យ៉ូហាន 19:16-30
យ៉ូហាន 19:16-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ លោកពីឡាតប្រគល់ព្រះយេស៊ូទៅឲ្យគេឆ្កាង។ គេនាំគ្នាចាប់ព្រះយេស៊ូយកទៅ។ ព្រះយេស៊ូលីឈើឆ្កាងដោយផ្ទាល់ព្រះអង្គ ចេញពីទីក្រុងឆ្ពោះទៅកន្លែងមួយឈ្មោះ “ទួលលលាដ៍ក្បាល”ដែលគេហៅជាភាសាហេប្រឺថា “គាល់កូថា” គេឆ្កាងព្រះអង្គនៅទីនោះ។ គេឆ្កាងអ្នកទោសពីរនាក់ទៀតនៅសងខាងព្រះអង្គដែរ ព្រះយេស៊ូនៅកណ្ដាល។ លោកពីឡាតឲ្យគេសរសេរប្រកាសបោះភ្ជាប់នឹងឈើឆ្កាង។ នៅលើប្រកាសនោះមានសរសេរថា «យេស៊ូអ្នកភូមិណាសារ៉ែតជាស្ដេចយូដា»។ ជនជាតិយូដាជាច្រើនបានមើលប្រកាសនោះ ដ្បិតកន្លែងដែលគេឆ្កាងព្រះយេស៊ូនៅក្បែរទីក្រុង ហើយប្រកាសនោះសរសេរជាអក្សរហេប្រឺ ឡាតាំង និងក្រិក។ ពួកនាយកបូជាចារ្យ*របស់ជនជាតិយូដាជម្រាបលោកពីឡាតថា៖ «សូមកុំសរសេរថា “ស្ដេចយូដា” ដូច្នេះ តែសរសេរថា “អ្នកនេះនិយាយថា ខ្ញុំជាស្ដេចយូដា” វិញ»។ លោកពីឡាតមានប្រសាសន៍តបថា៖ «ខ្ញុំសរសេរយ៉ាងណាហើយ ត្រូវទុកយ៉ាងនោះទៅ!»។ ក្រោយពីបានឆ្កាងព្រះយេស៊ូរួចហើយ ពួកទាហានយកសម្លៀកបំពាក់របស់ព្រះអង្គមកធ្វើជាបួនចំណែក ចែកគ្នាម្នាក់មួយចំណែកៗ។ រីឯអាវវែងរបស់ព្រះអង្គវិញ ជាអាវធ្វើពីក្រណាត់តែមួយផ្ទាំង គ្មានថ្នេរសោះ តាំងពីលើដល់ក្រោម។ ដូច្នេះ គេនិយាយគ្នាថា៖ «កុំហែកអាវនេះធ្វើអ្វី យើងចាប់ឆ្នោតវិញ ដើម្បីឲ្យដឹងថាអាវនេះនឹងបានទៅលើអ្នកណា»។ ពួកទាហានធ្វើដូច្នេះ ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរមកថា៖ «គេបានយកសម្លៀកបំពាក់របស់ទូលបង្គំចែកគ្នា ហើយចាប់ឆ្នោតយកអាវវែងរបស់ទូលបង្គំ» ។ មាតាព្រះយេស៊ូ ប្អូនស្រីមាតាព្រះអង្គ នាងម៉ារីជាភរិយាលោកក្លូប៉ាស និងនាងម៉ារីជាអ្នកស្រុកម៉ាដាឡា ឈរក្បែរឈើឆ្កាងរបស់ព្រះអង្គ។ ព្រះយេស៊ូឃើញមាតា ព្រមទាំងសិស្សដែលព្រះអង្គស្រឡាញ់នោះឈរនៅជិត ព្រះអង្គមានព្រះបន្ទូលទៅមាតាថា៖ «អ្នកអើយ! នេះហើយកូនរបស់អ្នក»។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅសិស្សថា៖ «នេះហើយម្ដាយរបស់អ្នក»។ តាំងពីពេលនោះមក សិស្សនោះយកគាត់មកនៅជាមួយ។ បន្ទាប់មក ព្រះយេស៊ូជ្រាបថា ព្រះអង្គបានបង្ហើយកិច្ចការទាំងអស់ចប់សព្វគ្រប់ ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំស្រេកទឹក» ដើម្បីឲ្យបានស្របតាមសេចក្ដីគ្រប់ប្រការ ដែលមានចែងទុកក្នុងគម្ពីរ។ នៅទីនោះ មានក្រឡមួយមានទឹកខ្មេះពេញ។ ពួកទាហានយកសារាយស្ងួត ជ្រលក់ទឹកខ្មេះជោក រួចរុំនៅចុងត្រែងមួយដើម រុញទៅដល់ព្រះឱស្ឋរបស់ព្រះអង្គ។ កាលព្រះយេស៊ូសោយទឹកខ្មេះហើយ ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំបានសម្រេចសព្វគ្រប់អស់ហើយ!»។ ព្រះអង្គក៏ឱនព្រះសិរសាចុះ ហើយប្រគល់វិញ្ញាណទៅ។
