យ៉ូហាន 6:16-71
យ៉ូហាន 6:16-71 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅពេលព្រលប់ ពួកសិស្សព្រះអង្គនាំគ្នាទៅសមុទ្រ ចុះទូក ឆ្លងទៅក្រុងកាពើណិម ពេលនោះ ងងឹត ហើយព្រះយេស៊ូវក៏មិនទាន់មកដល់។ សមុទ្រមានខ្យល់បក់បោកជាខ្លាំង ពេលគេចែវទៅប្រហែលជាប្រាំ ឬប្រាំមួយគីឡូម៉ែត្រ ស្រាប់តែគេឃើញព្រះយេស៊ូវកំពុងយាងលើសមុទ្រមកជិតទូក ហើយគេភ័យខ្លាចជាខ្លាំង។ ប៉ុន្តែ ព្រះអង្គមានព្រះបន្ទូលថា៖ «កុំភ័យអី គឺខ្ញុំទេ» ពួកគេចង់យាងព្រះអង្គចូលក្នុងទូក ស្រាប់តែពេលនោះ ទូកក៏មកដល់ត្រើយ ជាកន្លែងដែលគេចង់ទៅ។ នៅថ្ងៃបន្ទាប់ បណ្តាជនដែលនៅត្រើយសមុទ្រម្ខាង បានឃើញថា មានទូកតែមួយគត់ ដែលពួកសិស្សព្រះអង្គបានជិះ ហើយមិនឃើញព្រះយេស៊ូវជិះទូកជាមួយពួកសិស្សទេ គឺមានតែពួកសិស្សប៉ុណ្ណោះ ដែលបានចេញទូកទៅ។ ប៉ុន្តែ មានទូកខ្លះទៀត មកពីស្រុកទីបេរាស ចតនៅជិតកន្លែងដែលគេបានបរិភោគនំបុ័ង ក្រោយដែលព្រះអម្ចាស់បានអរព្រះគុណរួច។ ដូច្នេះ ពេលបណ្តាជនមិនឃើញព្រះយេស៊ូវ ឬពួកសិស្សនៅទីនោះ គេក៏ជិះទូកទៅក្រុងកាពើណិម ដើម្បីរកព្រះអង្គ។ ពេលគេឃើញព្រះអង្គនៅត្រើយម្ខាងហើយ គេទូលសួរព្រះអង្គថា៖ «លោកគ្រូ លោកមកដល់ទីនេះពីពេលណា?» ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយទៅគេថា៖ «ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នករាល់គ្នារកខ្ញុំ មិនមែនដោយព្រោះបានឃើញទីសម្គាល់ទេ គឺដោយព្រោះតែបានបរិភោគនំបុ័ងឆ្អែតប៉ុណ្ណោះ។ កុំខំប្រឹងឲ្យបានតែអាហារ ដែលតែងតែពុករលួយនោះឡើយ ចូរខំឲ្យបានអាហារ ដែលនៅស្ថិតស្ថេរ រហូតដល់ជីវិតអស់កល្បជានិច្ចវិញ ជាអាហារដែលកូនមនុស្សនឹងឲ្យមកអ្នករាល់គ្នា ដ្បិតគឺកូនមនុស្សនេះហើយ ដែលព្រះវរបិតាដ៏ជាព្រះបានដៅចំណាំទុក»។ គេទូលសួរព្រះអង្គថា៖ «តើពួកយើងត្រូវធ្វើអ្វីខ្លះ ដែលរាប់ថាជាកិច្ចការរបស់ព្រះ?» ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «កិច្ចការរបស់ព្រះ គឺឲ្យអ្នករាល់គ្នាជឿដល់អ្នកដែលព្រះអង្គបានចាត់ឲ្យមក»។ ដូច្នេះ គេទូលសួរព្រះអង្គថា៖ «តើលោកនឹងធ្វើទីសម្គាល់អ្វីឲ្យយើងខ្ញុំឃើញ ហើយជឿដល់លោក? តើលោកធ្វើកិច្ចការអ្វីខ្លះ? បុព្វបុរសរបស់យើងខ្ញុំបានបរិភោគនំម៉ាណា នៅទីរហោស្ថាន ដូចជាមានចែងទុកមកថា៖ "លោកបានឲ្យនំបុ័ងមកពីស្ថានសួគ៌ដល់គេបរិភោគ"» ។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មិនមែនលោកម៉ូសេ ដែលឲ្យនំបុ័ងពីស្ថានសួគ៌មកអ្នករាល់គ្នាទេ តែនំបុ័ងដ៏ពិត ដែលមកពីស្ថានសួគ៌ គឺព្រះវរបិតាខ្ញុំទេតើ ដែលប្រទានមកអ្នករាល់គ្នា។ ដ្បិតនំបុ័ងរបស់ព្រះ គឺជាព្រះអង្គដែលយាងចុះពីស្ថានសួគ៌មក ហើយប្រទានជីវិតឲ្យមនុស្សលោក»។ គេទូលព្រះអង្គថា៖ «លោកម្ចាស់អើយ សូមឲ្យនំបុ័ងនោះមកយើងខ្ញុំរហូតទៅ»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅពួកគេថា៖ «ខ្ញុំជានំបុ័ងជីវិត អ្នកណាដែលមករកខ្ញុំ នោះនឹងមិនឃ្លានទៀតឡើយ ហើយអ្នកណាដែលជឿដល់ខ្ញុំ ក៏មិនត្រូវស្រេកដែរ។ ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នារួចហើយថា អ្នករាល់គ្នាបានឃើញខ្ញុំ តែមិនជឿទេ។ អស់អ្នកដែលព្រះវរបិតាប្រទានមកខ្ញុំ នោះនឹងមករកខ្ញុំ ហើយអ្នកណាដែលមករកខ្ញុំ ខ្ញុំនឹងមិនបោះបង់គេចោលឡើយ។ ព្រោះខ្ញុំចុះពីស្ថានសួគ៌មក មិនមែននឹងធ្វើតាមចិត្តខ្ញុំទេ គឺតាមព្រះហឫទ័យរបស់ព្រះ ដែលចាត់ខ្ញុំឲ្យមកវិញ។ នេះហើយជាព្រះហឫទ័យរបស់ព្រះវរបិតា ដែលចាត់ខ្ញុំឲ្យមក គឺមិនចង់ឲ្យបាត់អ្នកណាម្នាក់ក្នុងចំណោមមនុស្ស ដែលព្រះអង្គបានប្រទានមកខ្ញុំឡើយ គឺព្រះអង្គសព្វព្រះហឫទ័យឲ្យខ្ញុំប្រោសគេឲ្យរស់ឡើង នៅថ្ងៃចុងបំផុត។ នេះជាព្រះហឫទ័យរបស់ព្រះវរបិតាខ្ញុំ គឺឲ្យអស់អ្នកណាដែលឃើញព្រះរាជបុត្រា ហើយជឿដល់ព្រះអង្គ នឹងបានជីវិតអស់កល្បជានិច្ច ហើយខ្ញុំនឹងឲ្យអ្នកនោះរស់ឡើងវិញ នៅថ្ងៃចុងបំផុត»។ ពេលនោះ ពួកសាសន៍យូដាឌុកដាន់ព្រះអង្គ ដោយព្រោះព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំជានំបុ័ង ដែលចុះពីស្ថានសួគ៌មក»។ គេនិយាយថា៖ «តើអ្នកនេះមិនមែនឈ្មោះយេស៊ូវ ជាកូនយ៉ូសែប ដែលយើងស្គាល់ឪពុកម្តាយគាត់ទេឬ? ម្តេចគាត់និយាយថា គាត់ចុះពីស្ថានសួគ៌មកដូច្នេះ?» ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «កុំឲ្យអ្នករាល់គ្នារអ៊ូរទាំឡើយ គ្មានអ្នកណាអាចមករកខ្ញុំបានទេ លើកលែងតែព្រះវរបិតា ទាញនាំគេឲ្យមកប៉ុណ្ណោះ ហើយខ្ញុំនឹងឲ្យអ្នកនោះរស់ឡើងវិញ នៅថ្ងៃចុងបំផុត។ នៅក្នុងគម្ពីរហោរាមានសេចក្តីចែងទុកមកថា "ព្រះអង្គនឹងបង្រៀនគេទាំងអស់គ្នា" អស់អ្នកដែលបានឮ ហើយបានរៀនពីព្រះវរបិតា អ្នកនោះនឹងមករកខ្ញុំ។ នេះមិនមែនមានន័យថា មានអ្នកណាបានឃើញព្រះវរបិតាឡើយ មានតែអ្នកដែលមកពីព្រះប៉ុណ្ណោះ អ្នកនោះហើយបានឃើញព្រះវរបិតា។ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលជឿដល់ខ្ញុំ អ្នកនោះមានជីវិតអស់កល្បជានិច្ច ខ្ញុំជានំបុ័ងជីវិត។ បុព្វបុរសអ្នករាល់គ្នាបានបរិភោគនំម៉ាណា នៅទីរហោស្ថាន ហើយក៏ស្លាប់អស់ទៅ នំប៉័ងដែលខ្ញុំនិយាយនេះ ជានំបុ័ងដែលចុះពីស្ថានសួគ៌មក ដូច្នេះ អ្នកណាដែលបរិភោគ មិនត្រូវស្លាប់ឡើយ។ ខ្ញុំជានំបុ័ងជីវិត ដែលចុះពីស្ថានសួគ៌មក បើអ្នកណាបរិភោគនំបុ័ងនេះ នោះនឹងរស់នៅអស់កល្បជានិច្ច ឯនំបុ័ងដែលខ្ញុំឲ្យ គឺជារូបសាច់ខ្ញុំ ដែលខ្ញុំនឹងឲ្យមនុស្សលោកមានជីវិត»។ ដូច្នេះ ពួកសាសន៍យូដាជជែកគ្នា ហើយនិយាយថា៖ «តើអ្នកនេះអាចនឹងឲ្យសាច់គាត់មកយើងបរិភោគដូចម្តេចបាន?» ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ប្រាកដមែនខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នករាល់គ្នាមិនពិសាសាច់ និងផឹកឈាមកូនមនុស្សទេ អ្នករាល់គ្នាគ្មានជីវិតនៅក្នុងខ្លួនឡើយ។ អ្នកណាដែលពិសាសាច់ និងផឹកឈាមរបស់ខ្ញុំ មានជីវិតអស់កល្បជានិច្ច ហើយខ្ញុំនឹងប្រោសឲ្យរស់ឡើងវិញ នៅថ្ងៃចុងបំផុត។ ព្រោះសាច់ខ្ញុំជាអាហារពិតប្រាកដ ហើយឈាមខ្ញុំក៏ជាគ្រឿងផឹកពិតប្រាកដ អ្នកណាដែលពិសាសាច់ និងផឹកឈាមរបស់ខ្ញុំ អ្នកនោះនៅជាប់ក្នុងខ្ញុំ ហើយខ្ញុំក៏នៅជាប់ក្នុងអ្នកនោះដែរ។ ដូចជាព្រះវរបិតាដែលមានព្រះជន្មរស់ បានចាត់ខ្ញុំឲ្យមក ហើយខ្ញុំរស់នៅ ដោយសារព្រះអង្គ នោះអ្នកណាដែលពិសាខ្ញុំ នឹងរស់ដោយសារខ្ញុំដែរ។ នេះជានំបុ័ងដែលចុះពីស្ថានសួគ៌មកពិត មិនដូចជាបុព្វបុរសអ្នករាល់គ្នា បានបរិភោគនំម៉ាណា ហើយស្លាប់ទៅនោះទេ គឺអ្នកណាដែលបរិភោគនំបុ័ងនេះ នឹងរស់នៅអស់កល្បជានិច្ចវិញ»។ ព្រះអង្គមានព្រះបន្ទូលពីសេចក្តីទាំងនេះ នៅពេលព្រះអង្គកំពុងបង្រៀនគេក្នុងសាលាប្រជុំ នៅក្រុងកាពើណិម។ ពេលពួកសិស្សរបស់ព្រះអង្គជាច្រើនឮសេចក្ដីនោះ គេពោលថា៖ «សេចក្តីបង្រៀននេះពិបាកស្តាប់ណាស់ តើអ្នកណាយល់បាន?» ប៉ុន្តែ ព្រះយេស៊ូវជ្រាបថា ពួកសិស្សរអ៊ូរទាំពីសេចក្ដីនោះ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «តើពាក្យនេះនាំឲ្យអ្នករាល់គ្នារវាតចិត្តឬ? ចុះបើអ្នករាល់គ្នាបានឃើញកូនមនុស្សឡើងទៅស្ថាន ដែលលោកនៅពីដើម តើអ្នកគិតដូចម្តេច? មានតែព្រះវិញ្ញាណទេដែលប្រទានឲ្យមានជីវិត រូបសាច់គ្មានប្រយោជន៍អ្វីឡើយ ពាក្យដែលខ្ញុំនិយាយនឹងអ្នករាល់គ្នា នោះត្រូវខាងវិញ្ញាណ និងជីវិតវិញ។ ប៉ុន្តែ ក្នុងចំណោមអ្នករាល់គ្នា អ្នកខ្លះមិនជឿទេ» (ដ្បិតព្រះយេស៊ូវជ្រាបតាំងតែពីដើមមក អំពីអ្នកណាដែលមិនបានជឿ ហើយអំពីអ្នកណា ដែលនឹងបញ្ជូនព្រះអង្គ)។ ព្រះអង្គក៏មានព្រះបន្ទូលថា៖ «ដោយហេតុនោះបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា គ្មានអ្នកណាអាចនឹងមករកខ្ញុំបានទេ លើកតែព្រះវរបិតាប្រោសប្រទានមកប៉ុណ្ណោះ»។ តាំងពីនោះមក មានសិស្សព្រះអង្គជាច្រើនដកខ្លួនថយ មិនតាមព្រះអង្គទៀតឡើយ។ ព្រះយេស៊ូវមានព្រះបន្ទូលសួរអ្នកទាំងដប់ពីរថា៖ «តើអ្នករាល់គ្នាចង់ថយទៅដែរឬ?» ស៊ីម៉ូន-ពេត្រុសទូលឆ្លើយថា៖ «ព្រះអម្ចាស់អើយ តើឲ្យយើងខ្ញុំទៅរកអ្នកណាវិញ? គឺព្រះអង្គហើយដែលមានព្រះបន្ទូលនៃជីវិតអស់កល្បជានិច្ច។ យើងខ្ញុំជឿហើយ ក៏ដឹងថា ព្រះអង្គជាព្រះរាជបុត្រាបរិសុទ្ធតែមួយរបស់ព្រះ»។ ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយទៅគេថា៖ «តើខ្ញុំមិនបានរើសអ្នករាល់គ្នា ទាំងដប់ពីរមកទេឬ? តែមានម្នាក់ក្នុងពួកអ្នករាល់គ្នាជាអារក្ស»។ គឺព្រះអង្គមានព្រះបន្ទូលពីយូដាសអ៊ីស្ការីយុត កូនរបស់ស៊ីម៉ូន ជាម្នាក់ក្នុងចំណោមអ្នកទាំងដប់ពីរ ដ្បិតគាត់រៀបនឹងក្បត់ព្រះអង្គ។
យ៉ូហាន 6:16-71 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លុះដល់ល្ងាច ពួកសិស្ស*នាំគ្នាចុះទៅមាត់សមុទ្រ។ គេជិះទូកឆ្លងទៅក្រុងកាពើណិម នៅត្រើយម្ខាង។ ពេលនោះ ងងឹតហើយ តែព្រះយេស៊ូពុំទាន់យាងមករកគេនៅឡើយទេ ខ្យល់បក់បោកមកយ៉ាងខ្លាំង បណ្ដាលឲ្យទឹកសមុទ្រមានរលកធំៗ។ កាលគេចែវទូកបានចម្ងាយប្រមាណជាប្រាំ ឬប្រាំមួយគីឡូម៉ែត្រ ស្រាប់តែគេឃើញព្រះយេស៊ូយាងលើសមុទ្រ ចូលមកជិតទូក គេភ័យខ្លាចជាខ្លាំង។ ប៉ុន្តែ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំទេតើ កុំខ្លាចអី»។ ពួកសិស្សចង់យាងព្រះអង្គចូលមកក្នុងទូក រំពេចនោះ ទូកក៏ទៅដល់ត្រើយ ចំកន្លែងដែលគេបម្រុងនឹងទៅ។ ថ្ងៃបន្ទាប់មកទៀត បណ្ដាជនដែលនៅត្រើយខាងនាយសមុទ្រ សង្កេតឃើញថា នៅកន្លែងនោះមានទូកតែមួយគត់ ហើយថាព្រះយេស៊ូពុំបានយាងចុះទូកជាមួយពួកសិស្ស*ទេ គឺមានតែពួកសិស្សប៉ុណ្ណោះដែលបានជិះទូកចេញទៅ។ ប៉ុន្តែ មានទូកឯទៀតៗមកពីភូមិទីបេរាសចតនៅជិតកន្លែងដែលគេបានបរិភោគនំប៉័ង ក្រោយពីព្រះអម្ចាស់បានអរព្រះគុណ។ កាលបណ្ដាជនពុំឃើញព្រះយេស៊ូ និងពួកសិស្សនៅទីនោះទៀត គេក៏នាំគ្នាចុះទូកទាំងនោះឆ្លងទៅក្រុងកាពើណិម តាមរកព្រះអង្គ។ បណ្ដាជនបានជួបព្រះអង្គនៅត្រើយម្ខាង គេទូលសួរព្រះអង្គថា៖ «លោកគ្រូ! តើលោកមកដល់ពីអង្កាល់?