យេរេមា 31:1-40
យេរេមា 31:1-40 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «នៅគ្រានោះ យើងនឹងធ្វើជា ព្រះរបស់កុលសម្ព័ន្ធអ៊ីស្រាអែលទាំងមូល ពួកគេនឹងធ្វើជាប្រជារាស្ត្ររបស់យើង»។ ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា៖ «នៅវាលរហោស្ថាន យើងបានសម្តែងការប្រណីសន្ដោសដល់ ប្រជាជនដែលសេសសល់ពីស្លាប់ក្នុងចម្បាំង ហើយអ៊ីស្រាអែលនឹងបានសុខសាន្តត្រាណ។ ពួកគេពោលថា ព្រះអម្ចាស់បានសម្តែងព្រះអង្គ ឲ្យខ្ញុំឃើញពីចម្ងាយ។ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា “យើងស្រឡាញ់អ្នក ដោយចិត្តស្រឡាញ់ ដែលស្ថិតស្ថេរនៅអស់កល្បជានិច្ច។ ហេតុនេះហើយបានជាយើងទាក់ទាញចិត្តអ្នក ព្រោះយើងជំពាក់ចិត្តនឹងអ្នកយ៉ាងខ្លាំង។ នាងព្រហ្មចារីអ៊ីស្រាអែលអើយ! យើងនឹងស្អាងនាងឲ្យមាំមួនឡើងវិញ រួចនាងនឹងចេញមកលោតរាំ ទាំងលេងក្រាប់យ៉ាងសប្បាយ។ នាងនឹងដាំទំពាំងបាយជូរក្នុងចម្ការ នៅតាមភ្នំក្នុងស្រុកសាម៉ារីឡើងវិញ។ អ្នកណាដាំ អ្នកនោះនឹងបេះផ្លែបរិភោគ”។ បន្តិចទៀត ពួកអ្នកយាមនឹងស្រែក នៅលើភ្នំអេប្រាអ៊ីមថា: “ចូរក្រោកឡើង! យើងនាំគ្នាឡើងទៅលើភ្នំស៊ីយ៉ូន ថ្វាយបង្គំព្រះអម្ចាស់ជាព្រះរបស់យើង!”» ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរហ៊ោកញ្ជ្រៀវអបអរសាទរកូនចៅយ៉ាកុប! ចូរទទួលប្រជាជនដែលជាមេដឹកនាំ នៃប្រជាជាតិទាំងឡាយ ឲ្យបានគគ្រឹកគគ្រេងឡើង! ចូរបន្លឺសំឡេង ចូរលើកតម្កើងព្រះអម្ចាស់! ហើយពោលថា: “ព្រះអម្ចាស់អើយ! សូមសង្គ្រោះប្រជារាស្ដ្ររបស់ព្រះអង្គ គឺជនជាតិអ៊ីស្រាអែលដែលនៅសេសសល់”។ យើងនឹងនាំពួកគេមកពីស្រុកខាងជើង ហើយក៏ប្រមូលពួកគេពីទីដាច់ស្រយាល នៃផែនដីមកវិញដែរ។ ពួកគេមកទាំងអស់គ្នា គឺមានទាំងមនុស្សខ្វាក់មនុស្សខ្វិន ស្ត្រីមានផ្ទៃពោះ និងស្ត្រីទើបសម្រាលកូន។ ពួកគេវិលត្រឡប់មកវិញយ៉ាងច្រើនឥតគណនា។ ពួកគេមកដល់ ទាំងយំផង ទាំងទូលអង្វរផង យើងនឹងដឹកនាំពួកគេដើរតាមផ្លូវរាបស្មើ គ្មានអ្វីជំពប់ជើង តម្រង់ទៅកន្លែង ដែលមានទឹកហូរ ដ្បិតយើងជាឪពុករបស់ជនជាតិអ៊ីស្រាអែល ហើយអេប្រាអ៊ីមជាកូនច្បងរបស់យើង»។ ប្រជាជាតិទាំងឡាយអើយ ចូរនាំគ្នាស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់ ហើយផ្សព្វផ្សាយរហូតដល់កោះឆ្ងាយៗ! ចូរប្រកាសថា: «ព្រះដែលកម្ចាត់កម្ចាយជនជាតិអ៊ីស្រាអែល ទ្រង់ប្រមូលពួកគេមកវិញហើយ ព្រះអង្គថែរក្សាអ៊ីស្រាអែល ដូចគង្វាលរក្សាហ្វូងចៀមរបស់ខ្លួន។ ព្រះអម្ចាស់រំដោះកូនចៅរបស់លោកយ៉ាកុប ព្រះអង្គលោះពួកគេឲ្យរួចពីខ្មាំង ដែលមានកម្លាំងខ្លាំងជាងពួកគេ។ ពួកគេត្រឡប់មកវិញ ទាំងស្រែកហ៊ោដោយអំណរ នៅលើភ្នំស៊ីយ៉ូន ពួកគេនាំគ្នារត់ទៅទទួលទ្រព្យសម្បត្តិ ដែលព្រះអម្ចាស់ប្រទានឲ្យ គឺមានស្រូវ ស្រាទំពាំងបាយជូរថ្មី ប្រេង ហ្វូងចៀម និងហ្វូងគោ។ ចិត្តរបស់ពួកគេប្រៀបដូចសួនឧទ្យាន ដែលមានទឹកស្រោចស្រព ពួកគេនឹងលែងខ្សោះល្វើយទៀតហើយ។ ពេលនោះ ស្ត្រីក្រមុំនឹងនាំគ្នារាំយ៉ាងសប្បាយ ហើយពួកយុវជន និងពួកចាស់ទុំ ក៏នឹងរាំយ៉ាងសប្បាយដែរ។ យើងនឹងធ្វើឲ្យទុក្ខព្រួយរបស់ពួកគេ ប្រែទៅជាអំណររីករាយ យើងនឹងសម្រាលទុក្ខពួកគេ ហើយធ្វើឲ្យពួកគេមានអំណរសប្បាយ ឡើងវិញ។ យើងនឹងឲ្យសាច់ដ៏ល្អៗដល់ ពួកបូជាចារ្យបរិភោគយ៉ាងស្កប់ស្កល់ ហើយយើងនឹងផ្ដល់សម្បត្តិដ៏បរិបូណ៌ ដល់ប្រជារាស្ត្ររបស់យើង» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «មានឮសំឡេងយំនៅភូមិរ៉ាម៉ា ជាទំនួញសោកសៅ និងសម្រែកឈឺចាប់ គឺនាងរ៉ាជែលយំសោកអាណិតកូន នាងមិនព្រមឲ្យនរណាលួងលោមឡើយ ព្រោះកូនរបស់នាងបាត់បង់ជីវិត អស់ទៅហើយ»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ឈប់យំសោក និងឈប់បង្ហូរទឹកភ្នែកទៅ! ដ្បិតនាងទទួលផលពីអំពើដែលខ្លួនប្រព្រឹត្ត កូនចៅរបស់នាងនឹងវិលត្រឡប់ពីស្រុក របស់ខ្មាំងសត្រូវមកវិញ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ - អនាគតនាងពោរពេញដោយសេចក្ដីសង្ឃឹម ព្រោះកូនចៅរបស់នាងវិលត្រឡប់មក ទឹកដីរបស់ខ្លួនវិញ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ យើងឮអេប្រាអ៊ីមយំរៀបរាប់ថា: “ព្រះអង្គបានដាក់ទោសទូលបង្គំ ហើយទូលបង្គំក៏ទទួលទោស ដូចកូនគោដែលមិនទាន់ផ្សាំង។ សូមនាំទូលបង្គំឲ្យវិលមកវិញ នោះទូលបង្គំនឹងវិលមកវិញ ដ្បិតព្រះអង្គជាព្រះអម្ចាស់ និងជាព្រះរបស់ទូលបង្គំ។ ទូលបង្គំវិលមកវិញ ទាំងនឹកស្ដាយកំហុស។ ពេលដឹងខ្លួនខុសទូលបង្គំក៏គក់ទ្រូង នឹកស្ដាយ ហើយអៀនខ្មាស។ ទូលបង្គំបាក់មុខ ព្រោះតែអំពើដែលទូលបង្គំ ប្រព្រឹត្តកាលនៅពីក្មេង”។ អេប្រាអ៊ីមជាកូនសម្លាញ់ ជាកូនសំណព្វចិត្តរបស់យើង។ ពេលណាយើងគិតនឹងដាក់ទោសអេប្រាអ៊ីម យើងចេះតែនឹកឃើញគេជានិច្ច យើងខ្លោចចិត្តអាណិតគេ យើងស្រឡាញ់គេខ្លាំងណាស់» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ «ចូរលើកទង់សញ្ញា និងបង្គោលចំណាំឡើង ចូរប្រុងប្រយ័ត្ននឹងផ្លូវដែលអ្នកដើរ នាងព្រហ្មចារីអ៊ីស្រាអែលអើយ ចូរវិលត្រឡប់មកវិញ ចូរវិលត្រឡប់មកក្រុងនានារបស់នាងវិញ។ កូនស្រីដែលបះបោរអើយ តើនាងនៅតែដើរតែលតោល ដល់កាលណាទៀត? ព្រះអម្ចាស់បានធ្វើឲ្យមានការមួយថ្មី កើតឡើងនៅលើផែនដីនេះ គឺប្រពន្ធបែរជាស្វែងរកប្ដីទៅវិញ!»។ ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា៖ «នៅពេលដែលយើងស្ដារស្រុកទេសឡើងវិញ ប្រជាជនក្នុងស្រុកយូដា និងក្នុងក្រុងទាំងឡាយនឹងពោលថា: “អ្នកជាព្រះដំណាក់ដ៏សុចរិត និងជាភ្នំដ៏វិសុទ្ធ សូមព្រះអម្ចាស់ប្រទានពរអ្នក!” អ្នកស្រែចម្ការ ព្រមទាំងអ្នកចិញ្ចឹមសត្វ នឹងរស់នៅជាមួយគ្នា នៅតាមទីក្រុងទាំងប៉ុន្មានក្នុងស្រុកយូដា។ យើងនឹងឲ្យទឹកដល់អ្នកដែលស្រេក ហើយជួយអ្នកខ្សោះល្វើយឲ្យមានកម្លាំងឡើងវិញ»។ ពេលនោះ ខ្ញុំភ្ញាក់ឡើង ហើយឃើញថា ខ្ញុំដេកលក់យ៉ាងស្កប់ស្កល់! ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «នៅគ្រាខាងមុខយើងនឹងធ្វើឲ្យទាំងមនុស្ស ទាំងសត្វ កើនចំនួនច្រើនឡើង នៅស្រុកអ៊ីស្រាអែល និងស្រុកយូដា។ ពីមុន យើងធ្លាប់មករកពួកគេ ដើម្បីរម្លើង រំលំ កម្ទេច និងបំផ្លាញឲ្យវិនាសយ៉ាងណា យើងនឹងមករកពួកគេ ដើម្បីសង់ និងដាំឡើងវិញយ៉ាងនោះដែរ -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ នៅគ្រានោះ គេលែងពោលថា “ឪពុកបរិភោគក្តឹបទំពាំងបាយជូរ តែកូនបែរជាឈឺធ្មេញ” ទៀតហើយ គឺម្នាក់ៗត្រូវស្លាប់ ព្រោះតែកំហុសរបស់ខ្លួន។ អ្នកណាបរិភោគក្តឹបទំពាំងបាយជូរ អ្នកនោះនឹងឈឺធ្មេញ»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «នៅគ្រាខាងមុខយើងនឹងចងសម្ពន្ធមេត្រីថ្មីជាមួយប្រជាជនអ៊ីស្រាអែល និងប្រជាជនយូដា។ សម្ពន្ធមេត្រីថ្មីនេះមិនដូចសម្ពន្ធមេត្រី ដែលយើងបានចងជាមួយបុព្វបុរសរបស់ពួកគេ នៅគ្រាដែលយើងដឹកដៃបុព្វបុរសនោះ នាំចេញពីស្រុកអេស៊ីបទេ។ ទោះបីយើងជាម្ចាស់របស់ពួកគេក្ដី ក៏ពួកគេផ្ដាច់សម្ពន្ធមេត្រីរបស់យើងដែរ។ សម្ពន្ធមេត្រីថ្មី ដែលយើងនឹងចងជាមួយប្រជាជនអ៊ីស្រាអែលនៅពេលខាងមុខ មានដូចតទៅ: យើងនឹងដាក់ក្រឹត្យវិន័យរបស់យើងនៅក្នុងជម្រៅចិត្តរបស់ពួកគេ យើងនឹងចារក្រឹត្យវិន័យនោះក្នុងចិត្តគំនិតរបស់ពួកគេ យើងនឹងធ្វើជាព្រះរបស់ពួកគេ ពួកគេធ្វើជាប្រជារាស្ត្ររបស់យើង - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ គេនឹងលែងបង្រៀនជនរួមជាតិរបស់ខ្លួន គេក៏លែងនិយាយប្រាប់បងប្អូនរបស់ខ្លួនថា “ត្រូវតែស្គាល់ព្រះអម្ចាស់” ទៀតហើយ ព្រោះតាំងពីអ្នកតូចបំផុតរហូតដល់អ្នកធំបំផុត គេនឹងស្គាល់យើងគ្រប់ៗគ្នា។ យើងអត់ឱនឲ្យគេចំពោះអំពើទុច្ចរិត ដែលគេបានប្រព្រឹត្ត ហើយយើងក៏លែងនឹកនាពីអំពើបាបរបស់គេទៀតដែរ» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ព្រះអម្ចាស់ដែលតែងតាំងព្រះអាទិត្យ ឲ្យបំភ្លឺនៅពេលថ្ងៃ ហើយព្រះច័ន្ទ និងហ្វូងតារា បំភ្លឺនៅពេលយប់ តាមពេលកំណត់ ព្រះអង្គធ្វើឲ្យកក្រើកទឹកសមុទ្រ និងមានរលកបក់បោក ព្រះអង្គដែលមានព្រះនាមថា “ព្រះអម្ចាស់នៃពិភពទាំងមូល” មានព្រះបន្ទូលថា៖ «ប្រសិនបើច្បាប់ធម្មជាតិទាំងនេះលែងមាន នោះអ៊ីស្រាអែលក៏លែងមានឈ្មោះជា ប្រជាជាតិនៅចំពោះមុខយើង រហូតតទៅដែរ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា៖ «ប្រសិនបើគេអាចវាស់បណ្ដោយផ្ទៃមេឃ និងជម្រៅផែនដីបាន នោះយើងក៏បោះបង់ចោលពូជពង្សអ៊ីស្រាអែល ព្រោះតែអំពើទាំងប៉ុន្មាន ដែលពួកគេប្រព្រឹត្តដែរ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ នៅគ្រាខាងមុខ គេនឹងសង់ទីក្រុងឡើងវិញថ្វាយព្រះអម្ចាស់ គឺចាប់តាំងពីប៉មហាណានាលរហូតដល់ទ្វារនៅជ្រុងកំពែង។ គេនឹងកំណត់ព្រំប្រទល់ថ្មីរបស់ទីក្រុង ចាប់ពីកន្លែងនោះឆ្ពោះទៅទិសខាងលិច រហូតដល់ភ្នំការេប រួចបត់ឆ្ពោះទៅកូអាត។ ជ្រលងភ្នំសាកសព និងផេះ ទាំងមូល ហើយចន្លោះទាំងប៉ុន្មានដែលលាតសន្ធឹងរហូតដល់ជ្រោះកេដ្រូន និងជ្រុងទ្វារសេះ ដែលនៅខាងកើត ត្រូវញែកថ្វាយព្រះអម្ចាស់។ កន្លែងទាំងនោះ នឹងមិនត្រូវគាស់ ឬកម្ទេចឡើយ។
យេរេមា 31:1-40 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ នៅគ្រានោះ យើងនឹងធ្វើជាព្រះដល់គ្រប់ទាំងគ្រួនៃសាសន៍អ៊ីស្រាអែល ហើយគេជាប្រជារាស្ត្ររបស់យើង។ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ ពួកជនដែលសល់នៅពីដាវ គឺជាពួកអ៊ីស្រាអែល គេបានប្រកបដោយគុណនៅទីរហោស្ថាន ក្នុងកាលដែលយើងទៅប្រោស ឲ្យបានសេចក្ដីសម្រាក។ ព្រះយេហូវ៉ាបានលេចមកឲ្យគាត់ ឃើញពីចម្ងាយ ដោយមានព្រះបន្ទូលថា៖ យើងបានស្រឡាញ់អ្នក ដោយសេចក្ដីស្រឡាញ់ដ៏ស្ថិតស្ថេរអស់កល្ប ហេតុនេះហើយបានជាយើងទាញអ្នកមក ដោយសេចក្ដីសប្បុរស។ ឱនាងព្រហ្មចារីអ៊ីស្រាអែលអើយ! យើងនឹងសង់អ្នកឡើងវិញម្ដងទៀត ហើយអ្នកនឹងបានតាំងឡើង