យ៉ូហាន 12:23-28

យ៉ូហាន 12:23-28 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ទៅ​គេ​ថា៖ «ពេល​កំណត់​ដែល​កូន​មនុស្ស​ត្រូវ​បាន​លើក​តម្កើង បាន​មក​ដល់​ហើយ។ ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បើ​គ្រាប់​ស្រូវ​ដែល​ធ្លាក់​ចុះ​ទៅ​ដី​មិន​ងាប់​ទេ នោះ​នៅ​វា​តែ​មួយ​ដដែល តែ​បើ​ស្រូវ​នោះ​ងាប់ វា​នឹង​បង្កើត​ផល​បាន​ជា​ច្រើន។ អ្នក​ណា​ដែល​ស្រឡាញ់​ជីវិត​របស់​ខ្លួន អ្នក​នោះ​នឹង​បាត់​ជីវិត​ទៅ តែ​អ្នក​ណា​ដែល​ស្អប់​ជីវិត​របស់​ខ្លួន​នៅ​ក្នុង​ពិភព​លោក​នេះ នឹង​រក្សា​ជីវិត​ទុក​ឲ្យ​ស្ថិតស្ថេរ​នៅ​រហូត​អស់​កល្ប​ជានិច្ច។ អ្នក​ណា​បម្រើ​ខ្ញុំ ត្រូវ​មក​តាម​ខ្ញុំ ទោះ​បី​ខ្ញុំ​នៅ​ឯ​ណា អ្នក​បម្រើ​ខ្ញុំ​ក៏​នឹង​នៅ​ទី​នោះ​ដែរ បើ​អ្នក​ណា​បម្រើ​ខ្ញុំ ព្រះ‌វរបិតា​នឹង​លើក​មុខ​អ្នក​នោះ»។ «ឥឡូវ​នេះ ខ្ញុំ​មាន​ចិត្ត​តប់​ប្រមល់​ខ្លាំង​ណាស់ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ទូល​ដូច​ម្តេច? ឱ​ព្រះ‌វរបិតា​អើយ សូម​សង្គ្រោះ​ទូល​បង្គំ ឲ្យ​រួច​ពី​ពេល​នេះ​ផង ប៉ុន្តែ នេះ​ជា​ហេតុ​ដែល​ទូល​បង្គំ​ត្រូវ​មក​នៅ​ពេល​នេះ។ ឱ​ព្រះ‌វរបិតា​អើយ សូម​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ​ឡើង »។ ពេល​នោះ ស្រាប់​តែ​មាន​ឮ​សំឡេង​ពី​លើ​មេឃ​ថា៖ «យើង​បាន​តម្កើង​ឡើង​ហើយ ក៏​នឹង​តម្កើង​ឡើង​ទៀត​ដែរ»។

