យ៉ូហាន 19:28-35

យ៉ូហាន 19:28-35 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បន្ទាប់​មក ព្រះ‌យេស៊ូវ​ជ្រាប​ថា ការ​ទាំង​អស់​បាន​សម្រេច​ហើយ តែ​ដើម្បី​ឲ្យ​បាន​សម្រេច​តាម​បទ​គម្ពីរ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​ស្រេក​ទឹក​ណាស់» ។ នៅ​ទី​នោះ មាន​ក្រឡ​ដាក់​ទឹក​ខ្មេះ​ពេញ គេ​ក៏​យក​សារាយ​ស្ងួត​ជ្រលក់​ទឹក​ខ្មេះ​ជោក រួច​ចង​ភ្ជាប់​នឹង​មែក​ត្រែង ហុច​ទៅ​ដល់​ព្រះ‌ឱស្ឋ​ព្រះ‌អង្គ។ កាល​ព្រះ‌យេស៊ូវ​បាន​ទទួល​ទឹក​ខ្មេះ​ហើយ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «កិច្ច‌ការ​ចប់​សព្វ​គ្រប់​ហើយ» រួច​ព្រះ‌អង្គ​ក៏​ឱន​ព្រះ‌សិរ​ប្រគល់​វិញ្ញាណ​ព្រះ‌អង្គ​ទៅ។ ដោយ​ព្រោះ​ថ្ងៃ​នោះ​ជាថ្ងៃ​រៀប​ចំបុណ្យ ពួក​សាសន៍​យូដា​ក៏​សូម​លោក​ពីឡាត់ ឲ្យ​គេ​វាយ​បំបាក់​ជើង​ពួក​ជាប់​ឆ្កាង ហើយ​យក​ចេញ​ទៅ ដើម្បី​កុំ​ឲ្យ​សាកសព​នៅ​ជាប់​លើ​ឈើ​ឆ្កាង​នៅ​ថ្ងៃ​សប្ប័ទ (ព្រោះ​ថ្ងៃ​សប្ប័ទ​នោះ​ជា​ថ្ងៃ​បុណ្យ​ធំ)។ ដូច្នេះ ពួក​ទាហាន​ក៏​មក​វាយ​បំបាក់​ជើង​អ្នក​ទោស​ទាំង​ពីរ​នាក់ ដែល​ជាប់​ឆ្កាង​ជា​មួយ​ព្រះ‌អង្គ។ លុះ​ពេល​គេ​មក​ដល់​ព្រះ‌យេស៊ូវ គេ​ឃើញ​ថា ព្រះ‌អង្គ​សុគត​ផុត​ហើយ គេ​មិន​បំបាក់​ព្រះ‌បាទ​ព្រះ‌អង្គ​ទេ។ ប៉ុន្តែ ទាហាន​ម្នាក់​យក​លំពែង​ចាក់​ត្រង់​ឆ្អឹង​ជំនីរ​ព្រះ‌អង្គ នោះ​ស្រាប់​តែ​ឈាម និង​ទឹក​ហូរ​ចេញ​ម​ក។ អ្នក​ដែល​ឃើញ បាន​ធ្វើ​បន្ទាល់ ហើយ​បន្ទាល់​របស់​អ្នក​នោះ​ពិត​ប្រាកដ​មែន អ្នក​នោះ​ដឹង​ថា ខ្លួន​និយាយ​សេចក្ដី​ពិត ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជឿ​ដែរ។