អ្នកនឹងបានតាក់តែងដោយក្រាប់ជាថ្មី ព្រមទាំងចេញទៅលោតកព្ឆោង ជាមួយពួកអ្នកដែលលេងសប្បាយ។ អ្នកនឹងដាំដំណាំទំពាំងបាយជូរ នៅលើភ្នំស្រុកសាម៉ារីទៀត ម្ចាស់ដំណាំនឹងដាំទៅ ហើយទទួលផលផង។ ដ្បិតនឹងមានថ្ងៃមកដល់ ដែលពួកយាមនៅលើភ្នំស្រុកអេប្រាអិម នឹងស្រែកឡើងថា៖ ចូរក្រោកឡើង យើងនឹងឡើងទៅឯព្រះយេហូវ៉ា ជាព្រះនៃយើងនៅក្រុងស៊ីយ៉ូន។ ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ ចូរច្រៀងដោយចិត្តអរសប្បាយ ព្រោះពួកយ៉ាកុប ហើយស្រែកឡើងដោយអំណរ ដោយព្រោះមេប្រធាននៃអស់ទាំងសាសន៍ ចូរប្រកាសប្រាប់ចុះ ចូរលើកសរសើរ ដោយពាក្យថា ឱព្រះយេហូវ៉ាអើយ សូមជួយសង្គ្រោះសំណល់នៃសាសន៍អ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គផង។ មើល៍! យើងនឹងនាំគេមកស្រុកខាងជើង ហើយប្រមូលគេពីចុងផែនដីបំផុត មានទាំងពួកខ្វាក់ ពួកខ្វិន ស្រីមានទម្ងន់ និងស្រីដែលហៀបសម្រាលកូនផង ជាក្រុមមនុស្សយ៉ាងធំ ដែលនឹងវិលមកនៅទីនេះវិញ។ គេនឹងមកទាំងយំ និងទាំងពាក្យទូលអង្វរសូមសេចក្ដីមេត្តាករុណា យើងនឹងនាំគេត្រឡប់មកវិញ យើងនឹងឲ្យគេដើរក្បែរកន្លែងដែលមានទឹកហូរ តាមផ្លូវត្រង់ជាផ្លូវដែលគេមិនចំពប់ដួលឡើយ ដ្បិតយើងជាឪពុកដល់សាសន៍អ៊ីស្រាអែល ហើយពួកអេប្រាអិមជាកូនច្បងរបស់យើង។ ឱសាសន៍ដទៃទាំងប៉ុន្មានអើយ ចូរអ្នករាល់គ្នាស្តាប់ព្រះបន្ទូលរបស់ព្រះយេហូវ៉ា ហើយថ្លែងប្រាប់ដល់ពួកកោះដែលនៅឆ្ងាយថា៖ ព្រះដែលបានកម្ចាត់កម្ចាយសាសន៍អ៊ីស្រាអែល ព្រះអង្គនឹងប្រមូលគេមកវិញ ហើយនឹងរក្សាគេ ដូចជាគង្វាលឃ្វាលហ្វូងចៀមរបស់ខ្លួន។ ព្រោះព្រះយេហូវ៉ាបានលោះយ៉ាកុបហើយ ព្រះអង្គបានដោះគេចេញពីកណ្ដាប់ដៃ នៃពួកអ្នកដែលខ្លាំងជាងខ្លួន។ គេនឹងមក ហើយច្រៀងនៅលើទីខ្ពស់នៃភ្នំស៊ីយ៉ូន ហើយមកហូរហែដល់សេចក្ដីសប្បុរសរបស់ព្រះយេហូវ៉ា គឺមកដល់ស្រូវ ទឹកទំពាំងបាយជូរ ប្រេង និងកូនចៀម កូនគោ ពីហ្វូងសត្វ ហើយព្រលឹងគេនឹងបានដូចជាសួនច្បារ ដែលមានទឹកស្រោច នោះគេនឹងមិនមាន សេចក្ដីព្រួយទៀតឡើយ។ គ្រានោះ នាងក្រមុំនឹងមានចិត្តរីករាយ ក្នុងការលោតកព្ឆោង ព្រមទាំងពួកកំលោះៗ និងពួកចាស់ៗទាំងអស់គ្នាផង ដ្បិតយើងនឹងបំប្រែសេចក្ដីសោកសៅរបស់គេ ទៅជាអំណរវិញ ហើយកម្សាន្តចិត្តគេ ព្រមទាំងឲ្យគេរីករាយ ចេញពីសេចក្ដីទុក្ខព្រួយរបស់គេ។ យើងនឹងចម្អែតព្រលឹងពួកសង្ឃ ដោយសេចក្ដីបរិបូរ ហើយឲ្យប្រជារាស្ត្ររបស់យើងបានស្កប់ចិត្ត ដោយសេចក្ដីសប្បុរសរបស់យើង នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ មានឮសូរសំឡេងនៅរ៉ាម៉ា ជាសូរទំនួញ និងសូរយំយ៉ាងជូរចត់ គឺនាងរ៉ាជែលយំនឹងកូននាង ហើយមិនព្រមកម្សាន្តចិត្ត ពីដំណើរកូនសោះ ដ្បិតវាវិនាសបាត់ហើយ។ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ ចូរទប់សំឡេងអ្នកមិនឲ្យយំ និងភ្នែកអ្នកមិនឲ្យហូរសស្រាក់ឡើយ ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ កិច្ចការរបស់អ្នកនឹងបានរង្វាន់ជាពិត ហើយវារាល់គ្នានឹងវិលមកពីស្រុករបស់ខ្មាំងសត្រូវវិញ។ ព្រះយេហូវ៉ាក៏មានព្រះបន្ទូលថា៖ មានសេចក្ដីសង្ឃឹមសម្រាប់ចុងបំផុតរបស់អ្នក កូនចៅអ្នកនឹងវិលមកព្រំដែនរបស់គេវិញ។ ពិតប្រាកដជាយើងបានឮពួកអេប្រាអិម កំពុងតែត្អូញត្អែរថា៖ ព្រះអង្គបានវាយផ្ចាលទូលបង្គំ គឺទូលបង្គំត្រូវវាយពង្រាបដូចជាកូនគោ ដែលមិនធ្លាប់ទឹម សូមព្រះអង្គទាញញាក់ទូលបង្គំមកវិញ នោះទូលបង្គំនឹងវិលបែរមកហើយ ដ្បិតគឺព្រះអង្គហើយជាព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំ។ ក្រោយដែលព្រះអង្គបានទាញញាក់ទូលបង្គំមកវិញ នោះទូលបង្គំបានប្រែគំនិតឡើងជាពិត កាលទូលបង្គំបានទទួលសេចក្ដីប្រៀនប្រដៅហើយ នោះក៏វាយទះភ្លៅខ្លួន ទូលបង្គំមានសេចក្ដីខ្មាស អើ ក៏ជ្រប់មុខផង ពីព្រោះទូលបង្គំធន់រង សេចក្ដីអាម៉ាស់ខ្មាសនៃវ័យក្មេង។ តើអេប្រាអិមជាកូនសម្លាញ់របស់យើងឬ? តើជាកូនសំណព្វឬ? ដ្បិតដែលយើងនិយាយទាស់នឹងវាវេលាណា នោះយើងក៏នឹករឭកដល់វានៅវេលានោះ។ ដូច្នេះ យើងមានចិត្តរំជួលដល់វា និងអាណិតមេត្តាដល់វាជាមិនខាន នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។ ចូរធ្វើទីសម្គាល់តាមផ្លូវ ហើយដោតតម្រុយចុះ ចូរតាំងចិត្តតម្រង់ទៅឯថ្នល់ គឺជាផ្លូវដែលអ្នកបានទៅតាមនោះ ឱព្រហ្មចារីនៃសាសន៍អ៊ីស្រាអែលអើយ ចូរវិលមកវិញ ចូរវិលមកឯទីក្រុងរបស់អ្នកទាំងនេះចុះ ឱកូនស្រីដែលរាថយអើយ តើនាងនៅតែដើរសាត់អណ្តែតដល់កាលណាទៀត? ដ្បិតព្រះយេហូវ៉ាបានបង្កើតការមួយថ្មីនៅលើផែនដី គឺស្ត្រីហ៊ុមព័ទ្ធបុរស ។ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា៖ កាលណាយើងនាំពួកគេ ដែលជាឈ្លើយមកវិញ នៅក្នុងស្រុកយូដា ហើយអស់ទាំងទីក្រុងនៅស្រុកនោះ គេនឹងនិយាយពាក្យនេះឡើងជាថ្មីទៀត គឺថា ឱទីលំនៅនៃសេចក្ដីសុចរិត ហើយភ្នំនៃសេចក្ដីបរិសុទ្ធអើយ សូមព្រះយេហូវ៉ាប្រទានពរដល់អ្នក ស្រុកយូដា និងទីក្រុងទាំងប៉ុន្មានរបស់ស្រុកនោះ នឹងនៅទីនោះជាមួយគ្នា ហើយពួកអ្នកធ្វើស្រែចម្ការ និងអស់អ្នកដែលដើរចុះឡើង ក៏នៅជាមួយហ្វូងសត្វរបស់គេដែរ។ ដ្បិតយើងបានចម្អែតព្រលឹងមនុស្សដែលល្វើយ ឯព្រលឹងព្រួយលំបាក យើងបានឲ្យស្កប់ចិត្តឡើងវិញ។ មកដល់ត្រឹមនេះ ខ្ញុំបានភ្ញាក់ដឹងខ្លួនឡើង ហើយពេលនោះ ខ្ញុំដេកលក់ស្កប់ស្កល់ណាស់។ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ នឹងមានគ្រាមកដល់ ដែលយើងនឹងយកពូជមនុស្ស និងពូជសត្វព្រោះចុះក្នុងពួកវង្សអ៊ីស្រាអែល និងពួកវង្សយូដា ដែលយើងបានមើលគេ ដើម្បីនឹងដករំលើង កាច់បំបាក់ រំលំ បំផ្លាញ ហើយធ្វើទុក្ខជាយ៉ាងណា នោះយើងនឹងមើលគេ ដើម្បីនឹងសង់គេឡើង ហើយដាំគេយ៉ាងនោះដែរ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។ នៅគ្រានោះ គេលែងនិយាយថា៖ ឪពុកបានស៊ីផ្លែទំពាំងបាយជូរ ហើយកូនបែរជាសង្កៀរធ្មេញ គឺគ្រប់គ្នានឹងត្រូវស្លាប់ ដោយព្រោះអំពើទុច្ចរិតរបស់គេរៀងខ្លួន អស់អ្នកណាដែលស៊ីផ្លែទំពាំងបាយជូរ គឺអ្នកនោះឯងដែលនឹងសង្កៀរធ្មេញ។ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ នឹងមានគ្រាមកដល់ ដែលយើងតាំងសញ្ញាថ្មីនឹងពួកវង្សអ៊ីស្រាអែល និងពួកវង្សយូដា មិនមែនតាមសេចក្ដីសញ្ញាដែលយើងបានតាំងជាមួយបុព្វបុរសរបស់គេ នៅគ្រាដែលយើងបានដឹកដៃគេ ចេញពីស្រុកអេស៊ីព្ទមកនោះទេ ជាសេចក្ដីសញ្ញាដែលគេបានផ្តាច់ចេញ ទោះបើយើងជាប្ដីរបស់គេក៏ដោយ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។ គឺព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ សេចក្ដីសញ្ញាដែលយើងតាំងចំពោះពួកវង្សអ៊ីស្រាអែល ក្នុងពេលក្រោយគ្រា គឺយ៉ាងដូច្នេះ យើងនឹងដាក់ក្រឹត្យវិន័យរបស់យើង នៅខាងក្នុងខ្លួនគេ ទាំងចារឹកទុកក្នុងចិត្តគេ នោះយើងនឹងធ្វើជាព្រះដល់គេ ហើយគេនឹងបានជាប្រជារាស្ត្ររបស់យើង។ បន្ទាប់មក គេនឹងលែងបង្រៀនអ្នកជិតខាង ហើយបងប្អូនគេរៀងខ្លួនទៀតថា៖ ចូរឲ្យស្គាល់ព្រះយេហូវ៉ាចុះ ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា គេនឹងស្គាល់យើងគ្រប់ៗគ្នា តាំងពីអ្នកតូចបំផុត រហូតដល់អ្នកធំបំផុតក្នុងពួកគេ ព្រោះយើងនឹងអត់ទោសចំពោះអំពើទុច្ចរិតរបស់គេ ហើយលែងនឹកចាំពីអំពើបាបគេទៀតជារៀងរហូតទៅ។ ព្រះដែលប្រទានព្រះអាទិត្យ សម្រាប់ជាពន្លឺនៅពេលថ្ងៃ ហើយតាំងរបៀបនៃព្រះចន្ទ និងតារាទាំងប៉ុន្មានសម្រាប់បំភ្លឺនៅពេលយប់ ជាព្រះដែលបណ្ដាលឲ្យសមុទ្រកម្រើកឡើង ដល់ម៉្លេះបានជាឮសន្ធឹករលក ដែលព្រះនាមព្រះអង្គជាព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា៖ បើបញ្ញត្តិច្បាប់ទាំងនេះ ឃ្លាតចេញពីមុខយើងទៅកាលណា នោះព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ ពូជអ៊ីស្រាអែលក៏នឹងលែងធ្វើជានគរ នៅមុខយើងជារៀងរហូតដែរ។ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ បើអាចនឹងវាស់ផ្ទៃមេឃខាងលើ ហើយស្ទង់ឫសផែនដីនៅខាងក្រោមបាន យើងនឹងបោះបង់ចោលពូជអ៊ីស្រាអែល ដោយព្រោះកិច្ចការទាំងប៉ុន្មានដែលគេបានប្រព្រឹត្តដែរ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ មើល៍! នឹងមានគ្រាមកដល់ ដែលទីក្រុងនេះនឹងបានសង់ឡើងថ្វាយព្រះយេហូវ៉ា ចាប់តាំងពីប៉មហាណានាល រហូតដល់ទ្វារជ្រុងកំផែង។ គេនឹងយកខ្សែរង្វាស់វាស់ចេញទៅដល់ភ្នំការេប ហើយបត់មកដល់កូអាត។ ឯច្រកភ្នំទាំងមូលនៃសាកសព និងផេះ ព្រមទាំងចម្ការទាំងប៉ុន្មានរហូតដល់ជ្រោះកេដ្រុន និងដល់ជ្រុងកំផែងទ្វារសេះ ដែលបើកទៅទិសខាងកើត នោះនឹងបានជាទីបរិសុទ្ធដល់ព្រះយេហូវ៉ាទាំងអស់ មិនត្រូវដករំលើង ឬរំលំបំផ្លាញទៀតឡើយ នៅជាដរាបតទៅ។
យេរេមា 31:1-40 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា នៅគ្រានោះ អញនឹងធ្វើជាព្រះ ដល់គ្រប់ទាំងគ្រួនៃសាសន៍អ៊ីស្រាអែល ហើយគេនឹងបានជារាស្ត្ររបស់អញ ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ពួកជនដែលសល់នៅពីដាវ គឺជាពួកអ៊ីស្រាអែល គេបានប្រកបដោយគុណនៅទីរហោស្ថាន ក្នុងកាលដែលអញទៅប្រោសឲ្យបានសេចក្ដីសំរាក ព្រះយេហូវ៉ាទ្រង់បានលេចមកឲ្យខ្ញុំឃើញកាលពីដើម ដោយបន្ទូលថា អើ អញបានស្រឡាញ់ឯង ដោយសេចក្ដីស្រឡាញ់ដ៏ស្ថិតស្ថេរនៅអស់កល្ប ហេតុនេះបានជាអញទាញនាំឯងមក ដោយសេចក្ដីសប្បុរស ឱព្រហ្មចារីនៃសាសន៍អ៊ីស្រាអែលអើយ អញនឹងសង់ឯងឡើងវិញ នោះឯងនឹងបានតាំងនៅ ឯងនឹងបានតាក់តែងដោយក្រាប់ជាថ្មីទៀត ព្រមទាំងចេញទៅលោតកញ្ឆេងជាមួយនឹងពួកអ្នកដែលលេងសប្បាយ ឯងនឹងដាំដំណាំទំពាំងបាយជូរនៅលើភ្នំស្រុកសាម៉ារីទៀត ម្ចាស់ដំណាំនឹងដាំទៅ ហើយទទួលផលផង ដ្បិតនឹងមានថ្ងៃមកដល់ ដែលពួកយាមនៅលើភ្នំស្រុកអេប្រាអិម នឹងស្រែកឡើងថា ចូរក្រោកឡើង យើងនឹងឡើងទៅឯព្រះយេហូវ៉ាជាព្រះនៃយើងនៅក្រុងស៊ីយ៉ូន។ ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ចូរច្រៀងដោយចិត្តអរសប្បាយ ព្រោះពួកយ៉ាកុប ហើយស្រែកឡើងដោយអំណរ ដោយព្រោះមេប្រធាននៃអស់ទាំងសាសន៍ ចូរប្រកាសប្រាប់ចុះ ចូរលើកសរសើរ ដោយពាក្យថា ឱព្រះយេហូវ៉ាអើយ សូមជួយសង្គ្រោះសំណល់នៃសាសន៍អ៊ីស្រាអែល ជារាស្ត្ររបស់ទ្រង់ផង មើល អញនឹងនាំគេមកស្រុកខាងជើង ហើយនឹងប្រមូលគេពីចុងផែនដីបំផុត មានទាំងពួកខ្វាក់ ពួកខ្វិន ស្រីមានទំងន់ នឹងស្រីដែលរៀបនឹងសំរាលកូនផង ជាពួកមនុស្សយ៉ាងធំ ដែលនឹងវិលមកនៅទីនេះវិញ គេនឹងមកដោយទឹកភ្នែក នឹងពាក្យទូលអង្វរ អញនឹងនាំមុខគេ ហើយដំរង់គេដើរទៅក្បែរមាត់ទន្លេ តាមផ្លូវត្រង់ ជាផ្លូវដែលគេមិនចំពប់ដួលឡើយ ដ្បិតអញជាឪពុកដល់សាសន៍អ៊ីស្រាអែល ហើយពួកអេប្រាអិមជាកូនច្បងរបស់អញ។ ឱសាសន៍ដទៃទាំងប៉ុន្មានអើយ ចូរឲ្យឯងរាល់គ្នាស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ា ហើយថ្លែងប្រាប់ដល់ពួកកោះដែលនៅឆ្ងាយថា ព្រះដែលបានកំចាត់កំចាយសាសន៍អ៊ីស្រាអែលទៅ ទ្រង់នឹងប្រមូលគេមកវិញ ហើយនឹងរក្សាគេ ដូចជាអ្នកគង្វាលឃ្វាលហ្វូងចៀមរបស់ខ្លួន ពីព្រោះព្រះយេហូវ៉ាទ្រង់បានលោះយ៉ាកុបហើយ ទ្រង់បានដោះគេចេញពីកណ្តាប់ដៃនៃពួកអ្នកដែលខ្លាំងជាងខ្លួន គេនឹងមក ហើយច្រៀងនៅលើទីខ្ពស់នៃភ្នំស៊ីយ៉ូន ហើយនឹងមកហូរហែ ដល់សេចក្ដីសប្បុរសរបស់ព្រះយេហូវ៉ា គឺមកដល់ស្រូវ ទឹកទំពាំងបាយជូរ ប្រេង នឹងកូនចៀម កូនគោ ពីហ្វូងសត្វ ហើយព្រលឹងគេនឹងបានដូចជាសួនច្បារ ដែលមានទឹកស្រោច នោះគេនឹងមិនមានសេចក្ដីព្រួយទៀតឡើយ គ្រានោះ នាងក្រមុំនឹងមានចិត្តរីករាយក្នុងការលោតកញ្ឆេង ព្រមទាំងពួកកំឡោះៗ នឹងពួកចាស់ៗទាំងអស់គ្នាផង ដ្បិតអញនឹងបំប្រែសេចក្ដីសោកសៅរបស់គេទៅជាសេចក្ដីអំណរវិញ ហើយកំសាន្តចិត្តគេ ព្រមទាំងឲ្យគេរីករាយចេញពីសេចក្ដីទុក្ខព្រួយរបស់គេ អញក៏នឹងចំអែតព្រលឹងនៃពួកសង្ឃ ដោយសេចក្ដីបរិបូរ ហើយរាស្ត្រអញនឹងបានស្កប់ចិត្ត ដោយសេចក្ដីសប្បុរសរបស់អញ នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។ ព្រះយេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះថា មានឮសូរសំឡេងនៅរ៉ាម៉ា ជាសូរទំនួញ នឹងសូរយំយ៉ាងជូរចត់ គឺនាងរ៉ាជែលយំនឹងកូននាង ហើយមិនព្រមកំសាន្តចិត្ត ពីដំណើរកូនសោះ ដ្បិតវាវិនាសបាត់ហើយ ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ចូរទប់សំឡេងឯងមិនឲ្យយំ នឹងភ្នែកឯងមិនឲ្យហូរសស្រាក់ឡើយ ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ការរបស់ឯងនឹងបានរង្វាន់ជាពិត ហើយវារាល់គ្នានឹងវិលមកពីស្រុករបស់ខ្មាំងសត្រូវវិញ ព្រះយេហូវ៉ាទ្រង់ក៏មានបន្ទូលថា មានសេចក្ដីសង្ឃឹមសំរាប់ចុងបំផុតរបស់ឯង កូនចៅឯងនឹងវិលមកឯព្រំដែនរបស់គេវិញ ពិតប្រាកដជាអញបានឮពួកអេប្រាអិម កំពុងតែត្អូញត្អែរថា ទ្រង់បានវាយផ្ចាលទូលបង្គំ គឺទូលបង្គំត្រូវវាយពង្រាបដូចជាកូនគោដែលមិនធ្លាប់ទឹម សូមទ្រង់ទាញញាក់ទូលបង្គំមកវិញ នោះទូលបង្គំនឹងវិលបែរមកហើយ ដ្បិតគឺទ្រង់ហើយជាព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំ ក្រោយដែលទ្រង់បានទាញញាក់ទូលបង្គំមកវិញ នោះទូលបង្គំបានប្រែគំនិតឡើងជាពិត កាលទូលបង្គំបានទទួលសេចក្ដីប្រៀនប្រដៅហើយ នោះក៏វាយទះភ្លៅខ្លួន ទូលបង្គំមានសេចក្ដីខ្មាស អើ ក៏ជ្រប់មុខផង