យ៉ូហាន 3:1-36
យ៉ូហាន 3:1-36 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មានបុរសម្នាក់ក្នុងពួកផារិស៊ីឈ្មោះនីកូដេម លោកជាអ្នកដឹកនាំសាសន៍យូដា។ លោកមកជួបព្រះយេស៊ូវទាំងយប់ ហើយទូលថា៖ «រ៉ាប៊ី យើងខ្ញុំដឹងថា លោកជាគ្រូមកពីព្រះ ដ្បិតគ្មានអ្នកណាអាចធ្វើទីសម្គាល់ ដែលលោកធ្វើទាំងនេះបានទេ មានតែព្រះគង់ជាមួយ»។ ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយទៅគាត់ថា៖ «ប្រាកដមែន ខ្ញុំប្រាប់លោកជាប្រាកដថា បើមិនបានកើតជាថ្មី គ្មានអ្នកណាអាចឃើញព្រះរាជ្យរបស់ព្រះបានឡើយ»។ លោកនីកូដេមទូលព្រះអង្គថា៖ «ពេលមនុស្សចាស់ហើយ ធ្វើដូចម្តេចឲ្យកើតម្តងទៀតបាន? តើគេអាចចូលទៅក្នុងពោះម្តាយវិញ ហើយកើតម្តងទៀតបានឬ?» ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «ប្រាកដមែន ខ្ញុំសូមជម្រាបលោកជាប្រាកដថា បើមិនបានកើតពីទឹក និងពីព្រះវិញ្ញាណ អ្នកនោះមិនអាចចូលទៅក្នុងព្រះរាជ្យរបស់ព្រះបានឡើយ។ អ្វីដែលកើតពីសាច់ នោះជាសាច់ ហើយអ្វីដែលកើតពីព្រះវិញ្ញាណ នោះជាវិញ្ញាណ កុំឆ្ងល់ពីពាក្យដែលខ្ញុំជម្រាបលោកថា "អ្នករាល់គ្នាត្រូវកើតជាថ្មី" នោះឡើយ។ ខ្យល់ ចង់បក់ទៅណាក៏បាន ហើយអ្នកឮសូរសព្ទរបស់វា តែមិនដឹងថាមកពីណា ឬទៅណាទេ។ អស់អ្នកដែលកើតពីព្រះវិញ្ញាណ ក៏ដូច្នោះដែរ»។ លោកនីកូដេមទូលសួរព្រះអង្គថា៖ «តើការទាំងនេះអាចកើតឡើងដូចម្តេចបាន?» ព្រះយេស៊ូវឆ្លើយទៅលោកថា៖ «លោកជាគ្រូរបស់សាសន៍អ៊ីស្រាអែល តែមិនយល់ការទាំងនេះទេឬ? ប្រាកដមែន ខ្ញុំសូមជម្រាបលោកជាប្រាកដថា យើងប្រាប់ពីការដែលយើងដឹង ហើយធ្វើបន្ទាល់ពីការដែលយើងបានឃើញ តែអ្នករាល់គ្នាមិនទទួលបន្ទាល់របស់យើងទេ។ បើខ្ញុំនិយាយប្រាប់អ្នករាល់គ្នា ពីអ្វីៗខាងផែនដី អ្នករាល់គ្នាមិនជឿទៅហើយ ចំណង់បើខ្ញុំប្រាប់ពីអ្វីៗខាងស្ថានសួគ៌វិញ ធ្វើដូចម្តេចឲ្យអ្នករាល់គ្នាជឿទៅបាន? គ្មានអ្នកណាបានឡើងទៅស្ថានសួគ៌ឡើយ មានតែព្រះអង្គដែលយាងចុះពីស្ថានសួគ៌មកប៉ុណ្ណោះ គឺជាកូនមនុស្ស[ដែលគង់នៅស្ថានសួគ៌] ហើយដូចលោកម៉ូសេបានលើកសត្វពស់ឡើង