យ៉ូហាន 10:30-39

យ៉ូហាន 10:30-39 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌វរបិតា និង​ខ្ញុំ គឺ​តែ​មួយ»។ ពួក​សាសន៍​យូដា​ក៏​រើស​ដុំថ្ម​ម្ដង​ទៀត បម្រុង​នឹង​គប់​ព្រះ‌អង្គ។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​បាន​សម្តែង​ឲ្យ​អ្នក​រាល់​គ្នា​ឃើញ​ការ​ល្អ​ជា​ច្រើន ដែល​មក​ពី​ព្រះ‌វរបិតា​ខ្ញុំ តើ​មាន​អ្វី​ដែល​នាំ​ឲ្យ​អ្នក​រាល់​គ្នា​ចង់​គប់​ខ្ញុំ?» ពួក​សាសន៍​យូដា​ទូល​ឆ្លើយ​ថា៖ «មិន​មែន​ដោយ​ព្រោះ​ការ​ល្អ​ណា​ទេ យើង​ចង់​គប់​អ្នក​នឹង​ដុំថ្ម គឺ​ដោយ​ព្រោះ​ពាក្យ​ប្រមាថ​ដល់​ព្រះ អ្នក​ជា​មនុស្ស ហើយ​តាំង​ខ្លួន​ជា​ព្រះ»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «នៅ​ក្នុង​ក្រឹត្យ‌វិន័យ​របស់​អ្នក​រាល់​គ្នា តើ​មិន​មាន​ចែង​ទុក​មក​ថា "យើង​បាន​និយាយ​ថា អ្នក​រាល់​គ្នា​ជា​ព្រះ" ទេ​ឬ? បើ​ព្រះ‌អង្គ​ហៅ​គេ​ថា​ជា "ព្រះ" ដែល​ព្រះ‌បន្ទូល​របស់​ព្រះ​បាន​មក​ដល់​គេ(ហើយ​បទ​គម្ពីរ​មិន​អាច​លើក​ចោល​បាន​ទេ) នោះ​តើ​អ្នក​រាល់​គ្នា​និយាយ​មក​ខ្ញុំ ដែល​ព្រះ‌វរបិតា​បាន​ញែក​ជា​បរិសុទ្ធ ហើយ​ចាត់​ឲ្យ​មក​ក្នុង​ពិភព​លោក​នេះ​ថា ខ្ញុំ​ពោល​ពាក្យ​ប្រមាថ​ដល់​ព្រះ ព្រោះ​តែ​ខ្ញុំ​និយាយ​ថា "ខ្ញុំ​ជា​ព្រះ​រាជ​បុត្រា​របស់​ព្រះ" ដូច្នេះ​ឬ? បើ​ខ្ញុំ​មិន​ធ្វើ​កិច្ច‌ការ​របស់​ព្រះ‌វរបិតា​ខ្ញុំ​ទេ នោះ​កុំ​ជឿ​ខ្ញុំ​អី ប៉ុន្តែ បើ​ខ្ញុំ​ធ្វើ ហើយ​អ្នក​រាល់​គ្នា​មិន​ជឿ​ខ្ញុំ ក៏​គួរ​តែ​ជឿ​កិច្ច‌ការ​ទាំង​នោះ​ចុះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង ហើយ​ជឿ​ថា ព្រះ‌វរបិតា​គង់​នៅ​ក្នុង​ខ្ញុំ ហើយ​ខ្ញុំ​នៅ​ក្នុង​ព្រះ‌វរបិតា»។ គេ​រក​ចាប់​ព្រះ‌អង្គ​ម្តង​ទៀត តែ​ព្រះ‌អង្គ​គេច​ផុត​ពី​កណ្តាប់​ដៃ​របស់​គេ។

