យេរេមា 33:10-16

យេរេមា 33:10-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ នៅ​ទី​នេះ​ដែល​អ្នក​រាល់​គ្នា​ថា ជា​ទី​ខូច‌បង់​ឥត​មាន​មនុស្ស ឬ​សត្វ​ណា​នៅ​ទៀត គឺ​នៅ​ក្នុង​ទី​ក្រុង​នៃ​ស្រុក​យូដា​ទាំង​ប៉ុន្មាន ហើយ​នៅ​អស់​ទាំង​ផ្លូវ​របស់​ក្រុង​យេរូ‌សាឡិម ដែល​ចោល​ស្ងាត់​នេះ ឥត​មាន​អ្នក​ណា​អាស្រ័យ​នៅ ឬ​មនុស្ស ឬ​សត្វ​ណា​ឡើយ នោះ​នឹង​មាន​ឮ​សំឡេង​មនុស្ស​ម្តង​ទៀត ជា​សំឡេង​អរ​សប្បាយ និង​សំឡេង​រីក‌រាយ គឺ​សំឡេង​របស់​ប្ដី​ប្រពន្ធ​ថ្មោង‌ថ្មី និង​សំឡេង​ពួក​អ្នក​ដែល​ពោល​ថា៖ ចូរ​លើក​សរសើរ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ដ្បិត​ព្រះ‌យេហូវ៉ា​ល្អ ពី​ព្រោះ​សេចក្ដី​សប្បុរស​របស់​ព្រះ‌អង្គ​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប ហើយ​សំឡេង​របស់​ពួក​ដែល​នាំ​យក​តង្វាយ​អរ​ព្រះ‌គុណ​ចូល​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ដែរ ដ្បិត​យើង​នឹង​ធ្វើ​ឲ្យ​ពួក​អ្នក​ស្រុក​នេះ ដែល​នៅ​ជា​ឈ្លើយ បាន​វិល​មក​វិញ​ដូច​កាល​ពី​ដើម នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ នៅ​ស្រុក​ដែល​ខូច‌បង់នេះ ឥត​មាន​មនុស្ស ឬ​សត្វ​ណា​សោះ ហើយ​អស់​ទាំង​ទី​ក្រុង​នឹង​មាន​ទី​លំនៅ​របស់​ពួក​គង្វាល ដែល​ឲ្យ​ហ្វូង​សត្វ​របស់​គេ​ដេក​សម្រាក​ម្តង​ទៀត។ ហ្វូង​សត្វ​នឹង​ចូល​ក្រោម​ដៃ​នៃ​អ្នក​ដែល​រាប់​វា​ម្តង​ទៀត អស់​ទាំង​ទី​ក្រុង​នៅ​ស្រុក​ភ្នំ ស្រុក​ទំនាប តំបន់​ណេកិប ស្រុក​បេនយ៉ាមីន និង​គ្រប់​កន្លែង​ជុំ‌វិញ​ក្រុង​យេរូ‌សាឡិម ហើយ​នៅ​ទី​ក្រុង​ស្រុក​យូដា​ទាំង​ប៉ុន្មាន​ផង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ នឹង​មាន​គ្រា​មក​ដល់ ដែល​យើង​នឹង​សម្រេច​តាម​ពាក្យ​ល្អ ដែល​យើង​បាន​និយាយ​ពី​ដំណើរ​ពួក​វង្ស​អ៊ីស្រា‌អែល និង​ពួក​វង្ស​យូដា នៅ​គ្រា​នោះ គឺ​នៅ​ជាន់​នោះ យើង​នឹង​ធ្វើ​ឲ្យ​មាន​លំពង់​ដ៏​សុចរិត​ពន្លក​ឡើង​ដល់​ដាវីឌ លំពង់​នោះ ព្រះ‌អង្គ​នឹង​សម្រេច​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត​នៅ​ក្នុង​ស្រុក នៅ​គ្រា​នោះ ពួក​យូដា​នឹង​បាន​សង្គ្រោះ ហើយ​ក្រុង​យេរូ‌សាឡិម​នឹង​នៅ​ដោយ​សុខ‌សាន្ត លំពង់​នោះ គេ​នឹង​ហៅ​ថា «ព្រះ‌យេហូវ៉ា​ដ៏​ជា​សេចក្ដី​សុចរិត​នៃ​យើង​រាល់​គ្នា»

