យ៉ូហាន 6:41-44
យ៉ូហាន 6:41-44 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ ពួកសាសន៍យូដាឌុកដាន់ព្រះអង្គ ដោយព្រោះព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំជានំបុ័ង ដែលចុះពីស្ថានសួគ៌មក»។ គេនិយាយថា៖ «តើអ្នកនេះមិនមែនឈ្មោះយេស៊ូវ ជាកូនយ៉ូសែប ដែលយើងស្គាល់ឪពុកម្តាយគាត់ទេឬ? ម្តេចគាត់និយាយថា គាត់ចុះពីស្ថានសួគ៌មកដូច្នេះ?» ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «កុំឲ្យអ្នករាល់គ្នារអ៊ូរទាំឡើយ គ្មានអ្នកណាអាចមករកខ្ញុំបានទេ លើកលែងតែព្រះវរបិតា ទាញនាំគេឲ្យមកប៉ុណ្ណោះ ហើយខ្ញុំនឹងឲ្យអ្នកនោះរស់ឡើងវិញ នៅថ្ងៃចុងបំផុត។
យ៉ូហាន 6:41-44 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ជនជាតិយូដារអ៊ូរទាំពីព្រះយេស៊ូ ព្រោះព្រះអង្គមានព្រះបន្ទូលថា “ខ្ញុំជាអាហារដែលចុះមកពីស្ថានបរមសុខ*”។ គេពោលថា៖ «អ្នកនេះឈ្មោះយេស៊ូ ជាកូនរបស់លោកយ៉ូសែបទេតើ! យើងស្គាល់ទាំងឪពុកទាំងម្ដាយ ម្ដេចក៏គាត់ពោលថាគាត់ចុះមកពីស្ថានបរមសុខដូច្នេះ?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ឈប់នាំគ្នារអ៊ូរទាំទៅ!។ ប្រសិនបើព្រះបិតាដែលចាត់ខ្ញុំឲ្យមកមិនទាក់ទាញចិត្តគេទេ គ្មាននរណាម្នាក់អាចមករកខ្ញុំឡើយ។ រីឯខ្ញុំ ខ្ញុំនឹងប្រោសអ្នកនោះឲ្យមានជីវិតរស់ឡើងវិញ នៅថ្ងៃចុងក្រោយបំផុត។
យ៉ូហាន 6:41-44 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះពួកសាសន៍យូដា គេឌុកដាន់ទ្រង់ ពីព្រោះទ្រង់មានបន្ទូលថា ខ្ញុំជានំបុ័ង ដែលចុះពីស្ថានសួគ៌មក គេនិយាយថា អ្នកនេះ តើមិនមែនឈ្មោះយេស៊ូវ ជាកូនយ៉ូសែប ដែលយើងស្គាល់ឪពុកម្តាយគាត់ទេឬអី ចុះដូចម្តេចឡើយបានជាគាត់និយាយថា គាត់ចុះពីស្ថានសួគ៌មកដូច្នេះ នោះព្រះយេស៊ូវមានបន្ទូលទៅគេថា កុំឲ្យរទូរទាំក្នុងពួកអ្នករាល់គ្នាឡើយ គ្មានអ្នកណាអាចនឹងមកឯខ្ញុំបានទេ លើកតែព្រះវរបិតា ដែលចាត់ខ្ញុំឲ្យមក ទ្រង់ទាញនាំគេប៉ុណ្ណោះ ហើយខ្ញុំនឹងឲ្យអ្នកនោះរស់ឡើងវិញ នៅថ្ងៃចុងបំផុតដែរ