យ៉ូហាន 15:1-17

យ៉ូហាន 15:1-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

«ខ្ញុំ​ជា​ដើម​ទំពាំង​បាយ​ជូរ​ដ៏​ពិត ហើយ​ព្រះ‌វរបិតា​ខ្ញុំ​ជា​អ្នក​ដាំ។ អស់​ទាំង​មែក​ណា​ដុះ​ចេញ​ពី​ខ្ញុំ ដែល​មិន​បង្កើត​ផល​ផ្លែ ព្រះ‌អង្គ​កាត់​ចោល តែ​អស់​ទាំង​មែក​ណា​ដែល​បង្កើត​ផល​ផ្លែ ព្រះ‌អង្គ​លួស​មែក​នោះ​វិញ ដើម្បី​ឲ្យ​បាន​ផល​ផ្លែ​ជា​ច្រើន​ឡើង។ អ្នក​រាល់​គ្នា​បាន​ស្អាត​ហើយ ដោយ​សារ​ពាក្យ​ដែល​ខ្ញុំ​បាន​ប្រាប់។ ចូរ​នៅ​ជាប់​នឹង​ខ្ញុំ ដូច​ជា​ខ្ញុំ​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា​ចុះ ប្រៀប​ដូច​ជា​មែក បើ​មិន​នៅ​ជាប់​នឹង​ដើម នោះ​មិន​អាច​នឹង​បង្កើត​ផល​បាន​ទេ អ្នក​រាល់​គ្នា​ក៏​ដូច្នោះ​ដែរ ទាល់​តែ​នៅ​ជាប់​នឹង​ខ្ញុំ។ ខ្ញុំ​ជា​ដើម អ្នក​រាល់​គ្នា​ជា​មែក អ្នក​ណា​ដែល​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ខ្ញុំ​នៅ​ជាប់​នឹង​អ្នក​នោះ ទើប​អ្នក​នោះ​បង្កើត​ផល​ជា​ច្រើន ដ្បិត​បើ​ដាច់​ពី​ខ្ញុំ អ្នក​រាល់​គ្នា​មិន​អាច​ធ្វើ​អ្វី​បាន​ឡើយ។ អ្នក​ណា​មិន​នៅ​ជាប់​នឹង​ខ្ញុំ អ្នក​នោះ​ត្រូវ​បោះ​ចោល​ទៅ​ខាង​ក្រៅ ហើយ​ក៏​ក្រៀម​ទៅ​ដូច​ជា​មែក​ដែរ រួច​គេ​ប្រមូល​បោះ​ទៅ​ក្នុង​ភ្លើង​ឆេះ​អស់​ទៅ។ បើ​អ្នក​រាល់​គ្នា​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ពាក្យ​ខ្ញុំ​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា ចូរ​សូម​អ្វី​តាម​តែ​ប្រាថ្នា​ចុះ សេចក្ដី​នោះ​នឹង​បាន​សម្រេច​ដល់​អ្នក​រាល់​គ្នា​ជា​មិន​ខាន។ ព្រះ‌វរបិតា​ខ្ញុំ​បាន​តម្កើង​ឡើង ដោយ​សារ​ការ​នេះ​ឯង គឺ​ដោយ​អ្នក​រាល់​គ្នា​បាន​បង្កើត​ផល​ជា​ច្រើន ហើយ​ធ្វើ​ជា​សិស្ស​របស់​ខ្ញុំ​ពិត​ប្រាកដ។ ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា ដូច​ព្រះ‌វរបិតា​ស្រឡាញ់​ខ្ញុំ​ដែរ ចូរ​នៅ​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ខ្ញុំ​ចុះ។ បើ​អ្នក​រាល់​គ្នា​កាន់​តាម​បទ‌បញ្ជា​របស់​ខ្ញុំ នោះ​នឹង​នៅ​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ខ្ញុំ ដូច​ជា​ខ្ញុំ​បាន​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ‌វរបិតា​ខ្ញុំ ហើយ​ក៏​នៅ​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ព្រះ‌អង្គ​ដែរ។ ខ្ញុំ​និយាយ​សេចក្តី​ទាំង​នេះ​ប្រាប់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អំណរ​របស់​ខ្ញុំ​បាន​នៅ​ជាប់​ក្នុង​អ្នក​រាល់​គ្នា ហើយ​ឲ្យ​អំណរ​របស់​អ្នក​រាល់​គ្នា​បាន​ពោរ‌ពេញ​ផង។ នេះ​ជា​បទ‌បញ្ជា​របស់​ខ្ញុំ គឺ​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ។ គ្មាន​អ្នក​ណា​មាន​សេចក្តី​ស្រឡាញ់​ធំ​ជាង​នេះ​ឡើយ គឺ​អ្នក​ដែល​ហ៊ាន​ប្តូរ​ជីវិត​ជំនួស​ពួក​សម្លាញ់​របស់​ខ្លួន​នោះ​ទេ បើ​អ្នក​រាល់​គ្នា​ធ្វើ​តាម​អ្វី​ដែល​ខ្ញុំ​បង្គាប់ នោះ​អ្នក​រាល់​គ្នា​ពិត​ជា​មិត្ត​សម្លាញ់​របស់​ខ្ញុំ​មែន។ ខ្ញុំ​មិន​ហៅ​អ្នក​ថា​ជា​បាវ​បម្រើ​ទៀត​ទេ ដ្បិត​បាវ​បម្រើ​មិន​ដឹង​ថា​ចៅ‌ហ្វាយ​ធ្វើ​អ្វី​ឡើយ ប៉ុន្តែ ខ្ញុំ​ហៅ​អ្នក​រាល់​គ្នា​ថា​ជា​សម្លាញ់ ព្រោះ​ខ្ញុំ​បាន​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​គ្រប់​ការ​ទាំង​អស់ ដែល​ខ្ញុំ​ឮ​ពី​ព្រះ‌វរបិតា​ខ្ញុំ​មក។ មិន​មែន​អ្នក​រាល់​គ្នា​ទេ​ដែល​បាន​រើស​ខ្ញុំ គឺ​ខ្ញុំ​ទេ​តើ​ដែល​បាន​រើស​អ្នក​រាល់​គ្នា ទាំង​តាំង​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​បង្កើត​ផល ហើយ​ឲ្យ​ផល​នោះ​បាន​នៅ​ជាប់ ដើម្បី​ឲ្យ​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ទូល​សូម​ពី​ព្រះ‌វរបិតា ក្នុង​នាម​ខ្ញុំ ព្រះ‌អង្គ​នឹង​ប្រទានឲ្យ។ ខ្ញុំ​បង្គាប់​សេចក្ដី​ទាំង​នេះដល់​អ្នក​រាល់​គ្នា គឺដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក»។

ចែក​រំលែក
អាន យ៉ូហាន 15

យ៉ូហាន 15:1-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«ខ្ញុំ​ហ្នឹង​ហើយ​ជា​ដើម​ទំពាំង‌បាយជូរ​ដ៏​ពិត​ប្រាកដ រីឯ​ព្រះ‌បិតា​ខ្ញុំ​ជា​ម្ចាស់​ចម្ការ។ មែក​ណា​នៅ​ជាប់​នឹង​ខ្ញុំ តែ​ឥត​មាន​ផ្លែ ព្រះ‌បិតា​កាត់​មែក​នោះ​ចោល។ រីឯ​មែក​ណា​មាន​ផ្លែ ព្រះអង្គ​លួស​មែក​នោះ ដើម្បី​ឲ្យ​មាន​ផ្លែ​កាន់​តែ​ច្រើន​ឡើង​ទៀត។ ពាក្យ​ដែល​ខ្ញុំ​បាន​ប្រាប់ ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​បរិសុទ្ធ​រួច​ទៅ​ហើយ។ ចូរ​ស្ថិត​នៅ​ជាប់​នឹង​ខ្ញុំ ដូច​ខ្ញុំ​ស្ថិត​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា​ដែរ។ ប្រសិន​បើ​មែក​មិន​ស្ថិត​នៅ​ជាប់​នឹង​ដើម​ទេ វា​ពុំ​អាច​បង្កើត​ផល​ដោយ​ឯក​ឯង​ឡើយ។ រីឯ​អ្នក​រាល់​គ្នា​ក៏​ដូច្នោះ​ដែរ បើ​មិន​ស្ថិត​នៅ​ជាប់​នឹង​ខ្ញុំ​ទេ អ្នក​រាល់​គ្នា​ពុំ​អាច​បង្កើត​ផល​បាន​ទាល់​តែ​សោះ។ ខ្ញុំ​នេះ​ហើយ​ជា​ដើម​ទំពាំង‌បាយជូរ អ្នក​រាល់​គ្នា​ជា​មែក អ្នក​ណា​ស្ថិត​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ខ្ញុំ​នៅ​ជាប់​នឹង​អ្នក​នោះ ទើប​អ្នក​នោះ​បង្កើត​ផល​បាន​ច្រើន។ បើ​ដាច់​ពី​ខ្ញុំ អ្នក​រាល់​គ្នា​ពុំ​អាច​ធ្វើ​អ្វី​កើត​ឡើយ។ អ្នក​ណា​មិន​ស្ថិត​នៅ​ជាប់​នឹង​ខ្ញុំ អ្នក​នោះ​ប្រៀប​ដូច​ជា​មែក ដែល​គេ​បោះ​ចោល​ទៅ​ខាង​ក្រៅ ហើយ​ស្វិត​ក្រៀម។ បន្ទាប់​មក គេ​រើស​មែក​ទាំង​នោះ​បោះ​ទៅ​ក្នុង​ភ្លើង​ឆេះ​អស់​ទៅ។ បើ​អ្នក​រាល់​គ្នា​ស្ថិត​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​បើ​ពាក្យ​ខ្ញុំ​ស្ថិត​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា ចូរ​ទូល​សុំ​អ្វីៗ​តាម​តែ​អ្នក​រាល់​គ្នា​ប្រាថ្នា​ចង់​បាន​ចុះ នោះ​អ្នក​រាល់​គ្នា​មុខ​តែ​បាន​ទទួល​ជា​មិន​ខាន។ ព្រះ‌បិតា​របស់​ខ្ញុំ​សម្តែង​សិរី‌រុងរឿង ដោយ​អ្នក​រាល់​គ្នា​បង្កើត​ផល​ផ្លែ​បាន​ច្រើន និង​ដោយ​អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ​មែន។ ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា ដូច​ព្រះ‌បិតា​ស្រឡាញ់​ខ្ញុំ​ដែរ។ ចូរ​ទុក​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ​ឲ្យ​ស្ថិត​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា​ចុះ។ បើ​អ្នក​រាល់​គ្នា​ប្រតិបត្តិ​តាម​បទ‌បញ្ជា​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ អ្នក​រាល់​គ្នា​ពិត​ជា​ទុក​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ ឲ្យ​ស្ថិត​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា​មែន ដូច​ខ្ញុំ​ប្រតិបត្តិ​តាម​បទ‌បញ្ជា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌បិតា ហើយ​ទុក​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​ស្ថិត​នៅ​ជាប់​នឹង​ខ្ញុំ​ដែរ។ ខ្ញុំ​បាន​និយាយ​សេចក្ដី​ទាំង​នេះ​ប្រាប់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អំណរ​របស់​ខ្ញុំ​ស្ថិត​នៅ​ក្នុង​អ្នក​រាល់​គ្នា ហើយ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​អំណរ​ពេញ​លក្ខណៈ។ នេះ​ជា​បទ‌បញ្ជា​របស់​ខ្ញុំ ចូរ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ។ គ្មាន​នរណា​មាន​សេចក្ដី​ស្រឡាញ់​ខ្លាំង​ជាង​អ្នក​ដែល​ស៊ូ​ប្ដូរ​ជីវិត ដើម្បី​មិត្ត​សម្លាញ់​របស់​ខ្លួន​នោះ​ឡើយ។ បើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​សេចក្ដី​ដែល​ខ្ញុំ​បាន​បង្គាប់​មក អ្នក​រាល់​គ្នា​ពិត​ជា​មិត្ត​សម្លាញ់​របស់​ខ្ញុំ​មែន។ ខ្ញុំ​មិន​ចាត់​ទុក​អ្នក​រាល់​គ្នា​ជា​អ្នក​បម្រើ​ទៀត​ទេ ព្រោះ​អ្នក​បម្រើ​មិន​យល់​កិច្ចការ​ដែល​ម្ចាស់​របស់​ខ្លួន​ប្រព្រឹត្ត​នោះ​ឡើយ។ ខ្ញុំ​ចាត់​ទុក​អ្នក​រាល់​គ្នា​ជា​មិត្ត​សម្លាញ់ ដ្បិត​អ្វីៗ​ដែល​ខ្ញុំ​បាន​ឮ​ពី​ព្រះ‌បិតា​មក ខ្ញុំ​ក៏​បាន​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ហើយ​ដែរ។ មិន​មែន​អ្នក​រាល់​គ្នា​ទេ​ដែល​បាន​ជ្រើស​រើស​ខ្ញុំ គឺ​ខ្ញុំ​ទេ​តើ​ដែល​បាន​ជ្រើស​រើស​អ្នក​រាល់​គ្នា ហើយ​បាន​តែង‌តាំង​អ្នក​រាល់​គ្នា​ឲ្យ​ទៅ និង​បង្កើត​ផល ព្រម​ទាំង​ឲ្យ​ផល​របស់​អ្នក​រាល់​គ្នា​នៅ​ស្ថិត‌ស្ថេរ។ ដូច្នេះ អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ទូល​សូម​ពី​ព្រះ‌បិតា​ក្នុង​នាម​ខ្ញុំ ព្រះអង្គ​នឹង​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​ពុំ‌ខាន។ រីឯ​សេចក្ដី​ដែល​ខ្ញុំ​បង្គាប់​អ្នក​រាល់​គ្នា​នោះ គឺ​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក»។

