យ៉ូហាន 17:1-5

យ៉ូហាន 17:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កាល​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ដូច្នោះ​ហើយ ព្រះអង្គ​ងើប​ព្រះ‌ភ័ក្ត្រ​ទត​ទៅ​លើ​មេឃ​មាន​ព្រះ‌បន្ទូល​ថា៖ «បពិត្រ​ព្រះ‌បិតា ឥឡូវ​នេះ​ដល់​ពេល​កំណត់​ហើយ សូម​សម្តែង​សិរី‌រុងរឿង​របស់​បុត្រ​ឡើង ដើម្បី​ឲ្យ​បុត្រ​សម្តែង​សិរី‌រុងរឿង​របស់​ព្រះ‌បិតា​ដែរ។ ព្រះអង្គ​បាន​ប្រទាន​ឲ្យ​បុត្រ​មាន​អំណាច​លើ​មនុស្ស​ទាំង​អស់ ដើម្បី​ឲ្យ​បុត្រ​ផ្ដល់​ជីវិត​អស់‌កល្ប​ជានិច្ច​ដល់​អស់​អ្នក ដែល​ព្រះអង្គ​ប្រទាន​មក​បុត្រ។ រីឯ​ជីវិត​អស់‌កល្ប​ជានិច្ច​នោះ​គឺ​ឲ្យ​គេ​ស្គាល់​ព្រះអង្គ ដែល​ជា​ព្រះ‌ជាម្ចាស់​ដ៏​ពិត​តែ​មួយ​គត់ និង​ឲ្យ​គេ​ស្គាល់​ព្រះ‌យេស៊ូ​គ្រិស្ត* ដែល​ព្រះអង្គ​ចាត់​ឲ្យ​មក។ ទូលបង្គំ​បាន​សម្តែង​សិរី‌រុងរឿង​របស់​ព្រះអង្គ​នៅ​លើ​ផែនដី ហើយ​ទូលបង្គំ​ក៏​បាន​បង្ហើយ​កិច្ចការ ដែល​ព្រះអង្គ​បញ្ជា​ឲ្យ​ទូលបង្គំ​ធ្វើ​នោះ​ចប់​សព្វ​គ្រប់​ដែរ។ ព្រះ‌បិតា​អើយ ឥឡូវ​នេះ សូម​លើក​តម្កើង​ទូលបង្គំ​ឲ្យ​មាន​សិរី‌រុងរឿង​នៅ​ជិត​ព្រះអង្គ គឺ​សិរី‌រុងរឿង​ដែល​ទូលបង្គំ​ធ្លាប់​មាន​នៅ​ជិត​ព្រះអង្គ តាំង​ពី​មុន​កំណើត​ពិភព​លោក​មក។

ចែក​រំលែក
អាន យ៉ូហាន 17

យ៉ូហាន 17:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​សេចក្ដី​ទាំង​នេះ​រួច​ហើយ ព្រះ‌អង្គ​ងើប​ព្រះ​ភក្ត្រ​ទៅ​លើ​មេឃ ហើយ​មាន​ព្រះ​បន្ទូល​ថា៖ «ព្រះ‌វរបិតា​អើយ ពេល​កំណត់​បាន​មក​ដល់​ហើយ សូម​លើក​តម្កើង​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ​ឡើង ដើម្បី​ឲ្យ​ព្រះ‌រាជ‌បុត្រា​បាន​លើក​តម្កើង​ព្រះ‌អង្គ​ដែរ ដ្បិត​ព្រះ‌អង្គ​បាន​ប្រទាន​ឲ្យ​ព្រះ‌រាជ‌បុត្រា​មាន​អំណាច​លើ​មនុស្ស​ទាំង​អស់ ដើម្បី​ប្រទាន​ជីវិត​អស់​កល្ប​ជា‌និច្ច ដល់​អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក​ព្រះ‌រាជ‌បុត្រា។ ឯ​ជីវិត​អស់​កល្ប​ជា‌និច្ច​នោះគឺ ឲ្យ​គេ​បាន​ស្គាល់​ព្រះ‌អង្គ ដែល​ជា​ព្រះ​ពិត​តែ​មួយ និង​ព្រះ‌យេស៊ូវ‌គ្រីស្ទ ដែល​ទ្រង់​បាន​ចាត់​ឲ្យ​មក។ ទូល​បង្គំ​បាន​លើក​តម្កើង​ព្រះ‌អង្គ​នៅ​ផែនដី ដោយ​បាន​បង្ហើយ​កិច្ច‌ការ ដែល​ព្រះ‌អង្គ​ប្រគល់​ឲ្យ​ទូល​បង្គំ​ធ្វើ​នោះ​ចប់​សព្វ​គ្រប់​ហើយ។ ព្រះ‌វរបិតា​អើយ ឥឡូវ​នេះ សូម​លើក​តម្កើង​ទូល​បង្គំ​ជាមួយ​ព្រះ‌អង្គ​ផង ដោយ​សិរី‌ល្អ​ដែល​ទូល​បង្គំ​ធ្លាប់​មាន​ជា​មួយ​ព្រះ‌អង្គ តាំង​ពី​មុន​កំណើត​ពិភព​លោក​មក។

ចែក​រំលែក
អាន យ៉ូហាន 17

យ៉ូហាន 17:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​ព្រះ‌យេស៊ូវ​មាន​បន្ទូល​សេចក្ដី​ទាំង​នោះ​រួច​ហើយ នោះ​ក៏​ងើប​ព្រះ‌នេត្រ​ទៅ​លើ​មេឃ ទូល​ថា ឱ​ព្រះវរ‌បិតា​អើយ កំណត់​បាន​មក​ដល់​ហើយ សូម​ដំកើង​ព្រះ‌រាជ‌បុត្រា​ទ្រង់ ដើម្បី​ឲ្យ​ព្រះ‌រាជ‌បុត្រា​បាន​ដំកើង​ទ្រង់​ដែរ ដូច​ជា​ទ្រង់​បាន​ប្រទាន ឲ្យ​ព្រះ‌រាជ‌បុត្រា​មាន​អំណាច លើ​គ្រប់​ទាំង​មនុស្ស ដើម្បី​នឹង​ប្រទាន​ជីវិត​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច ដល់​អស់​អ្នក​ដែល​ទ្រង់​បាន​ប្រទាន​មក​ព្រះ‌រាជ‌បុត្រា​ដែរ នេះ​ជា​ជីវិត​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច គឺ​ឲ្យ​គេ​បាន​ស្គាល់​ដល់​ទ្រង់​ដ៏​ជា​ព្រះ​ពិត​តែ​១ នឹង​ព្រះ‌យេស៊ូវ​គ្រីស្ទ ដែល​ទ្រង់​បាន​ចាត់​ឲ្យ​មក​ផង ទូលបង្គំ​បាន​ដំកើង​ទ្រង់ នៅ​ផែនដី ទូលបង្គំ​បាន​បង្ហើយ​ការ ដែល​ទ្រង់​ប្រគល់​មក​ឲ្យ​ធ្វើ ឥឡូវ​នេះ ឱ​ព្រះវរ‌បិតា​អើយ សូម​ដំកើង​ទូលបង្គំ​ឡើង​ជា​មួយ​នឹង​ទ្រង់​ផង ដោយ​សិរី‌ល្អ​ដែល​ទូលបង្គំ​មាន​ជា​មួយ​នឹង​ទ្រង់ ក្នុង​កាល​ដែល​លោកីយ​មិន​ទាន់​បាន​កើត​នៅ​ឡើយ។

ចែក​រំលែក
អាន យ៉ូហាន 17