យ៉ូហាន 12:36-50
យ៉ូហាន 12:36-50 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្នុងពេលដែលអ្នករាល់គ្នាមានពន្លឺនៅឡើយ ចូរនាំគ្នាជឿលើពន្លឺ ដើម្បីឲ្យបានទៅជាបុត្រធីតានៃពន្លឺ»។ កាលព្រះយេស៊ូមានព្រះបន្ទូលដូច្នេះហើយ ព្រះអង្គយាងចេញទៅលាក់ខ្លួន មិនឲ្យបណ្ដាជនឃើញ។ ទោះបីព្រះយេស៊ូធ្វើទីសម្គាល់ជាច្រើនឲ្យគេឃើញយ៉ាងណាក៏ដោយ ក៏គេនៅតែពុំជឿលើព្រះអង្គដដែល គឺស្របតាមសេចក្ដីដែលព្យាការី*អេសាយបានថ្លែងទុកមកថា៖ «បពិត្រព្រះអម្ចាស់ តើនរណាជឿសេចក្ដី ដែលយើងនិយាយប្រាប់? តើព្រះអម្ចាស់បានសម្តែងឫទ្ធិបារមី ឲ្យនរណាឃើញ?» ។ គេពុំអាចជឿឡើយ ស្របតាមសេចក្ដីដែលព្យាការីអេសាយបានថ្លែងទៀតថា៖ «ព្រះអង្គបានធ្វើឲ្យភ្នែកគេខ្វាក់ ឲ្យចិត្តគេរឹង មិនឲ្យភ្នែកគេមើលឃើញ មិនឲ្យប្រាជ្ញាគេយល់ ហើយមិនឲ្យគេងាកមករកយើង ក្រែងលោយើងប្រោសគេឲ្យជា» ។ ព្យាការីអេសាយពោលពាក្យទាំងនេះមកពីលោកបានឃើញសិរីរុងរឿងរបស់ព្រះយេស៊ូ ហើយលោកក៏ថ្លែងទុកអំពីព្រះអង្គ។ ក្នុងចំណោមអ្នកដឹកនាំ មានគ្នាច្រើននាក់ជឿលើព្រះអង្គដែរ ប៉ុន្តែ អ្នកទាំងនោះពុំហ៊ានប្រកាសជំនឿរបស់ខ្លួនឡើយ ព្រោះខ្លាចពួកខាងគណៈផារីស៊ី* និងខ្លាចគេដេញចេញពីសាលាប្រជុំ* ដ្បិតពួកគេចូលចិត្តទទួលសិរីរុងរឿងពីមនុស្សជាជាងទទួលសិរីរុងរឿងពីព្រះជាម្ចាស់។ ព្រះយេស៊ូបន្លឺព្រះសូរសៀងខ្លាំងៗថា៖ «អ្នកណាជឿលើខ្ញុំ មិនត្រឹមតែជឿលើខ្ញុំប៉ុណ្ណោះទេ គឺជឿលើព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកនោះដែរ។ អ្នកណាឃើញខ្ញុំ អ្នកនោះក៏ឃើញព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកដែរ។ ខ្ញុំជាពន្លឺ ខ្ញុំមកក្នុងពិភពលោកនេះ ដើម្បីកុំឲ្យអស់អ្នកដែលជឿលើខ្ញុំ ស្ថិតនៅក្នុងសេចក្ដីងងឹត។ បើអ្នកណាឮពាក្យខ្ញុំហើយ តែមិនប្រតិបត្តិតាម មិនមែនខ្ញុំទេដែលកាត់ទោសអ្នកនោះ ដ្បិតខ្ញុំមក មិនមែនដើម្បីកាត់ទោសមនុស្សលោកទេ គឺខ្ញុំមកសង្គ្រោះមនុស្សលោកវិញ។ អ្នកណាផាត់ខ្ញុំចោល ហើយមិនទទួលពាក្យខ្ញុំ អ្នកនោះមានចៅក្រមកាត់ទោសរួចស្រេចទៅហើយ គឺពាក្យដែលខ្ញុំបាននិយាយនឹងកាត់ទោសគេ នៅថ្ងៃចុងក្រោយបង្អស់។ ពាក្យដែលខ្ញុំបាននិយាយនេះមិនមែនចេញមកពីខ្ញុំទេ គឺព្រះបិតាដែលបានចាត់ខ្ញុំឲ្យមក ព្រះអង្គបង្គាប់ខ្ញុំនូវសេចក្ដីដែលខ្ញុំត្រូវនិយាយ និងថ្លែង។ ខ្ញុំដឹងថាបទបញ្ជារបស់ព្រះអង្គផ្ដល់ជីវិតអស់កល្បជានិច្ច។ សេចក្ដីណាដែលខ្ញុំនិយាយ ខ្ញុំនិយាយដូចព្រះបិតាមានព្រះបន្ទូលមកខ្ញុំដែរ»។
