យ៉ូហាន 19:28-42

យ៉ូហាន 19:28-42 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បន្ទាប់​មក ព្រះ‌យេស៊ូ​ជ្រាប​ថា ព្រះអង្គ​បាន​បង្ហើយ​កិច្ចការ​ទាំង​អស់​ចប់​សព្វ​គ្រប់ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​ស្រេក​ទឹក» ដើម្បី​ឲ្យ​បាន​ស្រប​តាម​សេចក្ដី​គ្រប់​ប្រការ ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ។ នៅ​ទី​នោះ មាន​ក្រឡ​មួយ​មាន​ទឹក​ខ្មេះ​ពេញ។ ពួក​ទាហាន​យក​សារាយ​ស្ងួត ជ្រលក់​ទឹក​ខ្មេះ​ជោក រួច​រុំ​នៅ​ចុង​ត្រែង​មួយ​ដើម រុញ​ទៅ​ដល់​ព្រះ‌ឱស្ឋ​របស់​ព្រះអង្គ។ កាល​ព្រះ‌យេស៊ូ​សោយ​ទឹក​ខ្មេះ​ហើយ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​បាន​សម្រេច​សព្វ​គ្រប់​អស់​ហើយ!»។ ព្រះអង្គ​ក៏​ឱន​ព្រះ‌សិរសា​ចុះ ហើយ​ប្រគល់​វិញ្ញាណ​ទៅ។ ថ្ងៃ​នោះ​ជា​ថ្ងៃ​រៀបចំ​បុណ្យ​ចម្លង* ជន‌ជាតិ​យូដា​មិន​ចង់​ឲ្យ​មាន​សាក‌សព​ជាប់​នឹង​ឈើ​ឆ្កាង​នៅ​ថ្ងៃ​សប្ប័ទ*​ឡើយ ព្រោះ​ថ្ងៃ​សប្ប័ទ​នោះ​ជា​ថ្ងៃ​បុណ្យ​ធំ។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​សុំ​លោក​ពីឡាត​ចេញ​បញ្ជា​ទៅ​ទាហាន ឲ្យ​បំបាក់​ជើង​អ្នក​ជាប់​ឆ្កាង ហើយ​យក​សាក‌សព​ចុះ​មក។ ពួក​ទាហាន​នាំ​គ្នា​មក​វាយ​បំបាក់​ជើង​អ្នក​ទោស​ទី​មួយ និង​អ្នក​ទោស​ទី​ពីរ ដែល​ជាប់​លើ​ឈើ​ឆ្កាង​ជា​មួយ​ព្រះអង្គ។ លុះ​មក​ដល់​ព្រះ‌យេស៊ូ គេ​ឃើញ​ព្រះអង្គ​សោយ​ទិវង្គត​ផុត​ទៅ​ហើយ គេ​មិន​បំបាក់​ព្រះ‌បាទា​ព្រះអង្គ​ទេ ប៉ុន្តែ ទាហាន​ម្នាក់​យក​លំពែង​ចាក់​ត្រង់​ចន្លោះ​ឆ្អឹង​ជំនីរ​ព្រះអង្គ ស្រាប់​តែ​មាន​ទឹក និង​លោហិត​ហូរ​ចេញ​មក​មួយ​រំពេច។ សិស្ស​ម្នាក់​ដែល​បាន​ឃើញ ធ្វើ​ជា​បន្ទាល់​អំពី​ហេតុ‌ការណ៍​នេះ ហើយ​សក្ខីភាព​របស់​គាត់​ពិត​ប្រាកដ​មែន។ ព្រះអង្គ​ដឹង​ថា​សិស្ស​នោះ​និយាយ​សេចក្ដី​ពិត ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ជឿ​ដែរ។ ហេតុ‌ការណ៍​នេះ​កើត​ឡើង ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​មក​ថា៖ «គ្មាន​ឆ្អឹង​ណា​មួយ​របស់​លោក​ត្រូវ​បាក់​បែក​ឡើយ» ។ មាន​អត្ថ‌បទ​គម្ពីរ​មួយ​ទៀត​ចែង​ថា៖ «គេ​នាំ​គ្នា​មើល​អ្នក​ដែល​គេ​ចាក់​ទម្លុះ» ។ បន្ទាប់​មក លោក​យ៉ូសែប​ជា​អ្នក​ស្រុក​អើរី‌ម៉ាថេ បាន​ទៅ​សុំ​ច្បាប់​លោក​ពីឡាត យក​ព្រះ‌សព​ព្រះ‌យេស៊ូ។ លោក​យ៉ូសែប​នេះ​ក៏​ជា​សិស្ស*​របស់​ព្រះ‌យេស៊ូ​ដែរ តែ​មិន​ហ៊ាន​ចេញ​មុខ​ទេ ព្រោះ​ខ្លាច​ជន‌ជាតិ​យូដា។ លោក​ពីឡាត​អនុញ្ញាត​ឲ្យ ហើយ​លោក​យ៉ូសែប​ក៏​មក​ដោះ​ព្រះ‌សព​យក​ទៅ។ រីឯ​លោក​នីកូ‌ដេម ដែល​មក​គាល់​ព្រះ‌យេស៊ូ​ទាំង​យប់​កាល​ពី​មុន ក៏​បាន​មក​ដែរ។ លោក​យក​ជ័រ‌ល្វីង‌ទេស លាយ​នឹង​គ្រឿង​ក្រអូប ប្រមាណ​ជា​កន្លះ​ហាប​មក​ផង។ លោក​ទាំង​ពីរ​យក​ព្រះ‌សព​ព្រះ‌យេស៊ូ​មក​រុំ​នឹង​សំពត់​ស្នប អប់​គ្រឿង​ក្រអូប​តាម​ទំនៀម‌ទម្លាប់​ពិធី​បញ្ចុះ​សព​របស់​ជន‌ជាតិ​យូដា។ នៅ​កន្លែង​គេ​ឆ្កាង​ព្រះ‌យេស៊ូ​មាន​សួន​ឧទ្យាន​មួយ ក្នុង​សួន​នោះ​មាន​ផ្នូរ​មួយ​ថ្មី ពុំ​ទាន់​ដែល​ដាក់​សព​ណា​នៅ​ឡើយ។ គេ​ដាក់​ព្រះ‌យេស៊ូ​នៅ​ក្នុង​ផ្នូរ​នោះ ព្រោះ​នៅ​ជិត​ស្រាប់ ដ្បិត​ថ្ងៃ​នោះ​ជា​ថ្ងៃ​រៀបចំ​បុណ្យ​ចម្លង*។

ចែក​រំលែក
អាន យ៉ូហាន 19

យ៉ូហាន 19:28-42 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បន្ទាប់​មក ព្រះ‌យេស៊ូវ​ជ្រាប​ថា ការ​ទាំង​អស់​បាន​សម្រេច​ហើយ តែ​ដើម្បី​ឲ្យ​បាន​សម្រេច​តាម​បទ​គម្ពីរ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​ស្រេក​ទឹក​ណាស់» ។ នៅ​ទី​នោះ មាន​ក្រឡ​ដាក់​ទឹក​ខ្មេះ​ពេញ គេ​ក៏​យក​សារាយ​ស្ងួត​ជ្រលក់​ទឹក​ខ្មេះ​ជោក រួច​ចង​ភ្ជាប់​នឹង​មែក​ត្រែង ហុច​ទៅ​ដល់​ព្រះ‌ឱស្ឋ​ព្រះ‌អង្គ។ កាល​ព្រះ‌យេស៊ូវ​បាន​ទទួល​ទឹក​ខ្មេះ​ហើយ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «កិច្ច‌ការ​ចប់​សព្វ​គ្រប់​ហើយ» រួច​ព្រះ‌អង្គ​ក៏​ឱន​ព្រះ‌សិរ​ប្រគល់​វិញ្ញាណ​ព្រះ‌អង្គ​ទៅ។ ដោយ​ព្រោះ​ថ្ងៃ​នោះ​ជាថ្ងៃ​រៀប​ចំបុណ្យ ពួក​សាសន៍​យូដា​ក៏​សូម​លោក​ពីឡាត់ ឲ្យ​គេ​វាយ​បំបាក់​ជើង​ពួក​ជាប់​ឆ្កាង ហើយ​យក​ចេញ​ទៅ ដើម្បី​កុំ​ឲ្យ​សាកសព​នៅ​ជាប់​លើ​ឈើ​ឆ្កាង​នៅ​ថ្ងៃ​សប្ប័ទ (ព្រោះ​ថ្ងៃ​សប្ប័ទ​នោះ​ជា​ថ្ងៃ​បុណ្យ​ធំ)។ ដូច្នេះ ពួក​ទាហាន​ក៏​មក​វាយ​បំបាក់​ជើង​អ្នក​ទោស​ទាំង​ពីរ​នាក់ ដែល​ជាប់​ឆ្កាង​ជា​មួយ​ព្រះ‌អង្គ។ លុះ​ពេល​គេ​មក​ដល់​ព្រះ‌យេស៊ូវ គេ​ឃើញ​ថា ព្រះ‌អង្គ​សុគត​ផុត​ហើយ គេ​មិន​បំបាក់​ព្រះ‌បាទ​ព្រះ‌អង្គ​ទេ។ ប៉ុន្តែ ទាហាន​ម្នាក់​យក​លំពែង​ចាក់​ត្រង់​ឆ្អឹង​ជំនីរ​ព្រះ‌អង្គ នោះ​ស្រាប់​តែ​ឈាម និង​ទឹក​ហូរ​ចេញ​ម​ក។ អ្នក​ដែល​ឃើញ បាន​ធ្វើ​បន្ទាល់ ហើយ​បន្ទាល់​របស់​អ្នក​នោះ​ពិត​ប្រាកដ​មែន អ្នក​នោះ​ដឹង​ថា ខ្លួន​និយាយ​សេចក្ដី​ពិត ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជឿ​ដែរ។ ហេតុ‌ការណ៍​ទាំង​នោះ​បាន​កើត​មក ដើម្បី​ឲ្យ​បទ​គម្ពីរ​បាន​សម្រេច ដែល​ថា «គ្មាន​ឆ្អឹង​ណា​មួយ​របស់​ព្រះ‌អង្គ​ត្រូវ​បាក់​ឡើយ» ។ មាន​អត្ថបទ​គម្ពីរ​មួយ​ទៀត​ចែង​ថា «គេ​នឹង​មើល​អ្នក​ដែល​គេ​បាន​ចាក់​ទម្លុះ»។ បន្ទាប់​មក យ៉ូសែប អ្នក​ស្រុក​អើរី‌ម៉ាថេ ដែល​ជា​សិស្ស​របស់​ព្រះ‌យេស៊ូវ​ដែរ តែ​មិន​បង្ហាញ​មុខ ព្រោះ​ខ្លាច​ពួក​យូដា លោក​បាន​សុំ​ច្បាប់​លោក​ពីឡាត់ យក​ព្រះ‌សព​ព្រះ‌យេស៊ូវ​ចុះ​មក។ លោក​ពីឡាត់​ក៏​អនុញ្ញាត​ឲ្យ ដូច្នេះ លោក​ក៏​មក​យក​ព្រះ‌សព​ព្រះ‌យេស៊ូវ​ទៅ។ លោក​នីកូ‌ដេម ដែល​ពី​មុន​បាន​ទៅ​រក​ព្រះ‌យេស៊ូវ​ទាំង​យប់ ក៏​មក​ដែរ លោក​យក​ជ័រ​ល្វីង‌ទេស​លាយ​នឹង​ក្រឹស្នា ប្រហែល​ជា​ហាសិប​គីឡូក្រាម។ អ្នក​ទាំង​ពីរ​ក៏​យក​ព្រះ‌សព​ព្រះ‌យេស៊ូវ​មក​រុំ​នឹង​សំពត់​ទេស‌ឯក ជា​មួយ​នឹង​គ្រឿង​ក្រអូប​ទាំង​នោះ តាម​ទំនៀម​ទម្លាប់​បញ្ចុះ​សព​របស់​សាសន៍​យូដា។ មាន​សួនច្បារ​មួយ​នៅ​កន្លែង​ដែល​គេ​ឆ្កាង​ព្រះ‌អង្គ ហើយ​ក្នុង​សួនច្បារ​នោះ មាន​ផ្នូរ​មួយ​ថ្មី ដែល​មិន​ទាន់​ដាក់​សព​ណា​នៅ​ឡើយ។ ដូច្នេះ គេ​ក៏​បញ្ចុះ​ព្រះ‌សព​ព្រះ‌យេស៊ូវ​នៅ​ទី​នោះ ដោយ​ផ្នូរ​ក៏​នៅ​ជិត​ស្រាប់ ហើយ​ជា​ថ្ងៃ​រៀប​ចំ​បុណ្យ​របស់​សាសន៍​យូដា​ផង។

ចែក​រំលែក
អាន យ៉ូហាន 19

យ៉ូហាន 19:28-42 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ក្រោយ​នោះ​ព្រះ‌យេស៊ូវ​ទ្រង់​ជ្រាប​ថា ការ​ទាំង​អស់​បាន​សំរេច​ហើយ តែ​ដើម្បី​ឲ្យ​បាន​សំរេច​តាម​បទ​គម្ពីរ នោះ​ទ្រង់​មាន​បន្ទូល​ថា ខ្ញុំ​ស្រេក​ទឹក​ណាស់ រីឯ​នៅ​ទី​នោះ មាន​ក្រឡ​ដាក់​ទឹក‌ខ្មេះ​ពេញ គេ​ក៏​យក​សារាយ‌រំហួត​ជ្រលក់​ទឹក‌ខ្មេះ​ជោក រួច​ចង​ភ្ជាប់​នឹង​មែក​ហ៊ីសុប ហុច​ទៅ​ដល់​ព្រះ‌ឱស្ឋ​ទ្រង់ កាល​ព្រះ‌យេស៊ូវ​បាន​ទទួល​ទឹក‌ខ្មេះ​រួច​ហើយ ក៏​មាន​បន្ទូល​ថា ការ​ស្រេច​ហើយ នោះ​ទ្រង់​ឱន​ព្រះ‌សិរ​ប្រគល់​វិញ្ញាណ​ទ្រង់​ទៅ។ ពួក​សាសន៍​យូដា​ក៏​សូម​លោក​ពីឡាត់ ឲ្យ​បាន​បំបាក់​ជើង​ពួក​ជាប់​ឆ្កាង ហើយ​យក​ចេញ​ទៅ ដើម្បី​កុំ​ឲ្យ​ខ្មោច​នៅ​ជាប់​លើ​ឈើ​ឆ្កាង ក្នុង​ថ្ងៃ​ឈប់​សំរាក ពី​ព្រោះ​ជា​ថ្ងៃ​រៀបចំ​ហើយ ឯ​ថ្ងៃ​ឈប់​សំរាក​នោះ គឺ​ជា​ថ្ងៃ​បុណ្យ​ធំ ដូច្នេះ ពួក​ទាហាន​ក៏​មក​បំបាក់​ជើង​អ្នក​១ រួច​អ្នក​១​ទៀត​ដែល​ជាប់​ឆ្កាង​ជា​មួយ​នឹង​ទ្រង់ តែ​កាល​គេ​មក​ដល់​ព្រះ‌យេស៊ូវ ក៏​ឃើញ​ថា ទ្រង់​សុគត​ផុត​ហើយ បាន​ជា​គេ​មិន​បំបាក់​ព្រះ‌បាទ​ទ្រង់​ទេ ប៉ុន្តែ ទាហាន​ម្នាក់​យក​លំពែង​ចាក់​ត្រង់​ចំហៀង​ទ្រង់ នោះ​ក៏​ចេញ​ឈាម ហើយ​នឹង​ទឹក​មក អ្នក​ដែល​ឃើញ​បាន​ធ្វើ​បន្ទាល់ ហើយ​សេចក្ដី​បន្ទាល់​របស់​អ្នក​នោះ​ក៏​ពិត​ប្រាកដ អ្នក​នោះ​ដឹង​ថា ខ្លួន​និយាយ​ត្រូវ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជឿ ដ្បិត​ការ​ទាំង​នោះ​បាន​កើត​មក ដើម្បី​ឲ្យ​បទ​គម្ពីរ​បាន​សំរេច ដែល​ថា «គ្មាន​ឆ្អឹង​ទ្រង់​ណា​មួយ​ត្រូវ​បាក់​សោះ» ក៏​មាន​បទ​១​ទៀត​ថា «គេ​នឹង​មើល​ព្រះ‌អង្គ​ដែល​គេ​បាន​ចាក់»។ ក្រោយ​នោះ​មក យ៉ូសែប ជា​អ្នក​ស្រុក​អើរី‌ម៉ាថេ ដែល​ជា​សិស្ស​របស់​ព្រះ‌យេស៊ូវ​ដោយ​សំងាត់ ព្រោះ​ខ្លាច​ពួក​យូដា លោក​បាន​សូម​ដល់​លោក​ពីឡាត់ ឲ្យ​មាន​ច្បាប់​នឹង​យក​ព្រះ‌សព​ព្រះ‌យេស៊ូវ​ចុះ​មក លោក​ពីឡាត់​ក៏​បើក​ឲ្យ ដូច្នេះ លោក​មក​យក​ព្រះ‌សព​ព្រះ‌យេស៊ូវ​ទៅ ហើយ​លោក​នីកូដេម ដែល​ពី​មុន​បាន​ទៅ​ឯ​ព្រះ‌យេស៊ូវ​ទាំង​យប់ ក៏​មក​ដែរ លោក​យក​ជ័រ​ល្វីង‌ទេស​លាយ​នឹង​ក្រឹស្នា បាន​ប្រហែល​ជា​១​រយ​នាលិ​មក លោក​ទាំង​២​នោះ​ក៏​យក​ព្រះ‌សព​ព្រះ‌យេស៊ូវ​មក រុំ​នឹង​សំពត់​ទេស‌ឯក ជា​មួយ​នឹង​គ្រឿង​ក្រអូប​ទាំង​នោះ តាម​ទំលាប់​របស់​សាសន៍​យូដា ដែល​គេ​ធ្លាប់​រៀបចំ​កប់​ខ្មោច មាន​ច្បារ​១​នៅ​ត្រង់​កន្លែង​ដែល​គេ​ឆ្កាង​ទ្រង់ ហើយ​ក្នុង​ច្បារ​នោះ មាន​ផ្នូរ​១​ថ្មី ដែល​មិន​ទាន់​ដាក់​ខ្មោច​ណា​នៅ​ឡើយ ដូច្នេះ លោក​ក៏​បញ្ចុះ​ព្រះ‌សព​ព្រះ‌យេស៊ូវ​នៅ​ទី​នោះ ពី​ព្រោះ​ជា​ថ្ងៃ​រៀបចំ​បុណ្យ​របស់​សាសន៍​យូដា ហើយ​ផ្នូរ​នោះ​ក៏​នៅ​ជិត​ស្រាប់។

ចែក​រំលែក
អាន យ៉ូហាន 19