ចែក​រំលែក
អាន យ៉ូហាន 10

យ៉ូហាន 10:30-39 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ និង​ព្រះ‌បិតា​ជា​អង្គ​តែ​មួយ»។ ជន‌ជាតិ​យូដា​នាំ​គ្នា​រើស​ដុំ​ថ្ម​ម្ដង​ទៀត បម្រុង​នឹង​គប់​សម្លាប់​ព្រះអង្គ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​បាន​បង្ហាញ​ឲ្យ​អ្នក​រាល់​គ្នា​ឃើញ​កិច្ចការ​ដ៏​ល្អ​ប្រសើរ​ជា​ច្រើន ដែល​ព្រះ‌បិតា​ប្រទាន​ឲ្យ​ខ្ញុំ​ធ្វើ។ ក្នុង​បណ្ដា​កិច្ចការ​ទាំង​នោះ តើ​កិច្ចការ​ណា​មួយ​ដែល​នាំ​ឲ្យ​អ្នក​រាល់​គ្នា​យក​ដុំ​ថ្ម​បម្រុង​នឹង​គប់​សម្លាប់​ខ្ញុំ?»។ ជន‌ជាតិ​យូដា​តប​ទៅ​ព្រះអង្គ​ថា៖ «យើង​ចង់​សម្លាប់​លោក មិន​មែន​មក​ពី​លោក​បាន​ធ្វើ​កិច្ចការ​ដ៏​ល្អ​ប្រសើរ​ណា​មួយ​នោះ​ឡើយ គឺ​មក​ពី​លោក​បាន​ពោល​ពាក្យ​ប្រមាថ​ព្រះ‌ជាម្ចាស់ ដ្បិត​លោក​ជា​មនុស្ស ហើយ​តាំង​ខ្លួន​ជា​ព្រះ‌ជាម្ចាស់»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «ក្នុង​វិន័យ*​របស់​អ្នក​រាល់​គ្នា​មាន​ចែង​ថា ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា អ្នក​រាល់​គ្នា​ជា​ព្រះ ។ យើង​មិន​អាច​លុប​បំបាត់​គម្ពីរ​ឡើយ បើ​គម្ពីរ​ហៅ​អស់​អ្នក​ដែល​ទទួល​ព្រះ‌បន្ទូល​ថា​ជា “ព្រះ” ដូច្នេះ ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​ពេល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​ជា​បុត្រា​របស់​ព្រះ‌ជាម្ចាស់ អ្នក​រាល់​គ្នា​បែរ​ជា​ពោល​ថា​ខ្ញុំ​ប្រមាថ​ព្រះអង្គ​ទៅ​វិញ? ព្រះ‌បិតា​បាន​ប្រោស​ខ្ញុំ​ឲ្យ​វិសុទ្ធ ហើយ​ចាត់​ខ្ញុំ​ឲ្យ​មក​ក្នុង​ពិភព​លោក​នេះ​ទៀត​ផង។ ប្រសិន​បើ​ខ្ញុំ​មិន​ធ្វើ​ការ​របស់​ព្រះ‌បិតា​ទេ​នោះ សុំ​កុំ​ជឿ​ខ្ញុំ​ឡើយ។ ប៉ុន្តែ បើ​ខ្ញុំ​ធ្វើ​កិច្ចការ​របស់​ព្រះអង្គ ទោះ​បី​អ្នក​រាល់​គ្នា​មិន​ជឿ​ខ្ញុំ​ក៏​ដោយ ក៏​សុំ​ជឿ​ទៅ​លើ​កិច្ចការ​ទាំង​នោះ​ចុះ ដើម្បី​ឲ្យ​បាន​ដឹង ហើយ​រឹត​តែ​ដឹង​ទៀត​ថា ព្រះ‌បិតា​ស្ថិត​នៅ​ក្នុង​ខ្ញុំ ខ្ញុំ​ស្ថិត​នៅ​ក្នុង​ព្រះ‌បិតា»។ គេ​រក​ចាប់​ព្រះ‌យេស៊ូ​ម្ដង​ទៀត ប៉ុន្តែ ព្រះអង្គ​គេច​ផុត​ពី​គេ​ទៅ។