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នករាល់គ្នាតាមរកខ្ញុំ មិនមែនមកពីអ្នករាល់គ្នាបានឃើញទីសម្គាល់ទេ គឺមកពីអ្នករាល់គ្នាបានបរិភោគអាហារឆ្អែតតែប៉ុណ្ណោះ។ កុំធ្វើកិច្ចការ ដើម្បីឲ្យគ្រាន់តែបានអាហារដែលតែងរលួយខូចនោះឡើយ គឺឲ្យបានអាហារដែលនៅស្ថិតស្ថេរ និងផ្ដល់ជីវិតអស់កល្បជានិច្ចវិញ ជាអាហារដែលបុត្រមនុស្សនឹងប្រទានឲ្យអ្នករាល់គ្នា ដ្បិតបុត្រមនុស្សនេះហើយ ដែលព្រះជាម្ចាស់ជាព្រះបិតាបានដៅសញ្ញាសម្គាល់»។ គេនាំគ្នាទូលសួរព្រះអង្គថា៖ «តើឲ្យយើងខ្ញុំប្រព្រឹត្តដូចម្ដេច ដើម្បីនឹងធ្វើកិច្ចការរបស់ព្រះជាម្ចាស់?»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «កិច្ចការរបស់ព្រះជាម្ចាស់គឺឲ្យអ្នករាល់គ្នាជឿលើអ្នក ដែលព្រះអង្គបានចាត់ឲ្យមក»។ គេទូលសួរព្រះអង្គទៀតថា៖ «តើលោកធ្វើការអ្វីជាទីសម្គាល់ឲ្យយើងខ្ញុំឃើញ និងជឿលោក? តើលោកធ្វើកិច្ចការអ្វីខ្លះ? បុព្វបុរសរបស់យើងបានបរិភោគនំម៉ាណា នៅវាលរហោស្ថាន* ដូចមានសេចក្ដីចែងទុកក្នុងគម្ពីរថា “ព្រះអង្គបានប្រទានឲ្យគេបរិភោគនំប៉័ង ដែលធ្លាក់ពីស្ថានបរមសុខ*មក” »។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា មិនមែនលោកម៉ូសេទេ ដែលបានផ្ដល់អាហារ ពីស្ថានបរមសុខមកនោះ គឺព្រះបិតារបស់ខ្ញុំទេតើ ដែលប្រទានអាហារដ៏ពិតប្រាកដពីស្ថានបរមសុខ* មកឲ្យអ្នករាល់គ្នា ដ្បិតអាហារដែលព្រះជាម្ចាស់ប្រទានឲ្យនោះ គឺអ្នកដែលចុះពីស្ថានបរមសុខមក ហើយផ្ដល់ជីវិតឲ្យមនុស្សលោក»។ គេនាំគ្នាទូលព្រះអង្គថា៖ «លោកម្ចាស់អើយ! សូមលោកប្រទានអាហារនោះឲ្យយើងខ្ញុំ រហូតតទៅ»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ខ្ញុំនេះហើយជាអាហារដែលផ្ដល់ជីវិត។ អ្នកណាមករកខ្ញុំ លែងឃ្លានទៀតហើយ អ្នកណាជឿលើខ្ញុំ ក៏លែងស្រេកទៀតដែរ។ ប៉ុន្តែ ខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នារួចហើយថា “អ្នករាល់គ្នាបានឃើញខ្ញុំ តែអ្នករាល់គ្នាមិនជឿទេ”។ អស់អ្នកដែលព្រះបិតាប្រទានមកខ្ញុំ តែងតែមករកខ្ញុំ ហើយខ្ញុំមិនបោះបង់ចោលអ្នកដែលមករកខ្ញុំជាដាច់ខាត ដ្បិតខ្ញុំចុះពីស្ថានបរមសុខមក ដើម្បីធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គដែលបានចាត់ខ្ញុំឲ្យមក គឺពុំមែនធ្វើតាមបំណងចិត្តរបស់ខ្ញុំទេ។ រីឯព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកនោះ ព្រះអង្គមិនសព្វព្រះហឫទ័យឲ្យនរណាម្នាក់ ក្នុងបណ្ដាអស់អ្នកដែលព្រះអង្គប្រទានមកខ្ញុំ ត្រូវវិនាសអន្តរាយឡើយ តែព្រះអង្គសព្វព្រះហឫទ័យឲ្យខ្ញុំប្រោសគេ ឲ្យមានជីវិតរស់ឡើងវិញ នៅថ្ងៃចុងក្រោយបំផុត។ ព្រះបិតារបស់ខ្ញុំសព្វព្រះហឫទ័យឲ្យអស់អ្នកដែលបានឃើញព្រះបុត្រា ហើយជឿលើព្រះអង្គមានជីវិតអស់កល្បជានិច្ច។ ខ្ញុំនឹងប្រោសអ្នកនោះឲ្យមានជីវិតរស់ឡើងវិញ នៅថ្ងៃចុងក្រោយបំផុតផង»។ ជនជាតិយូដារអ៊ូរទាំពីព្រះយេស៊ូ ព្រោះព្រះអង្គមានព្រះបន្ទូលថា “ខ្ញុំជាអាហារដែលចុះមកពីស្ថានបរមសុខ*”។ គេពោលថា៖ «អ្នកនេះឈ្មោះយេស៊ូ ជាកូនរបស់លោកយ៉ូសែបទេតើ! យើងស្គាល់ទាំងឪពុកទាំងម្ដាយ ម្ដេចក៏គាត់ពោលថាគាត់ចុះមកពីស្ថានបរមសុខដូច្នេះ?