យ៉ូហាន 6:37-40

យ៉ូហាន 6:37-40 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

អស់​អ្នក​ដែល​ព្រះ‌វរបិតា​ប្រទាន​មក​ខ្ញុំ នោះ​នឹង​មក​រក​ខ្ញុំ ហើយ​អ្នក​ណា​ដែល​មក​រក​ខ្ញុំ ខ្ញុំ​នឹង​មិន​បោះ‌បង់​គេ​ចោល​ឡើយ។ ព្រោះ​ខ្ញុំ​ចុះ​ពី​ស្ថាន‌សួគ៌​មក មិន​មែន​នឹង​ធ្វើ​តាម​ចិត្ត​ខ្ញុំ​ទេ គឺ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ ដែល​ចាត់​ខ្ញុំ​ឲ្យ​មក​វិញ។ នេះ​ហើយ​ជា​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌វរបិតា ដែល​ចាត់​ខ្ញុំ​ឲ្យ​មក គឺ​មិន​ចង់​ឲ្យ​បាត់​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​មនុស្ស ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក​ខ្ញុំ​ឡើយ គឺ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​ឲ្យ​ខ្ញុំ​ប្រោស​គេ​ឲ្យ​រស់​ឡើង នៅ​ថ្ងៃ​ចុង​បំផុត។ នេះ​ជា​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌វរបិតា​ខ្ញុំ គឺ​ឲ្យ​អស់​អ្នក​ណា​ដែល​ឃើញ​ព្រះ‌រាជ‌បុត្រា ហើយ​ជឿ​ដល់​ព្រះ‌អង្គ នឹង​បាន​ជីវិត​អស់​កល្ប​ជា‌និច្ច ហើយ​ខ្ញុំ​នឹង​ឲ្យ​អ្នក​នោះ​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​បំផុត»។

ចែក​រំលែក
អាន យ៉ូហាន 6

យ៉ូហាន 6:37-40 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

អស់​អ្នក​ដែល​ព្រះ‌បិតា​ប្រទាន​មក​ខ្ញុំ តែងតែ​មក​រក​ខ្ញុំ ហើយ​ខ្ញុំ​មិន​បោះ​បង់​ចោល​អ្នក​ដែល​មក​រក​ខ្ញុំ​ជា​ដាច់​ខាត ដ្បិត​ខ្ញុំ​ចុះ​ពី​ស្ថាន​បរម‌សុខ​មក ដើម្បី​ធ្វើ​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក គឺ​ពុំ​មែន​ធ្វើ​តាម​បំណង​ចិត្ត​របស់​ខ្ញុំ​ទេ។ រីឯ​ព្រះអង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​នោះ ព្រះអង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​នរណា​ម្នាក់ ក្នុង​បណ្ដា​អស់​អ្នក​ដែល​ព្រះអង្គ​ប្រទាន​មក​ខ្ញុំ ត្រូវ​វិនាស​អន្តរាយ​ឡើយ តែ​ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​ខ្ញុំ​ប្រោស​គេ ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​ក្រោយ​បំផុត។ ព្រះ‌បិតា​របស់​ខ្ញុំ​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​អស់​អ្នក​ដែល​បាន​ឃើញ​ព្រះ‌បុត្រា ហើយ​ជឿ​លើ​ព្រះអង្គ​មាន​ជីវិត​អស់‌កល្ប​ជានិច្ច។ ខ្ញុំ​នឹង​ប្រោស​អ្នក​នោះ​ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​ក្រោយ​បំផុត​ផង»។

ចែក​រំលែក
អាន យ៉ូហាន 6

យ៉ូហាន 6:37-40 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

អស់​អ្នក​ណា​ដែល​ព្រះវរ‌បិតា​ប្រទាន​មក​ខ្ញុំ នោះ​នឹង​មក​ឯ​ខ្ញុំ ហើយ​អ្នក​ណា​ដែល​មក​ឯ​ខ្ញុំ ខ្ញុំ​ក៏​មិន​ដែល​ចោល​ទៅ​ក្រៅ​ឡើយ ពី​ព្រោះ​ខ្ញុំ​បាន​ចុះ​ពី​ស្ថាន‌សួគ៌​មក មិន​មែន​នឹង​ធ្វើ​តាម​ចិត្ត​ខ្ញុំ​ទេ គឺ​តាម​បំណង​ព្រះ‌ហឫទ័យ​នៃ​ព្រះ​វិញ ដែល​ទ្រង់​ចាត់​ឲ្យ​ខ្ញុំ​មក ឯ​បំណង​ព្រះ‌ហឫទ័យ​នៃ​ព្រះវរ‌បិតា ដែល​ចាត់​ឲ្យ​ខ្ញុំ​មក នោះ​គឺ​មិន​ចង់​ឲ្យ​ខ្ញុំ​បាត់​អ្នក​ណា ក្នុង​គ្រប់​អស់​ទាំង​មនុស្ស ដែល​ទ្រង់​ប្រទាន​មក​ខ្ញុំ​នោះ​ឡើយ គឺ​ទ្រង់​ចង់​ឲ្យ​ខ្ញុំ​ប្រោស​ទាំង​អស់​ឲ្យ​រស់​ឡើង នៅ​ថ្ងៃ​ចុង​បំផុត​វិញ នេះ​ហើយ​ជា​បំណង​ព្រះ‌ហឫទ័យ​នៃ​ព្រះវរ‌បិតា​ខ្ញុំ គឺ​ឲ្យ​អស់​អ្នក​ណា​ដែល​ឃើញ​ព្រះ‌រាជ‌បុត្រា ហើយ​ក៏​ជឿ​ដល់​ទ្រង់ បាន​ជីវិត​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច ហើយ​ខ្ញុំ​នឹង​ឲ្យ​អ្នក​នោះ​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​បំផុត។

ចែក​រំលែក
អាន យ៉ូហាន 6