យ៉ូហាន 17:6-12

យ៉ូហាន 17:6-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ទូលបង្គំ​បាន​សម្តែង​ព្រះ‌នាម​របស់​ព្រះអង្គ​ឲ្យ​អស់​អ្នក​ដែល​ព្រះអង្គ​ញែក​ចេញ​ពី​លោក​នេះ​ប្រទាន​មក​ទូលបង្គំ​ស្គាល់​ហើយ។ អ្នក​ទាំង​នោះ​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ព្រះអង្គ ព្រះអង្គ​ប្រទាន​គេ​មក​ឲ្យ​ទូលបង្គំ ហើយ​គេ​បាន​ប្រតិបត្តិ​តាម​ព្រះ‌បន្ទូល​របស់​ព្រះអង្គ។ ឥឡូវ​នេះ អ្នក​ទាំង​នោះ​ដឹង​ថា អ្វីៗ​ដែល​ព្រះអង្គ​ប្រទាន​មក​ទូលបង្គំ សុទ្ធ​តែ​មក​ពី​ព្រះអង្គ​ទាំង​អស់ ដ្បិត​ទូលបង្គំ​បាន​ប្រគល់​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​ប្រទាន​មក​ទូលបង្គំ​ទៅ​ឲ្យ​គេ គេ​បាន​ទទួល​ព្រះ‌បន្ទូល​ទាំង​នោះ ហើយ​ទទួល​ស្គាល់​យ៉ាង​ច្បាស់​ថា ទូលបង្គំ​បាន​ចេញ​មក​ពី​ព្រះអង្គ​មែន ព្រម​ទាំង​ជឿ​ថា​ព្រះអង្គ​បាន​ចាត់​ទូលបង្គំ​ឲ្យ​មក​ទៀត​ផង។ ទូលបង្គំ​សូម​អង្វរ​ព្រះអង្គ​ឲ្យ​អ្នក​ទាំង​នោះ ទូលបង្គំ​មិន​អង្វរ​ព្រះអង្គ​ឲ្យ​មនុស្ស​លោក​ឡើយ គឺ​អង្វរ​ឲ្យ​តែ​អស់​អ្នក​ដែល​ព្រះអង្គ​ប្រទាន​មក​ទូលបង្គំ​ប៉ុណ្ណោះ ព្រោះ​អ្នក​ទាំង​នោះ​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ព្រះអង្គ។ អ្វីៗ​ជា​របស់​ព្រះអង្គ​ក៏​ជា​របស់​ទូលបង្គំ ហើយ​អ្វីៗ​ជា​របស់​ទូលបង្គំ​ក៏​ជា​របស់​ព្រះអង្គ​ដែរ។ ទូលបង្គំ​សម្តែង​សិរី‌រុងរឿង​ក្នុង​អ្នក​ទាំង​នោះ។ ទូលបង្គំ​មិន​នៅ​ក្នុង​លោក​នេះ​ទៀត​ទេ រីឯ​អ្នក​ទាំង​នោះ​ស្ថិត​នៅ​ក្នុង​លោក​នៅ​ឡើយ ហើយ​ទូលបង្គំ​ទៅ​ឯ​ព្រះអង្គ​វិញ។ ឱ​ព្រះ‌បិតា​ដ៏វិសុទ្ធ​អើយ! សូម​ថែ‌រក្សា​អ្នក​ទាំង​នោះ​ដោយ​ព្រះ‌នាម​ព្រះអង្គ​ផង គឺ​ព្រះ‌នាម​នេះ​ហើយ​ដែល​ព្រះអង្គ​បាន​ប្រទាន​មក​ទូលបង្គំ ដើម្បី​ឲ្យ​គេ​រួម​គ្នា​ជា​អង្គ​តែ​មួយ ដូច​យើង​ជា​អង្គ​តែ​មួយ​ដែរ។ កាល​ទូលបង្គំ​នៅ​ជា​មួយ​អ្នក​ទាំង​នោះ ទូលបង្គំ​បាន​ថែ‌រក្សា​គេ ដោយ​ព្រះ‌នាម​ដែល​ព្រះអង្គ​បាន​ប្រទាន​មក​ទូលបង្គំ។ ទូលបង្គំ​បាន​ការពារ​គេ ហើយ​គ្មាន​នរណា​ត្រូវ​វិនាស​បាត់​បង់​ឡើយ លើក‌លែង​តែ​ម្នាក់​ដែល​ត្រូវ​វិនាស ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ប៉ុណ្ណោះ។

