យ៉ូហាន 10:1-10

យ៉ូហាន 10:1-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​មិន​ចូល​ក្នុង​ក្រោល​ចៀម​តាម​ទ្វារ តែ​ផ្លោះ​ចូល​តាម​កន្លែង​ផ្សេង អ្នក​នោះ​ជា​ចោរ​លួច​ចោរ​ប្លន់។ រីឯ​អ្នក​ដែល​ចូល​តាម​ទ្វារ ពិត​ជា​គង្វាល​របស់​ចៀម។ ឆ្មាំ​ទ្វារ​បើក​ទ្វារ​ឲ្យ​គាត់​ចូល ហើយ​ចៀម​ទាំង​ប៉ុន្មាន​ស្ដាប់​សំឡេង​គាត់។ គាត់​ហៅ​ចៀម​ផ្ទាល់​របស់​គាត់​តាម​ឈ្មោះ​របស់​វា​រៀងៗ​ខ្លួន រួច​នាំ​ចេញ​ទៅ​ខាង​ក្រៅ។ លុះ​គាត់​បញ្ចេញ​ចៀម​ចេញ​ពី​ក្រោល​អស់​ហើយ គាត់​ដើរ​នាំ​មុខ​វា ហើយ​វា​ដើរ​តាម​ក្រោយ​គាត់ ពី‌ព្រោះ​វា​ស្គាល់​សំឡេង​របស់​គាត់។ ចៀម​ទាំង​នោះ​មិន​ដើរ​តាម​អ្នក​ដទៃ​ជា​ដាច់​ខាត ផ្ទុយ​ទៅ​វិញ វា​រត់​គេច​ចេញ​ឆ្ងាយ​ពី​គេ ព្រោះ​វា​មិន​ស្គាល់​សំឡេង​របស់​អ្នក​ដទៃ​ឡើយ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ជា​ប្រស្នា​នេះ​ឲ្យ​គេ​ស្ដាប់ ប៉ុន្តែ គេ​ពុំ​បាន​យល់​ថា ព្រះអង្គ​មាន​ព្រះ‌បន្ទូល​អំពី​រឿង​អ្វី​ឡើយ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ទៀត​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ខ្ញុំ​ហ្នឹង​ហើយ​ជា​ទ្វារ សម្រាប់​ឲ្យ​ចៀម​ចេញ​ចូល។ អ្នក​ដែល​មក​មុន​ខ្ញុំ​ទាំង​ប៉ុន្មាន​សុទ្ធ​តែ​ជា​ចោរ​លួច​ចោរ​ប្លន់​ទាំង​អស់ ចៀម​មិន​បាន​ស្ដាប់​សំឡេង​អ្នក​ទាំង​នោះ​ឡើយ។ ខ្ញុំ​ហ្នឹង​ហើយ​ជា​ទ្វារ អ្នក​ណា​ចូល​តាម​ខ្ញុំ ព្រះ‌ជាម្ចាស់​នឹង​សង្គ្រោះ​អ្នក​នោះ អ្នក​នោះ​នឹង​ចេញ​ចូល ព្រម​ទាំង​រក​ឃើញ​ចំណី​អាហារ ​ថែម​ទៀត​ផង។ ចោរ​វា​មក គិត​តែ​ពី​លួច​ប្លន់ គិត​តែ​ពី​សម្លាប់ និង​បំផ្លាញ​ប៉ុណ្ណោះ។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​មក ដើម្បី​ឲ្យ​មនុស្ស​លោក​មាន​ជីវិត ហើយ​ឲ្យ​គេ​មាន​ជីវិត​ពេញ​បរិបូណ៌»។