យ៉ូហាន 19:16-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ លោកក៏ប្រគល់ព្រះយេស៊ូវទៅឲ្យគេឆ្កាង។ ដូច្នេះ គេក៏នាំព្រះយេស៊ូវយកទៅ។ ព្រះយេស៊ូវយាងចេញទៅទាំងលីឈើឆ្កាង ទៅដល់កន្លែងមួយហៅថា «ភ្នំលលាដ៍ក្បាល» ដែលភាសាហេព្រើរឈ្មោះថា «គាល់កូថា»។ គេក៏ឆ្កាងព្រះអង្គនៅទីនោះ ជាមួយមនុស្សពីរនាក់ទៀតនៅសងខាងព្រះអង្គ ហើយព្រះយេស៊ូវនៅកណ្តាល។ លោកពីឡាត់បិទប្រកាសមួយនៅលើឈើឆ្កាងថា «យេស៊ូវអ្នកស្រុកណាសារ៉ែត ស្តេចនៃសាសន៍យូដា»។ មានសាសន៍យូដាជាច្រើនបានមើលប្រកាសនោះ ដ្បិតកន្លែងដែលគេឆ្កាងព្រះយេស៊ូវនោះនៅជិតទីក្រុង ហើយប្រកាសនោះ គេសរសេរជាភាសាហេព្រើរ ឡាតាំង និងក្រិក។ ពេលនោះ ពួកសង្គ្រាជរបស់សាសន៍យូដា ជម្រាបលោកពីឡាត់ថា៖ «សូមលោកកុំសរសេរថា "ស្តេចនៃសាសន៍យូដា" ដូច្នេះ សូមសរសេរថា "អ្នកនេះនិយាយថា ខ្ញុំជាស្តេចនៃសាសន៍យូដា"»។ លោកពីឡាត់ឆ្លើយថា៖ «អ្វីដែលខ្ញុំបានសរសេរ ខ្ញុំសរសេររួចហើយ»។ កាលដែលពួកទាហានបានឆ្កាងព្រះយេស៊ូវរួចហើយ គេយកព្រះពស្ត្រព្រះអង្គចែកជាបួនចំណែក ឲ្យម្នាក់ៗបានមួយចំណែក គេក៏យកអាវវែងព្រះអង្គដែរ តែអាវនោះបានត្បាញពីក្រណាត់តែមួយផ្ទាំង ពីលើដល់ក្រោមគ្មានថ្នេរសោះ។ ដូច្នេះ គេនិយាយគ្នាថា៖ «កុំហែកអាវនេះអី សូមយើងចាប់ឆ្នោតវិញ ដើម្បីឲ្យដឹងថាបានទៅលើអ្នកណា»។ នេះដើម្បីឲ្យបានសម្រេចតាមបទគម្ពីរដែលចែងទុកមកថា «គេបានយកសម្លៀកបំពាក់ទូលបង្គំចែកគ្នា ឯអាវវែងរបស់ទូលបង្គំ គេយកដោយចាប់ឆ្នោត» ពួកទាហានក៏ធ្វើដូច្នោះ។ ពេលនោះ មាតាព្រះយេស៊ូវ ប្អូនស្រីមាតាព្រះអង្គ នាងម៉ារា ជាប្រពន្ធក្លូប៉ាស និងនាងម៉ារា ជាអ្នកស្រុកម៉ាក់ដាឡា ឈរនៅជិតឈើឆ្កាងរបស់ព្រះអង្គ។ កាលព្រះយេស៊ូវឃើញមាតាព្រះអង្គ និងសិស្សម្នាក់ដែលព្រះអង្គស្រឡាញ់ កំពុងឈរនៅទីនោះ ព្រះអង្គមានព្រះបន្ទូលទៅមាតាថា៖ «មាតាអើយ ន៎ុះន៏ កូនរបស់មាតា»។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅសិស្សនោះថា៖ «នេះហើយ ម្តាយរបស់អ្នក»។ តាំងពីនោះមក សិស្សនោះក៏យកគាត់ទៅនៅជាមួយ។ បន្ទាប់មក ព្រះយេស៊ូវជ្រាបថា ការទាំងអស់បានសម្រេចហើយ តែដើម្បីឲ្យបានសម្រេចតាមបទគម្ពីរ ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំស្រេកទឹកណាស់» ។ នៅទីនោះ មានក្រឡដាក់ទឹកខ្មេះពេញ គេក៏យកសារាយស្ងួតជ្រលក់ទឹកខ្មេះជោក រួចចងភ្ជាប់នឹងមែកត្រែង ហុចទៅដល់ព្រះឱស្ឋព្រះអង្គ។ កាលព្រះយេស៊ូវបានទទួលទឹកខ្មេះហើយ ទ្រង់មានព្រះបន្ទូលថា៖ «កិច្ចការចប់សព្វគ្រប់ហើយ» រួចព្រះអង្គក៏ឱនព្រះសិរប្រគល់វិញ្ញាណព្រះអង្គទៅ។