ចែក​រំលែក
អាន យ៉ូហាន 10

យ៉ូហាន 10:30-39 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ខ្ញុំ ហើយ​នឹង​ព្រះវរ‌បិតា គឺ​តែ​១​ព្រះ‌អង្គ​ទេ។ នោះ​ពួក​សាសន៍​យូដា​ក៏​រើស​ថ្ម​ម្តង​ទៀត ដើម្បី​នឹង​ចោល​ព្រះ‌យេស៊ូវ តែ​ទ្រង់​មាន​បន្ទូល​សួរ​គេ​ថា ខ្ញុំ​បាន​សំដែង​ឲ្យ​អ្នក​រាល់​គ្នា​ឃើញ​ការ​ល្អ​ជា​ច្រើន ដែល​មក​ពី​ព្រះវរ‌បិតា​ខ្ញុំ តើ​អ្នក​រាល់​គ្នា​ចោល​ខ្ញុំ​នឹង​ថ្ម ដោយ​ព្រោះ​ការ​ណា​មួយ​នោះ ពួក​សាសន៍​យូដា​ទូល​ឆ្លើយ​ថា យើង​ចោល​អ្នក​នឹង​ថ្ម មិន​មែន​ដោយ​ព្រោះ​ការ​ល្អ​ណា​ទេ គឺ​ដោយ​ព្រោះ​ពាក្យ​ប្រមាថ​ដល់​ព្រះ ហើយ​ពី​ព្រោះ​អ្នក ដែល​ជា​មនុស្ស បាន​តាំង​ខ្លួន​ឡើង​ជា​ព្រះ​វិញ​ប៉ុណ្ណោះ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ថា តើ​គ្មាន​សេចក្ដី​ចែង​ទុក​មក​ក្នុង​ក្រិត្យ‌វិន័យ​របស់​អ្នក​រាល់​គ្នា​ថា «អញ​បាន​និយាយ​ថា ឯង​រាល់​គ្នា​ជា​ព្រះ» ទេ​ឬ​អី ដូច្នេះ បើ​ទ្រង់​បាន​ហៅ​អ្នក​ទាំង​នោះ​ជា​ព្រះ ដែល​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​បាន​ឮ​ទៅ​ដល់​គេ ហើយ​បើ​លើក​ចោល​បទ​គម្ពីរ​ណា​មិន​បាន នោះ​តើ​អ្នក​រាល់​គ្នា​និយាយ​មក​ខ្ញុំ​នេះ ដែល​ព្រះវរ‌បិតា​ញែក​ជា​បរិសុទ្ធ ហើយ​ចាត់​មក​ក្នុង​លោកីយ ថា ខ្ញុំ​ពោល​ពាក្យ​ប្រមាថ​ដល់​ព្រះ ដោយ​ព្រោះ​តែ​ខ្ញុំ​និយាយ​ថា ខ្ញុំ​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​ដូច្នេះ​ឬ​អី បើ​សិន​ជា​ខ្ញុំ​មិន​ធ្វើ​ការ​របស់​ព្រះវរ‌បិតា​ខ្ញុំ​ទេ នោះ​កុំ​ឲ្យ​ជឿ​ដល់​ខ្ញុំ​ឡើយ ប៉ុន្តែ បើ​ខ្ញុំ​ធ្វើ​ការ​របស់​ទ្រង់​វិញ នោះ​ទោះ​បើ​អ្នក​រាល់​គ្នា​មិន​ជឿ​ខ្ញុំ គង់​តែ​ត្រូវ​ជឿ​ដល់​ការ​ទាំង​នោះ​ដែរ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង ហើយ​ជឿ​ថា ព្រះវរ‌បិតា​ទ្រង់​គង់​នៅ​ក្នុង​ខ្ញុំ ហើយ​ខ្ញុំ​ក្នុង​ទ្រង់​ដែរ។ គេ​ក៏​រក​ចាប់​ទ្រង់​ម្តង​ទៀត តែ​ទ្រង់​គេច​ចេញ​រួច​ពី​កណ្តាប់​ដៃ​គេ​ទៅ

ចែក​រំលែក
អាន យ៉ូហាន 10