យ៉ូហាន 15:4-10

យ៉ូហាន 15:4-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ចូរ​នៅ​ជាប់​នឹង​ខ្ញុំ ដូច​ជា​ខ្ញុំ​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា​ចុះ ប្រៀប​ដូច​ជា​មែក បើ​មិន​នៅ​ជាប់​នឹង​ដើម នោះ​មិន​អាច​នឹង​បង្កើត​ផល​បាន​ទេ អ្នក​រាល់​គ្នា​ក៏​ដូច្នោះ​ដែរ ទាល់​តែ​នៅ​ជាប់​នឹង​ខ្ញុំ។ ខ្ញុំ​ជា​ដើម អ្នក​រាល់​គ្នា​ជា​មែក អ្នក​ណា​ដែល​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ខ្ញុំ​នៅ​ជាប់​នឹង​អ្នក​នោះ ទើប​អ្នក​នោះ​បង្កើត​ផល​ជា​ច្រើន ដ្បិត​បើ​ដាច់​ពី​ខ្ញុំ អ្នក​រាល់​គ្នា​មិន​អាច​ធ្វើ​អ្វី​បាន​ឡើយ។ អ្នក​ណា​មិន​នៅ​ជាប់​នឹង​ខ្ញុំ អ្នក​នោះ​ត្រូវ​បោះ​ចោល​ទៅ​ខាង​ក្រៅ ហើយ​ក៏​ក្រៀម​ទៅ​ដូច​ជា​មែក​ដែរ រួច​គេ​ប្រមូល​បោះ​ទៅ​ក្នុង​ភ្លើង​ឆេះ​អស់​ទៅ។ បើ​អ្នក​រាល់​គ្នា​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ពាក្យ​ខ្ញុំ​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា ចូរ​សូម​អ្វី​តាម​តែ​ប្រាថ្នា​ចុះ សេចក្ដី​នោះ​នឹង​បាន​សម្រេច​ដល់​អ្នក​រាល់​គ្នា​ជា​មិន​ខាន។ ព្រះ‌វរបិតា​ខ្ញុំ​បាន​តម្កើង​ឡើង ដោយ​សារ​ការ​នេះ​ឯង គឺ​ដោយ​អ្នក​រាល់​គ្នា​បាន​បង្កើត​ផល​ជា​ច្រើន ហើយ​ធ្វើ​ជា​សិស្ស​របស់​ខ្ញុំ​ពិត​ប្រាកដ។ ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា ដូច​ព្រះ‌វរបិតា​ស្រឡាញ់​ខ្ញុំ​ដែរ ចូរ​នៅ​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ខ្ញុំ​ចុះ។ បើ​អ្នក​រាល់​គ្នា​កាន់​តាម​បទ‌បញ្ជា​របស់​ខ្ញុំ នោះ​នឹង​នៅ​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ខ្ញុំ ដូច​ជា​ខ្ញុំ​បាន​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ‌វរបិតា​ខ្ញុំ ហើយ​ក៏​នៅ​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ព្រះ‌អង្គ​ដែរ។

ចែក​រំលែក
អាន យ៉ូហាន 15

យ៉ូហាន 15:4-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ចូរ​ស្ថិត​នៅ​ជាប់​នឹង​ខ្ញុំ ដូច​ខ្ញុំ​ស្ថិត​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា​ដែរ។ ប្រសិន​បើ​មែក​មិន​ស្ថិត​នៅ​ជាប់​នឹង​ដើម​ទេ វា​ពុំ​អាច​បង្កើត​ផល​ដោយ​ឯក​ឯង​ឡើយ។ រីឯ​អ្នក​រាល់​គ្នា​ក៏​ដូច្នោះ​ដែរ បើ​មិន​ស្ថិត​នៅ​ជាប់​នឹង​ខ្ញុំ​ទេ អ្នក​រាល់​គ្នា​ពុំ​អាច​បង្កើត​ផល​បាន​ទាល់​តែ​សោះ។ ខ្ញុំ​នេះ​ហើយ​ជា​ដើម​ទំពាំង‌បាយជូរ អ្នក​រាល់​គ្នា​ជា​មែក អ្នក​ណា​ស្ថិត​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ខ្ញុំ​នៅ​ជាប់​នឹង​អ្នក​នោះ ទើប​អ្នក​នោះ​បង្កើត​ផល​បាន​ច្រើន។ បើ​ដាច់​ពី​ខ្ញុំ អ្នក​រាល់​គ្នា​ពុំ​អាច​ធ្វើ​អ្វី​កើត​ឡើយ។ អ្នក​ណា​មិន​ស្ថិត​នៅ​ជាប់​នឹង​ខ្ញុំ អ្នក​នោះ​ប្រៀប​ដូច​ជា​មែក ដែល​គេ​បោះ​ចោល​ទៅ​ខាង​ក្រៅ ហើយ​ស្វិត​ក្រៀម។ បន្ទាប់​មក គេ​រើស​មែក​ទាំង​នោះ​បោះ​ទៅ​ក្នុង​ភ្លើង​ឆេះ​អស់​ទៅ។ បើ​អ្នក​រាល់​គ្នា​ស្ថិត​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​បើ​ពាក្យ​ខ្ញុំ​ស្ថិត​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា ចូរ​ទូល​សុំ​អ្វីៗ​តាម​តែ​អ្នក​រាល់​គ្នា​ប្រាថ្នា​ចង់​បាន​ចុះ នោះ​អ្នក​រាល់​គ្នា​មុខ​តែ​បាន​ទទួល​ជា​មិន​ខាន។ ព្រះ‌បិតា​របស់​ខ្ញុំ​សម្តែង​សិរី‌រុងរឿង ដោយ​អ្នក​រាល់​គ្នា​បង្កើត​ផល​ផ្លែ​បាន​ច្រើន និង​ដោយ​អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ​មែន។ ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា ដូច​ព្រះ‌បិតា​ស្រឡាញ់​ខ្ញុំ​ដែរ។ ចូរ​ទុក​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ​ឲ្យ​ស្ថិត​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា​ចុះ។ បើ​អ្នក​រាល់​គ្នា​ប្រតិបត្តិ​តាម​បទ‌បញ្ជា​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ អ្នក​រាល់​គ្នា​ពិត​ជា​ទុក​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ ឲ្យ​ស្ថិត​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា​មែន ដូច​ខ្ញុំ​ប្រតិបត្តិ​តាម​បទ‌បញ្ជា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌បិតា ហើយ​ទុក​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​ស្ថិត​នៅ​ជាប់​នឹង​ខ្ញុំ​ដែរ។

