យ៉ូហាន 5:30-47

យ៉ូហាន 5:30-47 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​ដោយ​អំណាច​ខ្ញុំ​ផ្ទាល់​ឡើយ ខ្ញុំ​វិនិច្ឆ័យ​គ្រប់​ការ​ទាំង​អស់​តាម​សេចក្ដី​ដែល​ព្រះ‌បិតា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ ហើយ​ការ​វិនិច្ឆ័យ​របស់​ខ្ញុំ​ត្រឹម​ត្រូវ ព្រោះ​ខ្ញុំ​មិន​ប្រាថ្នា​ធ្វើ​តាម​បំណង​ចិត្ត​ខ្ញុំ​ឡើយ គឺ​ធ្វើ​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ​ដែល​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​នោះ​វិញ។ ប្រសិន​បើ​ខ្ញុំ​ធ្វើ​ជា​បន្ទាល់​ឲ្យ​ខ្លួន​ខ្ញុំ​ផ្ទាល់ សក្ខីភាព​របស់​ខ្ញុំ​មិន​ពិត​ទេ។ ប៉ុន្តែ មាន​ម្នាក់​ទៀត​ធ្វើ​ជា​បន្ទាល់​ឲ្យ​ខ្ញុំ ហើយ​ខ្ញុំ​ដឹង​ថា​សក្ខីភាព​ដែល​អ្នក​នោះ​ថ្លែង​អំពី​ខ្ញុំ ស្រប​តាម​សេចក្ដី​ពិត។ អ្នក​រាល់​គ្នា​បាន​ចាត់​គេ​ឲ្យ​ទៅ​សួរ​លោក​យ៉ូហាន លោក​ក៏​ផ្ដល់​សក្ខីភាព​អំពី​សេចក្ដី​ពិត។ ចំពោះ​ខ្ញុំ ខ្ញុំ​មិន​ត្រូវ​ការ​សក្ខីភាព​ពី​មនុស្ស​ណា​ឡើយ តែ​ខ្ញុំ​ពោល​ដូច្នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​ការ​សង្គ្រោះ។ លោក​យ៉ូហាន​នេះ​ប្រៀប​បាន​នឹង​ចង្កៀង​ដែល​កំពុង​ឆេះ​បំភ្លឺ ហើយ​អ្នក​រាល់​គ្នា​ក៏​ចង់​រីក‌រាយ​នឹង​ពន្លឺ​នោះ​មួយ​ស្របក់​ដែរ។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​មាន​សក្ខីភាព​មួយ​ប្រសើរ​ជាង​សក្ខីភាព​របស់​លោក​យ៉ូហាន​ទៅ​ទៀត។ ព្រះ‌បិតា​ប្រទាន​ឲ្យ​ខ្ញុំ​បង្ហើយ​កិច្ចការ​ទាំង​អម្បាល​ម៉ាន គឺ​កិច្ចការ​ដែល​ខ្ញុំ​ធ្វើ​នេះ​ហើយ ជា​សក្ខីភាព​បញ្ជាក់​ថា ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​មែន។ ព្រះ‌បិតា​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ក៏​បាន​ធ្វើ​ជា​បន្ទាល់​ឲ្យ​ខ្ញុំ​ដែរ តែ​អ្នក​រាល់​គ្នា​មិន​ដែល​បាន​ឮ​ព្រះ‌សូរសៀង​របស់​ព្រះអង្គ ហើយ​ក៏​មិន​ដែល​បាន​ឃើញ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ​ផង។ អ្នក​រាល់​គ្នា​គ្មាន​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​នៅ​ក្នុង​ចិត្ត​ទេ ព្រោះ​អ្នក​រាល់​គ្នា​ពុំ​ជឿ​អ្នក​ដែល​ព្រះ‌បិតា​បាន​ចាត់​ឲ្យ​មក។ អ្នក​រាល់​គ្នា​ខំ​ពិនិត្យ‌ពិច័យ​មើល​គម្ពីរ ព្រោះ​នឹក​ស្មាន​ថា​នឹង​បាន​ជីវិត​អស់‌កល្ប​ជានិច្ច ដោយ‌សារ​គម្ពីរ​ទាំង​នេះ គឺ​គម្ពីរ​នេះ​ហើយ​ធ្វើ​ជា​បន្ទាល់​ឲ្យ​ខ្ញុំ ប៉ុន្តែ អ្នក​រាល់​គ្នា​មិន​ចង់​មក​រក​ខ្ញុំ ដើម្បី​ឲ្យ​បាន​ជីវិត​ឡើយ។ ខ្ញុំ​មិន​ចង់​ទទួល​សិរី‌រុងរឿង​ពី​មនុស្ស​ទេ។ ម្យ៉ាង​ទៀត ខ្ញុំ​ស្គាល់​ចិត្ត​អ្នក​រាល់​គ្នា​ហើយ អ្នក​រាល់​គ្នា​គ្មាន​ចិត្ត​ស្រឡាញ់​ព្រះ‌ជាម្ចាស់​សោះ។ ខ្ញុំ​មក ក្នុង​ព្រះ‌នាម​ព្រះ‌បិតា​ខ្ញុំ តែ​អ្នក​រាល់​គ្នា​មិន​ទទួល​ខ្ញុំ​ឡើយ។ ប្រសិន​បើ​មាន​ម្នាក់​ទៀត​មក​ក្នុង​នាម​ខ្លួន​គេ​ផ្ទាល់ អ្នក​រាល់​គ្នា​មុខ​ជា​ទទួល​គេ​មិន​ខាន! តើ​ឲ្យ​អ្នក​រាល់​គ្នា​អាច​ជឿ​ដូច​ម្ដេច​បាន បើ​អ្នក​រាល់​គ្នា​ចូល​ចិត្ត​ទទួល​សិរី‌រុងរឿង​តែ​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ដូច្នេះ ហើយ​ពុំ​ស្វែង​រក​សិរី‌រុងរឿង​ពី​ព្រះ‌ជាម្ចាស់​តែ​មួយ​គត់​សោះ​នោះ? កុំ​នឹក​ស្មាន​ថា​ខ្ញុំ​នឹង​ចោទ​ប្រកាន់​អ្នក​រាល់​គ្នា​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌បិតា​ឡើយ គឺ​លោក​ម៉ូសេ​ជា​ទី​សង្ឃឹម​របស់​អ្នក​រាល់​គ្នា​វិញ​ទេ ដែល​នឹង​ចោទ​ប្រកាន់។ ប្រសិន​បើ​អ្នក​រាល់​គ្នា​ជឿ​ពាក្យ​លោក​ម៉ូសេ អ្នក​រាល់​គ្នា​មុខ​ជា​ជឿ​ខ្ញុំ​មិន​ខាន ព្រោះ​លោក​បាន​សរសេរ​ទុក​ក្នុង​គម្ពីរ​ស្ដី​អំពី​ខ្ញុំ ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​ជឿ​សេចក្ដី​ដែល​លោក​បាន​សរសេរ​ទុក​ទៅ​ហើយ​នោះ ធ្វើ​ម្ដេច​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ជឿ​ពាក្យ​របស់​ខ្ញុំ​បាន!»។

ចែក​រំលែក
អាន យ៉ូហាន 5

យ៉ូហាន 5:30-47 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

«ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​ដោយ​ខ្លួន​ខ្ញុំ​បាន​ទេ ខ្ញុំ​ជំនុំ‌ជម្រះ​តាម​ដែល​ខ្ញុំ​ឮ ហើយ​ការ​ជំនុំ‌ជម្រះ​របស់​ខ្ញុំ​សុចរិត ព្រោះ​ខ្ញុំ​មិន​ធ្វើ​តាម​បំណង​ចិត្ត​ខ្ញុំ​ទ្បើយ គឺ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក។ ប្រសិន‌បើ​ខ្ញុំ​ធ្វើ​បន្ទាល់​ពី​ខ្លួន​ខ្ញុំ បន្ទាល់​របស់​ខ្ញុំ​មិន​ពិត​ទេ។ ប៉ុន្តែ មាន​ម្នាក់​ទៀត​ដែល​ធ្វើ​បន្ទាល់​អំពី​ខ្ញុំ ហើយ​ខ្ញុំ​ដឹង​ថា បន្ទាល់​ដែល​អ្នក​នោះ​ថ្លែង​អំពី​ខ្ញុំ នោះ​ពិត​ប្រាកដ​មែន។ អ្នក​រាល់​គ្នា​បាន​ចាត់​គេ​ឲ្យ​ទៅ​រក​លោក​យ៉ូហាន ហើយ​លោក​ក៏​ធ្វើ​បន្ទាល់​តាម​សេចក្តី​ពិត។ បន្ទាល់​ដែល​ខ្ញុំ​ទទួល​មិន​មែន​មក​ពី​មនុស្ស​ទេ ប៉ុន្តែ ខ្ញុំ​និយាយ​សេចក្តី​ទាំង​នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​សង្គ្រោះ។ ឯ​លោក​យ៉ូហាន លោក​ជា​ចង្កៀង​ដែល​ឆេះ ហើយ​ភ្លឺ អ្នក​រាល់​គ្នា​ក៏​ចូល​ចិត្ត អរ​សប្បាយ​ក្នុង​ពន្លឺ​របស់​លោក​មួយ​គ្រា​ដែរ។ ប៉ុន្តែ ខ្ញុំ​មាន​បន្ទាល់ វិសេស​ជាង​បន្ទាល់​របស់​លោក​យ៉ូហាន​ទៅ​ទៀត ព្រោះ​កិច្ច‌ការ​ដែល​ព្រះ‌វរបិតា​បាន​ប្រគល់​ឲ្យ​ខ្ញុំ​បង្ហើយ គឺ​កិច្ច‌ការ​ដែល​ខ្ញុំ​ធ្វើ​នេះ​ហើយ ដែល​ធ្វើ​បន្ទាល់​អំពី​ខ្ញុំ​ថា ព្រះ‌វរបិតា​បាន​ចាត់​ខ្ញុំ​ឲ្យ​មក។ ព្រះ‌វរបិតា​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក ទ្រង់​បាន​ធ្វើ​បន្ទាល់​អំពី​ខ្ញុំ ហើយ​អ្នក​រាល់​គ្នា​មិន​ដែល​ឮ​សំឡេង​ព្រះ‌អង្គ ក៏​មិន​ដែល​ឃើញ​រូប​រាង​ព្រះ‌អង្គ​ផង។ អ្នក​រាល់​គ្នា​គ្មាន​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ នៅ​ជាប់​ក្នុង​ខ្លួន​សោះ ព្រោះ​អ្នក​រាល់​គ្នា​មិន​ជឿ​ព្រះ‌អង្គ ដែល​ព្រះ‌វរបិតា​បាន​ចាត់​ឲ្យ​មក។ អ្នក​រាល់​គ្នា​សិក្សា​គម្ពីរ ដោយ​ស្មាន​ថា បាន​ជីវិត​អស់​កល្ប​ជា‌និច្ច​ពី​គម្ពីរ​នោះ ដ្បិត​គម្ពីរ​នោះ​ហើយ ដែល​ធ្វើ​បន្ទាល់​អំពី​ខ្ញុំ តែ​អ្នក​រាល់​គ្នា​មិន​ព្រម​មក​រក​ខ្ញុំ ឲ្យ​បាន​ជីវិត​ឡើយ។ ខ្ញុំ​មិន​ទទួល​កិត្តិសព្ទ​ពី​មនុស្ស​ទេ។ ប៉ុន្តែ ខ្ញុំ​ដឹង​ថា អ្នក​រាល់​គ្នា​គ្មាន​សេចក្តី​ស្រឡាញ់​របស់​ព្រះ​នៅ​ក្នុង​ខ្លួន​សោះ។ ខ្ញុំ​មក​ក្នុង​ព្រះ‌នាម​របស់​ព្រះ‌វរបិតា​ខ្ញុំ តែ​អ្នក​រាល់​គ្នា​មិន​ទទួល​ខ្ញុំ​ទេ ប្រសិន‌បើ​មាន​អ្នក​ណា​ម្នាក់​ទៀត​មក ក្នុង​នាម​របស់​គេ អ្នក​រាល់​គ្នា​នឹង​ទទួល​អ្នក​នោះ​វិញ។ ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​រាល់​គ្នា​ជឿ​បាន បើ​អ្នក​រាល់​គ្នា​ទទួល​កិត្តិសព្ទ​តែ​ពី​គ្នា​ទៅ​វិញ​ទៅ​មក តែ​មិន​ស្វែង​រក​កិត្តិសព្ទ​ដែល​មក​ពី​ព្រះ‌អង្គ ជា​ព្រះ​តែ​មួយ​អង្គ​ដូច្នេះ? កុំ​ស្មាន​ថា ខ្ញុំ​នឹង​ប្តឹង​ព្រះ‌វរបិតា​ពី​អ្នក​រាល់​គ្នា​នោះ​ឡើយ មាន​ម្នាក់​ដែល​ប្តឹង​ពី​អ្នក​រាល់​គ្នា​ហើយ គឺ​លោក​ម៉ូសេ ដែល​អ្នក​រាល់​គ្នា​យក​ជា​ទី​សង្ឃឹម។ ប្រសិន‌បើ​អ្នក​រាល់​គ្នា​ជឿ​ដល់​លោក​ម៉ូសេ អ្នក​រាល់​គ្នា​នឹង​ជឿ​ដល់​ខ្ញុំ​មិន​ខាន ព្រោះ​លោក​បាន​ចែង​ទុក​អំពី​ខ្ញុំ។ ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​ជឿ​សេចក្តី​ដែល​លោក​បាន​ចែង​ទុក​មក​ទេ ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​រាល់​គ្នា​ជឿ​ពាក្យ​របស់​ខ្ញុំ​បាន?»