ចែក​រំលែក
អាន យ៉ូហាន 17

យ៉ូហាន 17:6-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ទូល​បង្គំ​បាន​សម្តែង​ព្រះ‌នាម​របស់​ព្រះ‌អង្គ ឲ្យ​អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​ញែក​ពី​លោកីយ៍​នេះ​ប្រទាន​មក​ទូល​បង្គំ​ស្គាល់​ហើយ អ្នក​ទាំង​នោះ​ជា​របស់​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ប្រទាន​គេ​មក​ទូល​បង្គំ បាន​កាន់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។ ឥឡូវ​នេះ គេ​ដឹង​ហើយ​ថា អ្វីៗ​ដែល​ព្រះ‌អង្គ​ប្រទាន​មក​ទូល​បង្គំ សុទ្ធ​តែ​មក​ពី​ព្រះ‌អង្គ​ទាំង​អស់ ដ្បិត​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក ទូល​បង្គំ​បាន​ឲ្យ​ដល់​គេ​ហើយ គេ​ក៏​ទទួល​យក ហើយ​ដឹង​ជា​ប្រាកដ​ថា ទូល​បង្គំ​មក​ពី​ព្រះ‌អង្គ ក៏​ជឿ​ថា​ព្រះ‌អង្គ​ចាត់​ទូល​បង្គំ​ឲ្យ​មក​មែន។ ទូល​បង្គំ​មិន​មែន​អធិស្ឋាន​ឲ្យ​លោកីយ៍​ទេ គឺ​អធិស្ឋាន​ឲ្យ​អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក​ទូល​បង្គំ ព្រោះ​គេ​ជា​របស់​ព្រះ‌អង្គ។ អ្វីៗ​ជា​របស់​ទូល​បង្គំ ក៏​ជា​របស់​ព្រះ‌អង្គ ហើយ​អ្វីៗ​ជា​របស់​ព្រះ‌អង្គ ក៏​ជា​របស់​ទូល​បង្គំ​ដែរ ទូល​បង្គំ​បាន​ថ្កើង​ឡើង​ក្នុង​គេ​ហើយ។ ទូល​បង្គំ​មិន​នៅ​ក្នុង​ពិភព​លោក​នេះ​ទៀត​ទេ តែ​អ្នក​ទាំង​នេះ​នៅ​ក្នុង​ពិភព​លោក​នេះ​នៅ​ឡើយ ហើយ​ទូល​បង្គំ​នឹង​ទៅ​ឯ​ព្រះ‌អង្គ ឱ​ព្រះ‌វរបិតា​ដ៏​បរិសុទ្ធ​អើយ សូម​ព្រះ‌អង្គ​រក្សា​អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក​ទូល​បង្គំ ក្នុង​ព្រះ‌នាម​ព្រះ‌អង្គ​ផង ដើម្បី​ឲ្យ​គេ​បាន​រួម​មក​តែ​មួយ ដូច​យើង​រួម​មក​តែ​មួយ​ដែរ។ កាល​ទូល​បង្គំ​នៅ​ជា​មួយ​គេ ទូល​បង្គំ​បាន​រក្សា​គេ ក្នុង​ព្រះ‌នាម​ដែល​ព្រះ‌អង្គ​បាន​ប្រ​ទាន​មក​ទូល​បង្គំ។ ទូល​បង្គំ​បាន​ការ​ពារ​គេ ហើយ​គ្មាន​អ្នក​ណា​មួយ​ត្រូវ​វិនាស​ឡើយ លើក​លែង​តែ​ម្នាក់ ដែល​បាន​តម្រូវ​ឲ្យ​វិនាស​ប៉ុណ្ណោះ ដើម្បី​ឲ្យ​បាន​សម្រេច​តាម​បទ​គម្ពីរ។

