យ៉ូហាន 1:6-14

យ៉ូហាន 1:6-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មាន​បុរស​ម្នាក់​ឈ្មោះ​យ៉ូហាន ដែល​ព្រះ​បាន​ចាត់​ឲ្យ​មក។ លោក​បាន​មក​ដើម្បី​ធ្វើ​បន្ទាល់​ពី​ពន្លឺ ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ជឿ តាម​រយៈ​លោក លោក​មិន​មែន​ជា​ពន្លឺ​នោះ​ទេ គឺ​មក​គ្រាន់​តែ​ធ្វើ​បន្ទាល់​ពី​ពន្លឺ​ប៉ុណ្ណោះ។ ពន្លឺ​ដ៏​ពិត​ដែល​មក​ក្នុង​លោកីយ៍ គឺ​ជា​ពន្លឺ​ដែល​បំភ្លឺ​ដល់​មនុស្ស​ទាំង​អស់។ ព្រះ‌អង្គ​បាន​គង់​នៅ​ក្នុងពិភព​លោក ហើយពិភព​លោក​កើត​មក​ដោយ​សារ​ព្រះ‌អង្គ តែ​មនុស្ស​លោក​មិន​ស្គាល់​ព្រះ‌អង្គ​ទេ។ ព្រះ‌អង្គ​បាន​យាង​មក​គង់​នៅ​ទឹក​ដី​របស់​ព្រះ‌អង្គ តែ​ប្រជា​រាស្ត្រ​ព្រះ‌អង្គ​មិន​បាន​ទទួល​ព្រះ‌អង្គ​ឡើយ។ ប៉ុន្តែ អស់​អ្នក​ដែល​ទទួល​ព្រះ‌អង្គ គឺ​អស់​អ្នក​ដែល​ជឿ​ដល់​ព្រះ‌នាម​ព្រះ‌អង្គ ព្រះ‌អង្គ​ប្រទាន​អំណាច ឲ្យ​បាន​ត្រឡប់​ជា​កូន​ព្រះ ជា​កូន​ដែល​មិន​មែន​កើត​មក​ពី​ឈាម ពី​ប្រាថ្នា​ខាង​រូប​សាច់ ឬ​ពី​ចំណង់​របស់​មនុស្ស​ឡើយ គឺ​កើត​មក​ពី​ព្រះ​វិញ។ ព្រះ‌បន្ទូល​បាន​ត្រឡប់​ជា​សាច់​ឈាម ហើយ​គង់​នៅ​ក្នុង​ចំណោម​យើង យើង​បាន​ឃើញ​សិរី​ល្អ​របស់​ព្រះ‌អង្គ គឺ​ជា​សិរី​ល្អ​នៃ​ព្រះ‌រាជ‌បុត្រា​តែ​មួយ ដែល​មក​ពី​ព្រះ‌វរបិតា មាន​ពេញ​ដោយ​ព្រះ‌គុណ និង​សេចក្តី​ពិត។

ចែក​រំលែក
អាន យ៉ូហាន 1

យ៉ូហាន 1:6-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌ជាម្ចាស់​បាន​ចាត់​បុរស​ម្នាក់​ឈ្មោះ​យ៉ូហាន​ឲ្យ​មក។ លោក​បាន​មក​ធ្វើ​ជា​បន្ទាល់​ផ្ដល់​សក្ខីភាព​អំពី​ពន្លឺ ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​ជឿ​ដោយ‌សារ​លោក។ លោក​យ៉ូហាន​មិន​មែន​ជា​ពន្លឺ​ទេ គឺ​លោក​គ្រាន់​តែ​មក​ផ្ដល់​សក្ខីភាព​អំពី​ពន្លឺ​ប៉ុណ្ណោះ។ ព្រះ‌បន្ទូល​ជា​ពន្លឺ​ដ៏​ពិត​ប្រាកដ​តែ​មួយ ដែល​មក​ក្នុង​ពិភព​លោក ហើយ​បំភ្លឺ​មនុស្ស​គ្រប់ៗ​រូប។ ព្រះ‌បន្ទូល​បាន​គង់​ក្នុង​ពិភព​លោក ហើយ​ពិភព​លោក​កើត​ឡើង​ដោយ‌សារ​ព្រះអង្គ ប៉ុន្តែ ពិភព​លោក​ពុំ​បាន​ទទួល​ស្គាល់​ព្រះអង្គ​ទេ។ ព្រះ‌បន្ទូល​បាន​យាង​មក​គង់​ជា​មួយ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ផ្ទាល់ តែ​ប្រជា‌រាស្ត្រ​នោះ​ពុំ​បាន​ទទួល​ព្រះអង្គ​ឡើយ។ រីឯ​អស់​អ្នក​ដែល​បាន​ទទួល​ព្រះអង្គ គឺ​អស់​អ្នក​ដែល​ជឿ​លើ​ព្រះ‌នាម​ព្រះអង្គ ព្រះអង្គ​ប្រទាន​ឲ្យ​គេ​អាច​ទៅ​ជា​បុត្រ​របស់​ព្រះ‌ជាម្ចាស់។ អ្នក​ទាំង​នោះ​ពុំ​មែន​កើត​ពី​លោហិត ពី​ចំណង់​តណ្ហា ឬ​ពី​បំណង​មនុស្ស​ឡើយ គឺ​កើត​ពី​ព្រះ‌ជាម្ចាស់​វិញ។ ព្រះ‌បន្ទូល​បាន​កើត​មក​ជា​មនុស្ស ហើយ​គង់​នៅ ក្នុង​ចំណោម​យើង​រាល់​គ្នា យើង​បាន​ឃើញ​សិរី‌រុងរឿង​របស់​ព្រះអង្គ ជា​សិរី‌រុងរឿង​នៃ​ព្រះ‌បុត្រា​តែ​មួយ​គត់ ដែល​មក​ពី​ព្រះ‌បិតា ព្រះអង្គ​ពោរ‌ពេញ​ទៅ​ដោយ​ព្រះ‌គុណ និង​សេចក្ដី​ពិត។