យ៉ូហាន 19:16-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ លោកក៏បញ្ជូនទ្រង់ទៅឲ្យគេឆ្កាង ហើយគេនាំទ្រង់យកទៅ។ ព្រះយេស៊ូវ ទ្រង់យាងចេញទៅ ទាំងលីឈើឆ្កាងទៅដល់កន្លែងហៅថា ភ្នំរលាក្បាល ដែលភាសាហេព្រើរហៅថា គាល់កូថា គេក៏ឆ្កាងទ្រង់នៅទីនោះ ព្រមទាំង២នាក់ទៀតជាមួយនឹងទ្រង់ដែរ ម្នាក់ម្ខាងៗ ហើយព្រះយេស៊ូវនៅជាកណ្តាល លោកពីឡាត់ធ្វើប្រកាស១បិទនៅលើឈើឆ្កាង មានសេចក្ដីថា «នេះឈ្មោះយេស៊ូវជាអ្នកស្រុកណាសារ៉ែត ស្តេចនៃសាសន៍យូដា» មានសាសន៍យូដាជាច្រើនបានមើលប្រកាសនោះ ដ្បិតកន្លែងដែលគេឆ្កាងព្រះយេស៊ូវនោះនៅជិតទីក្រុង ហើយប្រកាសនោះ គេបានសរសេរជាភាសាហេព្រើរ ក្រេក នឹងឡាតាំង ដូច្នេះ ពួកសង្គ្រាជរបស់សាសន៍យូដា គេជំរាបដល់លោកពីឡាត់ថា សូមលោកកុំសរសេរថា នេះជាស្តេចនៃសាសន៍យូដាឡើយ សូមសរសេរតាមវានិយាយវិញថា ខ្ញុំជាស្តេចនៃសាសន៍យូដា លោកពីឡាត់ឆ្លើយថា ឯសេចក្ដីដែលខ្ញុំបានសរសេរ នោះបានសរសេរស្រេចទៅហើយ ឯពួកទាហាន កាលបានឆ្កាងព្រះយេស៊ូវរួចហើយ នោះគេយកព្រះពស្ត្រទ្រង់ចែកជា៤ចំណែក ឲ្យម្នាក់ៗបាន១ចំណែក ក៏យកអាវវែងទ្រង់ដែរ តែអាវនោះបានត្បាញពីលើជាសំពត់តែ១ គ្មានថ្នេរសោះ ដូច្នេះ គេនិយាយគ្នាថា កុំហែកអាវនេះឡើយ ចូរយើងចាប់ឆ្នោតវិញ ឲ្យបានដឹងជាអាវនេះនឹងទៅជារបស់រូបអ្នកណា នោះដើម្បីឲ្យបានសំរេចបទគម្ពីរដែលថា «គេបានយកសំលៀកបំពាក់ទូលបង្គំចែកគ្នា ឯអាវវែងរបស់ទូលបង្គំ គេយកដោយចាប់ជាឆ្នោត» ពួកទាហានក៏ធ្វើដូច្នោះ។ ឯមាតាព្រះយេស៊ូវ ប្អូនស្រីមាតាទ្រង់ ម៉ារា ជាប្រពន្ធក្លូប៉ាស នឹងម៉ារាជាអ្នកស្រុកម៉ាក់ដាឡា គេឈរនៅជិតឈើឆ្កាងទ្រង់ ព្រះយេស៊ូវក៏ឃើញមាតាទ្រង់ នឹងសិស្សម្នាក់ដែលទ្រង់ស្រឡាញ់ កំពុងឈរនៅទីនោះ រួចទ្រង់មានបន្ទូលទៅមាតាថា មាតាអើយ នុ៎ះន៏ កូនរបស់មាតា រួចទ្រង់មានបន្ទូលទៅសិស្សនោះថា នុ៎ះន៏ ម្តាយអ្នក តាំងពីនោះមក សិស្សនោះក៏នាំយកគាត់ទៅនៅផ្ទះខ្លួន ក្រោយនោះព្រះយេស៊ូវទ្រង់ជ្រាបថា ការទាំងអស់បានសំរេចហើយ តែដើម្បីឲ្យបានសំរេចតាមបទគម្ពីរ នោះទ្រង់មានបន្ទូលថា ខ្ញុំស្រេកទឹកណាស់ រីឯនៅទីនោះ មានក្រឡដាក់ទឹកខ្មេះពេញ គេក៏យកសារាយរំហួតជ្រលក់ទឹកខ្មេះជោក រួចចងភ្ជាប់នឹងមែកហ៊ីសុប ហុចទៅដល់ព្រះឱស្ឋទ្រង់ កាលព្រះយេស៊ូវបានទទួលទឹកខ្មេះរួចហើយ ក៏មានបន្ទូលថា ការស្រេចហើយ នោះទ្រង់ឱនព្រះសិរប្រគល់វិញ្ញាណទ្រង់ទៅ។