ចែក​រំលែក
អាន យ៉ូហាន 10

យ៉ូហាន 10:1-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

«ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​មិន​ចូល​ទៅ​ក្នុង​ក្រោល​ចៀម​តាម​ទ្វារ តែ​ឡើង​ចូល​តាម​កន្លែង​ណា​ផ្សេង​វិញ អ្នក​នោះ​ឈ្មោះ​ថា​ជា​ចោរ​លួច ចោរ​ប្លន់​ហើយ។ អ្នក​ដែល​ចូល​តាម​ទ្វារ អ្នក​នោះ​ជា​គង្វាល​របស់​ចៀម។ ឆ្មាំ​ទ្វារ​បើក​ទ្វារ​ឲ្យ​អ្នក​នោះ ហើយ​ចៀម​ស្តាប់​តាម​សំឡេង​គាត់​ដែរ គាត់​ហៅ​ចៀម​តាម​ឈ្មោះ​វា​នីមួយៗ នាំ​ចេញ​ទៅ​ក្រៅ។ ពេល​គាត់​បញ្ចេញ​ចៀម​ខ្លួន​ទៅ​ក្រៅ​អស់​ហើយ គាត់​ដើរ​មុន​វា ហើយ​ចៀម​ក៏​ដើរ​តាម​ក្រោយ​គាត់ ព្រោះ​វា​ស្គាល់​សំឡេង​គាត់។ វា​មិន​ព្រម​តាម​អ្នក​ណា​ផ្សេង​ទេ វា​នឹង​រត់​ចេញ​ពី​គេ ព្រោះ​មិន​ស្គាល់​សំឡេង​របស់​អ្នក​ដទៃ​ណា​ឡើយ»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​រឿង​ប្រៀប​ធៀប​នេះ​ទៅ​គេ តែ​គេ​មិន​ដឹង​ថា​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ពី​អ្វី​ឡើយ។ ដូច្នេះ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ម្តង​ទៀត​ថា៖ «ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ខ្ញុំ​ជា​ទ្វារ​ចៀម អស់​អ្នក​ដែល​មក​មុន​ខ្ញុំ សុទ្ធ​តែ​ជា​ចោរ​លួច​ចោរ​ប្លន់​ទេ តែ​ចៀម​មិន​បាន​ស្តាប់​តាម​អ្នក​ទាំង​នោះ​ឡើយ។ ខ្ញុំ​ជា​ទ្វារ បើ​អ្នក​ណា​ចូល​តាម​ខ្ញុំ អ្នក​នោះ​នឹង​បាន​សង្គ្រោះ ហើយ​ចេញ​ចូល និង​រក​បាន​វាល​ស្មៅ​ថែម​ទៀត​ផង។ ចោរ​វា​មក​ប្រយោជន៍​តែ​នឹង​លួច សម្លាប់ ហើយ​បំផ្លាញ​ប៉ុណ្ណោះ តែ​ខ្ញុំ​វិញ ខ្ញុំ​មក ដើម្បី​ឲ្យ​គេ​មាន​ជីវិត ហើយ​ឲ្យ​មាន​ជីវិត​ពេញ​បរិបូរ។

ចែក​រំលែក
អាន យ៉ូហាន 10

យ៉ូហាន 10:1-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​ចូល​ទៅ​ក្នុង​ក្រោល​ចៀម មិន​មែន​តាម​ទ្វារ គឺ​ឡើង​ចូល​តាម​កន្លែង​ណា​ឯ​ទៀត​វិញ អ្នក​នោះ​ឈ្មោះ​ថា​ជា​ចោរ​លួច ចោរ​ប្លន់​ហើយ ឯ​អ្នក​ដែល​ចូល​តាម​ទ្វារ នោះ​ជា​អ្នក​គង្វាល​ចៀម​ពិត អ្នក​ឆ្មាំ​ទ្វារ​ក៏​បើក​ឲ្យ​អ្នក​នោះ ហើយ​ហ្វូង​ចៀម​ស្តាប់​តាម​សំឡេង​គាត់​ដែរ ឯ​ចៀម​របស់​គាត់ នោះ​គាត់​ហៅ​តាម​ឈ្មោះ​វា​និមួយៗ នាំ​ចេញ​ទៅ​ក្រៅ កាល​បាន​បញ្ចេញ​ចៀម​ខ្លួន ទៅ​ក្រៅ​អស់​ហើយ នោះ​គាត់​ដើរ​មុន​វា ហើយ​ចៀម​ក៏​ដើរ​តាម​ក្រោយ​ទៅ ដ្បិត​វា​ស្គាល់​សំឡេង​គាត់ វា​មិន​ព្រម​តាម​មនុស្ស​ដទៃ​ទេ វា​នឹង​រត់​ចេញ​ពី​គេ​វិញ ពី​ព្រោះ​វា​មិន​ស្គាល់​សំឡេង​របស់​មនុស្ស​ដទៃ​ណា​សោះ ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​ពាក្យ​ប្រៀប​ប្រដូច​នេះ​ទៅ​គេ តែ​គេ​មិន​ដឹង​ជា​ទ្រង់​មាន​បន្ទូល​ពី​ដំណើរ​អ្វី​ទេ។ ដូច្នេះ ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ម្តង​ទៀត​ថា ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ខ្ញុំ​ជា​ទ្វារ​ចៀម អស់​អ្នក​ដែល​មក​មុន​ខ្ញុំ នោះ​សុទ្ធ​តែ​ជា​ចោរ​លួច​ចោរ​ប្លន់​ទទេ តែ​ចៀម​មិន​បាន​ស្តាប់​តាម​អ្នក​ទាំង​នោះ​ឡើយ ខ្ញុំ​ជា​ទ្វារ បើ​អ្នក​ណា​ចូល​តាម​ខ្ញុំ នោះ​នឹង​បាន​សង្គ្រោះ រួច​នឹង​ចេញ​ចូល ហើយ​នឹង​រក​បាន​វាល​ស្មៅ​ដ៏​ស្រួល ឯ​ចោរ វា​មក​ប្រយោជន៍​តែ​នឹង​លួច សំឡាប់ ហើយ​បំផ្លាញ​ប៉ុណ្ណោះ តែ​ឯ​ខ្ញុំ​វិញ ខ្ញុំ​បាន​មក ដើម្បី​ឲ្យ​វា​រាល់​គ្នា​មាន​ជីវិត ហើយ​ឲ្យ​មាន​ជីវិត​នោះ​ពេញ​បរិបូរ​ផង

ចែក​រំលែក
អាន យ៉ូហាន 10