យ៉ូហាន 12:36-50 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលអ្នករាល់គ្នានៅមានពន្លឺនៅឡើយ ចូរជឿដល់ពន្លឺចុះ ដើម្បីឲ្យបានធ្វើជាកូននៃពន្លឺ»។ កាលព្រះយេស៊ូវមានព្រះបន្ទូលដូច្នេះហើយ ព្រះអង្គក៏យាងចេញទៅ ដោយកំបាំងពីគេ។ ទោះបើព្រះអង្គបានធ្វើទីសម្គាល់ជាច្រើន នៅមុខគេយ៉ាងណាក៏ដោយ ក៏គេនៅតែមិនជឿដល់ព្រះអង្គដដែល ដើម្បីឲ្យបានសម្រេចតាមពាក្យរបស់ហោរាអេសាយ ដែលទាយថា៖ «ព្រះអម្ចាស់អើយ តើអ្នកណាបានជឿសេចក្តីដែលយើងខ្ញុំប្រាប់ ហើយតើព្រះហស្តព្រះអម្ចាស់ បានបើកសម្តែងឲ្យអ្នកណាឃើញ?» ដូច្នេះ បានជាគេពុំអាចជឿបាន ព្រោះលោកអេសាយក៏បានទាយដូច្នេះដែរថា៖ «ព្រះអង្គបានធ្វើឲ្យភ្នែកគេខ្វាក់ ឲ្យចិត្តគេរឹង ក្រែងគេអាចមើលឃើញនឹងភ្នែក ហើយចិត្តរបស់គេយល់ រួចគេងាកបែរ ដើម្បីឲ្យយើងបានប្រោសគេឲ្យជា» ។ លោកអេសាយថ្លែងដូច្នេះ ព្រោះលោកបានឃើញសិរីល្អព្រះអង្គ ហើយក៏ថ្លែងពីព្រះអង្គ។ ក្នុងចំណោមពួកនាម៉ឺន មានច្រើននាក់បានជឿដល់ព្រះអង្គ តែគេមិនហ៊ានប្រកាសជំនឿរបស់ខ្លួនឡើយ ព្រោះខ្លាចពួកផារិស៊ីកាត់ពួកគេចេញពីសាលាប្រជុំ ពួកគេចូលចិត្តពាក្យសរសើរពីមនុស្ស ជាជាងពាក្យសរសើរពីព្រះ។ ព្រះយេស៊ូវបន្លឺព្រះសូរសៀងខ្លាំងៗថា៖ «អ្នកណាដែលជឿដល់ខ្ញុំ នោះមិនមែនជឿដល់ខ្ញុំតែប៉ុណ្ណោះទេ គឺជឿដល់ព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកនោះដែរ។ អ្នកណាដែលឃើញខ្ញុំ អ្នកនោះក៏ឃើញព្រះអង្គ ដែលបានចាត់ខ្ញុំឲ្យមកដែរ។ ខ្ញុំបានមកជាពន្លឺបំភ្លឺពិភពលោក ដើម្បីកុំឲ្យអ្នកណាដែលជឿដល់ខ្ញុំ នៅជាប់នៅក្នុងសេចក្តីងងឹត។ បើអ្នកណាឮពាក្យខ្ញុំ ហើយមិនប្រព្រឹត្តតាម ខ្ញុំមិនកាត់ទោសអ្នកនោះឡើយ ដ្បិតខ្ញុំមក មិនមែនដើម្បីកាត់ទោសមនុស្សលោកទេ គឺមកសង្គ្រោះមនុស្សលោកវិញ។ អ្នកណាដែលបដិសេធ ហើយមិនទទួលពាក្យខ្ញុំ អ្នកនោះមានចៅក្រមដែលកាត់ទោសហើយ គឺពាក្យដែលខ្ញុំបាននិយាយនឹងកាត់ទោសគេ នៅថ្ងៃចុងបំផុត។ ដ្បិតខ្ញុំមិនបាននិយាយដោយអាងខ្លួនខ្ញុំទេ គឺព្រះវរបិតា ដែលចាត់ខ្ញុំឲ្យមក ព្រះអង្គបានបង្គាប់ខ្ញុំ ពីសេចក្តីដែលខ្ញុំត្រូវនិយាយ ហើយពីពាក្យដែលខ្ញុំត្រូវប្រាប់ដែរ។ ខ្ញុំដឹងថា សេចក្តីដែលព្រះអង្គបង្គាប់មកនោះ ជាជីវិតដ៏នៅអស់កល្បជានិច្ច ដូច្នេះ អ្វីដែលខ្ញុំនិយាយ ខ្ញុំនិយាយតាមតែព្រះវរបិតាមានព្រះបន្ទូលមកខ្ញុំ»។
