យ៉ូហាន 19:1-6
យ៉ូហាន 19:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ លោកពីឡាត់នាំព្រះយេស៊ូវទៅឲ្យគេវាយនឹងរំពាត់។ ពួកទាហានក្រងភួងបន្លាយកមកបំពាក់លើព្រះសិរព្រះអង្គ ហើយយកអាវពណ៌ស្វាយមកបំពាក់ឲ្យព្រះអង្គដែរ។ គេចូលមកជិតព្រះអង្គ ទាំងពោលថា៖ «សូមថ្វាយបង្គំស្តេចសាសន៍យូដា» រួចគេក៏ទះកំផ្លៀងព្រះអង្គ។ លោកពីឡាត់ចេញទៅក្រៅ មានប្រសាសន៍នឹងគេម្តងទៀតថា៖ «មើល៍! ខ្ញុំនាំអ្នកនេះចេញមកឲ្យអ្នករាល់គ្នាហើយ ដើម្បីឲ្យអ្នកដឹងថា ខ្ញុំមិនឃើញថាគាត់មានទោសអ្វីសោះ»។ ដូច្នេះ ព្រះយេស៊ូវក៏យាងចេញទៅក្រៅ ទាំងពាក់ភួងបន្លា និងអាវពណ៌ស្វាយនោះ រួចលោកពីឡាត់មានប្រសាសន៍ទៅគេថា៖ «មើល៍ មនុស្សហ្នឹងហើយ!»។ កាលពួកសង្គ្រាជ និងពួកកងរក្សាព្រះវិហារឃើញព្រះអង្គ គេក៏ស្រែកឡើងថា៖ «ឆ្កាងវាទៅ ឆ្កាងវាទៅ!» លោកពីឡាត់មានប្រសាសន៍ទៅគេថា៖ «អ្នករាល់គ្នាយកគាត់ទៅឆ្កាងខ្លួនឯងទៅ ដ្បិតខ្ញុំមិនឃើញថាគាត់មានទោសអ្វីសោះ»។
យ៉ូហាន 19:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ លោកពីឡាតបង្គាប់ឲ្យទាហានយកព្រះយេស៊ូទៅវាយនឹងរំពាត់។ ពួកទាហានយកបន្លាមកក្រងធ្វើជាមកុដបំពាក់ព្រះសិរសាព្រះអង្គ ហើយយកអាវពណ៌ក្រហមទុំមកពាក់ឲ្យព្រះអង្គដែរ។ បន្ទាប់មក គេនាំគ្នាចូលទៅជិតព្រះអង្គ ទាំងពោលថា៖ «ស្ដេចយូដាអើយ! សូមថ្វាយបង្គំ» ហើយក៏ទះកំផ្លៀងព្រះអង្គ។ លោកពីឡាតចេញទៅជួបជនជាតិយូដាសាជាថ្មី មានប្រសាសន៍ទៅគេថា៖ «មើល៍ខ្ញុំនាំគាត់មកខាងក្រៅ ដើម្បីឲ្យអ្នករាល់គ្នាដឹងថា ខ្ញុំពុំឃើញអ្នកនេះមានទោសអ្វីសោះ»។ ពេលនោះ ព្រះយេស៊ូយាងចេញមក ទាំងពាក់ភួងបន្លាជាមកុដ និងពាក់អាវពណ៌ក្រហមទុំផង។ លោកពីឡាតមានប្រសាសន៍ទៅគេថា៖ «មើល៍ មនុស្សហ្នឹងហើយ!»។ កាលពួកនាយកបូជាចារ្យ* និងកងរក្សាព្រះវិហារ*ឃើញព្រះអង្គ គេនាំគ្នាស្រែកឡើងថា៖ «ឆ្កាងទៅ! ឆ្កាងទៅ!»។ លោកពីឡាតមានប្រសាសន៍ថា៖ «ចូរអ្នករាល់គ្នាយកគាត់ទៅឆ្កាងខ្លួនឯងទៅ ដ្បិតខ្ញុំពុំឃើញអ្នកនេះមានទោសអ្វីសោះ»។
យ៉ូហាន 19:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ខណនោះ លោកពីឡាត់នាំយកព្រះយេស៊ូវទៅវាយនឹងរំពាត់ ពួកទាហានក៏ក្រងភួងបន្លាបំពាក់លើព្រះសិរ ហើយយកអាវពណ៌ស្វាយមកបំពាក់ទ្រង់ ទាំងទូលថា សូមថ្វាយបង្គំស្តេចសាសន៍យូដា រួចគេទះទ្រង់ លោកពីឡាត់ក៏ចេញទៅ មានប្រសាសន៍នឹងគេម្តងទៀតថា មើល ខ្ញុំនាំអ្នកនេះចេញមកឯអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាដឹងថា ខ្ញុំមិនឃើញជាគាត់មានទោសយ៉ាងណាសោះ ដូច្នេះ ព្រះយេស៊ូវក៏យាងចេញទៅក្រៅ ទាំងពាក់ភួងបន្លា នឹងអាវពណ៌ស្វាយនោះ រួចលោកពីឡាត់មានប្រសាសន៍ទៅគេថា មើលចុះ មនុស្សនេះហើយ កាលពួកសង្គ្រាជ នឹងពួកអាជ្ញាបានឃើញទ្រង់ នោះក៏ស្រែកឡើងថា ឆ្កាងវា ឆ្កាងវាទៅ លោកពីឡាត់មានប្រសាសន៍ទៅគេថា ត្រូវឲ្យអ្នករាល់គ្នាយកគាត់ទៅឆ្កាងវិញ ដ្បិតខ្ញុំមិនឃើញជាមានទោសអ្វីទេ