យ៉ូហាន 10:22-30

យ៉ូហាន 10:22-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​នោះ ជា​រដូវ​រងា គេ​នាំ​គ្នា​ធ្វើ​បុណ្យ​រំឭក​ពិធី​ឆ្លង​ព្រះ‌វិហារ* នៅ​ក្រុង​យេរូ‌សាឡឹម។ ព្រះ‌យេស៊ូ​យាង​ចុះ​ឡើង​ក្នុង​ថែវ​ព្រះ‌វិហារ​ដែល​មាន​ឈ្មោះ​ថា «ថែវ​ព្រះ‌បាទ​សាឡូម៉ូន»។ ជន‌ជាតិ​យូដា​នាំ​គ្នា​ចោម‌រោម​ព្រះអង្គ ទូល​សួរ​ថា៖ «តើ​លោក​ទុក​ឲ្យ​យើង​ខ្ញុំ​នៅ​រារែក​ក្នុង​ចិត្ត​ដល់​ណា​ទៀត? ប្រសិន​បើ​លោក​ពិត​ជា​ព្រះ‌គ្រិស្ត*​មែន សូម​ប្រាប់​យើង​ខ្ញុំ​ឲ្យ​ត្រង់ៗ​មក»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​រួច​មក​ហើយ តែ​អ្នក​រាល់​គ្នា​មិន​ជឿ​ទេ។ កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​ធ្វើ​ក្នុង​ព្រះ‌នាម​ព្រះ‌បិតា​របស់​ខ្ញុំ ជា​សក្ខីភាព*​បញ្ជាក់​អំពី​ខ្ញុំ​ស្រាប់។ ប៉ុន្តែ អ្នក​រាល់​គ្នា​មិន​ជឿ​សោះ ព្រោះ​អ្នក​រាល់​គ្នា​មិន​នៅ​ក្នុង​ចំណោម​ចៀម​របស់​ខ្ញុំ។ ចៀម​របស់​ខ្ញុំ​តែង​ស្ដាប់​សំឡេង​ខ្ញុំ ខ្ញុំ​ស្គាល់​ចៀម​ទាំង​នោះ ហើយ​ចៀម​ទាំង​នោះ​មក​តាម​ខ្ញុំ។ ខ្ញុំ​ឲ្យ​គេ​មាន​ជីវិត​អស់‌កល្ប​ជានិច្ច គេ​មិន​វិនាស​អន្តរាយ​ឡើយ ហើយ​គ្មាន​នរណា​អាច​ឆក់​យក​គេ​ពី​ដៃ​ខ្ញុំ​ជា​ដាច់​ខាត។ ព្រះ‌បិតា​ដែល​បាន​ប្រទាន​ចៀម​ទាំង​នោះ​មក​ឲ្យ​ខ្ញុំ ព្រះអង្គ​មាន​អំណាច​ធំ​លើស​អ្វីៗ​ទាំង​អស់ គ្មាន​នរណា​អាច​ឆក់​យក​គេ​ពី​ព្រះ‌ហស្ដ​ព្រះ‌បិតា​ឡើយ។ ខ្ញុំ និង​ព្រះ‌បិតា​ជា​អង្គ​តែ​មួយ»។

ចែក​រំលែក
អាន យ៉ូហាន 10

យ៉ូហាន 10:22-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​នោះ ជា​រដូវ​រងា ហើយ​គេ​នាំ​គ្នា​ធ្វើ​បុណ្យ​ឆ្លងនៅ​ក្រុង​យេរូ‌សាឡិម ព្រះ‌យេស៊ូវ​យាង​ចុះ​ឡើង​ក្នុង​ព្រះ‌វិហារ ត្រង់​ថែវ​ព្រះ​បាទ​សាឡូ‌ម៉ូន។ ដូច្នេះ​ពួក​សាសន៍​យូដា​ចោម​រោម​ព្រះ‌អង្គ ហើយ​ទូល​សួរ​ថា៖ «តើ​លោក​ទុក​ឲ្យ​យើង​ខ្ញុំ​នៅ​ស្ទាក់​ស្ទើរ​ដល់​កាល​ណា​ទៀត? បើ​លោក​ជា​ព្រះ‌គ្រីស្ទ​ពិត​មែន សូម​ប្រាប់​យើង​ខ្ញុំ​ឲ្យ​ច្បាស់​មក»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ហើយ តែ​អ្នក​រាល់​គ្នា​មិន​ជឿ កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​ធ្វើ ក្នុង​នាម​ព្រះ‌វរបិតា​ខ្ញុំ កិច្ច‌ការ​នោះ​ឯង​ធ្វើ​បន្ទាល់​ពី​ខ្ញុំ ប៉ុន្តែ អ្នក​រាល់​គ្នា​មិន​ជឿ ព្រោះ​អ្នក​រាល់​គ្នា​មិន​មែន​ជា​ចៀម​របស់​ខ្ញុំ​ទេ។ ចៀម​របស់​ខ្ញុំ​តែង​ស្តាប់​សំឡេង​ខ្ញុំ ខ្ញុំ​ស្គាល់​ចៀម​ទាំង​នោះ​ដែរ ហើយ​ចៀម​ទាំង​នោះ​មក​តាម​ខ្ញុំ។ ខ្ញុំ​ឲ្យ​គេ​មាន​ជីវិត​អស់​កល្ប​ជា‌និច្ច គេ​មិន​ត្រូវ​វិនាស​ឡើយ ក៏​គ្មាន​អ្នក​ណា​ឆក់​យក​គេ​ពី​ដៃ​ខ្ញុំ​បាន​ដែរ។ ព្រះ‌វរបិតា​ខ្ញុំ ដែល​ប្រទាន​ចៀម​ទាំង​នោះ​មក​ខ្ញុំ ទ្រង់​ធំ​លើស​ជាង​អ្វី​ទាំង​អស់ គ្មាន​អ្នក​ណា​អាច​ឆក់​គេ​ចេញ​ពី​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​បាន​ឡើយ ព្រះ‌វរបិតា និង​ខ្ញុំ គឺ​តែ​មួយ»។

ចែក​រំលែក
អាន យ៉ូហាន 10

យ៉ូហាន 10:22-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គ្រា​នោះ​ជា​រដូវ​រងា ហើយ​នៅ​ក្រុង​យេរូ‌សាឡិម​គេ​កំពុង​តែ​ធ្វើ​បុណ្យ​ឆ្លង ឯ​ព្រះ‌យេស៊ូវ ទ្រង់​យាង​ចុះ​ឡើង​ក្នុង​ព្រះ‌វិហារ ត្រង់​បាំង‌សាច​ហ្លួង​សាឡូម៉ូន នោះ​មាន​ពួក​សាសន៍​យូដា​ចោម​ព័ទ្ធ​ទ្រង់​ទូល​សួរ​ថា តើ​លោក​ទុក​ឲ្យ​យើង​ខ្ញុំ​នៅ​ស្ទាក់‌ស្ទើរ​ដល់​កាល​ណា​ទៀត បើ​លោក​ជា​ព្រះ‌គ្រីស្ទ​ពិត នោះ​សូម​ប្រាប់​យើង​ខ្ញុំ​ឲ្យ​ច្បាស់​មក​ចុះ ព្រះ‌យេស៊ូវ​ទ្រង់​ឆ្លើយ​ទៅ​គេ​ថា ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ហើយ តែ​អ្នក​រាល់​គ្នា​មិន​ជឿ ឯ​ការ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​ធ្វើ​ដោយ​នូវ​នាម​ព្រះវរ‌បិតា​ខ្ញុំ ការ​ទាំង​នោះ​ឯង​ធ្វើ​បន្ទាល់​ពី​ខ្ញុំ​ហើយ ប៉ុន្តែ អ្នក​រាល់​គ្នា​មិន​ជឿ ដ្បិត​អ្នក​រាល់​គ្នា​មិន​មែន​ជា​ចៀម​របស់​ខ្ញុំ​ទេ ដូច​ជា​ខ្ញុំ​បាន​ប្រាប់​ស្រេច​ហើយ ចៀម​ខ្ញុំ​ទាំង​ប៉ុន្មាន​វា​ស្តាប់​ខ្ញុំ ហើយ​មក​តាម ខ្ញុំ​ក៏​ស្គាល់​វា​ដែរ ខ្ញុំ​ឲ្យ​ជីវិត​អស់​‌កល្ប​ជានិច្ច​ដល់​វា វា​មិន​ត្រូវ​វិនាស​នៅ​អស់‌កល្ប​រៀង​ទៅ ក៏​គ្មាន​អ្នក​ណា​ឆក់​យក​វា​ពី​ដៃ​ខ្ញុំ​បាន​ទេ ព្រះវរ‌បិតា​នៃ​ខ្ញុំ ដែល​ប្រទាន​វា​មក​ខ្ញុំ ទ្រង់​ធំ​លើស​ជាង​ទាំង​អស់ គ្មាន​អ្នក​ណា​អាច​នឹង​ឆក់​យក​វា​ចេញ​ពី​ព្រះ‌ហស្ត​របស់​ព្រះវរ‌បិតា​ខ្ញុំ​បាន​ឡើយ ខ្ញុំ ហើយ​នឹង​ព្រះវរ‌បិតា គឺ​តែ​១​ព្រះ‌អង្គ​ទេ។

ចែក​រំលែក
អាន យ៉ូហាន 10