ចែក​រំលែក
អាន យ៉ូហាន 1

យ៉ូហាន 1:6-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

មាន​ម្នាក់​ឈ្មោះ​យ៉ូហាន ដែល​ព្រះ‌ទ្រង់​ចាត់​ឲ្យ​មក អ្នក​នោះ​បាន​មក​សំរាប់​ជា​ទី​បន្ទាល់ ដើម្បី​នឹង​ធ្វើ​បន្ទាល់​ពី​ពន្លឺ ប្រយោជន៍​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ជឿ ដោយ‌សារ​គាត់ គាត់​មិន​មែន​ជា​ពន្លឺ​នោះ​ទេ គឺ​មក​គ្រាន់​តែ​នឹង​ធ្វើ​បន្ទាល់​ពី​ពន្លឺ​តែ​ប៉ុណ្ណោះ ឯ​ពន្លឺ​ដ៏​ពិត នោះ​គឺ​ជា​ពន្លឺ​ដែល​បំភ្លឺ​ដល់​មនុស្ស​ទាំង​អស់ ដែល​កើត​មក​ក្នុង​លោកីយ ទ្រង់​បាន​គង់​ក្នុង​លោកីយ ហើយ​លោកីយ​ក៏​កើត​មក​ដោយ‌សារ​ទ្រង់ តែ​មិន​ស្គាល់​ទ្រង់​ទេ ទ្រង់​បាន​យាង​មក​គង់​នៅ​ផែនដី​របស់​ទ្រង់ តែ​រាស្ត្រ​ទ្រង់​មិន​បាន​ទទួល​ទ្រង់​សោះ ប៉ុន្តែ​អស់​អ្នក​ណា​ដែល​ទទួល​ទ្រង់ គឺ​អស់​អ្នក​ដែល​ជឿ​ដល់​ព្រះ‌នាម​ទ្រង់ នោះ​ទ្រង់​បាន​ប្រទាន​អំណាច​ឲ្យ​បាន​ត្រឡប់​ជា​កូន​ព្រះ គឺ​ជា​កូន ដែល​មិន​មែន​កើត​មក​ពី​ឈាម ឬ​តាម​ប្រាថ្នា​ខាង​រូប​សាច់ ឬ​តាម​ចំណង់​នៃ​មនុស្ស​ឡើយ គឺ​កើត​មក​អំពី​ព្រះ​វិញ។ ព្រះ‌បន្ទូល​ក៏​ត្រឡប់​ជា​សាច់​ឈាម ហើយ​បាន​ស្នាក់​នៅ​ជា​មួយ​នឹង​យើង​រាល់​គ្នា យើង​រាល់​គ្នា​បាន​ឃើញ​សិរី‌ល្អ​ទ្រង់ គឺ​ជា​សិរី‌ល្អ​នៃ​ព្រះ‌រាជ‌បុត្រា​តែ​១ ដែល​មក​ពី​ព្រះវរ‌បិតា មាន​ពេញ​ជា​ព្រះ‌គុណ នឹង​សេចក្ដី​ពិត

ចែក​រំលែក
អាន យ៉ូហាន 1