នៅទីរហោស្ថានយ៉ាងណា កូនមនុស្សក៏ត្រូវគេលើកលោកឡើង យ៉ាងនោះដែរ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះអង្គ [មិនត្រូវវិនាសឡើយ គឺ]មានជីវិតអស់កល្បជានិច្ចវិញ។ ដ្បិតព្រះស្រឡាញ់មនុស្សលោកជាខ្លាំង បានជាទ្រង់ប្រទានព្រះរាជបុត្រាតែមួយរបស់ព្រះអង្គ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ។ ព្រោះព្រះមិនបានចាត់ព្រះរាជបុត្រារបស់ព្រះអង្គ ឲ្យមកក្នុងលោកនេះ ដើម្បីដាក់ទោសមនុស្សលោកនោះទេ គឺឲ្យមនុស្សលោកបានសង្គ្រោះ ដោយសារព្រះអង្គវិញ។ អ្នកណាដែលជឿដល់ព្រះអង្គ មិនជាប់មានទោសឡើយ តែអ្នកណាដែលមិនជឿវិញ មានទោសស្រេចទៅហើយ ព្រោះមិនបានជឿដល់ព្រះនាមព្រះរាជបុត្រាតែមួយរបស់ព្រះ។ ទោសនេះ គឺថា ពន្លឺបានមកក្នុងពិភពលោក តែមនុស្សលោកចូលចិត្តភាពងងឹតជាងពន្លឺ ព្រោះអំពើដែលគេប្រព្រឹត្ត សុទ្ធតែអាក្រក់។ ដ្បិតអ្នកណាដែលប្រព្រឹត្តអាក្រក់តែងស្អប់ពន្លឺ ហើយមិនចូលមករកពន្លឺទេ ក្រែងគេឃើញអំពើដែលខ្លួនប្រព្រឹត្ត។ ប៉ុន្តែ អ្នកណាដែលប្រព្រឹត្តតាមសេចក្តីពិតវិញ តែងចូលមករកពន្លឺ ដើម្បីឲ្យគេឃើញច្បាស់នូវអំពើដែលខ្លួនបានប្រព្រឹត្ត ស្របតាមព្រះមែន»។ ក្រោយមក ព្រះយេស៊ូវ និងពួកសិស្សព្រះអង្គបានទៅស្រុកយូដា ព្រះអង្គគង់នៅទីនោះជាមួយពួកគេ ហើយធ្វើពិធីជ្រមុជទឹកផង។ រីឯលោកយ៉ូហាន ក៏កំពុងធ្វើពិធីជ្រមុជទឹក នៅស្រុកអេណូន ជិតភូមិសាលីមដែរ ព្រោះនៅទីនោះមានទឹកច្រើន ហើយមនុស្សចេះតែចូលមក ដើម្បីឲ្យគាត់ជ្រមុជទឹកឲ្យ ដ្បិតលោកយ៉ូហានមិនទាន់ជាប់គុកនៅឡើយ។ ពេលនោះ ពួកសិស្សលោកយ៉ូហាន និងសាសន៍យូដាម្នាក់ជជែកគ្នាពីពិធីជម្រះកាយឲ្យបានបរិសុទ្ធ។ ពួកគេមកជួបលោកយ៉ូហាន ជម្រាបថា៖ «រ៉ាប៊ី ម្នាក់ដែលនៅជាមួយលោក ខាងនាយទន្លេយ័រដាន់ ដែលលោកបានធ្វើបន្ទាល់នោះ ឥឡូវនេះ គាត់កំពុងធ្វើពិធីជ្រមុជទឹក ហើយមនុស្សទាំងអស់នាំគ្នាទៅរកគាត់»។ លោកយ៉ូហានឆ្លើយថា៖ «គ្មានមនុស្សណាអាចទទួលអ្វីបានទេ លើកលែងតែបានប្រទានមកពីស្ថានសួគ៌ប៉ុណ្ណោះ។ អ្នករាល់គ្នានេះហើយជាបន្ទាល់ពីខ្ញុំ ដែលខ្ញុំបាននិយាយថា "ខ្ញុំមិនមែនជាព្រះគ្រីស្ទទេ គឺគ្រាន់តែបានចាត់ឲ្យមកមុនព្រះអង្គប៉ុណ្ណោះ"។ អ្នកណាដែលរៀបការនឹងកូនក្រមុំ អ្នកនោះជាកូនកំលោះ ហើយមិត្តសម្លាញ់ដែលឈរស្តាប់គាត់មានអំណរជាខ្លាំង ដោយសារសំឡេងកូនកំលោះ ដោយហេតុនេះ អំណររបស់ខ្ញុំក៏ពោរពេញឡើង។ ព្រះអង្គត្រូវតែចម្រើនឡើង ហើយខ្ញុំត្រូវតែថយចុះ»។ «ព្រះអង្គដែលយាងមកពីស្ថានលើ ទ្រង់ខ្ពស់លើសជាងទាំងអស់ ឯអ្នកដែលកើតពីផែនដី នោះជារបស់ផែនដី ហើយក៏និយាយតាមរបៀបផែនដី តែព្រះអង្គដែលយាងមកពីស្ថានសួគ៌ ទ្រង់ខ្ពស់លើសជាងទាំងអស់។ ព្រះអង្គធ្វើបន្ទាល់ពីការដែលទ្រង់បានឃើញ និងបានឮ តែគ្មានអ្នកណាទទួលសេចក្តីបន្ទាល់របស់ព្រះអង្គឡើយ។ អ្នកណាដែលទទួលបន្ទាល់របស់ព្រះអង្គ នោះបានបោះត្រា បញ្ជាក់ថា ទ្រង់ពិតត្រង់មែន។ ដ្បិតព្រះអង្គដែលព្រះបានចាត់ឲ្យមក ទ្រង់ថ្លែងព្រះបន្ទូលរបស់ព្រះ ព្រោះព្រះប្រទានព្រះវិញ្ញាណមកដោយគ្មានកម្រិតទេ។ ព្រះវរបិតាស្រឡាញ់ព្រះរាជបុត្រា ហើយបានប្រគល់អ្វីៗទាំងអស់ មកក្នុងព្រះហស្តព្រះអង្គ។ អ្នកណាដែលជឿដល់ព្រះរាជបុត្រា អ្នកនោះមានជីវិតអស់កល្បជានិច្ច តែអ្នកណាដែលមិនព្រមជឿដល់ព្រះរាជបុត្រាវិញ អ្នកនោះនឹងមិនឃើញជីវិតឡើយ គឺសេចក្តីក្រោធរបស់ព្រះ តែងនៅជាប់លើអ្នកនោះជានិច្ច»។
យ៉ូហាន 3:1-36 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មាននាម៉ឺនជាតិយូដាម្នាក់ឈ្មោះ នីកូដេម លោកនៅខាងគណៈផារីស៊ី*។ លោកបានមកគាល់ព្រះយេស៊ូទាំងយប់ ហើយទូលថា៖ «លោកគ្រូ យើងខ្ញុំដឹងថាព្រះជាម្ចាស់បានចាត់លោកគ្រូឲ្យមកបង្រៀនយើងខ្ញុំ ដ្បិតគ្មាននរណាអាចធ្វើទីសម្គាល់ដូចលោកគ្រូឡើយ វៀរលែងតែព្រះជាម្ចាស់គង់ជាមួយអ្នកនោះ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំសូមជម្រាបលោកឲ្យដឹងច្បាស់ថា ប្រសិនបើមនុស្សមិនកើតជាថ្មី ទេ គេមិនអាចឃើញព្រះរាជ្យ*របស់ព្រះជាម្ចាស់ឡើយ»។ លោកនីកូដេមទូលសួរព្រះអង្គថា៖ «ចុះបើមនុស្សមានវ័យចាស់ទៅហើយ ធ្វើដូចម្ដេចអាចកើតម្ដងទៀតបាន? តើគេអាចចូលទៅក្នុងផ្ទៃម្ដាយ ហើយកើតម្ដងទៀតបានឬ?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ខ្ញុំសូមជម្រាបលោកឲ្យដឹងច្បាស់ថា ប្រសិនបើមនុស្សមិនកើតពីទឹក និងពីព្រះវិញ្ញាណទេ គេពុំអាចចូលក្នុងព្រះរាជ្យព្រះជាម្ចាស់ឡើយ។ អ្នកណាកើតមកជាមនុស្ស អ្នកនោះនៅតែជាមនុស្សដដែល រីឯអ្នកដែលកើតពីព្រះវិញ្ញាណវិញ មានព្រះវិញ្ញាណក្នុងខ្លួន ។ ពេលខ្ញុំជម្រាបលោកថា “អ្នករាល់គ្នាត្រូវកើតជាថ្មី” សូមកុំឆ្ងល់ឲ្យសោះ។ ខ្យល់ ចង់បក់ទៅទិសណាក៏បាន លោកឮស្នូរវា តែលោកពុំដឹងថាខ្យល់បក់មកពីទីណា ទៅទីណាឡើយ រីឯអ្នកដែលកើតមកពីព្រះវិញ្ញាណក៏ដូច្នោះដែរ»។ លោកនីកូដេមទូលសួរព្រះអង្គថា៖ «តើការទាំងនេះអាចនឹងកើតឡើងដូចម្ដេចបាន?»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «លោកជាគ្រូរបស់ជនជាតិអ៊ីស្រាអែល ម្ដេចក៏លោកមិនជ្រាបសេចក្ដីទាំងនេះ? ខ្ញុំសូមជម្រាបលោកឲ្យដឹងច្បាស់ថា យើងនិយាយអំពីសេចក្ដីណាដែលយើងដឹង ហើយយើងធ្វើជាបន្ទាល់បញ្ជាក់នូវហេតុការណ៍ណាដែលយើងបានឃើញ តែអ្នករាល់គ្នាមិនទទួលសក្ខីភាពរបស់យើងទេ។ ពេលខ្ញុំនិយាយអំពីហេតុការណ៍នៅលើផែនដី អ្នករាល់គ្នាមិនជឿទៅហើយ ចុះទម្រាំបើខ្ញុំនិយាយអំពីហេតុការណ៍នៅស្ថានបរមសុខវិញ តើអ្នករាល់គ្នានឹងជឿដូចម្ដេចបាន!។ ពុំដែលមាននរណាបានឡើងទៅស្ថានបរមសុខឡើយ គឺមានតែបុត្រមនុស្ស* ប៉ុណ្ណោះ ដែលបានយាងចុះពីស្ថានបរមសុខមក។ កាលនៅវាលរហោស្ថាន លោកម៉ូសេបានលើកពស់ឡើងយ៉ាងណា បុត្រមនុស្សនឹងត្រូវគេលើកឡើង យ៉ាងនោះដែរ ដើម្បីឲ្យអស់អ្នកដែលជឿលើព្រះអង្គ មានជីវិតអស់កល្បជានិច្ច។ ព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកខ្លាំងណាស់ ហេតុនេះហើយបានជាព្រះអង្គប្រទានព្រះបុត្រាតែមួយរបស់ព្រះអង្គមក ដើម្បីឲ្យអស់អ្នកដែលជឿលើព្រះបុត្រា មានជីវិតអស់កល្បជានិច្ច គឺមិនឲ្យគេវិនាសឡើយ។ ព្រះជាម្ចាស់បានចាត់ព្រះបុត្រារបស់ព្រះអង្គឲ្យយាងមកក្នុងលោកនេះ ពុំមែនដើម្បីដាក់ទោសមនុស្សលោកទេ គឺដើម្បីសង្គ្រោះមនុស្សលោក ដោយសារព្រះបុត្រាវិញ។ អ្នកជឿលើព្រះបុត្រាមិនត្រូវទទួលទោសទេ រីឯអ្នកមិនជឿបានទទួលទោសរួចស្រេចទៅហើយ ព្រោះគេពុំបានជឿលើព្រះនាមព្រះបុត្រាតែមួយរបស់ព្រះជាម្ចាស់។ ហេតុដែលបណ្ដាលឲ្យមានទោសនោះ គឺពន្លឺបានយាងមកក្នុងពិភពលោក ប៉ុន្តែ មនុស្សលោកចូលចិត្តភាពងងឹតជាងពន្លឺ ដ្បិតអំពើរបស់គេសុទ្ធតែអាក្រក់។ អស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់តែងតែស្អប់ពន្លឺ ហើយមិនចូលមករកពន្លឺឡើយ ព្រោះខ្លាចគេឃើញអំពើដែលខ្លួនប្រព្រឹត្ត។ ផ្ទុយទៅវិញ អស់អ្នកដែលប្រព្រឹត្តតាមសេចក្ដីពិតតែងតែចូលមករកពន្លឺ ដើម្បីឲ្យគេឃើញថា អំពើដែលខ្លួនប្រព្រឹត្តនោះស្របតាមព្រះជាម្ចាស់មែន»។ បន្ទាប់មក ព្រះយេស៊ូយាងទៅស្រុកយូដាជាមួយពួកសិស្ស*។ ព្រះអង្គស្នាក់នៅទីនោះជាមួយគេ ព្រមទាំងជ្រមុជទឹក*ឲ្យបណ្ដាជនផង។ រីឯលោកយ៉ូហានវិញ លោកក៏ជ្រមុជទឹកឲ្យគេ នៅអេណូន ក្បែរភូមិសាលីមដែរ ព្រោះនៅទីនោះមានទឹកច្រើន។ មនុស្សម្នានាំគ្នាមករកលោក ហើយលោកជ្រមុជទឹកឲ្យ។ កាលណោះលោកយ៉ូហានមិនទាន់ជាប់ឃុំឃាំងនៅឡើយទេ។ ពេលនោះ ពួកសិស្សរបស់លោកយ៉ូហាន និងជនជាតិយូដាម្នាក់ ជជែកគ្នាអំពីពិធីជម្រះកាយឲ្យបរិសុទ្ធ*។ គេនាំគ្នាទៅជួបលោកយ៉ូហាន ជម្រាបថា៖ «លោកគ្រូ! បុរសដែលនៅជាមួយលោកខាងនាយទន្លេយ័រដាន់ពីថ្ងៃមុន ហើយដែលលោកផ្ដល់សក្ខីភាពឲ្យនោះ ឥឡូវនេះ គាត់កំពុងតែជ្រមុជទឹក*ឲ្យគេ មនុស្សទាំងអស់នាំគ្នាទៅរកគាត់»។ លោកយ៉ូហានមានប្រសាសន៍តបទៅគេថា៖ «បើព្រះជាម្ចាស់មិនប្រទានឲ្យទេ គ្មាននរណាម្នាក់អាចធ្វើអ្វីកើតឡើយ។ អ្នករាល់គ្នាជាបន្ទាល់ស្រាប់ហើយ ខ្ញុំបាននិយាយថា ខ្ញុំមិនមែនជាព្រះគ្រិស្តទេ គឺព្រះជាម្ចាស់បានចាត់ខ្ញុំឲ្យមកមុនព្រះអង្គ។ នៅក្នុងពិធីមង្គលការ កូនក្រមុំរៀបការនឹងអ្នកណា អ្នកនោះហើយជាស្វាមី។ រីឯមិត្តសម្លាញ់របស់ស្វាមី គេឈរស្ដាប់នៅក្បែរគាត់ និងមានចិត្តត្រេកអរក្រៃលែង ដោយបានឮសំឡេងរបស់គាត់។ ខ្ញុំក៏ពោរពេញដោយអំណរដូច្នោះដែរ។ ព្រះអង្គត្រូវតែចម្រើនឡើង រីឯខ្ញុំវិញ ខ្ញុំត្រូវតែអន់ថយ។ ព្រះអង្គដែលយាងពីស្ថានបរមសុខមក