ចែក​រំលែក
អាន យេរេមា 33

យេរេមា 33:10-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ៖ «អ្នក​រាល់​គ្នា​ធ្លាប់​ពោល​ថា “ទឹក​ដី​នេះ​វិនាស​អន្តរាយ​អស់​ហើយ លែង​មាន​មនុស្ស លែង​មាន​សត្វ។ ក្រុង​នានា​ក្នុង​ស្រុក​យូដា និង​ផ្លូវ​នានា​ក្នុង​ក្រុង​យេរូ‌សាឡឹម ជា​កន្លែង​ស្ងាត់​ជ្រងំ លែង​មាន​មនុស្ស លែង​មាន​សត្វ​រស់​នៅ​ទៀត​ហើយ”។ ប៉ុន្តែ នៅ​ពេល​ខាង​មុខ គេ​នឹង​ឮ​សូរ​ស័ព្ទ​បទ​ចម្រៀង​យ៉ាង​សែន​សប្បាយ ព្រម​ទាំង​ឮ​ភ្លេង​ការ និង​ឮ​ចម្រៀង​របស់​អស់​អ្នក​ដែល​ថ្វាយ​យញ្ញ‌បូជា​អរ​ព្រះ‌គុណ នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ ពួក​គេ​សរសើរ​តម្កើង​ថា “ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ដ្បិត​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​សប្បុរស ហើយ​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះអង្គ​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច!”។ ពិត​មែន​ហើយ! យើង​នឹង​ស្ដារ​ស្រុក​នេះ​ឲ្យ​បាន​ដូច​ដើម​វិញ» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​ក្នុង​ក្រុង​ដែល​វិនាស​បាក់​បែក នឹង​គ្មាន​មនុស្ស គ្មាន​សត្វ ហើយ​នៅ​តាម​ក្រុង​ឯ​ទៀតៗ ពួក​គង្វាល​នឹង​នាំ​គ្នា​ធ្វើ​ក្រោល ជា​ជម្រក​សម្រាប់​ហ្វូង​សត្វ​របស់​ខ្លួន​សា​ជា​ថ្មី។ ក្នុង​ក្រុង​នានា​នៅ​តំបន់​ភ្នំ តំបន់​វាល​ទំនាប តំបន់​ណេកិប ក្នុង​ទឹក​ដី​បេន‌យ៉ាមីន តំបន់​ជុំ‌វិញ​ក្រុង​យេរូ‌សាឡឹម និង​នៅ​តាម​ក្រុង​នានា​ក្នុង​ស្រុក​យូដា គង្វាល​នឹង​រាប់​ចំនួន​ចៀម​របស់​ខ្លួន​សា​ជា​ថ្មី» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​គ្រា​ខាង​មុខ យើង​នឹង​សម្រេច​តាម​ពាក្យ​ដែល​យើង​បាន​សន្យា​ជា​មួយ​ប្រជា‌ជន​អ៊ីស្រា‌អែល និង​ប្រជា‌ជន​យូដា។ នៅ​គ្រា​នោះ យើង​នឹង​ធ្វើ​ឲ្យ​មាន​ស្ដេច​មួយ​អង្គ ​ដ៏​សុចរិត កើត​ចេញ​ពី​ពូជ‌ពង្ស​របស់​ដាវីឌ។ ស្ដេច​នោះ​នឹង​គ្រប់‌គ្រង​ស្រុក​ដោយ​សុចរិត និង​យុត្តិធម៌។ នៅ​គ្រា​នោះ ជន‌ជាតិ​យូដា​នឹង​ទទួល​ការ​សង្គ្រោះ ក្រុង​យេរូ‌សាឡឹម​នឹង​មាន​សន្តិ‌សុខ។ គេ​នឹង​ដាក់​ឈ្មោះ​ក្រុង​នោះ​ថា “ព្រះ‌អម្ចាស់​ជា​សេចក្ដី​សុចរិត​របស់​យើង”»។