ចែក​រំលែក
អាន យ៉ូហាន 5

យ៉ូហាន 5:30-47 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ខ្ញុំ​ពុំ​អាច​នឹង​ធ្វើ​ការ​អ្វី ដោយ​ខ្លួន​ខ្ញុំ​បាន​ទេ ខ្ញុំ​ជំនុំ‌ជំរះ​តាម​ដែល​ខ្ញុំ​ឮ ហើយ​សេចក្ដី​ជំនុំ‌ជំរះ​របស់​ខ្ញុំ​ក៏​សុចរិត ពី​ព្រោះ​ខ្ញុំ​មិន​រក​តាម​តែ​ចិត្ត​ខ្ញុំ​ទេ គឺ​តាម​ព្រះ‌ហឫទ័យ​នៃ​ព្រះ​វិញ ដែល​ទ្រង់​ចាត់​ឲ្យ​ខ្ញុំ​មក។ បើ​សិន​ជា​ខ្ញុំ​ធ្វើ​បន្ទាល់​ពី​ខ្លួន​ខ្ញុំ នោះ​សេចក្ដី​បន្ទាល់​របស់​ខ្ញុំ​មិន​ពិត​ទេ មាន​ម្នាក់​ទៀត​ដែល​ធ្វើ​បន្ទាល់​ពី​ខ្ញុំ ហើយ​ខ្ញុំ​ដឹង​ថា សេចក្ដី​បន្ទាល់ ដែល​អ្នក​នោះ​ធ្វើ​ពី​ខ្ញុំ​ក៏​ពិត​ប្រាកដ​មែន អ្នក​រាល់​គ្នា​បាន​ចាត់​គេ ឲ្យ​ទៅ​ឯ​លោក​យ៉ូហាន លោក​ក៏​ធ្វើ​បន្ទាល់​តាម​សេចក្ដី​ពិត ប៉ុន្តែ សេចក្ដី​បន្ទាល់​ដែល​ខ្ញុំ​ទទួល នោះ​មិន​មែន​មក​ពី​មនុស្ស​ទេ ខ្ញុំ​គ្រាន់​តែ​និយាយ​សេចក្ដី​ទាំង​នេះ ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​សង្គ្រោះ​ប៉ុណ្ណោះ ឯ​លោក​យ៉ូហាន លោក​ជា​ចង្កៀង​ដែល​ឆេះ ហើយ​ភ្លឺ អ្នក​រាល់​គ្នា​ក៏​ចូល​ចិត្ត ឲ្យ​បាន​អរ​សប្បាយ​ក្នុង​ពន្លឺ​របស់​លោក ក្នុង​១​គ្រា​នោះ​ដែរ ប៉ុន្តែ ខ្ញុំ​មាន​ទី​បន្ទាល់​វិសេស​ជាង​ទី​បន្ទាល់​របស់​លោក​យ៉ូហាន​ទៅ​ទៀត ពី​ព្រោះ​ការ​ទាំង​ប៉ុន្មាន ដែល​ព្រះវរ‌បិតា​បាន​ប្រគល់​មក​ឲ្យ​ខ្ញុំ​ធ្វើ​បង្ហើយ គឺ​ការ​ដែល​ខ្ញុំ​ធ្វើ​ទាំង​ប៉ុន្មាន​នេះ​ឯង នោះ​បាន​ធ្វើ​បន្ទាល់​ពី​ខ្ញុំ​ហើយ ថា​ព្រះវរ‌បិតា​បាន​ចាត់​ឲ្យ​ខ្ញុំ​មក ឯ​ព្រះវរ‌បិតា ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ទ្រង់​ក៏​ធ្វើ​បន្ទាល់​ពី​ខ្ញុំ​ដែរ អ្នក​រាល់​គ្នា​មិន​ដែល​ឮ​សំឡេង​ទ្រង់​ឡើយ ក៏​មិន​ដែល​ឃើញ​រូប​អង្គ​ទ្រង់​ផង