យ៉ូហាន 11:1-15

យ៉ូហាន 11:1-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ភូមិ​បេតថា‌នី មាន​បុរស​ម្នាក់​ឈ្មោះ ឡាសារ គាត់​មាន​ជំងឺ។ នាង​ម៉ាថា និង​នាង​ម៉ារី​ជា​បង​ស្រី​របស់​គាត់ ក៏​រស់​នៅ​ក្នុង​ភូមិ​នោះ​ដែរ។ នាង​ម៉ារី​នេះ​ជា​ស្ត្រី​ម្នាក់​ដែល​បាន​ចាក់​ប្រេង​ក្រអូប​លើ​ព្រះ‌បាទា​របស់​ព្រះ‌អម្ចាស់ ព្រម​ទាំង​បាន​យក​សក់​របស់​នាង​មក​ជូត​ផង។ រីឯ​លោក​ឡាសារ​ដែល​ឈឺ​នោះ ត្រូវ​ជា​ប្អូន​បង្កើត​របស់​នាង។ នាង​ទាំង​ពីរ​នាក់​បាន​ចាត់​គេ​ឲ្យ​ទៅ​ទូល​ព្រះ‌យេស៊ូ​ថា៖ «លោក​ម្ចាស់ អ្នក​ដែល​លោក​ស្រឡាញ់​កំពុង​តែ​មាន​ជំងឺ»។ កាល​ព្រះ‌យេស៊ូ​ជ្រាប​ដំណឹង​នេះ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ជំងឺ​នេះ​កើត​ឡើង មិន​មែន​ឲ្យ​គាត់​បាត់​បង់​ជីវិត​ទេ គឺ​ដើម្បី​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់ ព្រម​ទាំង​ឲ្យ​ព្រះ‌បុត្រា​របស់​ព្រះអង្គ​សម្តែង​សិរី‌រុងរឿង​វិញ»។ ព្រះ‌យេស៊ូ​ស្រឡាញ់​នាង​ម៉ាថា ប្អូន​ស្រី​របស់​នាង និង​លោក​ឡាសារ​ណាស់។ កាល​ព្រះអង្គ​ជ្រាប​ដំណឹង​ថា លោក​ឡាសារ​មាន​ជំងឺ ព្រះអង្គ​គង់​នៅ​កន្លែង​ដដែល​នោះ​ពីរ​ថ្ងៃ​ទៀត បន្ទាប់​មក ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស*​ថា៖ «យើង​នាំ​គ្នា​ត្រឡប់​ទៅ​ស្រុក​យូដា​វិញ»។ ពួក​សិស្ស​ទូល​ព្រះអង្គ​ថា៖ «ព្រះ‌គ្រូ ជន‌ជាតិ​យូដា​ទើប​នឹង​ចង់​យក​ដុំ​ថ្ម​គប់​ធ្វើ​គុត​ព្រះអង្គ​ថ្មីៗ​នេះ​សោះ ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះអង្គ​ចង់​វិល​ទៅ​ស្រុក​នោះ​វិញ!»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ក្នុង​មួយ​ថ្ងៃ​មាន​ដប់‌ពីរ​ម៉ោង អ្នក​ណា​ដើរ​នៅ​ពេល​ថ្ងៃ អ្នក​នោះ​មិន​ជំពប់​ជើង​ដួល​ឡើយ ព្រោះ​គេ​ឃើញ​ពន្លឺ​របស់​ពិភព​លោក​នេះ។ ផ្ទុយ​ទៅ​វិញ អ្នក​ណា​ដើរ​នៅ​ពេល​យប់ អ្នក​នោះ​មុខ​តែ​ជំពប់​ជើង​ដួល​ជា​មិន​ខាន ព្រោះ​គេ​គ្មាន​ពន្លឺ​នៅ​ក្នុង​ខ្លួន​ទេ»។ ក្រោយ​មក ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថែម​ទៀត​ថា៖ «ឡាសារ​ជា​មិត្ត​សម្លាញ់​របស់​យើង​សម្រាន្ដ​លក់​ទៅ​ហើយ ខ្ញុំ​ត្រូវ​តែ​ទៅ​ដាស់​គាត់​ឲ្យ​ភ្ញាក់​ឡើង​វិញ»។ ពួក​សិស្ស​ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ ប្រសិន​បើ​គាត់​សម្រាន្ដ​លក់​ដូច្នេះ គាត់​នឹង​បាន​ជា​វិញ​មិន​ខាន»។ តាម​ពិត ព្រះ‌យេស៊ូ​ចង់​មាន​ព្រះ‌បន្ទូល​ថា លោក​ឡាសារ​ស្លាប់​បាត់​ទៅ​ហើយ ប៉ុន្តែ ពួក​សិស្ស​ស្មាន​ថា ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា គាត់​សម្រាន្ដ​លក់​ធម្មតា។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​បញ្ជាក់​យ៉ាង​ច្បាស់​ថា៖ «ឡាសារ​ស្លាប់​ទៅ​ហើយ បើ​គិត​ពី​ប្រយោជន៍​អ្នក​រាល់​គ្នា ខ្ញុំ​សប្បាយ​ចិត្ត ដោយ​ខ្ញុំ​មិន​បាន​នៅ​ទី​នោះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជឿ។ ឥឡូវ​នេះ យើង​នាំ​គ្នា​ទៅ​ផ្ទះ​គាត់»។

ចែក​រំលែក
អាន យ៉ូហាន 11

យ៉ូហាន 11:1-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មាន​បុរស​ម្នាក់ ឈ្មោះ​ឡាសារ ដែល​មាន​ជំងឺ គាត់​នៅ​ភូមិ​បេ‌ថានី​ជា​មួយ​បង​ស្រី​គាត់ គឺ​ម៉ារា និង​ម៉ាថា។ នាង​ម៉ារា ជា​ម្នាក់​ដែល​បាន​ចាក់​ប្រេង​ក្រអូប​លាប​ព្រះ‌អម្ចាស់ រួច​យក​សក់​នាង​ជូត​ព្រះ‌បាទ​ព្រះ‌អង្គ គឺ​នាង​ជា​បង​ស្រី​របស់​ឡាសារ ដែល​ឈឺ​នោះ។ បង‌ប្អូន​ស្រី​ពីរ​នាក់​នោះ បាន​ចាត់​គេ​ឲ្យ​ទៅ​ទូល​ព្រះ‌យេស៊ូវ​ថា៖ «ព្រះ‌អម្ចាស់​អើយ មើល៍! អ្នក​ដែល​ព្រះ‌អង្គ​ស្រឡាញ់​នោះ​កំពុង​មាន​ជំងឺ»។ ប៉ុន្តែ ពេល​ព្រះ‌យេស៊ូវ​ឮ​ដូច្នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ជំងឺ​នេះ​មិន​មែន​ដល់​ស្លាប់​ទេ គឺ​សម្រាប់​ជាសិរី​ល្អ​ដល់​ព្រះ ដើម្បី​លើក​តម្កើង​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ ដោយ​សារ​ជំងឺ​នេះ​វិញ»។ ព្រះ‌យេស៊ូវ​ស្រឡាញ់​នាង​ម៉ាថា ប្អូន​ស្រី​របស់​នាង និង​ឡាសារ​ណាស់។ ក្រោយ​ពី​បាន​ជ្រាប​ថា​គាត់​ឈឺ ព្រះ‌អង្គ​ក៏​គង់​នៅ​កន្លែង​នោះ​ពីរ​ថ្ងៃ​ទៀត។ បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា៖ «ចូរ​យើង​ត្រឡប់​ទៅ​ស្រុក​យូដា​វិញ»។ ពួក​សិស្ស​ទូល​ព្រះ‌អង្គ​ថា៖ «រ៉ាប៊ី ពួក​សាសន៍​យូដា​ទើប​នឹង​រក​គប់​លោក​នឹង​ដុំថ្ម​ថ្មីៗ​នេះ​សោះ តែ​លោក​ចង់​ទៅ​ទី​នោះ​ទៀត​ឬ?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «នៅ​ពេល​ថ្ងៃ តើ​មិន​មាន​ដប់ពីរ​ម៉ោង​ទេ​ឬ? បើ​អ្នក​ណា​ដើរ​នៅ​ពេល​ថ្ងៃ អ្នក​នោះ​មិន​ជំពប់​ជើង​ឡើយ ព្រោះ​ឃើញ​ពន្លឺ​របស់​ពិភព​លោក​នេះ។ ប៉ុន្តែ បើ​អ្នក​ណា​ដើរ​នៅ​ពេល​យប់​វិញ អ្នក​នោះ​ជំពប់​ជើង​ហើយ ព្រោះ​គ្មាន​ពន្លឺ​នៅ​ក្នុង​ខ្លួន​សោះ»។ បន្ទាប់​ពី​មាន​ព្រះ‌បន្ទូល​ពី​សេចក្ដី​ទាំង​នេះ​ហើយព្រះ‌អង្គ​ប្រាប់​គេ​ថា៖ «ឡាសារ ជា​សម្លាញ់​យើង បាន​ដេក​លក់ទៅ​ហើយ តែ​ខ្ញុំ​នឹង​ទៅ​ដាស់​គាត់​ឲ្យ​ភ្ញាក់​ឡើង​វិញ»។ ពួក​សិស្ស​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ បើ​គាត់​ដេក​លក់ នោះ​គាត់​នឹង​បាន​ជា​វិញ​មិន​ខាន»។ ពេល​នោះ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ពី​គាត់​ស្លាប់​ទេ តែ​គេ​ស្មាន​ថា ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​អំពី​គាត់​គ្រាន់​តែ​ដេក​លក់​ធម្មតា។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ប្រាប់​គេ​យ៉ាង​ច្បាស់​ថា៖ «ឡាសារ​ស្លាប់​ហើយ តែ​ដោយ​យល់​ដល់​អ្នក​រាល់​គ្នា ខ្ញុំ​សប្បាយ​ដែល​ខ្ញុំ​មិន​បាន​នៅ​ទី​នោះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជឿ តែ​ឥឡូវ​នេះ ចូរ​យើង​នាំ​គ្នា​ទៅ​ផ្ទះ​គាត់»។