ចែក​រំលែក
អាន យ៉ូហាន 15

យ៉ូហាន 15:1-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ខ្ញុំ​ជា​ដើម​ទំពាំង‌បាយ‌ជូរ​ដ៏​ពិត ហើយ​ព្រះវរ‌បិតា​ខ្ញុំ​ជា​អ្នក​ដាំ អស់​ទាំង​ខ្នែង​ណា​ដុះ​ចេញ​ពី​ខ្ញុំ ដែល​មិន​បង្កើត​ផល​ផ្លែ នោះ​ទ្រង់​កាត់​ចោល តែ​អស់​ទាំង​ខ្នែង​ណា ដែល​បង្កើត​ផល​ផ្លែ នោះ​ទ្រង់​លួស​ខ្នែង​នោះ​វិញ ដើម្បី​ឲ្យ​បាន​ផល​ផ្លែ​ជា​ច្រើន​ឡើង ឯ​អ្នក​រាល់​គ្នា បាន​ស្អាត​ហើយ ដោយ‌សារ​ពាក្យ​ដែល​ខ្ញុំ​បាន​ប្រាប់ ចូរ​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ខ្ញុំ​ជាប់​នឹង​អ្នក​រាល់​គ្នា​ចុះ ប្រៀប​ដូច​ជា​ខ្នែង បើ​មិន​នៅ​ជាប់​នឹង​គល់ នោះ​ពុំ​អាច​នឹង​បង្កើត​ផល​ដោយ​ឯក​ឯង​បាន​ទេ ដូច្នេះ អ្នក​រាល់​គ្នា​ក៏​ពុំ​បាន​ដែរ លើក​តែ​នៅ​ជាប់​នឹង​ខ្ញុំ ខ្ញុំ​ជា​គល់ អ្នក​រាល់​គ្នា​ជា​ខ្នែង អ្នក​ណា​ដែល​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ខ្ញុំ​ជាប់​នឹង​អ្នក​នោះ នោះ​ទើប​នឹង​បង្កើត​ផល​ឡើង​ជា​ច្រើន ដ្បិត​បើ​ដាច់​ពី​ខ្ញុំ​ចេញ នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ធ្វើ​អ្វី​បាន​ទេ បើ​អ្នក​ណា​មិន​នៅ​ជាប់​នឹង​ខ្ញុំ អ្នក​នោះ​ត្រូវ​បោះ​ចោល​ទៅ​ខាង​ក្រៅ ហើយ​ក៏​ក្រៀម​ទៅ​ដូច​ជា​ខ្នែង​ដែរ រួច​គេ​ប្រមូល​បោះ​ទៅ​ក្នុង​ភ្លើង​ឆេះ​អស់​ទៅ បើ​អ្នក​រាល់​គ្នា​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ពាក្យ​ខ្ញុំ​នៅ​ជាប់​ក្នុង​អ្នក​រាល់​គ្នា នោះ​ចូរ​សូម​អ្វី​តាម​តែ​ប្រាថ្នា​ចុះ សេចក្ដី​នោះ​នឹង​បាន​សំរេច​ដល់​អ្នក​រាល់​គ្នា​ជា​មិន​ខាន ព្រះវរ‌បិតា​ខ្ញុំ​បាន​ដំកើង​ឡើង ដោយ​សេចក្ដី​នេះ​ឯង គឺ​ដោយ​អ្នក​រាល់​គ្នា​បង្កើត​ផល​ជា​ច្រើន យ៉ាង​នោះ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​សិស្ស​ខ្ញុំ​មែន។ ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា ដូច​ជា​ព្រះវរ‌បិតា ទ្រង់​ស្រឡាញ់​ខ្ញុំ​ដែរ ចូរ​នៅ​ជាប់​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ​ចុះ បើ​អ្នក​រាល់​គ្នា​កាន់​តាម​បញ្ញត្ត​ខ្ញុំ នោះ​នឹង​នៅ​ជាប់​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ ដូច​ជា​ខ្ញុំ​បាន​កាន់​តាម​បញ្ញត្ត​នៃ​ព្រះវរ‌បិតា​ខ្ញុំ ហើយ​ក៏​នៅ​ជាប់​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ដែរ ខ្ញុំ​បាន​និយាយ​សេចក្ដី​ទាំង​នេះ ប្រាប់​ដល់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​សេចក្ដី​អំណរ​របស់​ខ្ញុំ បាន​នៅ​ជាប់​ក្នុង​អ្នក​រាល់​គ្នា ហើយ​ឲ្យ​សេចក្ដី​អំណរ​របស់​អ្នក​រាល់​គ្នា​បាន​ពោរ‌ពេញ​ផង នេះ​ជា​សេចក្ដី​បញ្ញត្ត​របស់​ខ្ញុំ គឺ​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ គ្មាន​អ្នក​ណា​មាន​សេចក្ដី​ស្រឡាញ់​ធំ​ជាង​នេះ គឺ​ដែល​អ្នក​ណា​នឹង​ប្តូរ​ជីវិត ជំនួស​ពួក​សំឡាញ់​របស់​ខ្លួន​នោះ​ទេ បើ​អ្នក​រាល់​គ្នា​ធ្វើ​តាម​សេចក្ដី​ដែល​ខ្ញុំ​បង្គាប់ នោះ​អ្នក​រាល់​គ្នា​ជា​ពួក​សំឡាញ់​ខ្ញុំ​ហើយ ខ្ញុំ​មិន​ហៅ​ជា​អ្នក​បំរើ​ទៀត ពី​ព្រោះ​អ្នក​បំរើ​គេ​មិន​ដឹង​ថា​ជា​ចៅហ្វាយ​ធ្វើ​អ្វី​ទេ គឺ​ខ្ញុំ​ហៅ​អ្នក​រាល់​គ្នា​ថា​ជា​សំឡាញ់​វិញ ពី​ព្រោះ​ខ្ញុំ​បាន​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​គ្រប់​ការ​ទាំង​អស់ ដែល​ខ្ញុំ​ឮ​ពី​ព្រះវរ‌បិតា​ខ្ញុំ​មក មិន​មែន​អ្នក​រាល់​គ្នា​ដែល​បាន​រើស​ខ្ញុំ​ទេ គឺ​ខ្ញុំ​ទេ​តើ ដែល​រើស​អ្នក​រាល់​គ្នា​វិញ ទាំង​តាំង​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​បង្កើត​ផល ហើយ​ឲ្យ​ផល​របស់​អ្នក​រាល់​គ្នា​បាន​នៅ​ជាប់​ផង ដើម្បី​ឲ្យ​ព្រះវរ‌បិតា​បាន​ប្រោស​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​បាន​អ្វីៗ ដែល​នឹង​សូម​ពី​ទ្រង់ ដោយ​នូវ​ឈ្មោះ​ខ្ញុំ ខ្ញុំ​បង្គាប់​សេចក្ដី​នេះ​ដល់​អ្នក​រាល់​គ្នា គឺ​ឲ្យ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ចុះ។

ចែក​រំលែក
អាន យ៉ូហាន 15

យ៉ូហាន 15:1-17

យ៉ូហាន 15:1-17 គខបយ៉ូហាន 15:1-17 គខប

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