ចែក​រំលែក
អាន យ៉ូហាន 19

យ៉ូហាន 19:28-35 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បន្ទាប់​មក ព្រះ‌យេស៊ូ​ជ្រាប​ថា ព្រះអង្គ​បាន​បង្ហើយ​កិច្ចការ​ទាំង​អស់​ចប់​សព្វ​គ្រប់ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​ស្រេក​ទឹក» ដើម្បី​ឲ្យ​បាន​ស្រប​តាម​សេចក្ដី​គ្រប់​ប្រការ ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ។ នៅ​ទី​នោះ មាន​ក្រឡ​មួយ​មាន​ទឹក​ខ្មេះ​ពេញ។ ពួក​ទាហាន​យក​សារាយ​ស្ងួត ជ្រលក់​ទឹក​ខ្មេះ​ជោក រួច​រុំ​នៅ​ចុង​ត្រែង​មួយ​ដើម រុញ​ទៅ​ដល់​ព្រះ‌ឱស្ឋ​របស់​ព្រះអង្គ។ កាល​ព្រះ‌យេស៊ូ​សោយ​ទឹក​ខ្មេះ​ហើយ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​បាន​សម្រេច​សព្វ​គ្រប់​អស់​ហើយ!»។ ព្រះអង្គ​ក៏​ឱន​ព្រះ‌សិរសា​ចុះ ហើយ​ប្រគល់​វិញ្ញាណ​ទៅ។ ថ្ងៃ​នោះ​ជា​ថ្ងៃ​រៀបចំ​បុណ្យ​ចម្លង* ជន‌ជាតិ​យូដា​មិន​ចង់​ឲ្យ​មាន​សាក‌សព​ជាប់​នឹង​ឈើ​ឆ្កាង​នៅ​ថ្ងៃ​សប្ប័ទ*​ឡើយ ព្រោះ​ថ្ងៃ​សប្ប័ទ​នោះ​ជា​ថ្ងៃ​បុណ្យ​ធំ។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​សុំ​លោក​ពីឡាត​ចេញ​បញ្ជា​ទៅ​ទាហាន ឲ្យ​បំបាក់​ជើង​អ្នក​ជាប់​ឆ្កាង ហើយ​យក​សាក‌សព​ចុះ​មក។ ពួក​ទាហាន​នាំ​គ្នា​មក​វាយ​បំបាក់​ជើង​អ្នក​ទោស​ទី​មួយ និង​អ្នក​ទោស​ទី​ពីរ ដែល​ជាប់​លើ​ឈើ​ឆ្កាង​ជា​មួយ​ព្រះអង្គ។ លុះ​មក​ដល់​ព្រះ‌យេស៊ូ គេ​ឃើញ​ព្រះអង្គ​សោយ​ទិវង្គត​ផុត​ទៅ​ហើយ គេ​មិន​បំបាក់​ព្រះ‌បាទា​ព្រះអង្គ​ទេ ប៉ុន្តែ ទាហាន​ម្នាក់​យក​លំពែង​ចាក់​ត្រង់​ចន្លោះ​ឆ្អឹង​ជំនីរ​ព្រះអង្គ ស្រាប់​តែ​មាន​ទឹក និង​លោហិត​ហូរ​ចេញ​មក​មួយ​រំពេច។ សិស្ស​ម្នាក់​ដែល​បាន​ឃើញ ធ្វើ​ជា​បន្ទាល់​អំពី​ហេតុ‌ការណ៍​នេះ ហើយ​សក្ខីភាព​របស់​គាត់​ពិត​ប្រាកដ​មែន។ ព្រះអង្គ​ដឹង​ថា​សិស្ស​នោះ​និយាយ​សេចក្ដី​ពិត ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ជឿ​ដែរ។

ចែក​រំលែក
អាន យ៉ូហាន 19

យ៉ូហាន 19:28-35 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ក្រោយ​នោះ​ព្រះ‌យេស៊ូវ​ទ្រង់​ជ្រាប​ថា ការ​ទាំង​អស់​បាន​សំរេច​ហើយ តែ​ដើម្បី​ឲ្យ​បាន​សំរេច​តាម​បទ​គម្ពីរ នោះ​ទ្រង់​មាន​បន្ទូល​ថា ខ្ញុំ​ស្រេក​ទឹក​ណាស់ រីឯ​នៅ​ទី​នោះ មាន​ក្រឡ​ដាក់​ទឹក‌ខ្មេះ​ពេញ គេ​ក៏​យក​សារាយ‌រំហួត​ជ្រលក់​ទឹក‌ខ្មេះ​ជោក រួច​ចង​ភ្ជាប់​នឹង​មែក​ហ៊ីសុប ហុច​ទៅ​ដល់​ព្រះ‌ឱស្ឋ​ទ្រង់ កាល​ព្រះ‌យេស៊ូវ​បាន​ទទួល​ទឹក‌ខ្មេះ​រួច​ហើយ ក៏​មាន​បន្ទូល​ថា ការ​ស្រេច​ហើយ នោះ​ទ្រង់​ឱន​ព្រះ‌សិរ​ប្រគល់​វិញ្ញាណ​ទ្រង់​ទៅ។ ពួក​សាសន៍​យូដា​ក៏​សូម​លោក​ពីឡាត់ ឲ្យ​បាន​បំបាក់​ជើង​ពួក​ជាប់​ឆ្កាង ហើយ​យក​ចេញ​ទៅ ដើម្បី​កុំ​ឲ្យ​ខ្មោច​នៅ​ជាប់​លើ​ឈើ​ឆ្កាង ក្នុង​ថ្ងៃ​ឈប់​សំរាក ពី​ព្រោះ​ជា​ថ្ងៃ​រៀបចំ​ហើយ ឯ​ថ្ងៃ​ឈប់​សំរាក​នោះ គឺ​ជា​ថ្ងៃ​បុណ្យ​ធំ ដូច្នេះ ពួក​ទាហាន​ក៏​មក​បំបាក់​ជើង​អ្នក​១ រួច​អ្នក​១​ទៀត​ដែល​ជាប់​ឆ្កាង​ជា​មួយ​នឹង​ទ្រង់ តែ​កាល​គេ​មក​ដល់​ព្រះ‌យេស៊ូវ ក៏​ឃើញ​ថា ទ្រង់​សុគត​ផុត​ហើយ បាន​ជា​គេ​មិន​បំបាក់​ព្រះ‌បាទ​ទ្រង់​ទេ ប៉ុន្តែ ទាហាន​ម្នាក់​យក​លំពែង​ចាក់​ត្រង់​ចំហៀង​ទ្រង់ នោះ​ក៏​ចេញ​ឈាម ហើយ​នឹង​ទឹក​មក អ្នក​ដែល​ឃើញ​បាន​ធ្វើ​បន្ទាល់ ហើយ​សេចក្ដី​បន្ទាល់​របស់​អ្នក​នោះ​ក៏​ពិត​ប្រាកដ អ្នក​នោះ​ដឹង​ថា ខ្លួន​និយាយ​ត្រូវ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជឿ

ចែក​រំលែក
អាន យ៉ូហាន 19