យ៉ូហាន 6:30-34
យ៉ូហាន 6:30-34 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ គេទូលសួរព្រះអង្គថា៖ «តើលោកនឹងធ្វើទីសម្គាល់អ្វីឲ្យយើងខ្ញុំឃើញ ហើយជឿដល់លោក? តើលោកធ្វើកិច្ចការអ្វីខ្លះ? បុព្វបុរសរបស់យើងខ្ញុំបានបរិភោគនំម៉ាណា នៅទីរហោស្ថាន ដូចជាមានចែងទុកមកថា៖ "លោកបានឲ្យនំបុ័ងមកពីស្ថានសួគ៌ដល់គេបរិភោគ"» ។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មិនមែនលោកម៉ូសេ ដែលឲ្យនំបុ័ងពីស្ថានសួគ៌មកអ្នករាល់គ្នាទេ តែនំបុ័ងដ៏ពិត ដែលមកពីស្ថានសួគ៌ គឺព្រះវរបិតាខ្ញុំទេតើ ដែលប្រទានមកអ្នករាល់គ្នា។ ដ្បិតនំបុ័ងរបស់ព្រះ គឺជាព្រះអង្គដែលយាងចុះពីស្ថានសួគ៌មក ហើយប្រទានជីវិតឲ្យមនុស្សលោក»។ គេទូលព្រះអង្គថា៖ «លោកម្ចាស់អើយ សូមឲ្យនំបុ័ងនោះមកយើងខ្ញុំរហូតទៅ»។
យ៉ូហាន 6:30-34 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
គេទូលសួរព្រះអង្គទៀតថា៖ «តើលោកធ្វើការអ្វីជាទីសម្គាល់ឲ្យយើងខ្ញុំឃើញ និងជឿលោក? តើលោកធ្វើកិច្ចការអ្វីខ្លះ? បុព្វបុរសរបស់យើងបានបរិភោគនំម៉ាណា នៅវាលរហោស្ថាន* ដូចមានសេចក្ដីចែងទុកក្នុងគម្ពីរថា “ព្រះអង្គបានប្រទានឲ្យគេបរិភោគនំប៉័ង ដែលធ្លាក់ពីស្ថានបរមសុខ*មក” »។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា មិនមែនលោកម៉ូសេទេ ដែលបានផ្ដល់អាហារ ពីស្ថានបរមសុខមកនោះ គឺព្រះបិតារបស់ខ្ញុំទេតើ ដែលប្រទានអាហារដ៏ពិតប្រាកដពីស្ថានបរមសុខ* មកឲ្យអ្នករាល់គ្នា ដ្បិតអាហារដែលព្រះជាម្ចាស់ប្រទានឲ្យនោះ គឺអ្នកដែលចុះពីស្ថានបរមសុខមក ហើយផ្ដល់ជីវិតឲ្យមនុស្សលោក»។ គេនាំគ្នាទូលព្រះអង្គថា៖ «លោកម្ចាស់អើយ! សូមលោកប្រទានអាហារនោះឲ្យយើងខ្ញុំ រហូតតទៅ»។
យ៉ូហាន 6:30-34 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះគេទូលសួរទ្រង់ថា បើដូច្នេះ តើលោកនឹងធ្វើទីសំគាល់ណាឲ្យយើងខ្ញុំឃើញផង ដើម្បីឲ្យបានជឿដល់លោក តើលោកធ្វើការអ្វីខ្លះ ពួកឰយុកោយើងខ្ញុំបានបរិភោគនំម៉ាន៉ា នៅទីរហោស្ថាន ដូចជាមានសេចក្ដីចែងទុកមកថា «លោកបានឲ្យនំបុ័ងពីស្ថានសួគ៌ មកឲ្យគេបរិភោគ» ឯព្រះយេស៊ូវ ទ្រង់មានបន្ទូលតបថា ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មិនមែនលោកម៉ូសេ ដែលឲ្យនំបុ័ងពីស្ថានសួគ៌នោះ មកអ្នករាល់គ្នាទេ តែឯនំបុ័ងដ៏ពិត ដែលមកពីស្ថានសួគ៌ នោះគឺព្រះវរបិតាខ្ញុំ ដែលប្រទានមកអ្នករាល់គ្នាវិញ ដ្បិតនំបុ័ងរបស់ព្រះ គឺជាព្រះអង្គដែលយាងចុះពីស្ថានសួគ៌មក ព្រមទាំងប្រទានឲ្យមនុស្សលោកបានជីវិតផង ដូច្នេះ គេទូលទ្រង់ថា លោកម្ចាស់អើយ សូមឲ្យនំបុ័ងនោះមកយើងខ្ញុំជានិច្ច។