ព្រះអង្គមានឋានៈធំលើសគេទាំងអស់។ អ្នកដែលកើតពីលោកីយ៍នៅតែជាលោកីយ៍ដដែល ហើយនិយាយតែពីរឿងលោកីយ៍។ ព្រះអង្គដែលយាងពីស្ថានបរមសុខមក ព្រះអង្គមានឋានៈធំលើសគេទាំងអស់។ ព្រះអង្គធ្វើជាបន្ទាល់បញ្ជាក់ពីអ្វីៗទាំងអស់ ដែលព្រះអង្គបានឃើញ និងបានឮ ប៉ុន្តែ គ្មាននរណាទទួលសក្ខីភាពរបស់ព្រះអង្គទេ។ អ្នកដែលទទួលសក្ខីភាពរបស់ព្រះអង្គបានបញ្ជាក់ថា ព្រះជាម្ចាស់បានសម្តែងសេចក្ដីពិតមែន។ ព្រះអង្គដែលព្រះជាម្ចាស់ចាត់ឲ្យយាងមក ថ្លែងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រោះព្រះជាម្ចាស់ប្រទានព្រះវិញ្ញាណមកព្រះអង្គយ៉ាងបរិបូណ៌។ ព្រះបិតាស្រឡាញ់ព្រះបុត្រា ហើយបានប្រគល់អ្វីៗទាំងអស់ឲ្យនៅក្រោមអំណាចរបស់ព្រះបុត្រា។ អ្នកណាជឿលើព្រះបុត្រា អ្នកនោះមានជីវិតអស់កល្បជានិច្ច។ អ្នកណាមិនព្រមជឿលើព្រះបុត្រា អ្នកនោះមិនបានទទួលជីវិតឡើយ គឺគេត្រូវទទួលទោសពីព្រះជាម្ចាស់»។
យ៉ូហាន 3:1-36 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯនៅក្នុងពួកផារិស៊ី មានចៅហ្វាយសាសន៍យូដាម្នាក់ ឈ្មោះនីកូដេម លោកក៏មកឯព្រះយេស៊ូវទាំងយប់ទូលថា លោកគ្រូ យើងខ្ញុំដឹងថា លោកជាគ្រូមកពីព្រះពិត ដ្បិតគ្មានអ្នកណាអាចនឹងធ្វើទីសំគាល់ ដែលលោកធ្វើទាំងនេះបានទេ លើកតែព្រះគង់នៅជាមួយប៉ុណ្ណោះ ព្រះយេស៊ូវមានបន្ទូលឆ្លើយថា ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា បើមិនបានកើតជាថ្មី នោះគ្មានអ្នកណាអាចនឹងឃើញនគរព្រះបានទេ លោកនីកូដេមទូលសួរថា ធ្វើដូចម្តេចនឹងកើតឡើងបាន ក្នុងកាលដែលចាស់ហើយ តើអាចនឹងចូលទៅក្នុងពោះម្តាយម្តងទៀត ហើយកើតឡើងវិញបានឬ ព្រះយេស៊ូវមានបន្ទូលឆ្លើយថា ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា បើមិនបានកើតអំពីទឹក ហើយអំពីព្រះវិញ្ញាណ នោះគ្មានអ្នកណាអាចនឹងចូលទៅក្នុងនគរព្រះបានទេ របស់អ្វីដែលកើតពីសាច់ នោះជាសាច់ទេ ហើយដែលកើតពីព្រះវិញ្ញាណ នោះជាវិញ្ញាណវិញ កុំឲ្យឆ្ងល់ពីពាក្យដែលខ្ញុំប្រាប់ថា ត្រូវតែកើតជាថ្មីនោះឡើយ ឯខ្យល់ ចង់បក់ទៅឯណា ក៏ចេះតែបាន