អ្នកណាបរិភោគអាហារនេះ នឹងរស់នៅអស់កល្បជានិច្ច។ អាហារដែលខ្ញុំនឹងឲ្យនោះ គឺខ្លួនខ្ញុំ ផ្ទាល់ដែលត្រូវបូជាសម្រាប់ឲ្យមនុស្សលោកមានជីវិត»។ ជនជាតិយូដាទាស់ទែងគ្នាយ៉ាងខ្លាំង ហើយគេនិយាយថា៖ «តើអ្នកនេះអាចឲ្យខ្លួនគាត់ផ្ទាល់ មកយើងបរិភោគដូចម្ដេចកើត?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ប្រសិនបើអ្នករាល់គ្នាមិនពិសាសាច់ និងលោហិតរបស់បុត្រមនុស្ស*ទេ អ្នករាល់គ្នាគ្មានជីវិតក្នុងខ្លួនឡើយ។ អ្នកណាពិសាសាច់ និងលោហិតរបស់ខ្ញុំ អ្នកនោះមានជីវិតអស់កល្បជានិច្ច ហើយខ្ញុំក៏នឹងប្រោសគេឲ្យមានជីវិតរស់ឡើងវិញ នៅថ្ងៃចុងក្រោយបំផុតផង។ សាច់របស់ខ្ញុំជាអាហារដ៏ពិតប្រាកដ លោហិតរបស់ខ្ញុំក៏ជាភេសជ្ជៈដ៏ពិតប្រាកដដែរ។ អ្នកណាពិសាសាច់ និងលោហិតរបស់ខ្ញុំ អ្នកនោះស្ថិតនៅក្នុងខ្ញុំ ហើយខ្ញុំក៏ស្ថិតនៅក្នុងអ្នកនោះដែរ។ ព្រះបិតាដែលបានចាត់ខ្ញុំឲ្យមក ព្រះអង្គមានព្រះជន្មរស់ ហើយខ្ញុំមានជីវិតដោយសារព្រះអង្គយ៉ាងណា អ្នកបរិភោគខ្ញុំ ក៏នឹងមានជីវិតរស់ ដោយសារខ្ញុំយ៉ាងនោះដែរ។ អាហារដែលបានចុះពីស្ថានបរមសុខមក មានប្រសិទ្ធភាពខុសពីអាហារដែលបុព្វបុរស*របស់អ្នករាល់គ្នាបានបរិភោគ ដ្បិតលោកទទួលមរណភាពអស់ទៅហើយ។ រីឯអ្នកដែលបរិភោគអាហារនេះនឹងរស់នៅអស់កល្បជានិច្ច»។
យ៉ូហាន 6:48-58 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ខ្ញុំជានំបុ័ងជីវិត ពួកឰយុកោអ្នករាល់គ្នាបានបរិភោគនំម៉ាន៉ា នៅទីរហោស្ថាន ហើយក៏ស្លាប់អស់ទៅ ឯនំបុ័ងដែលខ្ញុំនិយាយនេះ គឺជានំបុ័ងដែលចុះពីស្ថានសួគ៌មក ដើម្បីឲ្យអ្នកណាដែលបរិភោគ មិនត្រូវស្លាប់ឡើយ ខ្ញុំជានំបុ័ងដ៏រស់ ដែលចុះពីស្ថានសួគ៌មក បើអ្នកណាបរិភោគនំបុ័ងនេះ នោះនឹងរស់នៅអស់កល្បជានិច្ច ឯនំបុ័ងដែលខ្ញុំឲ្យ គឺជារូបសាច់ខ្ញុំ ដែលខ្ញុំនឹងឲ្យជំនួសជីវិតមនុស្សលោក ដូច្នេះ ពួកសាសន៍យូដាគេជជែកគ្នាថា ធ្វើដូចម្តេចឲ្យអ្នកនេះអាចនឹងឲ្យសាច់ខ្លួនមកយើងបរិភោគបាន។ នោះព្រះយេស៊ូវមានបន្ទូលទៅគេថា ប្រាកដមែនខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នករាល់គ្នាមិនពិសាសាច់ ហើយមិនផឹកឈាមរបស់កូនមនុស្ស នោះអ្នករាល់គ្នាគ្មានជីវិតនៅក្នុងខ្លួនទេ អ្នកណាដែលបរិភោគសាច់ នឹងឈាមរបស់ខ្ញុំ នោះមានជីវិតដ៏នៅអស់កល្បជានិច្ច ហើយខ្ញុំនឹងឲ្យអ្នកនោះរស់ឡើងវិញ នៅថ្ងៃចុងបំផុត ពីព្រោះសាច់ខ្ញុំជាអាហារពិត ហើយឈាមខ្ញុំក៏ជាគ្រឿងផឹកពិតប្រាកដ អ្នកណាដែលបរិភោគសាច់ នឹងឈាមរបស់ខ្ញុំ នោះនៅក្នុងខ្ញុំ ហើយខ្ញុំក៏នៅក្នុងអ្នកនោះដែរ អ្នកណាដែលបរិភោគខ្ញុំ អ្នកនោះនឹងរស់ដោយសារខ្ញុំ ដូចជាព្រះវរបិតាដ៏មានព្រះជន្មរស់ ទ្រង់បានចាត់ឲ្យខ្ញុំមក ហើយខ្ញុំក៏រស់នៅ ដោយសារទ្រង់ដែរ នំបុ័ងនេះជានំបុ័ង ដែលចុះពីស្ថានសួគ៌មកជាពិត មិនមែនដូចជាពួកឰយុកោអ្នករាល់គ្នា បានបរិភោគនំម៉ាន៉ា ហើយក៏ស្លាប់ទៅនោះទេ គឺអ្នកណាដែលបរិភោគនំបុ័ងនេះ នឹងរស់នៅអស់កល្បជានិច្ចវិញ