យ៉ូហាន 10:11-18

យ៉ូហាន 10:11-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ខ្ញុំ​ជា​គង្វាល​ល្អ គង្វាល​ល្អ​ហ៊ាន​ប្តូរ​ជីវិត​ជំនួស​ចៀម​ខ្លួន។ អ្នក​ស៊ី​ឈ្នួល​មិន​មែន​ជា​គង្វាល​ពិត​ទេ ហើយ​ចៀម​ក៏​មិន​មែន​ជា​របស់​អ្នក​នោះ​ដែរ លុះ​វា​ឃើញ​ឆ្កែ​ព្រៃ​មក ក៏​រត់​ចោល​ចៀម ទុក​ឲ្យ​ឆ្កែ​ព្រៃ​ឆក់​យក​ទៅ ទាំង​ដេញ​កម្ចាត់​កម្ចាយ​ហ្វូង​ចៀម​ផង។ អ្នក​ស៊ី​ឈ្នួល​នោះ​រត់ ព្រោះ​គេ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ចៀម​ឡើយ ខ្ញុំ​ជា​គង្វាល​ល្អ ខ្ញុំ​ស្គាល់​ចៀម​របស់​ខ្ញុំ ហើយ​ចៀម​របស់​ខ្ញុំ​ក៏​ស្គាល់​ខ្ញុំ​ដែរ គឺ​ដូច​ជា​ព្រះ‌វរបិតា​ស្គាល់​ខ្ញុំ ហើយ​ខ្ញុំ​ស្គាល់​ព្រះ‌អង្គ​ដែរ ខ្ញុំ​ស៊ូ​ប្តូរ​ជីវិត​ខ្ញុំ​ដើម្បី​ចៀម។ ខ្ញុំ​នៅ​មាន​ចៀម​ឯ​ទៀត ដែល​មិន​ទាន់​នៅ​ក្នុង​ក្រោល​នេះ​នៅ​ឡើយ ខ្ញុំ​ត្រូវ​តែ​នាំ​ចៀម​ទាំង​នោះ​មក​ដែរ វា​នឹង​ស្តាប់​តាម​សំឡេង​ខ្ញុំ។ ដូច្នេះ នឹង​មាន​ហ្វូង​ចៀម​តែ​មួយ មាន​គង្វាល​តែ​មួយ។ ហេតុ​នេះ​បាន​ជា​ព្រះ‌វរបិតា​ស្រឡាញ់​ខ្ញុំ ព្រោះ​ខ្ញុំ​លះ​បង់​ជីវិត​ខ្ញុំ ដើម្បី​ឲ្យ​បាន​ជីវិត​មក​វិញ។ គ្មាន​នរណា​ដក​យក​ជីវិត​ពី​ខ្ញុំ​បាន​ឡើយ គឺ​ខ្ញុំ​ដាក់​ជីវិត​ចុះ​ដោយ​ខ្លួន​ខ្ញុំ ខ្ញុំ​អាច​នឹង​ដាក់​ជីវិត​នេះ​ចុះ ហើយ​ក៏​អាច​នឹង​យក​មក​វិញ​បាន​ដែរ ខ្ញុំ​បាន​ទទួល​អំណាច​នេះ​ពី​ព្រះ‌វរបិតា​របស់​ខ្ញុំ»។

ចែក​រំលែក
អាន យ៉ូហាន 10

យ៉ូហាន 10:11-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«ខ្ញុំ​ហ្នឹង​ហើយ​ជា​គង្វាល​ដ៏​ល្អ គង្វាល​ដ៏​ល្អ​តែងតែ​ស៊ូ​ប្ដូរ​ជីវិត ដើម្បី​ចៀម​របស់​ខ្លួន។ រីឯ​អ្នក​ស៊ី​ឈ្នួល​វិញ កាល​គេ​ឃើញ​ចចក​មក​ដល់ គេ​រត់​ចោល​ចៀម ទុក​ឲ្យ​ចចក​ខាំ​អូស​យក​ទៅ ហើយ​ដេញ​កម្ចាត់‌កម្ចាយ​ជា​មិន​ខាន ពី‌ព្រោះ​អ្នក​នោះ​មិន​មែន​ជា​គង្វាល ហើយ​ក៏​មិន​មែន​ជា​ម្ចាស់​របស់​ចៀម​ផង។ អ្នក​នោះ​មិន​ខ្វល់​ខ្វាយ​នឹង​ចៀម​ឡើយ ព្រោះ​គេ​គ្រាន់​តែ​ស៊ី​ឈ្នួល​ប៉ុណ្ណោះ។ ខ្ញុំ​ហ្នឹង​ហើយ​ជា​គង្វាល​ដ៏​ល្អ។ ខ្ញុំ​ស្គាល់​ចៀម​របស់​ខ្ញុំ ចៀម​របស់​ខ្ញុំ​ក៏​ស្គាល់​ខ្ញុំ គឺ​ដូច​ព្រះ‌បិតា​ស្គាល់​ខ្ញុំ ហើយ​ខ្ញុំ​ស្គាល់​ព្រះ‌បិតា​ដូច្នោះ​ដែរ។ ខ្ញុំ​ស៊ូ​ប្ដូរ​ជីវិត ដើម្បី​ចៀម​របស់​ខ្ញុំ។ ខ្ញុំ​មាន​ចៀម​ឯ​ទៀតៗ ដែល​មិន​នៅ​ក្នុង​ក្រោល​នេះ​ទេ។ ខ្ញុំ​ត្រូវ​តែ​នាំ​ចៀម​ទាំង​នោះ​មក​ដែរ។ ចៀម​ទាំង​នោះ​នឹង​ស្ដាប់​សំឡេង​ខ្ញុំ ហើយ​នៅ​ពេល​នោះ​នឹង​មាន​ហ្វូង​ចៀម​តែ​មួយ មាន​គង្វាល​តែ​មួយ។ ព្រះ‌បិតា​ស្រឡាញ់​ខ្ញុំ ព្រោះ​ខ្ញុំ​សុខ​ចិត្ត​ស៊ូ​ប្ដូរ​ជីវិត ដើម្បី​ឲ្យ​បាន​ជីវិត​នោះ​មក​វិញ។ គ្មាន​នរណា​ដក​ហូត​ជីវិត​របស់​ខ្ញុំ​ឡើយ គឺ​ខ្ញុំ​ស៊ូ​ប្ដូរ​ជីវិត ដោយ​ខ្លួន​ខ្ញុំ​ផ្ទាល់​តែ​ម្ដង។ ខ្ញុំ​មាន​អំណាច​នឹង​ស៊ូ​ប្ដូរ​ជីវិត​របស់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​មាន​អំណាច​នឹង​យក​ជីវិត​នោះ​មក​វិញ តាម​បទ‌បញ្ជា​ដែល​ខ្ញុំ​បាន​ទទួល​ពី​ព្រះ‌បិតា​មក»។

ចែក​រំលែក
អាន យ៉ូហាន 10

យ៉ូហាន 10:11-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ខ្ញុំ​ជា​អ្នក​គង្វាល​ល្អ ឯ​អ្នក​គង្វាល​ល្អ ក៏​ស៊ូ​តែ​ប្តូរ​ជីវិត​ជំនួស​ចៀម តែ​អ្នក​ស៊ី​ឈ្នួល ដែល​មិន​មែន​ជា​អ្នក​គង្វាល​ពិត ហើយ​ចៀម​ក៏​មិន​មែន​ជា​របស់​ផង​វា លុះ​វា​ឃើញ​ឆ្កែ​ព្រៃ​មក ក៏​រត់​ចេញ​ចោល​ចៀម នោះ​ឆ្កែ​ព្រៃ​ឆក់​យក​ទៅ ទាំង​ដេញ​កំចាត់‌កំចាយ​ហ្វូង​ចៀម​ផង អ្នក​ស៊ី​ឈ្នួល​នោះ​រត់​ទៅ ពី​ព្រោះ​វា​គ្រាន់​តែ​ស៊ី​ឈ្នួល​ប៉ុណ្ណោះ វា​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ចៀម​ឡើយ ឯ​ខ្ញុំ ជា​អ្នក​គង្វាល​ល្អ ខ្ញុំ​ស្គាល់​ចៀម​របស់​ខ្ញុំ ហើយ​ចៀម​ក៏​ស្គាល់​ខ្ញុំ ដូច​ជា​ព្រះវរ‌បិតា ទ្រង់​ស្គាល់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ស្គាល់​ទ្រង់​ដែរ ខ្ញុំ​ស៊ូ​ប្តូរ​ជីវិត​ខ្ញុំ​នឹង​ចៀម ខ្ញុំ​ក៏​មាន​ចៀម​ឯ​ទៀត ដែល​មិន​ទាន់​នៅ​ក្នុង​ក្រោល​នេះ​នៅ​ឡើយ ត្រូវ​តែ​ខ្ញុំ​នាំ​ចៀម​ទាំង​នោះ​មក​ដែរ វា​នឹង​ស្តាប់​តាម​សំឡេង​ខ្ញុំ នោះ​នឹង​មាន​ហ្វូង​តែ​១ នឹង​អ្នក​គង្វាល​តែ​១​វិញ ហេតុ​នោះ​បាន​ជា​ព្រះវរ‌បិតា​ទ្រង់​ស្រឡាញ់​ខ្ញុំ ពី​ព្រោះ​ខ្ញុំ​ដាក់​ជីវិត​ខ្ញុំ​ចុះ ដើម្បី​ឲ្យ​បាន​យក​មក​វិញ គ្មាន​អ្នក​ណា​ដក​យក​ជីវិត​ពី​ខ្ញុំ​បាន​ទេ គឺ​ខ្ញុំ​ដាក់​ជីវិត​ចុះ​ដោយ​ខ្លួន​ខ្ញុំ ខ្ញុំ​អាច​នឹង​ដាក់​ជីវិត​នេះ​ចុះ ហើយ​ក៏​អាច​នឹង​យក​មក​វិញ​បាន​ដែរ ខ្ញុំ​បាន​ទទួល​អំណាច​នេះ ពី​ព្រះវរ‌បិតា​ខ្ញុំ​មក

ចែក​រំលែក
អាន យ៉ូហាន 10

យ៉ូហាន 10:11-18

យ៉ូហាន 10:11-18 គខបយ៉ូហាន 10:11-18 គខបយ៉ូហាន 10:11-18 គខប