ហើយអ្នកឮសូរសព្ទ តែមិនដឹងជាមកពីណា ឬទៅឯណាទេ អស់អ្នកណាដែលកើតមកពីព្រះវិញ្ញាណ នោះក៏ដូច្នោះដែរ លោកនីកូដេមទូលសួរថា ធ្វើដូចម្តេចឲ្យការទាំងនេះកើតបាន ព្រះយេស៊ូវទ្រង់ឆ្លើយថា អ្នកជាគ្រូនៃសាសន៍អ៊ីស្រាអែល តែមិនដឹងការទាំងនេះទេឬ ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា យើងប្រាប់ពីការដែលយើងដឹង ហើយធ្វើបន្ទាល់ពីការដែលយើងបានឃើញ តែអ្នករាល់គ្នាមិនទទួលសេចក្ដីបន្ទាល់របស់យើងទេ បើខ្ញុំនិយាយប្រាប់អ្នករាល់គ្នា ពីការដែលត្រូវខាងផែនដី តែអ្នករាល់គ្នាមិនជឿទៅហើយ នោះចំណង់បើខ្ញុំប្រាប់ពីការ ដែលត្រូវខាងស្ថានសួគ៌វិញ តើធ្វើដូចម្តេចនឹងឲ្យជឿទៅបាន គ្មានអ្នកណាបានឡើងទៅស្ថានសួគ៌ឡើយ មានតែព្រះអង្គ ដែលយាងចុះពីស្ថានសួគ៌មកប៉ុណ្ណោះ គឺជាកូនមនុស្សដែលនៅស្ថានសួគ៌នោះឯង ហើយដែលលោកម៉ូសេបានលើកសត្វពស់ឡើង នៅទីរហោស្ថានជាយ៉ាងណា នោះកូនមនុស្សនឹងត្រូវគេលើកលោកឡើងយ៉ាងនោះដែរ ដើម្បីឲ្យអ្នកណាដែលជឿដល់កូនមនុស្សនោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ ពីព្រោះព្រះទ្រង់មិនបានចាត់ព្រះរាជបុត្រាទ្រង់ ឲ្យមកក្នុងលោកីយ ដើម្បីនឹងជំនុំជំរះលោកីយនោះទេ គឺឲ្យលោកីយបានសង្គ្រោះ ដោយសារទ្រង់វិញ ឯអ្នកណាដែលជឿដល់ទ្រង់ នោះមិនជាប់មានទោសទេ តែអ្នកណាដែលមិនជឿវិញ នោះត្រូវមានទោសហើយ ពីព្រោះមិនបានជឿដល់ព្រះនាមនៃព្រះរាជបុត្រាតែ១របស់ព្រះ ហើយទោសនេះ គឺថា ពន្លឺបានមកក្នុងលោកីយ តែមនុស្សលោកចូលចិត្តនឹងសេចក្ដីងងឹតជាជាងពន្លឺ ពីព្រោះអំពើដែលគេធ្វើទាំងប៉ុន្មាន សុទ្ធតែអាក្រក់ ដ្បិតអ្នកណាដែលប្រព្រឹត្តអាក្រក់ នោះតែងស្អប់ដល់ពន្លឺ ហើយមិនមកឯពន្លឺទេ ក្រែងអំពើដែលខ្លួនប្រព្រឹត្តទាំងប៉ុន្មាន បានបើកឲ្យឃើញ តែអ្នកណាដែលប្រព្រឹត្តតាមសេចក្ដីពិតវិញ នោះតែងមកឯពន្លឺ ដើម្បីឲ្យអំពើដែលខ្លួនប្រព្រឹត្ត បានសំដែងមកឲ្យដឹងថា បានធ្វើដោយនូវព្រះ។ ក្រោយនោះមក ព្រះយេស៊ូវ នឹងពួកសិស្សទ្រង់ក៏មកក្នុងស្រុកយូដា ទ្រង់គង់នៅទីនោះជាមួយនឹងគេ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកផង ឯយ៉ូហាន គាត់កំពុងតែធ្វើបុណ្យជ្រមុជទឹក នៅស្រុកអេណូន ជិតភូមិសាលិម ព្រោះនៅទីនោះមានទឹកច្រើន ហើយចេះតែមានគេមក ដើម្បីទទួលបុណ្យជ្រមុជទឹកផង ដ្បិតយ៉ូហានមិនទាន់ជាប់គុកនៅឡើយ វេលានោះ ពួកសិស្សយ៉ូហាន នឹងសាសន៍យូដាម្នាក់ កើតជជែកគ្នា ពីដំណើរលាងសំអាត រួចគេមកឯយ៉ូហានជំរាបថា លោកគ្រូ លោកនោះដែលនៅជាមួយនឹងលោក ខាងនាយទន្លេយ័រដាន់ ដែលលោកបានធ្វើបន្ទាល់ឲ្យ មើល លោកក៏ធ្វើបុណ្យជ្រមុជដែរ ហើយបណ្តាមនុស្សទាំងប៉ុន្មាន គេទៅឯលោកវិញ យ៉ូហានឆ្លើយថា គ្មានមនុស្សណាអាចនឹងទទួលអ្វីបានទេ លើកតែបានប្រទានពីស្ថានសួគ៌មកឲ្យប៉ុណ្ណោះ ខ្លួនអ្នករាល់គ្នាជាទីបន្ទាល់ពីខ្ញុំ ដែលខ្ញុំថា ខ្ញុំមិនមែនជាព្រះគ្រីស្ទទេ គឺគ្រាន់តែទទួលបង្គាប់នឹងមកនាំមុខទ្រង់ប៉ុណ្ណោះ អ្នកណាដែលយកប្រពន្ធ នោះឈ្មោះថាជាប្ដីហើយ ឯពួកមិត្រសំឡាញ់ ដែលឈរស្តាប់គាត់ កំពុងដែលរៀបការ នោះក៏មានសេចក្ដីអំណរអរឡើង ដោយសារសំឡេងប្ដី គឺយ៉ាងនោះឯង ដែលសេចក្ដីអំណររបស់ខ្ញុំបានពោរពេញហើយ ត្រូវឲ្យព្រះអង្គនោះបានចំរើនឡើង ហើយខ្ញុំត្រូវថយវិញចុះ ព្រះអង្គដែលមកពីស្ថានលើ នោះខ្ពស់លើសទាំងអស់ ឯមនុស្សដែលនៅផែនដី នោះកើតពីផែនដីមក ហើយក៏និយាយតាមរបៀបផែនដី តែព្រះអង្គដែលយាងមកពីស្ថានសួគ៌ នោះខ្ពស់លើសជាងទាំងអស់ ទ្រង់ធ្វើបន្ទាល់ពីការដែលទ្រង់បានឃើញ ហើយឮ តែគ្មានអ្នកណាដែលទទួលសេចក្ដីបន្ទាល់របស់ទ្រង់ទេ អ្នកណាដែលទទួលសេចក្ដីបន្ទាល់របស់ទ្រង់ នោះបានបោះត្រា យល់ព្រមថា ព្រះទ្រង់ពិតត្រង់មែន ដ្បិតព្រះអង្គ ដែលព្រះបានចាត់ឲ្យមក ទ្រង់មានបន្ទូលតាមព្រះបន្ទូលនៃព្រះ ពីព្រោះព្រះទ្រង់មិនប្រទានព្រះវិញ្ញាណមក ដោយមានកំរិតទេ ឯព្រះវរបិតា ទ្រង់ស្រឡាញ់ព្រះរាជបុត្រា ហើយបានប្រគល់គ្រប់ទាំងអស់ មកក្នុងព្រះហស្តទ្រង់ ឯអ្នកណាដែលជឿដល់ព្រះរាជបុត្រា នោះមានជីវិតដ៏នៅអស់កល្បជានិច្ចហើយ តែអ្នកណាដែលមិនព្រមជឿដល់ព្រះរាជបុត្រាវិញ នោះនឹងមិនឃើញជីវិតសោះឡើយ គឺសេចក្ដីក្រោធរបស់ព្រះ តែងនៅជាប់លើអ្នកនោះឯង។