យ៉ូហាន 5:24-47
យ៉ូហាន 5:24-47 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលស្តាប់ពាក្យខ្ញុំ ហើយជឿដល់ព្រះអង្គដែលចាត់ខ្ញុំឲ្យមក អ្នកនោះមានជីវិតអស់កល្បជានិច្ច ហើយមិនត្រូវជំនុំជម្រះឡើយ គឺបានរួចផុតពីសេចក្តីស្លាប់ទៅដល់ជីវិតវិញ។ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ពេលវេលានោះនឹងមកដល់ គឺឥឡូវនេះហើយ ដែលមនុស្សស្លាប់នឹងឮសំឡេងព្រះរាជបុត្រារបស់ព្រះ ហើយអស់អ្នកណាដែលឮនឹងបានរស់។ ដ្បិតដែលព្រះវរបិតាមានជីវិតក្នុងអង្គទ្រង់យ៉ាងណា ព្រះអង្គក៏បានប្រទានឲ្យព្រះរាជបុត្រាមានជីវិត ក្នុងអង្គទ្រង់យ៉ាងនោះដែរ ហើយព្រះវរបិតាបានប្រទានឲ្យព្រះរាជបុត្រា មានអំណាចជំនុំជម្រះ ព្រោះព្រះអង្គជាកូនមនុស្ស។ កុំឲ្យឆ្ងល់ពីសេចក្តីនេះឡើយ ដ្បិតពេលវេលានោះនឹងមកដល់ ដែលអស់ទាំងខ្មោចនៅក្នុងផ្នូរនឹងឮសំឡេងព្រះអង្គ ហើយចេញមក។ អ្នកដែលបានប្រព្រឹត្តល្អ គេនឹងរស់ឡើងវិញឲ្យបានជីវិត ហើយពួកអ្នកដែលបានប្រព្រឹត្តអាក្រក់ គេនឹងរស់ឡើងវិញឲ្យជាប់មានទោស»។ «ខ្ញុំមិនអាចធ្វើអ្វីដោយខ្លួនខ្ញុំបានទេ ខ្ញុំជំនុំជម្រះតាមដែលខ្ញុំឮ ហើយការជំនុំជម្រះរបស់ខ្ញុំសុចរិត ព្រោះខ្ញុំមិនធ្វើតាមបំណងចិត្តខ្ញុំទ្បើយ គឺតាមព្រះហឫទ័យរបស់ព្រះអង្គដែលចាត់ខ្ញុំឲ្យមក។ ប្រសិនបើខ្ញុំធ្វើបន្ទាល់ពីខ្លួនខ្ញុំ បន្ទាល់របស់ខ្ញុំមិនពិតទេ។ ប៉ុន្តែ មានម្នាក់ទៀតដែលធ្វើបន្ទាល់អំពីខ្ញុំ ហើយខ្ញុំដឹងថា បន្ទាល់ដែលអ្នកនោះថ្លែងអំពីខ្ញុំ នោះពិតប្រាកដមែន។ អ្នករាល់គ្នាបានចាត់គេឲ្យទៅរកលោកយ៉ូហាន ហើយលោកក៏ធ្វើបន្ទាល់តាមសេចក្តីពិត។ បន្ទាល់ដែលខ្ញុំទទួលមិនមែនមកពីមនុស្សទេ ប៉ុន្តែ ខ្ញុំនិយាយសេចក្តីទាំងនេះ ដើម្បីឲ្យអ្នករាល់គ្នាបានសង្គ្រោះ។ ឯលោកយ៉ូហាន លោកជាចង្កៀងដែលឆេះ ហើយភ្លឺ អ្នករាល់គ្នាក៏ចូលចិត្ត អរសប្បាយក្នុងពន្លឺរបស់លោកមួយគ្រាដែរ។ ប៉ុន្តែ ខ្ញុំមានបន្ទាល់ វិសេសជាងបន្ទាល់របស់លោកយ៉ូហានទៅទៀត ព្រោះកិច្ចការដែលព្រះវរបិតាបានប្រគល់ឲ្យខ្ញុំបង្ហើយ គឺកិច្ចការដែលខ្ញុំធ្វើនេះហើយ ដែលធ្វើបន្ទាល់អំពីខ្ញុំថា ព្រះវរបិតាបានចាត់ខ្ញុំឲ្យមក។ ព្រះវរបិតាដែលចាត់ខ្ញុំឲ្យមក ទ្រង់បានធ្វើបន្ទាល់អំពីខ្ញុំ ហើយអ្នករាល់គ្នាមិនដែលឮសំឡេងព្រះអង្គ ក៏មិនដែលឃើញរូបរាងព្រះអង្គផង។ អ្នករាល់គ្នាគ្មានព្រះបន្ទូលរបស់ព្រះអង្គ នៅជាប់ក្នុងខ្លួនសោះ ព្រោះអ្នករាល់គ្នាមិនជឿព្រះអង្គ ដែលព្រះវរបិតាបានចាត់ឲ្យមក។ អ្នករាល់គ្នាសិក្សាគម្ពីរ ដោយស្មានថា បានជីវិតអស់កល្បជានិច្ចពីគម្ពីរនោះ ដ្បិតគម្ពីរនោះហើយ ដែលធ្វើបន្ទាល់អំពីខ្ញុំ តែអ្នករាល់គ្នាមិនព្រមមករកខ្ញុំ ឲ្យបានជីវិតឡើយ។ ខ្ញុំមិនទទួលកិត្តិសព្ទពីមនុស្សទេ។ ប៉ុន្តែ ខ្ញុំដឹងថា អ្នករាល់គ្នាគ្មានសេចក្តីស្រឡាញ់របស់ព្រះនៅក្នុងខ្លួនសោះ។ ខ្ញុំមកក្នុងព្រះនាមរបស់ព្រះវរបិតាខ្ញុំ តែអ្នករាល់គ្នាមិនទទួលខ្ញុំទេ ប្រសិនបើមានអ្នកណាម្នាក់ទៀតមក ក្នុងនាមរបស់គេ អ្នករាល់គ្នានឹងទទួលអ្នកនោះវិញ។ ធ្វើដូចម្តេចឲ្យអ្នករាល់គ្នាជឿបាន បើអ្នករាល់គ្នាទទួលកិត្តិសព្ទតែពីគ្នាទៅវិញទៅមក តែមិនស្វែងរកកិត្តិសព្ទដែលមកពីព្រះអង្គ ជាព្រះតែមួយអង្គដូច្នេះ? កុំស្មានថា ខ្ញុំនឹងប្តឹងព្រះវរបិតាពីអ្នករាល់គ្នានោះឡើយ មានម្នាក់ដែលប្តឹងពីអ្នករាល់គ្នាហើយ គឺលោកម៉ូសេ ដែលអ្នករាល់គ្នាយកជាទីសង្ឃឹម។ ប្រសិនបើអ្នករាល់គ្នាជឿដល់លោកម៉ូសេ អ្នករាល់គ្នានឹងជឿដល់ខ្ញុំមិនខាន ព្រោះលោកបានចែងទុកអំពីខ្ញុំ។ ប៉ុន្តែ បើអ្នករាល់គ្នាមិនជឿសេចក្តីដែលលោកបានចែងទុកមកទេ ធ្វើដូចម្តេចឲ្យអ្នករាល់គ្នាជឿពាក្យរបស់ខ្ញុំបាន?»
យ៉ូហាន 5:24-47 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាស្ដាប់សេចក្ដីដែលខ្ញុំនិយាយ ហើយជឿលើព្រះអង្គដែលបានចាត់ខ្ញុំឲ្យមក អ្នកនោះមានជីវិតអស់កល្បជានិច្ច គេមិនត្រូវទទួលទោសឡើយ គឺបានឆ្លងផុតពីសេចក្ដីស្លាប់ទៅរកជីវិត។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ដល់ពេលកំណត់ គឺឥឡូវនេះហើយ មនុស្សស្លាប់នឹងឮព្រះសូរសៀងព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយអស់អ្នកដែលឮព្រះសូរសៀងនោះនឹងមានជីវិតរស់នៅ ដ្បិតព្រះបិតាជាប្រភពនៃជីវិតយ៉ាងណា ព្រះអង្គក៏ប្រទានឲ្យព្រះបុត្រាធ្វើជាប្រភពនៃជីវិតយ៉ាងនោះដែរ ហើយព្រះបិតាក៏ប្រទានឲ្យព្រះបុត្រាមានអំណាចដាក់ទោសថែមទៀតផង ព្រោះព្រះបុត្រាជាបុត្រមនុស្ស*។ សុំកុំងឿងឆ្ងល់ឡើយ ដ្បិតដល់ពេលកំណត់ មនុស្សស្លាប់ទាំងប៉ុន្មាននឹងឮព្រះសូរសៀងរបស់ព្រះបុត្រា ហើយចេញពីផ្នូរមក។ អ្នកដែលបានប្រព្រឹត្តអំពើល្អនឹងរស់ឡើងវិញ ដើម្បីទទួលជីវិត រីឯអ្នកដែលបានប្រព្រឹត្តអំពើអាក្រក់នឹងរស់ឡើងវិញ ដើម្បីទទួលទោស»។ «ខ្ញុំមិនអាចធ្វើអ្វីដោយអំណាចខ្ញុំផ្ទាល់ឡើយ ខ្ញុំវិនិច្ឆ័យគ្រប់ការទាំងអស់តាមសេចក្ដីដែលព្រះបិតាមានព្រះបន្ទូលមកខ្ញុំ ហើយការវិនិច្ឆ័យរបស់ខ្ញុំត្រឹមត្រូវ ព្រោះខ្ញុំមិនប្រាថ្នាធ្វើតាមបំណងចិត្តខ្ញុំឡើយ គឺធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គដែលបានចាត់ឲ្យខ្ញុំមកនោះវិញ។ ប្រសិនបើខ្ញុំធ្វើជាបន្ទាល់ឲ្យខ្លួនខ្ញុំផ្ទាល់ សក្ខីភាពរបស់ខ្ញុំមិនពិតទេ។ ប៉ុន្តែ មានម្នាក់ទៀតធ្វើជាបន្ទាល់ឲ្យខ្ញុំ ហើយខ្ញុំដឹងថាសក្ខីភាពដែលអ្នកនោះថ្លែងអំពីខ្ញុំ ស្របតាមសេចក្ដីពិត។ អ្នករាល់គ្នាបានចាត់គេឲ្យទៅសួរលោកយ៉ូហាន លោកក៏ផ្ដល់សក្ខីភាពអំពីសេចក្ដីពិត។ ចំពោះខ្ញុំ ខ្ញុំមិនត្រូវការសក្ខីភាពពីមនុស្សណាឡើយ តែខ្ញុំពោលដូច្នេះ ដើម្បីឲ្យអ្នករាល់គ្នាទទួលការសង្គ្រោះ។ លោកយ៉ូហាននេះប្រៀបបាននឹងចង្កៀងដែលកំពុងឆេះបំភ្លឺ ហើយអ្នករាល់គ្នាក៏ចង់រីករាយនឹងពន្លឺនោះមួយស្របក់ដែរ។ រីឯខ្ញុំវិញ ខ្ញុំមានសក្ខីភាពមួយប្រសើរជាងសក្ខីភាពរបស់លោកយ៉ូហានទៅទៀត។ ព្រះបិតាប្រទានឲ្យខ្ញុំបង្ហើយកិច្ចការទាំងអម្បាលម៉ាន គឺកិច្ចការដែលខ្ញុំធ្វើនេះហើយ ជាសក្ខីភាពបញ្ជាក់ថា ព្រះអង្គបានចាត់ខ្ញុំឲ្យមកមែន។ ព្រះបិតាដែលបានចាត់ខ្ញុំឲ្យមក ក៏បានធ្វើជាបន្ទាល់ឲ្យខ្ញុំដែរ តែអ្នករាល់គ្នាមិនដែលបានឮព្រះសូរសៀងរបស់ព្រះអង្គ ហើយក៏មិនដែលបានឃើញព្រះភ័ក្ត្ររបស់ព្រះអង្គផង។ អ្នករាល់គ្នាគ្មានព្រះបន្ទូលរបស់ព្រះអង្គនៅក្នុងចិត្តទេ ព្រោះអ្នករាល់គ្នាពុំជឿអ្នកដែលព្រះបិតាបានចាត់ឲ្យមក។ អ្នករាល់គ្នាខំពិនិត្យពិច័យមើលគម្ពីរ ព្រោះនឹកស្មានថានឹងបានជីវិតអស់កល្បជានិច្ច ដោយសារគម្ពីរទាំងនេះ គឺគម្ពីរនេះហើយធ្វើជាបន្ទាល់ឲ្យខ្ញុំ ប៉ុន្តែ អ្នករាល់គ្នាមិនចង់មករកខ្ញុំ ដើម្បីឲ្យបានជីវិតឡើយ។ ខ្ញុំមិនចង់ទទួលសិរីរុងរឿងពីមនុស្សទេ។ ម្យ៉ាងទៀត ខ្ញុំស្គាល់ចិត្តអ្នករាល់គ្នាហើយ អ្នករាល់គ្នាគ្មានចិត្តស្រឡាញ់ព្រះជាម្ចាស់សោះ។ ខ្ញុំមក