ចែក​រំលែក
អាន យ៉ូហាន 15

យ៉ូហាន 15:4-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចូរ​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ខ្ញុំ​ជាប់​នឹង​អ្នក​រាល់​គ្នា​ចុះ ប្រៀប​ដូច​ជា​ខ្នែង បើ​មិន​នៅ​ជាប់​នឹង​គល់ នោះ​ពុំ​អាច​នឹង​បង្កើត​ផល​ដោយ​ឯក​ឯង​បាន​ទេ ដូច្នេះ អ្នក​រាល់​គ្នា​ក៏​ពុំ​បាន​ដែរ លើក​តែ​នៅ​ជាប់​នឹង​ខ្ញុំ ខ្ញុំ​ជា​គល់ អ្នក​រាល់​គ្នា​ជា​ខ្នែង អ្នក​ណា​ដែល​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ខ្ញុំ​ជាប់​នឹង​អ្នក​នោះ នោះ​ទើប​នឹង​បង្កើត​ផល​ឡើង​ជា​ច្រើន ដ្បិត​បើ​ដាច់​ពី​ខ្ញុំ​ចេញ នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ធ្វើ​អ្វី​បាន​ទេ បើ​អ្នក​ណា​មិន​នៅ​ជាប់​នឹង​ខ្ញុំ អ្នក​នោះ​ត្រូវ​បោះ​ចោល​ទៅ​ខាង​ក្រៅ ហើយ​ក៏​ក្រៀម​ទៅ​ដូច​ជា​ខ្នែង​ដែរ រួច​គេ​ប្រមូល​បោះ​ទៅ​ក្នុង​ភ្លើង​ឆេះ​អស់​ទៅ បើ​អ្នក​រាល់​គ្នា​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ពាក្យ​ខ្ញុំ​នៅ​ជាប់​ក្នុង​អ្នក​រាល់​គ្នា នោះ​ចូរ​សូម​អ្វី​តាម​តែ​ប្រាថ្នា​ចុះ សេចក្ដី​នោះ​នឹង​បាន​សំរេច​ដល់​អ្នក​រាល់​គ្នា​ជា​មិន​ខាន ព្រះវរ‌បិតា​ខ្ញុំ​បាន​ដំកើង​ឡើង ដោយ​សេចក្ដី​នេះ​ឯង គឺ​ដោយ​អ្នក​រាល់​គ្នា​បង្កើត​ផល​ជា​ច្រើន យ៉ាង​នោះ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​សិស្ស​ខ្ញុំ​មែន។ ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា ដូច​ជា​ព្រះវរ‌បិតា ទ្រង់​ស្រឡាញ់​ខ្ញុំ​ដែរ ចូរ​នៅ​ជាប់​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ​ចុះ បើ​អ្នក​រាល់​គ្នា​កាន់​តាម​បញ្ញត្ត​ខ្ញុំ នោះ​នឹង​នៅ​ជាប់​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ ដូច​ជា​ខ្ញុំ​បាន​កាន់​តាម​បញ្ញត្ត​នៃ​ព្រះវរ‌បិតា​ខ្ញុំ ហើយ​ក៏​នៅ​ជាប់​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ដែរ

ចែក​រំលែក
អាន យ៉ូហាន 15

យ៉ូហាន 15:4-10

យ៉ូហាន 15:4-10 គខបយ៉ូហាន 15:4-10 គខបយ៉ូហាន 15:4-10 គខបយ៉ូហាន 15:4-10 គខប