អ្នក​រាល់​គ្នា​គ្មាន​ព្រះ‌បន្ទូល​ទ្រង់​នៅ​ក្នុង​ខ្លួន​សោះ ពី​ព្រោះ​អ្នក​រាល់​គ្នា​មិន​ជឿ​ដល់​ព្រះ‌អង្គ ដែល​ទ្រង់​ចាត់​ឲ្យ​មក​នេះ អ្នក​រាល់​គ្នា​ស្ទង់​មើល​គម្ពីរ ដោយ​ស្មាន​ថា បាន​ជីវិត​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច​អំពី​គម្ពីរ​នោះ​មក គឺ​ជា​គម្ពីរ​នោះ​ឯង ដែល​ធ្វើ​បន្ទាល់​ពី​ខ្ញុំ តែ​អ្នក​រាល់​គ្នា​មិន​សុខ​ចិត្ត​មក​ឯ​ខ្ញុំ ឲ្យ​បាន​ជីវិត​ទេ។ ខ្ញុំ​មិន​ទទួល​កិត្តិសព្ទ​អំពី​មនុស្ស​ទេ ខ្ញុំ​ស្គាល់​អ្នក​រាល់​គ្នា​ហើយ ថា​គ្មាន​សេចក្ដី​ស្រឡាញ់​របស់​ព្រះ នៅ​ក្នុង​ខ្លួន​អ្នក​រាល់​គ្នា​សោះ ខ្ញុំ​បាន​មក​ដោយ​នូវ​ព្រះ‌នាម​របស់​ព្រះវរ‌បិតា​ខ្ញុំ តែ​អ្នក​រាល់​គ្នា​មិន​ទទួល​ខ្ញុំ​ទេ បើ​សិន​ជា​មាន​អ្នក​ណា​ទៀត​មក ដោយ​នូវ​ឈ្មោះ​របស់​ខ្លួន​គេ នោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​អ្នក​នោះ​វិញ ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​រាល់​គ្នា​ជឿ​បាន ដែល​ទទួល​កិត្តិសព្ទ​តែ​ពី​គ្នា​ឯង ឥត​ស្វែង​រក​កិត្តិសព្ទ ដែល​មក​ពី​ព្រះ‌អង្គ​ដ៏​ជា​ព្រះ​តែ​១​អង្គ​ទ្រង់​ដូច្នេះ កុំ​ឲ្យ​ស្មាន​ថា ខ្ញុំ​នឹង​ប្តឹង​ដល់​ព្រះវរ‌បិតា ពី​អ្នក​រាល់​គ្នា​នោះ​ឡើយ មាន​ម្នាក់​ដែល​ប្តឹង​ពី​អ្នក​រាល់​គ្នា​ហើយ គឺ​ជា​លោក​ម៉ូសេ ដែល​អ្នក​រាល់​គ្នា​យក​ជា​ទី​សង្ឃឹម បើ​សិន​ជា​អ្នក​រាល់​គ្នា​ជឿ​ដល់​លោក​ម៉ូសេ​ពិត នោះ​នឹង​បាន​ជឿ​ដល់​ខ្ញុំ​ដែរ ពី​ព្រោះ​លោក​បាន​ចែង​ទុក​ពី​ខ្ញុំ ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​ជឿ​សេចក្ដី ដែល​លោក​បាន​ចែង​ទុក​មក​ទេ នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​ជឿ​ពាក្យ​ខ្ញុំ​ទៅ​បាន។

ចែក​រំលែក
អាន យ៉ូហាន 5