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ឈប់នាំគ្នារអ៊ូរទាំទៅ!។ ប្រសិនបើព្រះបិតាដែលចាត់ខ្ញុំឲ្យមកមិនទាក់ទាញចិត្តគេទេ គ្មាននរណាម្នាក់អាចមករកខ្ញុំឡើយ។ រីឯខ្ញុំ ខ្ញុំនឹងប្រោសអ្នកនោះឲ្យមានជីវិតរស់ឡើងវិញ នៅថ្ងៃចុងក្រោយបំផុត។ ក្នុងគម្ពីរព្យាការីមានចែងទុកមកថា “ព្រះជាម្ចាស់នឹងប្រៀនប្រដៅមនុស្សទាំងអស់” ។ អស់អ្នកដែលបានស្ដាប់ព្រះបិតា ហើយទទួលយកការប្រៀនប្រដៅរបស់ព្រះអង្គ មុខជាមករកខ្ញុំពុំខាន។ សេចក្ដីនេះពុំមែនមានន័យថា មាននរណាម្នាក់បានឃើញព្រះបិតាឡើយ លើកលែងតែអ្នកមកពីព្រះជាម្ចាស់ប៉ុណ្ណោះ គឺអ្នកនោះហើយដែលបានឃើញព្រះអង្គ។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាជឿ អ្នកនោះមានជីវិតអស់កល្បជានិច្ច។ ខ្ញុំនេះហើយជាអាហារដែលផ្ដល់ជីវិត។ បុព្វបុរសរបស់អ្នករាល់គ្នាបានបរិភោគនំម៉ាណា នៅវាលរហោស្ថាន ហើយទទួលមរណភាពអស់ទៅ។ រីឯអាហារដែលចុះមកពីស្ថានបរមសុខ មានប្រសិទ្ធភាពបែបនេះ គឺអ្នកណាបរិភោគ អ្នកនោះមិនស្លាប់ឡើយ។ ខ្ញុំនេះហើយជាអាហារដែលមានជីវិត ចុះមកពីស្ថានបរមសុខ។ អ្នកណាបរិភោគអាហារនេះ នឹងរស់នៅអស់កល្បជានិច្ច។ អាហារដែលខ្ញុំនឹងឲ្យនោះ គឺខ្លួនខ្ញុំ ផ្ទាល់ដែលត្រូវបូជាសម្រាប់ឲ្យមនុស្សលោកមានជីវិត»។ ជនជាតិយូដាទាស់ទែងគ្នាយ៉ាងខ្លាំង ហើយគេនិយាយថា៖ «តើអ្នកនេះអាចឲ្យខ្លួនគាត់ផ្ទាល់ មកយើងបរិភោគដូចម្ដេចកើត?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ប្រសិនបើអ្នករាល់គ្នាមិនពិសាសាច់ និងលោហិតរបស់បុត្រមនុស្ស*ទេ អ្នករាល់គ្នាគ្មានជីវិតក្នុងខ្លួនឡើយ។ អ្នកណាពិសាសាច់ និងលោហិតរបស់ខ្ញុំ អ្នកនោះមានជីវិតអស់កល្បជានិច្ច ហើយខ្ញុំក៏នឹងប្រោសគេឲ្យមានជីវិតរស់ឡើងវិញ នៅថ្ងៃចុងក្រោយបំផុតផង។ សាច់របស់ខ្ញុំជាអាហារដ៏ពិតប្រាកដ លោហិតរបស់ខ្ញុំក៏ជាភេសជ្ជៈដ៏ពិតប្រាកដដែរ។ អ្នកណាពិសាសាច់ និងលោហិតរបស់ខ្ញុំ អ្នកនោះស្ថិតនៅក្នុងខ្ញុំ ហើយខ្ញុំក៏ស្ថិតនៅក្នុងអ្នកនោះដែរ។ ព្រះបិតាដែលបានចាត់ខ្ញុំឲ្យមក ព្រះអង្គមានព្រះជន្មរស់ ហើយខ្ញុំមានជីវិតដោយសារព្រះអង្គយ៉ាងណា អ្នកបរិភោគខ្ញុំ ក៏នឹងមានជីវិតរស់ ដោយសារខ្ញុំយ៉ាងនោះដែរ។ អាហារដែលបានចុះពីស្ថានបរមសុខមក មានប្រសិទ្ធភាពខុសពីអាហារដែលបុព្វបុរស*របស់អ្នករាល់គ្នាបានបរិភោគ ដ្បិតលោកទទួលមរណភាពអស់ទៅហើយ។ រីឯអ្នកដែលបរិភោគអាហារនេះនឹងរស់នៅអស់កល្បជានិច្ច»។ ព្រះយេស៊ូមានព្រះបន្ទូលទាំងនេះ នៅពេលព្រះអង្គបង្រៀនគេក្នុងសាលាប្រជុំ* នៅក្រុងកាពើណិម។ ក្រោយពីបានស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គហើយ ក្នុងចំណោមសិស្ស*មានគ្នាច្រើនពោលថា៖ «ពាក្យទាំងនេះទាស់ត្រចៀកណាស់ តើនរណាអាចទ្រាំស្ដាប់បាន?»