យ៉ូហាន 12:36-50 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូរអ្នករាល់គ្នាជឿដល់ពន្លឺ កំពុងដែលនៅមាននៅឡើយចុះ ដើម្បីឲ្យបានធ្វើជាកូននៃពន្លឺ។ លុះព្រះយេស៊ូវមានបន្ទូលសេចក្ដីទាំងនេះហើយ នោះទ្រង់ក៏យាងចេញទៅ ហើយបានកំបាំងពីគេ ប៉ុន្តែ ទោះបើទ្រង់បានធ្វើទីសំគាល់ នៅមុខគេជាច្រើនទាំងម៉្លេះក៏ដោយ គង់តែគេមិនបានជឿដល់ទ្រង់ដែរ ដើម្បីឲ្យពាក្យរបស់ហោរាអេសាយបានសំរេច ដែលទាយថា «ព្រះអម្ចាស់អើយ តើអ្នកណាបានជឿសេចក្ដីដែលយើងខ្ញុំប្រាប់ ហើយតើព្រះហស្តព្រះអម្ចាស់បានបើកសំដែងមក ឲ្យអ្នកណាឃើញ» គឺដោយហេតុនោះបានជាគេជឿពុំបាន ពីព្រោះលោកអេសាយក៏ទាយទៀតថា «ទ្រង់បានធ្វើឲ្យភ្នែកគេខ្វាក់ ហើយឲ្យចិត្តគេរឹង ក្រែងភ្នែកគេមើលឃើញ ចិត្តគេយល់ ហើយគេប្រែគំនិត ដើម្បីឲ្យអញបានប្រោសឲ្យជា» លោកអេសាយមានប្រសាសន៍សេចក្ដីទាំងនេះ ពីព្រោះលោកបានឃើញសិរីល្អទ្រង់ ហើយក៏ទាយពីទ្រង់ ប៉ុន្តែ នៅក្នុងពួកនាម៉ឺន ក៏មានជាច្រើននាក់បានជឿដល់ទ្រង់ដែរ តែគេមិនហ៊ានប្រាប់ដល់អ្នកណាសោះ ដោយព្រោះពួកផារិស៊ី ក្រែងត្រូវកាត់ចេញពីពួកជំនុំគេទៅ ពីព្រោះគេចូលចិត្តនឹងសេចក្ដីសរសើររបស់មនុស្ស ជាជាងសេចក្ដីសរសើររបស់ព្រះវិញ។ ព្រះយេស៊ូវទ្រង់បន្លឺឡើងថា អ្នកណាដែលជឿដល់ខ្ញុំ នោះមិនមែនជឿដល់ខ្ញុំ គឺជឿដល់ព្រះអង្គ ដែលចាត់ឲ្យខ្ញុំមកនោះវិញ ហើយអ្នកណាដែលឃើញខ្ញុំ នោះក៏ឃើញព្រះអង្គ ដែលចាត់ឲ្យខ្ញុំមកដែរ ខ្ញុំបានមកក្នុងលោកីយជាពន្លឺភ្លឺ ដើម្បីកុំឲ្យអ្នកណាដែលជឿដល់ខ្ញុំ ត្រូវនៅក្នុងសេចក្ដីងងឹតឡើយ បើអ្នកណាឮពាក្យខ្ញុំ តែមិនជឿ នោះខ្ញុំមិនកាត់ទោសគេ ដ្បិតខ្ញុំមិនបានមក ដើម្បីនឹងកាត់ទោសដល់លោកីយទេ គឺមកប្រយោជន៍នឹងសង្គ្រោះវិញ អ្នកណាដែលវៀរបង់ចោលខ្ញុំ ហើយមិនទទួលពាក្យខ្ញុំ អ្នកនោះមានចៅក្រមដែលកាត់ទោសខ្លួនហើយ គឺជាពាក្យដែលខ្ញុំបាននិយាយនោះឯង ពាក្យនោះនឹងកាត់ទោសដល់គេ នៅថ្ងៃចុងបំផុត ដ្បិតខ្ញុំមិនបាននិយាយ ដោយអាងខ្លួនខ្ញុំទេ គឺជាព្រះវរបិតា ដែលចាត់ឲ្យខ្ញុំមក ទ្រង់បានបង្គាប់ខ្ញុំ ពីសេចក្ដីដែលខ្ញុំត្រូវនិយាយ ហើយពីពាក្យដែលខ្ញុំត្រូវប្រាប់វិញ ខ្ញុំក៏ដឹងថា សេចក្ដីដែលទ្រង់បង្គាប់មកនោះ ជាជីវិតដ៏នៅអស់កល្បជានិច្ច ដូច្នេះ សេចក្ដីអ្វីដែលខ្ញុំនិយាយ នោះខ្ញុំនិយាយតាមដែលព្រះវរបិតាបានប្រាប់មក។