ចែក​រំលែក
អាន យេរេមា 33

យេរេមា 33:10-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា នៅ​ទី​នេះ​ដែល​ឯង​រាល់​គ្នា​ថា ជា​ទី​ខូច​បង់​ឥត​មាន​មនុស្ស ឬ​សត្វ​ណា​នៅ​ទៀត គឺ​នៅ​ក្នុង​ទី​ក្រុង​នៃ​ស្រុក​យូដា​ទាំង​ប៉ុន្មាន ហើយ​នៅ​អស់​ទាំង​ផ្លូវ​របស់​ក្រុង​យេរូ‌សាឡិម ដែល​ចោល​ស្ងាត់​នេះ ឥត​មាន​អ្នក​ណា​អាស្រ័យ​នៅ ឬ​មនុស្ស ឬ​សត្វ​ណា​ឡើយ នោះ​នឹង​មាន​ឮ​សំឡេង​មនុស្ស​ម្តង​ទៀត ជា​សំឡេង​អរ​សប្បាយ នឹង​សំឡេង​រីក‌រាយ គឺ​សំឡេង​របស់​ប្ដី​ប្រពន្ធ​ថ្មោង‌ថ្មី នឹង​សំឡេង​ពួក​អ្នក​ដែល​ពោល​ថា ចូរ​លើក​សរសើរ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​ល្អ ពី​ព្រោះ​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប ហើយ​សំឡេង​របស់​ពួក​ដែល​នាំ​យក​ដង្វាយ​អរ​ព្រះ‌គុណ​ចូល​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ដែរ ដ្បិត​អញ​នឹង​ធ្វើ​ឲ្យ​ពួក​អ្នក​ស្រុក​នេះ ដែល​នៅ​ជា​ឈ្លើយ បាន​វិល​មក​វិញ​ដូច​កាល​ពី​ដើម នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា នៅ​ស្រុក​នេះ​ដែល​ខូច​បង់ ឥត​មាន​មនុស្សឬ​សត្វ​ណា​សោះ ហើយ​នៅ​អស់​ទាំង​ទី​ក្រុង នោះ​នឹង​មាន​ទី​លំនៅ​របស់​ពួក​អ្នក​គង្វាល ដែល​ឲ្យ​ហ្វូង​សត្វ​របស់​គេ​ដេក​សំរាក​ម្តង​ទៀត ហ្វូង​សត្វ​នឹង​ចូល​ក្រោម​ដៃ​នៃ​អ្នក​ដែល​រាប់​វា​ម្តង​ទៀត នៅ​អស់​ទាំង​ទី​ក្រុង​នៅ​ស្រុក​ភ្នំ ស្រុក​ទំនាប ស្រុក​ត្បូង ស្រុក​បេន‌យ៉ាមីន នឹង​គ្រប់​កន្លែង​ជុំវិញ​ក្រុង​យេរូ‌សាឡិម ហើយ​នៅ​ទី​ក្រុង​ស្រុក​យូដា​ទាំង​ប៉ុន្មាន​ផង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា មើល នឹង​មាន​គ្រា​មក​ដល់ ដែល​អញ​នឹង​សំរេច​តាម​ពាក្យ​ល្អ ដែល​អញ​បាន​និយាយ​ពី​ដំណើរ​ពួក​វង្ស​អ៊ីស្រាអែល នឹង​ពួក​វង្ស​យូដា នៅ​គ្រា​នោះ គឺ​នៅ​ជាន់​នោះ​ឯង អញ​នឹង​ធ្វើ​ឲ្យ​មាន​លំពង់​ដ៏​សុចរិត​ពន្លក​ឡើង​ដល់​ដាវីឌ លំពង់​នោះ​ទ្រង់​នឹង​សំរេច​សេចក្ដី​យុត្តិ‌ធម៌ នឹង​សេចក្ដី​សុចរិត​នៅ​ក្នុង​ស្រុក នៅ​គ្រា​នោះ ពួក​យូដា​នឹង​បាន​សង្គ្រោះ ហើយ​ក្រុង​យេរូ‌សាឡិម​នឹង​នៅ​ដោយ​សុខ‌សាន្ត ឯ​លំពង់​នោះ គេ​នឹង​ហៅ​ថា «ព្រះ‌យេហូវ៉ា​ដ៏​ជា​សេចក្ដី​សុចរិត​នៃ​យើង​រាល់​គ្នា»

ចែក​រំលែក
អាន យេរេមា 33