ចែក​រំលែក
អាន យ៉ូហាន 12

យ៉ូហាន 12:23-28 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ឥឡូវ​នេះ ដល់​ពេល​កំណត់​ដែល​បុត្រ​មនុស្ស​ត្រូវ​សម្តែង​សិរី‌រុងរឿង​ហើយ។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា គ្រាប់​ស្រូវ​ធ្លាក់​ដល់​ដី ហើយ​បើ​មិន​ងាប់​ទេ គ្រាប់​នោះ​នៅ​តែ​មួយ​ដដែល។ ផ្ទុយ​ទៅ​វិញ បើ​គ្រាប់​ស្រូវ​នោះ​ងាប់ វា​នឹង​បង្កើត​ផល​បាន​ច្រើន។ អ្នក​ណា​ស្រឡាញ់​ជីវិត​របស់​ខ្លួន អ្នក​នោះ​នឹង​បាត់​បង់​ជីវិត​ទៅ រីឯ​អ្នក​ដែល​មិន​ជំពាក់​ចិត្ត​នឹង​ជីវិត​របស់​ខ្លួន ក្នុង​ពិភព​លោក​នេះ​ទេ នឹង​រក្សា​ជីវិត​ខ្លួន​ឲ្យ​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច។ បើ​អ្នក​ណា​ចង់​បម្រើ​ខ្ញុំ អ្នក​នោះ​ត្រូវ​មក​តាម​ខ្ញុំ ខ្ញុំ​នៅ​ទី​ណា អ្នក​បម្រើ​របស់​ខ្ញុំ​ក៏​នឹង​នៅ​ទី​នោះ​ដែរ។ បើ​អ្នក​ណា​បម្រើ​ខ្ញុំ ព្រះ‌បិតា​នឹង​លើក​កិត្តិយស​អ្នក​នោះ»។ «ឥឡូវ​នេះ ទូលបង្គំ​រន្ធត់​ចិត្ត​ណាស់ មិន​ដឹង​ជា​នឹង​ទូល​ថា​ដូច​ម្ដេច​ឡើយ។ ឱ​ព្រះ‌បិតា​អើយ សូម​សង្គ្រោះ​ទូលបង្គំ​ឲ្យ​រួច​ផុត​ពី​ទុក្ខ​លំបាក នៅ​ពេល​កំណត់​នេះ​ផង។ ប៉ុន្តែ ទូលបង្គំ​មក ដើម្បី​រង​ទុក្ខ​លំបាក​ក្នុង​ពេល​កំណត់​នេះ​ហើយ។ ព្រះ‌បិតា​អើយ សម្តែង​សិរី‌រុងរឿង ​ព្រះ‌នាម​របស់​ព្រះអង្គ​ឡើង»។ ពេល​នោះ មាន​ឮ​ព្រះ‌សូរសៀង​ពី​លើ​មេឃ​មក​ថា៖ «យើង​បាន​សម្តែង​សិរី‌រុងរឿង​របស់​យើង​ហើយ យើង​ក៏​នឹង​សម្តែង​សិរី‌រុងរឿង​ជា​ថ្មី​ទៀត»។

ចែក​រំលែក
អាន យ៉ូហាន 12

យ៉ូហាន 12:23-28 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

តែ​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា កំណត់​ដែល​កូន​មនុស្ស​ត្រូវ​ដំកើង​ឡើង បាន​មក​ដល់​ហើយ ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បើ​គ្រាប់​ស្រូវ​ដែល​ធ្លាក់​ចុះ​ទៅ​ដី​មិន​ងាប់​ទេ នោះ​ក៏​នៅ​តែ​១​ដដែល តែ​បើ​ងាប់​វិញ នោះ​ក៏​បង្កើត​ផល​ជា​ច្រើន​ឡើង អ្នក​ណា​ដែល​ស្រឡាញ់​ជីវិត​ខ្លួន នោះ​នឹង​បាត់​ជីវិត​ទៅ តែ​អ្នក​ណា​ដែល​ស្អប់​ជីវិត​ខ្លួន នៅ​លោកីយ​នេះ​វិញ នោះ​នឹង​រក្សា​ជីវិត​ទុក ដរាប​ដល់​អស់‌កល្ប​រៀង​ទៅ បើ​អ្នក​ណា​បំរើ​ខ្ញុំ ត្រូវ​ឲ្យ​អ្នក​នោះ​មក​តាម​ខ្ញុំ​ចុះ យ៉ាង​នោះ ទោះ​បើ​ខ្ញុំ​នៅ​ឯ​ណា​ក្តី អ្នក​បំរើ​ខ្ញុំ​ក៏​នឹង​នៅ​ទី​នោះ​ដែរ បើ​អ្នក​ណា​បំរើ​ខ្ញុំ ព្រះវរ‌បិតា​នឹង​លើក​មុខ​អ្នក​នោះ។ ឥឡូវ​នេះ ខ្ញុំ​មាន​ចិត្ត​តប់‌ប្រមល់ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ទូល​ដូច​ម្តេច ឱ​ព្រះវរ‌បិតា​អើយ សូម​ជួយ​សង្គ្រោះ​ទូលបង្គំ ឲ្យ​រួច​ពី​ពេល​នេះ​ផង ប៉ុន្តែ គឺ​ដោយ​ហេតុ​នេះ​ឯង បាន​ជា​ទូលបង្គំ​មក​ដល់​ពេល​នេះ ឱ​ព្រះវរ‌បិតា​អើយ សូម​ដំកើង​ព្រះ‌នាម​ទ្រង់​ឡើង នោះ​ស្រាប់​តែ​មាន​ឮ​សំឡេង​ពី​លើ​មេឃ​ថា អញ​បាន​ដំកើង​ហើយ ក៏​នឹង​ដំកើង​ឡើង​ទៀត​ដែរ

ចែក​រំលែក
អាន យ៉ូហាន 12