យ៉ូហាន 17:20-23
យ៉ូហាន 17:20-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ទូលបង្គំមិនអធិស្ឋានឲ្យតែអ្នកទាំងនេះប៉ុណ្ណោះទេ គឺឲ្យអស់អ្នកដែលនឹងជឿដល់ទូលបង្គំ តាមរយៈពាក្យរបស់គេផងដែរ ដើម្បីឲ្យគេទាំងអស់គ្នាបានរួមមកតែមួយ ដូចព្រះវរបិតាគង់ក្នុងទូលបង្គំ ហើយទូលបង្គំនៅក្នុងព្រះអង្គ គឺឲ្យគេបានរួមគ្នាតែមួយក្នុងយើង ប្រយោជន៍ឲ្យមនុស្សលោកបានជឿថា ព្រះអង្គបានចាត់ឲ្យទូលបង្គំឲ្យមកមែន។ រីឯសិរីល្អដែលព្រះអង្គបានប្រទានមកទូលបង្គំ ទូលបង្គំបានឲ្យដល់គេហើយ ដើម្បីឲ្យគេបានរួមគ្នាតែមួយ ដូចយើងក៏រួមតែមួយដែរ គឺទូលបង្គំនៅក្នុងគេ ហើយព្រះអង្គគង់ក្នុងទូលបង្គំ ដើម្បីឲ្យគេបានរួមគ្នាតែមួយយ៉ាងពេញលេញ ប្រយោជន៍ឲ្យមនុស្សលោកបានដឹងថា ព្រះអង្គបានចាត់ទូលបង្គំឲ្យមក ហើយដឹងថា ព្រះអង្គស្រឡាញ់គេ ដូចព្រះអង្គបានស្រឡាញ់ទូលបង្គំដែរ។
យ៉ូហាន 17:20-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ទូលបង្គំមិនអង្វរព្រះអង្គឲ្យតែអ្នកទាំងនេះប៉ុណ្ណោះទេ គឺអង្វរឲ្យអស់អ្នកជឿលើទូលបង្គំ តាមរយៈពាក្យដែលអ្នកទាំងនេះថ្លែងប្រាប់ផងដែរ សូមឲ្យគេទាំងអស់គ្នារួមជាអង្គតែមួយ។ ឱព្រះបិតាអើយ! ព្រះអង្គស្ថិតនៅជាប់នឹងទូលបង្គំ ហើយទូលបង្គំស្ថិតនៅជាប់នឹងព្រះអង្គយ៉ាងណា សូមឲ្យគេរួមគ្នាជាអង្គតែមួយនៅក្នុងយើងយ៉ាងនោះដែរ ដើម្បីឲ្យមនុស្សលោកជឿថា ព្រះអង្គបានចាត់ទូលបង្គំឲ្យមកមែន។ រីឯសិរីរុងរឿងដែលព្រះអង្គប្រទានមកទូលបង្គំ ទូលបង្គំបានប្រគល់ទៅឲ្យគេហើយ ដើម្បីឲ្យគេរួមគ្នាជាអង្គតែមួយ ដូចយើងជាអង្គតែមួយដែរ គឺឲ្យទូលបង្គំនៅក្នុងគេ ព្រះអង្គនៅក្នុងទូលបង្គំ ដើម្បីឲ្យគេរួមគ្នាជាអង្គតែមួយពិតប្រាកដមែន ហើយមនុស្សលោកទទួលស្គាល់ថា ព្រះអង្គបានចាត់ទូលបង្គំឲ្យមក ព្រមទាំងទទួលស្គាល់ថា ព្រះអង្គស្រឡាញ់គេដូចព្រះអង្គស្រឡាញ់ទូលបង្គំដែរ។
យ៉ូហាន 17:20-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទូលបង្គំមិនអធិស្ឋាន ឲ្យអ្នកទាំងនេះតែប៉ុណ្ណោះ គឺឲ្យដល់ទាំងអ្នកណា ដែលនឹងជឿដល់ទូលបង្គំ ដោយសារពាក្យរបស់គេថែមទៀតដែរ ដើម្បីឲ្យទាំងអស់បានរួមមកតែមួយ ឱព្រះវរបិតាអើយ ដូចជាទ្រង់គង់ក្នុងទូលបង្គំ ហើយទូលបង្គំនៅក្នុងទ្រង់ដែរ គឺឲ្យអ្នកទាំងនោះបានរួមគ្នាតែមួយ នៅក្នុងយើង ប្រយោជន៍ឲ្យលោកីយបានជឿថា ទ្រង់ចាត់ឲ្យទូលបង្គំមកពិត ឯសិរីល្អដែលទ្រង់ប្រទានមកទូលបង្គំ នោះទូលបង្គំបានឲ្យដល់គេហើយ ដើម្បីឲ្យគេបានរួមគ្នាតែមួយ ដូចជាយើងក៏រួមតែមួយដែរ គឺទូលបង្គំនៅក្នុងគេ ហើយទ្រង់គង់ក្នុងទូលបង្គំ ដើម្បីឲ្យគេបានគ្រប់លក្ខណ៍ឡើង ដរាបដល់រួមគ្នាតែមួយជាស្រេច ប្រយោជន៍ឲ្យលោកីយបានដឹងថា គឺទ្រង់ដែលចាត់ឲ្យទូលបង្គំមកមែន ហើយថា ទ្រង់ស្រឡាញ់គេ ដូចជាស្រឡាញ់ទូលបង្គំដែរ។