យ៉ូហាន 20:1-18
យ៉ូហាន 20:1-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅព្រឹកថ្ងៃអាទិត្យ កាលនៅងងឹតនៅឡើយ នាងម៉ារីជាអ្នកស្រុកម៉ាដាឡាចេញដំណើរឆ្ពោះទៅផ្នូរ ហើយឃើញថាមានគេយកថ្មចេញពីមាត់ផ្នូរផុតទៅហើយ។ នាងក៏រត់មកជម្រាបលោកស៊ីម៉ូនពេត្រុស និងសិស្ស*ម្នាក់ទៀត ដែលព្រះយេស៊ូស្រឡាញ់ថា៖ «គេយកព្រះអម្ចាស់ចេញពីផ្នូរបាត់ហើយ យើងមិនដឹងជាគេយកទៅដាក់នៅឯណាទេ!»។ លោកពេត្រុស និងសិស្សម្នាក់ទៀតនោះ ក៏ចេញទៅផ្នូរ។ សិស្សទាំងពីររត់ទៅជាមួយគ្នា តែសិស្សម្នាក់នោះរត់លឿនជាងលោកពេត្រុស ទៅដល់ផ្នូរមុន។ គាត់ឈ្ងោកមើលទៅ ឃើញសំពត់ស្នប តែគាត់មិនចូលទៅក្នុងផ្នូរឡើយ។ លោកស៊ីម៉ូនពេត្រុសរត់តាមក្រោយមកដល់ គាត់ចូលទៅក្នុងផ្នូរ ហើយសម្លឹងមើលសំពត់ស្នបនៅទីនោះ ព្រមទាំងក្រណាត់ដែលគេគ្របព្រះសិរសាព្រះអង្គ មូរទុកដោយឡែក គឺមិននៅជាមួយសំពត់ស្នបទេ។ ពេលនោះ សិស្សដែលទៅដល់ផ្នូរមុន ក៏ចូលទៅខាងក្នុងដែរ គាត់បានឃើញហើយជឿ។ កាលណោះ ពួកសិស្សពុំទាន់យល់អត្ថន័យគម្ពីរ ដែលចែងទុកមកថា ព្រះយេស៊ូត្រូវមានព្រះជន្មរស់ឡើងវិញនៅឡើយទេ។ បន្ទាប់មក សិស្សទាំងពីរក៏នាំគ្នាវិលត្រឡប់ទៅផ្ទះ។ នាងម៉ារីឈរយំនៅខាងក្រៅ ក្បែរមាត់ផ្នូរ។ នាងឈ្ងោកមើលទៅខាងក្នុងផ្នូរ ទាំងយំ ឃើញទេវតា*ពីររូបស្លៀកពាក់ស អង្គុយនៅត្រង់កន្លែងដែលគេដាក់ព្រះសពព្រះយេស៊ូ ម្នាក់អង្គុយនៅខាងព្រះសិរសា ម្នាក់ទៀតនៅខាងចុងព្រះបាទា។ ទេវតាពោលមកកាន់នាងថា៖ «នាងអើយ! ម្ដេចក៏នាងយំ?»។ នាងឆ្លើយទៅទេវតាវិញថា៖ «មានគេយកសពព្រះអម្ចាស់របស់នាងខ្ញុំទៅបាត់ មិនដឹងជាគេយកទៅដាក់នៅឯណាឡើយ»។ ពេលនាងកំពុងតែនិយាយដូច្នេះ នាងបែរទៅក្រោយ ឃើញព្រះយេស៊ូឈរនៅទីនោះ តែនាងមិនដឹងថាជាព្រះអង្គទេ។ ព្រះយេស៊ូសួរនាងថា៖ «នាងអើយ! ម្ដេចក៏នាងយំ? នាងរកអ្នកណា?»