យ៉ូហាន 6:24-33
យ៉ូហាន 6:24-33 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ ពេលបណ្តាជនមិនឃើញព្រះយេស៊ូវ ឬពួកសិស្សនៅទីនោះ គេក៏ជិះទូកទៅក្រុងកាពើណិម ដើម្បីរកព្រះអង្គ។ ពេលគេឃើញព្រះអង្គនៅត្រើយម្ខាងហើយ គេទូលសួរព្រះអង្គថា៖ «លោកគ្រូ លោកមកដល់ទីនេះពីពេលណា?» ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយទៅគេថា៖ «ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នករាល់គ្នារកខ្ញុំ មិនមែនដោយព្រោះបានឃើញទីសម្គាល់ទេ គឺដោយព្រោះតែបានបរិភោគនំបុ័ងឆ្អែតប៉ុណ្ណោះ។ កុំខំប្រឹងឲ្យបានតែអាហារ ដែលតែងតែពុករលួយនោះឡើយ ចូរខំឲ្យបានអាហារ ដែលនៅស្ថិតស្ថេរ រហូតដល់ជីវិតអស់កល្បជានិច្ចវិញ ជាអាហារដែលកូនមនុស្សនឹងឲ្យមកអ្នករាល់គ្នា ដ្បិតគឺកូនមនុស្សនេះហើយ ដែលព្រះវរបិតាដ៏ជាព្រះបានដៅចំណាំទុក»។ គេទូលសួរព្រះអង្គថា៖ «តើពួកយើងត្រូវធ្វើអ្វីខ្លះ ដែលរាប់ថាជាកិច្ចការរបស់ព្រះ?» ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «កិច្ចការរបស់ព្រះ គឺឲ្យអ្នករាល់គ្នាជឿដល់អ្នកដែលព្រះអង្គបានចាត់ឲ្យមក»។ ដូច្នេះ គេទូលសួរព្រះអង្គថា៖ «តើលោកនឹងធ្វើទីសម្គាល់អ្វីឲ្យយើងខ្ញុំឃើញ ហើយជឿដល់លោក? តើលោកធ្វើកិច្ចការអ្វីខ្លះ? បុព្វបុរសរបស់យើងខ្ញុំបានបរិភោគនំម៉ាណា នៅទីរហោស្ថាន ដូចជាមានចែងទុកមកថា៖ "លោកបានឲ្យនំបុ័ងមកពីស្ថានសួគ៌ដល់គេបរិភោគ"» ។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មិនមែនលោកម៉ូសេ ដែលឲ្យនំបុ័ងពីស្ថានសួគ៌មកអ្នករាល់គ្នាទេ តែនំបុ័ងដ៏ពិត ដែលមកពីស្ថានសួគ៌ គឺព្រះវរបិតាខ្ញុំទេតើ ដែលប្រទានមកអ្នករាល់គ្នា។ ដ្បិតនំបុ័ងរបស់ព្រះ គឺជាព្រះអង្គដែលយាងចុះពីស្ថានសួគ៌មក ហើយប្រទានជីវិតឲ្យមនុស្សលោក»។
យ៉ូហាន 6:24-33 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលបណ្ដាជនពុំឃើញព្រះយេស៊ូ និងពួកសិស្សនៅទីនោះទៀត គេក៏នាំគ្នាចុះទូកទាំងនោះឆ្លងទៅក្រុងកាពើណិម តាមរកព្រះអង្គ។ បណ្ដាជនបានជួបព្រះអង្គនៅត្រើយម្ខាង គេទូលសួរព្រះអង្គថា៖ «លោកគ្រូ! តើលោកមកដល់ពីអង្កាល់?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នករាល់គ្នាតាមរកខ្ញុំ មិនមែនមកពីអ្នករាល់គ្នាបានឃើញទីសម្គាល់ទេ គឺមកពីអ្នករាល់គ្នាបានបរិភោគអាហារឆ្អែតតែប៉ុណ្ណោះ។ កុំធ្វើកិច្ចការ ដើម្បីឲ្យគ្រាន់តែបានអាហារដែលតែងរលួយខូចនោះឡើយ គឺឲ្យបានអាហារដែលនៅស្ថិតស្ថេរ និងផ្ដល់ជីវិតអស់កល្បជានិច្ចវិញ ជាអាហារដែលបុត្រមនុស្សនឹងប្រទានឲ្យអ្នករាល់គ្នា ដ្បិតបុត្រមនុស្សនេះហើយ ដែលព្រះជាម្ចាស់ជាព្រះបិតាបានដៅសញ្ញាសម្គាល់»។ គេនាំគ្នាទូលសួរព្រះអង្គថា៖ «តើឲ្យយើងខ្ញុំប្រព្រឹត្តដូចម្ដេច ដើម្បីនឹងធ្វើកិច្ចការរបស់ព្រះជាម្ចាស់?»