ក្នុងព្រះនាមព្រះបិតាខ្ញុំ តែអ្នករាល់គ្នាមិនទទួលខ្ញុំឡើយ។ ប្រសិនបើមានម្នាក់ទៀតមកក្នុងនាមខ្លួនគេផ្ទាល់ អ្នករាល់គ្នាមុខជាទទួលគេមិនខាន! តើឲ្យអ្នករាល់គ្នាអាចជឿដូចម្ដេចបាន បើអ្នករាល់គ្នាចូលចិត្តទទួលសិរីរុងរឿងតែពីគ្នាទៅវិញទៅមកដូច្នេះ ហើយពុំស្វែងរកសិរីរុងរឿងពីព្រះជាម្ចាស់តែមួយគត់សោះនោះ? កុំនឹកស្មានថាខ្ញុំនឹងចោទប្រកាន់អ្នករាល់គ្នានៅចំពោះព្រះភ័ក្ត្រព្រះបិតាឡើយ គឺលោកម៉ូសេជាទីសង្ឃឹមរបស់អ្នករាល់គ្នាវិញទេ ដែលនឹងចោទប្រកាន់។ ប្រសិនបើអ្នករាល់គ្នាជឿពាក្យលោកម៉ូសេ អ្នករាល់គ្នាមុខជាជឿខ្ញុំមិនខាន ព្រោះលោកបានសរសេរទុកក្នុងគម្ពីរស្ដីអំពីខ្ញុំ ប៉ុន្តែ បើអ្នករាល់គ្នាមិនជឿសេចក្ដីដែលលោកបានសរសេរទុកទៅហើយនោះ ធ្វើម្ដេចនឹងឲ្យអ្នករាល់គ្នាជឿពាក្យរបស់ខ្ញុំបាន!»។
យ៉ូហាន 5:24-47 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលស្តាប់ពាក្យខ្ញុំ ហើយជឿដល់ព្រះអង្គ ដែលចាត់ឲ្យខ្ញុំមក អ្នកនោះមានជីវិតដ៏នៅអស់កល្បជានិច្ច ហើយមិនដែលត្រូវជំនុំជំរះឡើយ គឺបានកន្លងហួសពីសេចក្ដីស្លាប់ ទៅដល់ជីវិតវិញ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នឹងមានពេលវេលាមក ក៏មកដល់ហើយ ដែលមនុស្សស្លាប់នឹងឮសំឡេងព្រះរាជបុត្រានៃព្រះ ហើយអស់អ្នកណាដែលឮនឹងបានរស់វិញ ពីព្រោះដែលព្រះវរបិតាមានជីវិតក្នុងព្រះអង្គទ្រង់យ៉ាងណា នោះទ្រង់ក៏បានប្រទានឲ្យព្រះរាជបុត្រាមានជីវិត ក្នុងព្រះអង្គទ្រង់យ៉ាងនោះដែរ ហើយបានប្រទានអំណាចមកទ្រង់ ឲ្យជំនុំជំរះផង ពីព្រោះទ្រង់ជាកូនមនុស្ស កុំឲ្យឆ្ងល់ពីសេចក្ដីនេះឡើយ ដ្បិតមានពេលវេលាមក ដែលអស់ទាំងខ្មោចនៅក្នុងផ្នូរនឹងឮសំឡេងទ្រង់ ហើយនឹងចេញមក គឺពួកអ្នកដែលបានប្រព្រឹត្តល្អ គេនឹងរស់ឡើងវិញឲ្យបានជីវិត ឯពួកអ្នកដែលបានប្រព្រឹត្តអាក្រក់វិញ គេនឹងរស់ឡើង ឲ្យជាប់មានទោស ខ្ញុំពុំអាចនឹងធ្វើការអ្វី ដោយខ្លួនខ្ញុំបានទេ ខ្ញុំជំនុំជំរះតាមដែលខ្ញុំឮ ហើយសេចក្ដីជំនុំជំរះរបស់ខ្ញុំក៏សុចរិត ពីព្រោះខ្ញុំមិនរកតាមតែចិត្តខ្ញុំទេ គឺតាមព្រះហឫទ័យនៃព្រះវិញ ដែលទ្រង់ចាត់ឲ្យខ្ញុំមក។ បើសិនជាខ្ញុំធ្វើបន្ទាល់ពីខ្លួនខ្ញុំ នោះសេចក្ដីបន្ទាល់របស់ខ្ញុំមិនពិតទេ មានម្នាក់ទៀតដែលធ្វើបន្ទាល់ពីខ្ញុំ ហើយខ្ញុំដឹងថា សេចក្ដីបន្ទាល់ ដែលអ្នកនោះធ្វើពីខ្ញុំក៏ពិតប្រាកដមែន អ្នករាល់គ្នាបានចាត់គេ ឲ្យទៅឯលោកយ៉ូហាន លោកក៏ធ្វើបន្ទាល់តាមសេចក្ដីពិត ប៉ុន្តែ សេចក្ដីបន្ទាល់ដែលខ្ញុំទទួល នោះមិនមែនមកពីមនុស្សទេ ខ្ញុំគ្រាន់តែនិយាយសេចក្ដីទាំងនេះ ប្រយោជន៍ឲ្យអ្នករាល់គ្នាបានសង្គ្រោះប៉ុណ្ណោះ ឯលោកយ៉ូហាន លោកជាចង្កៀងដែលឆេះ ហើយភ្លឺ អ្នករាល់គ្នាក៏ចូលចិត្ត ឲ្យបានអរសប្បាយក្នុងពន្លឺរបស់លោក ក្នុង១គ្រានោះដែរ ប៉ុន្តែ ខ្ញុំមានទីបន្ទាល់វិសេសជាងទីបន្ទាល់របស់លោកយ៉ូហានទៅទៀត ពីព្រោះការទាំងប៉ុន្មាន ដែលព្រះវរបិតាបានប្រគល់មកឲ្យខ្ញុំធ្វើបង្ហើយ គឺការដែលខ្ញុំធ្វើទាំងប៉ុន្មាននេះឯង នោះបានធ្វើបន្ទាល់ពីខ្ញុំហើយ ថាព្រះវរបិតាបានចាត់ឲ្យខ្ញុំមក ឯព្រះវរបិតា ដែលចាត់ឲ្យខ្ញុំមក ទ្រង់ក៏ធ្វើបន្ទាល់ពីខ្ញុំដែរ អ្នករាល់គ្នាមិនដែលឮសំឡេងទ្រង់ឡើយ ក៏មិនដែលឃើញរូបអង្គទ្រង់ផង អ្នករាល់គ្នាគ្មានព្រះបន្ទូលទ្រង់នៅក្នុងខ្លួនសោះ ពីព្រោះអ្នករាល់គ្នាមិនជឿដល់ព្រះអង្គ ដែលទ្រង់ចាត់ឲ្យមកនេះ អ្នករាល់គ្នាស្ទង់មើលគម្ពីរ ដោយស្មានថា បានជីវិតដ៏នៅអស់កល្បជានិច្ចអំពីគម្ពីរនោះមក គឺជាគម្ពីរនោះឯង ដែលធ្វើបន្ទាល់ពីខ្ញុំ តែអ្នករាល់គ្នាមិនសុខចិត្តមកឯខ្ញុំ ឲ្យបានជីវិតទេ។ ខ្ញុំមិនទទួលកិត្តិសព្ទអំពីមនុស្សទេ ខ្ញុំស្គាល់អ្នករាល់គ្នាហើយ ថាគ្មានសេចក្ដីស្រឡាញ់របស់ព្រះ នៅក្នុងខ្លួនអ្នករាល់គ្នាសោះ ខ្ញុំបានមកដោយនូវព្រះនាមរបស់ព្រះវរបិតាខ្ញុំ តែអ្នករាល់គ្នាមិនទទួលខ្ញុំទេ បើសិនជាមានអ្នកណាទៀតមក ដោយនូវឈ្មោះរបស់ខ្លួនគេ នោះអ្នករាល់គ្នានឹងទទួលអ្នកនោះវិញ ធ្វើដូចម្តេចឲ្យអ្នករាល់គ្នាជឿបាន ដែលទទួលកិត្តិសព្ទតែពីគ្នាឯង ឥតស្វែងរកកិត្តិសព្ទ ដែលមកពីព្រះអង្គដ៏ជាព្រះតែ១អង្គទ្រង់ដូច្នេះ កុំឲ្យស្មានថា ខ្ញុំនឹងប្តឹងដល់ព្រះវរបិតា ពីអ្នករាល់គ្នានោះឡើយ មានម្នាក់ដែលប្តឹងពីអ្នករាល់គ្នាហើយ គឺជាលោកម៉ូសេ ដែលអ្នករាល់គ្នាយកជាទីសង្ឃឹម បើសិនជាអ្នករាល់គ្នាជឿដល់លោកម៉ូសេពិត នោះនឹងបានជឿដល់ខ្ញុំដែរ ពីព្រោះលោកបានចែងទុកពីខ្ញុំ ប៉ុន្តែ បើអ្នករាល់គ្នាមិនជឿសេចក្ដី ដែលលោកបានចែងទុកមកទេ នោះធ្វើដូចម្តេចឲ្យជឿពាក្យខ្ញុំទៅបាន។