ចែក​រំលែក
អាន យ៉ូហាន 11

យ៉ូហាន 11:1-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

មាន​បុរស​ម្នាក់ ឈ្មោះ​ឡាសារ មាន​ជំងឺ​ឈឺ គាត់​នៅ​ភូមិ​បេ‌ថានី ជា​ភូមិ​របស់​នាង​ម៉ារា នឹង​បង​នាង​ឈ្មោះ​ម៉ាថា ឯ​នាង​ម៉ារា ដែល​ប្អូន​នាង​ឈ្មោះ​ឡាសារ​មាន​ជំងឺ​នេះ គឺ​នាង​នេះ​ហើយ ដែល​បាន​ចាក់​ប្រេង​ក្រអូប លាប​ថ្វាយ​ព្រះ‌អម្ចាស់ រួច​យក​សក់​នាង​ជូត​ព្រះ‌បាទ​ទ្រង់ បង​ប្អូន​ស្រី​២​នាក់​នោះ ក៏​ចាត់​គេ​ឲ្យ​ទៅ​ឯ​ព្រះ‌យេស៊ូវ ទូល​ថា ព្រះ‌អម្ចាស់​អើយ មើល អ្នក​ដែល​ទ្រង់​ស្រឡាញ់​នោះ​គាត់​ឈឺ កាល​ទ្រង់​បាន​ឮ​ដូច្នេះ នោះ​ក៏​មាន​បន្ទូល​ថា ជំងឺ​នេះ​មិន​មែន​ដល់​ស្លាប់​ទេ គឺ​សំរាប់​ជា​កិត្តិសព្ទ​ដល់​ព្រះ​វិញ ដើម្បី​នឹង​លើក​ដំកើង​ដល់​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ ដោយ‌សារ​ជំងឺ​នេះ​ឯង រីឯ​ព្រះ‌យេស៊ូវ ទ្រង់​ស្រឡាញ់​នាង​ម៉ាថា នឹង​ប្អូន​ស្រី​នាង ហើយ​នឹង​ឡាសារ​ផង ដូច្នេះ កាល​ទ្រង់​បាន​ឮ​ថា គាត់​ឈឺ នោះ​ទ្រង់​ក៏​គង់​នៅ​កន្លែង​ដដែល​២​ថ្ងៃ​ទៀត ក្រោយ​នោះ​មក ទ្រង់​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ថា ចូរ​យើង​ត្រឡប់​ទៅ​ឯ​ស្រុក​យូដា​វិញ ពួក​សិស្ស​ទូល​ទ្រង់​ថា លោក​គ្រូ ពួក​សាសន៍​យូដា​ទើប​នឹង​រក​ចោល​លោក​នឹង​ថ្ម​ពី​មុន​នោះ ដូច្នេះ តើ​លោក​គិត​ទៅ​ឯ​ណោះ​ទៀត​ឬ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ថា ក្នុង​១​ថ្ងៃ មាន​១២​ម៉ោង​ទេ​តើ បើ​អ្នក​ណា​ដើរ​នៅ​ពេល​ថ្ងៃ នោះ​មិន​ជំពប់​ជើង​ទេ ព្រោះ​ឃើញ​ពន្លឺ​លោកីយ​នេះ តែ​បើ​អ្នក​ណា​ដើរ​នៅ​ពេល​យប់ នោះ​ត្រូវ​ជំពប់​ជើង​វិញ ពី​ព្រោះ​គ្មាន​ពន្លឺ​នៅ​ក្នុង​ខ្លួន​សោះ ក្រោយ​ដែល​ទ្រង់​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ​ហើយ នោះ​ក៏​មាន​បន្ទូល​ទៀត​ថា ឡាសារ ជា​សំឡាញ់​យើង គាត់​បាន​ដេក​លក់​ទៅ​ហើយ ខ្ញុំ​ទៅ​ដើម្បី​នឹង​ដាស់​គាត់​ឡើង ដូច្នេះ ពួក​សិស្ស​ទូល​ថា ព្រះ‌អម្ចាស់​អើយ បើ​គាត់​ដេក​លក់ នោះ​គាត់​នឹង​បាន​ជា​វិញ ឯ​ព្រះ‌យេស៊ូវ ទ្រង់​មាន​បន្ទូល​ពី​គាត់​ស្លាប់​ទេ តែ​គេ​ស្មាន​ថា ទ្រង់​មាន​បន្ទូល​អំពី​គាត់​គ្រាន់​តែ​ដេក​សំរាក​ប៉ុណ្ណោះ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គេ​ជា​យ៉ាង​ច្បាស់​ថា ឡាសារ​ស្លាប់​ហើយ ខ្ញុំ​ក៏​អរ​ណាស់ ដោយ​យល់​ដល់​អ្នក​រាល់​គ្នា ព្រោះ​ខ្ញុំ​មិន​បាន​នៅ​ឯ​ណោះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជឿ ឥឡូវ ចូរ​យើង​ទៅ​ឯ​គាត់​ចុះ

ចែក​រំលែក
អាន យ៉ូហាន 11