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «កិច្ចការរបស់ព្រះជាម្ចាស់គឺឲ្យអ្នករាល់គ្នាជឿលើអ្នក ដែលព្រះអង្គបានចាត់ឲ្យមក»។ គេទូលសួរព្រះអង្គទៀតថា៖ «តើលោកធ្វើការអ្វីជាទីសម្គាល់ឲ្យយើងខ្ញុំឃើញ និងជឿលោក? តើលោកធ្វើកិច្ចការអ្វីខ្លះ? បុព្វបុរសរបស់យើងបានបរិភោគនំម៉ាណា នៅវាលរហោស្ថាន* ដូចមានសេចក្ដីចែងទុកក្នុងគម្ពីរថា “ព្រះអង្គបានប្រទានឲ្យគេបរិភោគនំប៉័ង ដែលធ្លាក់ពីស្ថានបរមសុខ*មក” »។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា មិនមែនលោកម៉ូសេទេ ដែលបានផ្ដល់អាហារ ពីស្ថានបរមសុខមកនោះ គឺព្រះបិតារបស់ខ្ញុំទេតើ ដែលប្រទានអាហារដ៏ពិតប្រាកដពីស្ថានបរមសុខ* មកឲ្យអ្នករាល់គ្នា ដ្បិតអាហារដែលព្រះជាម្ចាស់ប្រទានឲ្យនោះ គឺអ្នកដែលចុះពីស្ថានបរមសុខមក ហើយផ្ដល់ជីវិតឲ្យមនុស្សលោក»។
យ៉ូហាន 6:24-33 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ កាលហ្វូងមនុស្សមិនឃើញព្រះយេស៊ូវ ឬពួកសិស្សទ្រង់នៅទីនោះ គេក៏ជិះទូកទៅឯកាពើណិម ដើម្បីនឹងរកទ្រង់ កាលឃើញទ្រង់នៅឯត្រើយម្ខាងហើយ នោះគេទូលសួរថា លោកគ្រូ លោកមកដល់ទីនេះពីកាលណា ព្រះយេស៊ូវមានបន្ទូលឆ្លើយទៅគេថា ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នករាល់គ្នារកខ្ញុំ មិនមែនដោយព្រោះបានឃើញទីសំគាល់ទេ គឺដោយព្រោះតែបានបរិភោគនំបុ័ងឆ្អែតប៉ុណ្ណោះ កុំឲ្យខំប្រឹងឲ្យបានតែអាហារ ដែលតែងតែពុករលួយនោះឡើយ ចូរខំឲ្យបានអាហារ ដែលនៅស្ថិតស្ថេរ ដរាបដល់ជីវិតអស់កល្បជានិច្ចវិញ ជាអាហារដែលកូនមនុស្សនឹងឲ្យមកអ្នករាល់គ្នា ដ្បិតគឺកូនមនុស្សនេះហើយ ដែលព្រះវរបិតាដ៏ជាព្រះ ទ្រង់បានដៅចំណាំទុក ដូច្នេះ គេទូលសួរទ្រង់ថា ដែលនឹងធ្វើការរបស់ព្រះ តើត្រូវធ្វើដូចម្តេចខ្លះ ព្រះយេស៊ូវមានបន្ទូលឆ្លើយថា ឯការរបស់ព្រះ គឺឲ្យអ្នករាល់គ្នាបានជឿដល់អ្នកដែលព្រះបានចាត់ឲ្យមក នោះគេទូលសួរទ្រង់ថា បើដូច្នេះ តើលោកនឹងធ្វើទីសំគាល់ណាឲ្យយើងខ្ញុំឃើញផង ដើម្បីឲ្យបានជឿដល់លោក តើលោកធ្វើការអ្វីខ្លះ ពួកឰយុកោយើងខ្ញុំបានបរិភោគនំម៉ាន៉ា នៅទីរហោស្ថាន ដូចជាមានសេចក្ដីចែងទុកមកថា «លោកបានឲ្យនំបុ័ងពីស្ថានសួគ៌ មកឲ្យគេបរិភោគ» ឯព្រះយេស៊ូវ ទ្រង់មានបន្ទូលតបថា ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មិនមែនលោកម៉ូសេ ដែលឲ្យនំបុ័ងពីស្ថានសួគ៌នោះ មកអ្នករាល់គ្នាទេ តែឯនំបុ័ងដ៏ពិត ដែលមកពីស្ថានសួគ៌ នោះគឺព្រះវរបិតាខ្ញុំ ដែលប្រទានមកអ្នករាល់គ្នាវិញ ដ្បិតនំបុ័ងរបស់ព្រះ គឺជាព្រះអង្គដែលយាងចុះពីស្ថានសួគ៌មក ព្រមទាំងប្រទានឲ្យមនុស្សលោកបានជីវិតផង