។ នាងស្មានថាជាអ្នកថែរក្សាសួនច្បារ នាងក៏ទូលព្រះអង្គថា៖ «លោកម្ចាស់! ប្រសិនបើលោកបានយកសពទៅ សូមប្រាប់ឲ្យនាងខ្ញុំដឹងផង លោកដាក់នៅឯណា នាងខ្ញុំនឹងទៅយក»។ ព្រះយេស៊ូមានព្រះបន្ទូលហៅនាងថា៖ «ម៉ារី!»។ នាងម៉ារីក៏បែរទៅរកព្រះអង្គ ហើយទូលព្រះអង្គជាភាសាហេប្រឺថា៖ «រ៉ាប៊ូនី!» ប្រែថា“ព្រះគ្រូ!”។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «កុំឃាត់ខ្ញុំទុកអី ដ្បិតខ្ញុំមិនទាន់ឡើងទៅឯព្រះបិតាខ្ញុំនៅឡើយ។ សុំទៅប្រាប់ពួកបងប្អូនខ្ញុំផងថា ខ្ញុំឡើងទៅឯព្រះបិតាខ្ញុំ ដែលជាព្រះបិតារបស់អ្នករាល់គ្នា ខ្ញុំឡើងទៅឯព្រះរបស់ខ្ញុំដែលជាព្រះរបស់អ្នករាល់គ្នាដែរ»។ នាងម៉ារី ជាអ្នកស្រុកម៉ាដាឡាចេញទៅ ជម្រាបពួកសិស្សថា នាងបានឃើញព្រះអម្ចាស់ ព្រមទាំងជម្រាបអំពីសេចក្ដីដែលព្រះអង្គមានព្រះបន្ទូលមកនាង។
យ៉ូហាន 20:1-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅថ្ងៃទីមួយក្នុងសប្ដាហ៍នោះ កាលនៅងងឹតនៅឡើយ នាងម៉ារាជាអ្នកស្រុកម៉ាក់ដាឡា បានទៅឯផ្នូរតាំងពីព្រលឹម ហើយឃើញថា មានគេយកថ្មចេញពីមាត់ផ្នូររួចទៅហើយ។ នាងរត់ទៅប្រាប់ស៊ីម៉ូន-ពេត្រុស និងសិស្សម្នាក់ទៀតដែលព្រះអង្គស្រឡាញ់ថា៖ «គេបានយកព្រះអម្ចាស់ចេញពីផ្នូរហើយ យើងខ្ញុំមិនដឹងថាគេទៅទុកឯណាទេ»។ ពេត្រុស និងសិស្សម្នាក់ទៀត ក៏ចេញទៅឯផ្នូរ។ អ្នកទាំងពីររត់ទៅជាមួយគ្នា តែសិស្សម្នាក់នោះរត់លឿនជាងពេត្រុស ហើយទៅដល់ផ្នូរមុន។ គាត់ឱនមើល ឃើញមានតែសំពត់ស្នបនៅទីនោះ តែគាត់មិនបានចូលទេ។ ពេលនោះ ស៊ីម៉ូន-ពេត្រុសដែលរត់មកតាមក្រោយ ក៏មកដល់ គាត់ចូលទៅក្នុងផ្នូរ ឃើញសំពត់ស្នបនៅទីនោះ ហើយក្រណាត់ដែលគ្របព្រះសិរព្រះអង្គ មិននៅជាមួយសំពត់ស្នបទេ គឺបានបត់ដាក់នៅដោយឡែកវិញ។ សិស្សដែលមកដល់ផ្នូរមុន ក៏ចូលទៅដែរ គាត់បានឃើញ ហើយជឿ ដ្បិតគេមិនទាន់យល់បទគម្ពីរនៅឡើយ ដែលថា ព្រះអង្គត្រូវរស់ពីស្លាប់ឡើងវិញ។ បន្ទាប់មក សិស្សទាំងពីរក៏ត្រឡប់ទៅផ្ទះរបស់គេវិញ។ ប៉ុន្ដែ នាងម៉ារាឈរយំនៅខាងក្រៅផ្នូរ ហើយពេលដែលនាងយំ នាងឱនមើលទៅក្នុងផ្នូរ ឃើញទេវតាពីររូប ស្លៀកពាក់ស អង្គុយត្រង់កន្លែងដែលបានផ្តេកព្រះសពព្រះយេស៊ូវ មួយខាងព្រះសិរ មួយខាងចុងព្រះបាទ។ ទេវតានោះសួរថា៖ «នាងអើយ ហេតុអ្វីបានជាយំ?» នាងឆ្លើយថា៖ «គេបានយកព្រះអម្ចាស់របស់នាងខ្ញុំទៅបាត់ហើយ មិនដឹងជាគេយកព្រះអង្គទៅទុកឯណាទេ»។ នាងនិយាយដូច្នោះហើយ ក៏បែរទៅក្រោយ ឃើញព្រះយេស៊ូវឈរ តែនាងមិនដឹងថាជាព្រះយេស៊ូវទេ។ ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «នាងអើយ ហេតុអ្វីបានជាយំ? នាងរកអ្នកណា?» នាងស្មានថាជាអ្នកថែរសួន នាងសួរព្រះអង្គថា៖ «លោកម្ចាស់ បើលោកបានយកព្រះសពចេញទៅ សូមប្រាប់នាងខ្ញុំឲ្យដឹងផង លោកទុកនៅឯណា នាងខ្ញុំនឹងទៅយក»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា៖ «ម៉ារាអើយ!» នាងក៏បែរទៅរកព្រះអង្គ ហើយទូលព្រះអង្គ ជាភាសាហេព្រើរថា៖ «រ៉ាបូនី» (ដែលស្រាយថា លោកគ្រូ)។ ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា៖ «កុំពាល់ខ្ញុំ ព្រោះខ្ញុំមិនទាន់ឡើងទៅឯព្រះវរបិតាខ្ញុំនៅឡើយ ចូរនាងទៅប្រាប់ពួកបងប្អូនខ្ញុំថា "ខ្ញុំឡើងទៅឯព្រះវរបិតាខ្ញុំ ជាព្រះវរបិតានៃអ្នករាល់គ្នា គឺជាព្រះនៃខ្ញុំ ហើយជាព្រះនៃអ្នករាល់គ្នាដែរ"»។ នាងម៉ារា ជាអ្នកស្រុកម៉ាក់ដាឡា ក៏នាំដំណឹងទៅប្រាប់ដល់ពួកសិស្សថា៖ «ខ្ញុំបានឃើញព្រះអម្ចាស់» ហើយនាងប្រាប់គេថា ព្រះអង្គមានព្រះបន្ទូលសេចក្តីទាំងនេះមកនាង។
យ៉ូហាន 20:1-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅថ្ងៃទី១ក្នុងអាទិត្យនោះ ម៉ារា ជាអ្នកស្រុកម៉ាក់ដាឡា នាងទៅឯផ្នូរពីព្រលឹម កាលកំពុងនៅងងឹតនៅឡើយ ក៏ឃើញថ្មបានយកចេញពីមាត់ផ្នូរហើយ នោះនាងរត់ទៅប្រាប់ដល់ស៊ីម៉ូន-ពេត្រុស នឹងសិស្ស១នោះដែលទ្រង់ស្រឡាញ់ថា គេបានយកព្រះអម្ចាស់ចេញពីផ្នូរហើយ យើងខ្ញុំមិនដឹងជាគេយកទៅទុកឯណាទេ នោះពេត្រុស នឹងសិស្ស១នោះ ក៏ចេញទៅឯផ្នូរ អ្នកទាំង២រត់ទៅជាមួយគ្នា តែសិស្ស១នោះរត់លឿនជាងពេត្រុស បានដល់ផ្នូរមុន រួចគាត់ឱនខ្លួនទៅមើល ឃើញមានតែសំពត់ស្នបនៅក្នុងនោះ តែគាត់មិនបានចូលទេ ឯស៊ីម៉ូន-ពេត្រុស ដែលមកតាមក្រោយ គាត់ក៏ចូលទៅក្នុងផ្នូរ ឃើញសំពត់ស្នបនៅក្នុងនោះដែរ ហើយឃើញកន្សែងដែលគ្របព្រះសិរទ្រង់ មិននៅជាមួយនឹងសំពត់ស្នបនោះទេ គឺបានបត់ដាក់នៅទីកន្លែងដោយខ្លួនវិញ សិស្សមួយនោះដែលមកដល់ផ្នូរមុន គាត់ក៏ចូលទៅឃើញដូច្នោះដែរ រួចគាត់ជឿ ដ្បិតគេមិនទាន់យល់បទគម្ពីរនៅឡើយ ដែលថា ទ្រង់ត្រូវរស់ពីស្លាប់ឡើងវិញ សិស្សទាំង២ក៏ត្រឡប់ទៅឯផ្ទះគេវិញ។ ឯម៉ារា នាងឈរយំពីខាងក្រៅផ្នូរ ហើយកំពុងដែលនាងយំ នោះក៏ឱនខ្លួនមើលទៅក្នុងផ្នូរ ឃើញទេវតា២រូប ស្លៀកពាក់ស អង្គុយ១ខាងក្បាល ១ចុងជើង ត្រង់កន្លែងដែលបានផ្តេកព្រះសពព្រះយេស៊ូវ ទេវតានោះសួរថា នាងអើយ ហេតុអ្វីបានជាយំ នាងឆ្លើយថា ពីព្រោះគេបានយកព្រះអម្ចាស់ខ្ញុំទៅបាត់ ហើយខ្ញុំមិនដឹងជាគេទុកទ្រង់នៅឯណាទេ នាងនិយាយដូច្នោះ រួចបែរខ្លួនទៅក្រោយ ឃើញព្រះយេស៊ូវទ្រង់ឈរ តែមិនដឹងជាព្រះយេស៊ូវទេ ព្រះយេស៊ូវមានបន្ទូលថា នាងអើយ ហេតុអ្វីបានជាយំ នាងរកអ្នកណា ឯនាង ក៏ស្មានថាជាអ្នកថែច្បារ ទើបនិយាយទៅថា លោកនាយអើយ បើលោកបានយកព្រះសពចេញទៅឯណា នោះសូមប្រាប់ខ្ញុំ ឲ្យដឹងកន្លែងដែលបានទុកផង ខ្ញុំនឹងទៅនាំយកទៅ ព្រះយេស៊ូវមានបន្ទូលទៅនាងថា ម៉ារាអើយ នោះនាងបែរខ្លួនទៅទូលទ្រង់ ជាភាសាហេព្រើរថា រ៉ាបូនី ដែលស្រាយថា លោកគ្រូអើយ ព្រះយេស៊ូវមានបន្ទូលទៅនាងថា កុំពាល់ខ្ញុំ ព្រោះខ្ញុំមិនទាន់ឡើងទៅឯព្រះវរបិតាខ្ញុំនៅឡើយ ចូរនាងទៅឯពួកបងប្អូនខ្ញុំប្រាប់គេថា ខ្ញុំឡើងទៅឯព្រះវរបិតាខ្ញុំ ជាព្រះវរបិតានៃអ្នករាល់គ្នា គឺជាព្រះនៃខ្ញុំ ហើយជាព្រះនៃអ្នករាល់គ្នាដែរ នោះម៉ារា-ម៉ាក់ដាឡា ក៏នាំដំណឹងទៅប្រាប់ដល់ពួកសិស្សថា នាងបានឃើញព្រះអម្ចាស់ ហើយទ្រង់បានមានបន្ទូលសេចក្ដីទាំងនេះមកនាង។