។ ព្រះយេស៊ូឈ្វេងយល់ថា ពួកសិស្សរអ៊ូរទាំពីពាក្យទាំងនេះ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «តើពាក្យទាំងនេះនាំឲ្យអ្នករាល់គ្នារវាតចិត្ត បាត់ជំនឿឬ? ចុះបើអ្នករាល់គ្នាឃើញបុត្រមនុស្ស*ឡើងទៅស្ថានដែលលោកនៅពីមុនវិញ តើចិត្តអ្នករាល់គ្នានឹងទៅជាយ៉ាងណា? មានតែព្រះវិញ្ញាណទេដែលផ្ដល់ជីវិត និស្ស័យលោកីយ៍គ្មានប្រយោជន៍អ្វីឡើយ ។ រីឯពាក្យទាំងប៉ុន្មានដែលខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នា សុទ្ធតែចេញមកពីព្រះវិញ្ញាណដែលផ្ដល់ជីវិត។ ប៉ុន្តែ ក្នុងចំណោមអ្នករាល់គ្នា អ្នកខ្លះគ្មានជំនឿទេ»។ តាំងពីដើមដំបូងមក ព្រះយេស៊ូស្គាល់អស់អ្នកដែលគ្មានជំនឿ ព្រមទាំងស្គាល់អ្នកដែលនឹងក្បត់ព្រះអង្គរួចស្រេចទៅហើយ។ ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «ហេតុនេះបានជាខ្ញុំប្រាប់អ្នករាល់គ្នារួចមកហើយថា ប្រសិនបើព្រះបិតាមិនប្រោសប្រទានទេ នោះគ្មាននរណាអាចមករកខ្ញុំឡើយ»។ ចាប់ពីពេលនោះមក ក្នុងចំណោមសិស្ស មានគ្នាច្រើនដកខ្លួនថយ ឈប់តាមព្រះអង្គទៀត។ ព្រះយេស៊ូក៏មានព្រះបន្ទូលសួរសិស្សទាំងដប់ពីររូបថា៖ «ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាចង់ចេញទៅដែរឬ?»។ លោកស៊ីម៉ូនពេត្រុសទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់ តើឲ្យយើងខ្ញុំទៅរកនរណាវិញ? ព្រះបន្ទូលរបស់ព្រះអង្គផ្ដល់ជីវិតអស់កល្បជានិច្ច។ យើងខ្ញុំជឿហើយដឹងថា ព្រះអង្គពិតជាព្រះដ៏វិសុទ្ធដែលព្រះជាម្ចាស់ចាត់ឲ្យមក »។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «គឺខ្ញុំផ្ទាល់ដែលបានជ្រើសរើសអ្នកទាំងដប់ពីរមក ប៉ុន្តែ ក្នុងចំណោមអ្នករាល់គ្នាមានម្នាក់ជាមារ»។ ព្រះអង្គមានព្រះបន្ទូលសំដៅទៅលើយូដាស ជាកូនលោកស៊ីម៉ូនអ៊ីស្ការីយ៉ុត។ យូដាសនេះហើយដែលនឹងក្បត់ព្រះអង្គ ទោះបីគាត់ជាសិស្សមួយរូបក្នុងចំណោមសិស្សទាំងដប់ពីរក៏ដោយ។
យ៉ូហាន 6:16-71 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លុះព្រលប់ហើយ ពួកសិស្សទ្រង់ចុះទៅឯសមុទ្រ ក៏ចុះទូកឆ្លងទៅឯកាពើណិម ពេលនោះងងឹតហើយ តែព្រះយេស៊ូវមិនទាន់មកដល់នៅឡើយ សមុទ្រក៏មានរលក បោកដោយខ្យល់បក់ជាខ្លាំង កាលគេបានចែវទៅប្រហែលជា៥ឬ៦គីឡូម៉ែត្រហើយ នោះស្រាប់តែគេឃើញព្រះយេស៊ូវ ទ្រង់យាងលើសមុទ្រមកជិតទូក ហើយគេមានសេចក្ដីភ័យខ្លាច តែទ្រង់មានបន្ទូលថា កុំភ័យអី គឺខ្ញុំទេតើ នោះគេក៏ព្រមទទួលទ្រង់មកក្នុងទូក ស្រាប់តែទូកបានដល់ស្រុកដែលគេប៉ងនឹងទៅ។ ស្អែកឡើង កាលហ្វូងមនុស្ស ដែលនៅត្រើយសមុទ្រម្ខាង បានឃើញថា នៅទីនោះគ្មានទូកណាទៀត ក្រៅពីទូក១ ដែលពួកសិស្សទ្រង់បានជិះ ហើយថា ព្រះយេស៊ូវមិនបានជិះទូកនោះ ទៅជាមួយនឹងពួកសិស្សទេ គឺពួកសិស្សបានចេញទៅតែគ្នាគេ (ប៉ុន្តែមានទូកខ្លះទៀត មកពីស្រុកទីបេរាស ជិតកន្លែងដែលគេបានបរិភោគនំបុ័ង ក្រោយដែលព្រះអម្ចាស់បានអរព្រះគុណរួចហើយ) ដូច្នេះ កាលហ្វូងមនុស្សមិនឃើញព្រះយេស៊ូវ ឬពួកសិស្សទ្រង់នៅទីនោះ គេក៏ជិះទូកទៅឯកាពើណិម ដើម្បីនឹងរកទ្រង់ កាលឃើញទ្រង់នៅឯត្រើយម្ខាងហើយ នោះគេទូលសួរថា លោកគ្រូ លោកមកដល់ទីនេះពីកាលណា ព្រះយេស៊ូវមានបន្ទូលឆ្លើយទៅគេថា ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នករាល់គ្នារកខ្ញុំ មិនមែនដោយព្រោះបានឃើញទីសំគាល់ទេ គឺដោយព្រោះតែបានបរិភោគនំបុ័ងឆ្អែតប៉ុណ្ណោះ កុំឲ្យខំប្រឹងឲ្យបានតែអាហារ ដែលតែងតែពុករលួយនោះឡើយ ចូរខំឲ្យបានអាហារ ដែលនៅស្ថិតស្ថេរ ដរាបដល់ជីវិតអស់កល្បជានិច្ចវិញ ជាអាហារដែលកូនមនុស្សនឹងឲ្យមកអ្នករាល់គ្នា ដ្បិតគឺកូនមនុស្សនេះហើយ ដែលព្រះវរបិតាដ៏ជាព្រះ ទ្រង់បានដៅចំណាំទុក ដូច្នេះ គេទូលសួរទ្រង់ថា ដែលនឹងធ្វើការរបស់ព្រះ តើត្រូវធ្វើដូចម្តេចខ្លះ ព្រះយេស៊ូវមានបន្ទូលឆ្លើយថា ឯការរបស់ព្រះ គឺឲ្យអ្នករាល់គ្នាបានជឿដល់អ្នកដែលព្រះបានចាត់ឲ្យមក នោះគេទូលសួរទ្រង់ថា បើដូច្នេះ តើលោកនឹងធ្វើទីសំគាល់ណាឲ្យយើងខ្ញុំឃើញផង ដើម្បីឲ្យបានជឿដល់លោក តើលោកធ្វើការអ្វីខ្លះ ពួកឰយុកោយើងខ្ញុំបានបរិភោគនំម៉ាន៉ា នៅទីរហោស្ថាន ដូចជាមានសេចក្ដីចែងទុកមកថា «លោកបានឲ្យនំបុ័ងពីស្ថានសួគ៌ មកឲ្យគេបរិភោគ» ឯព្រះយេស៊ូវ ទ្រង់មានបន្ទូលតបថា ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មិនមែនលោកម៉ូសេ ដែលឲ្យនំបុ័ងពីស្ថានសួគ៌នោះ មកអ្នករាល់គ្នាទេ តែឯនំបុ័ងដ៏ពិត ដែលមកពីស្ថានសួគ៌ នោះគឺព្រះវរបិតាខ្ញុំ ដែលប្រទានមកអ្នករាល់គ្នាវិញ ដ្បិតនំបុ័ងរបស់ព្រះ គឺជាព្រះអង្គដែលយាងចុះពីស្ថានសួគ៌មក ព្រមទាំងប្រទានឲ្យមនុស្សលោកបានជីវិតផង ដូច្នេះ គេទូលទ្រង់ថា លោកម្ចាស់អើយ សូមឲ្យនំបុ័ងនោះមកយើងខ្ញុំជានិច្ច។ ព្រះយេស៊ូវមានបន្ទូលថា ខ្ញុំជានំបុ័ងជីវិត អ្នកណាដែលមកឯខ្ញុំ នោះនឹងមិនឃ្លានទៀតឡើយ ហើយអ្នកណាដែលជឿដល់ខ្ញុំ ក៏មិនត្រូវស្រេកដែរ ប៉ុន្តែខ្ញុំបានប្រាប់អ្នករាល់គ្នារួចហើយថា អ្នករាល់គ្នាបានឃើញខ្ញុំ តែមិនជឿទេ អស់អ្នកណាដែលព្រះវរបិតាប្រទានមកខ្ញុំ នោះនឹងមកឯខ្ញុំ ហើយអ្នកណាដែលមកឯខ្ញុំ ខ្ញុំក៏មិនដែលចោលទៅក្រៅឡើយ ពីព្រោះខ្ញុំបានចុះពីស្ថានសួគ៌មក មិនមែននឹងធ្វើតាមចិត្តខ្ញុំទេ គឺតាមបំណងព្រះហឫទ័យនៃព្រះវិញ ដែលទ្រង់ចាត់ឲ្យខ្ញុំមក ឯបំណងព្រះហឫទ័យនៃព្រះវរបិតា ដែលចាត់ឲ្យខ្ញុំមក នោះគឺមិនចង់ឲ្យខ្ញុំបាត់អ្នកណា ក្នុងគ្រប់អស់ទាំងមនុស្ស ដែលទ្រង់ប្រទានមកខ្ញុំនោះឡើយ គឺទ្រង់ចង់ឲ្យខ្ញុំប្រោសទាំងអស់ឲ្យរស់ឡើង នៅថ្ងៃចុងបំផុតវិញ នេះហើយជាបំណងព្រះហឫទ័យនៃព្រះវរបិតាខ្ញុំ គឺឲ្យអស់អ្នកណាដែលឃើញព្រះរាជបុត្រា ហើយក៏ជឿដល់ទ្រង់ បានជីវិតដ៏នៅអស់កល្បជានិច្ច ហើយខ្ញុំនឹងឲ្យអ្នកនោះរស់ឡើងវិញ នៅថ្ងៃចុងបំផុត។ នោះពួកសាសន៍យូដា គេឌុកដាន់ទ្រង់ ពីព្រោះទ្រង់មានបន្ទូលថា ខ្ញុំជានំបុ័ង ដែលចុះពីស្ថានសួគ៌មក គេនិយាយថា អ្នកនេះ តើមិនមែនឈ្មោះយេស៊ូវ ជាកូនយ៉ូសែប ដែលយើងស្គាល់ឪពុកម្តាយគាត់ទេឬអី ចុះដូចម្តេចឡើយបានជាគាត់និយាយថា គាត់ចុះពីស្ថានសួគ៌មកដូច្នេះ នោះព្រះយេស៊ូវមានបន្ទូលទៅគេថា កុំឲ្យរទូរទាំក្នុងពួកអ្នករាល់គ្នាឡើយ គ្មានអ្នកណាអាចនឹងមកឯខ្ញុំបានទេ លើកតែព្រះវរបិតា ដែលចាត់ខ្ញុំឲ្យមក ទ្រង់ទាញនាំគេប៉ុណ្ណោះ ហើយខ្ញុំនឹងឲ្យអ្នកនោះរស់ឡើងវិញ នៅថ្ងៃចុងបំផុតដែរ នៅក្នុងគម្ពីរពួកហោរាមានសេចក្ដីចែងទុកមកថា «ព្រះទ្រង់នឹងបង្រៀនគេទាំងអស់គ្នា» ដូច្នេះ អស់អ្នកណាដែលឮព្រះវរបិតា ហើយបានរៀនពីទ្រង់ នោះក៏មកឯខ្ញុំ នេះមិនមែនថា មានអ្នកណាដែលឃើញព្រះវរបិតានោះឡើយ មានតែព្រះអង្គ ដែលយាងមកពីព្រះប៉ុណ្ណោះ ព្រះអង្គនោះទើបទ្រង់បានឃើញព្រះវរបិតាមែន ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលជឿដល់ខ្ញុំ នោះមានជីវិតអស់កល្បជានិច្ច ខ្ញុំជានំបុ័ងជីវិត ពួកឰយុកោអ្នករាល់គ្នាបានបរិភោគនំម៉ាន៉ា នៅទីរហោស្ថាន ហើយក៏ស្លាប់អស់ទៅ ឯនំបុ័ងដែលខ្ញុំនិយាយនេះ គឺជានំបុ័ងដែលចុះពីស្ថានសួគ៌មក ដើម្បីឲ្យអ្នកណាដែលបរិភោគ មិនត្រូវស្លាប់ឡើយ ខ្ញុំជានំបុ័ងដ៏រស់ ដែលចុះពីស្ថានសួគ៌មក បើអ្នកណាបរិភោគនំបុ័ងនេះ នោះនឹងរស់នៅអស់កល្បជានិច្ច ឯនំបុ័ងដែលខ្ញុំឲ្យ គឺជារូបសាច់ខ្ញុំ ដែលខ្ញុំនឹងឲ្យជំនួសជីវិតមនុស្សលោក ដូច្នេះ ពួកសាសន៍យូដាគេជជែកគ្នាថា ធ្វើដូចម្តេចឲ្យអ្នកនេះអាចនឹងឲ្យសាច់ខ្លួនមកយើងបរិភោគបាន។ នោះព្រះយេស៊ូវមានបន្ទូលទៅគេថា ប្រាកដមែនខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នករាល់គ្នាមិនពិសាសាច់ ហើយមិនផឹកឈាមរបស់កូនមនុស្ស នោះអ្នករាល់គ្នាគ្មានជីវិតនៅក្នុងខ្លួនទេ អ្នកណាដែលបរិភោគសាច់ នឹងឈាមរបស់ខ្ញុំ នោះមានជីវិតដ៏នៅអស់កល្បជានិច្ច ហើយខ្ញុំនឹងឲ្យអ្នកនោះរស់ឡើងវិញ នៅថ្ងៃចុងបំផុត ពីព្រោះសាច់ខ្ញុំជាអាហារពិត ហើយឈាមខ្ញុំក៏ជាគ្រឿងផឹកពិតប្រាកដ អ្នកណាដែលបរិភោគសាច់ នឹងឈាមរបស់ខ្ញុំ នោះនៅក្នុងខ្ញុំ ហើយខ្ញុំក៏នៅក្នុងអ្នកនោះដែរ អ្នកណាដែលបរិភោគខ្ញុំ អ្នកនោះនឹងរស់ដោយសារខ្ញុំ ដូចជាព្រះវរបិតាដ៏មានព្រះជន្មរស់ ទ្រង់បានចាត់ឲ្យខ្ញុំមក ហើយខ្ញុំក៏រស់នៅ ដោយសារទ្រង់ដែរ នំបុ័ងនេះជានំបុ័ង ដែលចុះពីស្ថានសួគ៌មកជាពិត មិនមែនដូចជាពួកឰយុកោអ្នករាល់គ្នា បានបរិភោគនំម៉ាន៉ា ហើយក៏ស្លាប់ទៅនោះទេ គឺអ្នកណាដែលបរិភោគនំបុ័ងនេះ នឹងរស់នៅអស់កល្បជានិច្ចវិញ ទ្រង់មានបន្ទូលសេចក្ដីទាំងនេះ ក្នុងសាលាប្រជុំ នៅកាពើណិម កំពុងដែលទ្រង់បង្រៀនគេ។ ពួកសិស្សទ្រង់ជាច្រើន ដែលឮសេចក្ដីនោះ ក៏និយាយថា ពាក្យនេះពិបាកស្តាប់ណាស់ តើអ្នកណាយល់បាន ប៉ុន្តែ ព្រះយេស៊ូវទ្រង់ជ្រាបក្នុងព្រះអង្គទ្រង់ថា ពួកសិស្សរទូរទាំពីសេចក្ដីនោះ បានជាទ្រង់មានបន្ទូលថា តើសេចក្ដីនេះនាំបង្អាក់ដល់ចិត្តអ្នករាល់គ្នាឬអី ចុះបើអ្នករាល់គ្នាបានឃើញកូនមនុស្សឡើងទៅឯស្ថាន ដែលលោកនៅពីដើម នោះតើនឹងគិតដូចម្តេចទៅ គឺជាវិញ្ញាណដែលឲ្យមានជីវិត រូបសាច់គ្មានប្រយោជន៍អ្វីទេ ឯពាក្យដែលខ្ញុំនិយាយនឹងអ្នករាល់គ្នា នោះត្រូវខាងវិញ្ញាណនឹងជីវិតវិញ ប៉ុន្តែ មានអ្នករាល់គ្នាខ្លះមិនជឿទេ នេះដ្បិតព្រះយេស៊ូវទ្រង់ជ្រាប តាំងតែពីដើមមក អំពីអ្នកណាដែលមិនបានជឿ ហើយអំពីអ្នកណា ដែលនឹងបញ្ជូនទ្រង់ ទ្រង់ក៏មានបន្ទូលថា គឺហេតុនោះបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា គ្មានអ្នកណាអាចនឹងមកឯខ្ញុំបានទេ លើកតែព្រះវរបិតាទ្រង់ប្រោសប្រទានឲ្យប៉ុណ្ណោះ។ តាំងពីនោះមក មានសិស្សទ្រង់ជាច្រើនដកខ្លួនថយចេញ មិនតាមទ្រង់ទៀតទេ នោះព្រះយេស៊ូវមានបន្ទូលទៅពួក១២នាក់ថា អ្នករាល់គ្នាចង់ថយទៅដែរឬ ស៊ីម៉ូន-ពេត្រុសទូលឆ្លើយថា ព្រះអម្ចាស់អើយ តើយើងខ្ញុំនឹងទៅឯអ្នកណាវិញ គឺទ្រង់ហើយ ដែលមានព្រះបន្ទូលនៃជីវិតដ៏នៅអស់កល្បជានិច្ច យើងខ្ញុំក៏បានជឿ ហើយដឹងថា ទ្រង់ជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ពិត ព្រះយេស៊ូវមានបន្ទូលទៅគេថា តើខ្ញុំមិនបានរើសអ្នករាល់គ្នា ជាពួក១២នាក់ទេឬអី តែមានម្នាក់ក្នុងពួកអ្នករាល់គ្នាជាអារក្សវិញ នេះគឺទ្រង់មានបន្ទូលពីយូដាស-អ៊ីស្ការីយ៉ុត ជាកូនស៊ីម៉ូន ដែលនៅក្នុងពួក១២នាក់នោះ ដ្បិតវារៀបនឹងបញ្ជូនទ្រង់ទៅ។