ចែក​រំលែក
អាន យ៉ូហាន 17

យ៉ូហាន 17:6-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​ពួក​អ្នក ដែល​ទ្រង់​បាន​ប្រទាន​មក​ទូលបង្គំ អំពី​មនុស្ស​លោក នោះ​ទូលបង្គំ​បាន​បើក​សំដែង​ឲ្យ​គេ​ស្គាល់​ព្រះ‌នាម​ទ្រង់ អ្នក​ទាំង​នោះ​ជា​របស់​ផង​ទ្រង់ ហើយ​ទ្រង់​បាន​ប្រទាន​គេ​មក​ទូលបង្គំ គេ​ក៏​កាន់​តាម​ព្រះ‌បន្ទូល​ទ្រង់ ឥឡូវ​នេះ គេ​ដឹង​ថា គ្រប់​ទាំង​អស់​ដែល​ទ្រង់​ប្រទាន​មក​ទូលបង្គំ នោះ​សុទ្ធ​តែ​កើត​ពី​ទ្រង់​មក ដ្បិត​អស់​ទាំង​ព្រះ‌បន្ទូល​ដែល​ទ្រង់​បាន​ប្រទាន​មក នោះ​ទូលបង្គំ​បាន​ឲ្យ​ដល់​គេ​ហើយ គេ​ក៏​ទទួល​យក ហើយ​ដឹង​ជា​ប្រាកដ​ថា ទូលបង្គំ​ចេញ​ពី​ទ្រង់​មក ក៏​ជឿ​ថា ទ្រង់​ចាត់​ឲ្យ​ទូលបង្គំ​មក​មែន ទូលបង្គំ​អធិស្ឋាន​ឲ្យ​គេ មិន​មែន​អធិស្ឋាន​ឲ្យ​លោកីយ​ទេ គឺ​ឲ្យ​អស់​អ្នក​ដែល​ទ្រង់​បាន​ប្រទាន​មក​ទូលបង្គំ​វិញ ពី​ព្រោះ​គេ​ជា​របស់​ផង​ទ្រង់ (របស់​ទូលបង្គំ​ទាំង​អស់​ជា​របស់​ផង​ទ្រង់ ហើយ​របស់​ទ្រង់​ទាំង​ប៉ុន្មាន​ក៏​ជា​របស់​ផង​ទូលបង្គំ​ដែរ) ទូលបង្គំ​បាន​ថ្កើង​ឡើង​ក្នុង​គេ អ្នក​ទាំង​នេះ​នៅ​ក្នុង​លោកីយ តែ​ទូលបង្គំ​មិន​នៅ​ក្នុង​លោកីយ​ទៀត​ទេ ទូលបង្គំ​នឹង​ទៅ​ឯ​ទ្រង់ ឱ​ព្រះវរ‌បិតា​ដ៏​បរិសុទ្ធ​អើយ ឯ​ពួក​អ្នក​ដែល​ទ្រង់​បាន​ប្រទាន​មក​ទូលបង្គំ នោះ​សូម​ទ្រង់​រក្សា​គេ​ដោយ​ព្រះ‌នាម​ទ្រង់​ផង ដើម្បី​ឲ្យ​គេ​បាន​រួម​គ្នា​តែ​១ ដូច​ជា​យើង​ដែរ កាល​ទូលបង្គំ​នៅ​ក្នុង​លោកីយ​ជា​មួយ​នឹង​គេ នោះ​ទូលបង្គំ​បាន​រក្សា​គេ ដោយ​ព្រះ‌នាម​ទ្រង់​ដែរ ទូលបង្គំ​បាន​រក្សា​ទុក​នូវ​អស់​អ្នក ដែល​ទ្រង់​ប្រទាន​មក​ទូលបង្គំ គ្មាន​អ្នក​ណា​មួយ​ត្រូវ​វិនាស​ឡើយ បាន​វិនាស​តែ​១​នាក់​នោះ ដែល​បាន​ដំរូវ​ឲ្យ​ត្រូវ​វិនាស​ប៉ុណ្ណោះ ដើម្បី​ឲ្យ​បាន​សំរេច​តាម​បទ​គម្ពីរ

ចែក​រំលែក
អាន យ៉ូហាន 17