យ៉ូហាន 12:23-27
យ៉ូហាន 12:23-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយទៅគេថា៖ «ពេលកំណត់ដែលកូនមនុស្សត្រូវបានលើកតម្កើង បានមកដល់ហើយ។ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើគ្រាប់ស្រូវដែលធ្លាក់ចុះទៅដីមិនងាប់ទេ នោះនៅវាតែមួយដដែល តែបើស្រូវនោះងាប់ វានឹងបង្កើតផលបានជាច្រើន។ អ្នកណាដែលស្រឡាញ់ជីវិតរបស់ខ្លួន អ្នកនោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលស្អប់ជីវិតរបស់ខ្លួននៅក្នុងពិភពលោកនេះ នឹងរក្សាជីវិតទុកឲ្យស្ថិតស្ថេរនៅរហូតអស់កល្បជានិច្ច។ អ្នកណាបម្រើខ្ញុំ ត្រូវមកតាមខ្ញុំ ទោះបីខ្ញុំនៅឯណា អ្នកបម្រើខ្ញុំក៏នឹងនៅទីនោះដែរ បើអ្នកណាបម្រើខ្ញុំ ព្រះវរបិតានឹងលើកមុខអ្នកនោះ»។ «ឥឡូវនេះ ខ្ញុំមានចិត្តតប់ប្រមល់ខ្លាំងណាស់ តើត្រូវឲ្យខ្ញុំទូលដូចម្តេច? ឱព្រះវរបិតាអើយ សូមសង្គ្រោះទូលបង្គំ ឲ្យរួចពីពេលនេះផង ប៉ុន្តែ នេះជាហេតុដែលទូលបង្គំត្រូវមកនៅពេលនេះ។
យ៉ូហាន 12:23-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ឥឡូវនេះ ដល់ពេលកំណត់ដែលបុត្រមនុស្សត្រូវសម្តែងសិរីរុងរឿងហើយ។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា គ្រាប់ស្រូវធ្លាក់ដល់ដី ហើយបើមិនងាប់ទេ គ្រាប់នោះនៅតែមួយដដែល។ ផ្ទុយទៅវិញ បើគ្រាប់ស្រូវនោះងាប់ វានឹងបង្កើតផលបានច្រើន។ អ្នកណាស្រឡាញ់ជីវិតរបស់ខ្លួន អ្នកនោះនឹងបាត់បង់ជីវិតទៅ រីឯអ្នកដែលមិនជំពាក់ចិត្តនឹងជីវិតរបស់ខ្លួន ក្នុងពិភពលោកនេះទេ នឹងរក្សាជីវិតខ្លួនឲ្យនៅស្ថិតស្ថេរអស់កល្បជានិច្ច។ បើអ្នកណាចង់បម្រើខ្ញុំ អ្នកនោះត្រូវមកតាមខ្ញុំ ខ្ញុំនៅទីណា អ្នកបម្រើរបស់ខ្ញុំក៏នឹងនៅទីនោះដែរ។ បើអ្នកណាបម្រើខ្ញុំ ព្រះបិតានឹងលើកកិត្តិយសអ្នកនោះ»។ «ឥឡូវនេះ ទូលបង្គំរន្ធត់ចិត្តណាស់ មិនដឹងជានឹងទូលថាដូចម្ដេចឡើយ។ ឱព្រះបិតាអើយ សូមសង្គ្រោះទូលបង្គំឲ្យរួចផុតពីទុក្ខលំបាក នៅពេលកំណត់នេះផង។ ប៉ុន្តែ ទូលបង្គំមក ដើម្បីរងទុក្ខលំបាកក្នុងពេលកំណត់នេះហើយ។
យ៉ូហាន 12:23-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តែទ្រង់មានបន្ទូលឆ្លើយថា កំណត់ដែលកូនមនុស្សត្រូវដំកើងឡើង បានមកដល់ហើយ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើគ្រាប់ស្រូវដែលធ្លាក់ចុះទៅដីមិនងាប់ទេ នោះក៏នៅតែ១ដដែល តែបើងាប់វិញ នោះក៏បង្កើតផលជាច្រើនឡើង អ្នកណាដែលស្រឡាញ់ជីវិតខ្លួន នោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលស្អប់ជីវិតខ្លួន នៅលោកីយនេះវិញ នោះនឹងរក្សាជីវិតទុក ដរាបដល់អស់កល្បរៀងទៅ បើអ្នកណាបំរើខ្ញុំ ត្រូវឲ្យអ្នកនោះមកតាមខ្ញុំចុះ យ៉ាងនោះ ទោះបើខ្ញុំនៅឯណាក្តី អ្នកបំរើខ្ញុំក៏នឹងនៅទីនោះដែរ បើអ្នកណាបំរើខ្ញុំ ព្រះវរបិតានឹងលើកមុខអ្នកនោះ។ ឥឡូវនេះ ខ្ញុំមានចិត្តតប់ប្រមល់ តើត្រូវឲ្យខ្ញុំទូលដូចម្តេច ឱព្រះវរបិតាអើយ សូមជួយសង្គ្រោះទូលបង្គំ ឲ្យរួចពីពេលនេះផង ប៉ុន្តែ គឺដោយហេតុនេះឯង បានជាទូលបង្គំមកដល់ពេលនេះ