ពីព្រោះទូលបង្គំធន់រងសេចក្ដីអាម៉ាស់ខ្មាសនៃវ័យនៅក្មេង តើអេប្រាអិមជាកូនសំឡាញ់របស់អញឬ តើជាកូនសំណប់ឬអី ដ្បិតដែលអញនិយាយទាស់នឹងវាវេលាណា នោះអញក៏នឹករឭកដល់វានៅវេលានោះឯង ដូច្នេះ អញមានចិត្តរំជួលដល់វា ហើយនឹងអាណិតមេត្តាដល់វាជាមិនខាន នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។ ចូរធ្វើទីសំគាល់តាមផ្លូវ ហើយដោតដំរុយចុះ ចូរតាំងចិត្តដំរង់ទៅឯថ្នល់ គឺជាផ្លូវដែលឯងបានទៅតាមនោះ ឱព្រហ្មចារីនៃសាសន៍អ៊ីស្រាអែលអើយ ចូរវិលមកវិញ ចូរវិលមកឯទីក្រុងរបស់ឯងទាំងនេះចុះ ឱកូនស្រីដែលរាថយអើយ ឯងនឹងនៅតែដើរសាត់អណ្តែត តើដល់កាលណាទៀត ដ្បិតព្រះយេហូវ៉ាទ្រង់បានបង្កើតការថ្មីនៅផែនដី គឺមនុស្សស្រីនឹងឡោមព័ទ្ធមនុស្សប្រុស។ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះថា កាលណាអញនាំពួកគេដែលជាឈ្លើយមកវិញ នោះនៅក្នុងស្រុកយូដា ហើយអស់ទាំងទីក្រុងនៅស្រុកនោះ គេនឹងនិយាយពាក្យនេះឡើងជាថ្មីទៀត គឺថា ឱទីលំនៅនៃសេចក្ដីសុចរិត ហើយភ្នំនៃសេចក្ដីបរិសុទ្ធអើយ សូមព្រះយេហូវ៉ាប្រទានពរដល់ឯង នោះពួកយូដា នឹងអស់អ្នកនៅទីក្រុងរបស់គេ គឺជាពួកអ្នកធ្វើស្រែចំការ ហើយពួកអ្នកដែលឃ្វាលហ្វូងសត្វដែរ គេនឹងនៅទីនោះ ដ្បិតអញបានចំអែតព្រលឹងមនុស្សដែលល្វើយ ហើយឯព្រលឹងព្រួយលំបាក នោះអញបានឲ្យស្កប់ចិត្តឡើងវិញ មកដល់ត្រឹមនេះ ខ្ញុំបានភ្ញាក់ដឹងខ្លួនឡើង ហើយមើល ការដេកលក់របស់ខ្ញុំបានផ្អែមឆ្ងាញ់ដល់ខ្ញុំណាស់ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា មើល នឹងមានគ្រាមកដល់ ដែលអញនឹងយកពូជមនុស្ស នឹងពូជសត្វព្រោះចុះក្នុងពួកវង្សអ៊ីស្រាអែល ហើយនឹងពួកវង្សយូដា រួចដែលអញបានមើលគេ ដើម្បីនឹងដករំលើងកាច់បំបាក់ រំលំ បំផ្លាញហើយធ្វើទុក្ខជាយ៉ាងណា នោះអញនឹងមើលគេ ដើម្បីនឹងសង់គេឡើង ហើយដាំគេយ៉ាងនោះដែរ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា នៅគ្រានោះ គេនឹងលែងនិយាយថា «ពួកឪពុក បានស៊ីផ្លែមានរសជូរ ហើយពួកកូន ក៏សង្កៀរធ្មេញ» គឺគ្រប់គ្នានឹងត្រូវស្លាប់ ដោយព្រោះអំពើទុច្ចរិតរបស់គេរៀងខ្លួនវិញ ឯអស់អ្នកណាដែលស៊ីផ្លែមានរសជូរ គឺអ្នកនោះឯងដែលនឹងសង្កៀរធ្មេញទេ។ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា នឹងមានគ្រាមកដល់ ដែលអញនឹងតាំងសញ្ញាថ្មី នឹងពួកវង្សអ៊ីស្រាអែល ហើយនឹងពួកវង្សយូដា មិនមែនតាមសញ្ញាដែលអញបានតាំងនឹងពួកព្ធយុកោគេ នៅថ្ងៃដែលអញបានចាប់ដៃដឹកគេ ចេញពីស្រុកអេស៊ីព្ទមកនោះទេ ជាសេចក្ដីសញ្ញាដែលព្រះយេហូវ៉ាទ្រង់មានបន្ទូលថា គេផ្តាច់ចេញហើយ ទោះបើអញជាប្ដីដល់គេក៏ដោយ គឺព្រះយេហូវ៉ាទ្រង់មានបន្ទូលថា សេចក្ដីសញ្ញាដែលអញនឹងតាំងចំពោះពួកវង្សអ៊ីស្រាអែល ក្នុងពេលក្រោយគ្រានោះ គឺយ៉ាងដូច្នេះអញនឹងដាក់ក្រឹត្យវិន័យរបស់អញ នៅខាងក្នុងខ្លួនគេ ទាំងចារឹកទុកក្នុងចិត្តគេ នោះអញនឹងធ្វើជាព្រះដល់គេ ហើយគេនឹងបានជារាស្ត្ររបស់អញ រួចគេនឹងលែងបង្រៀនអ្នកជិតខាង ហើយនឹងបងប្អូនគេរៀងខ្លួនទៀតថា ចូរឲ្យស្គាល់ព្រះយេហូវ៉ាចុះ ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលថា គេនឹងស្គាល់អញគ្រប់ៗគ្នា តាំងពីអ្នកតូចបំផុត រហូតដល់អ្នកធំបំផុតក្នុងពួកគេ ព្រោះអញនឹងអត់ទោសចំពោះអំពើទុច្ចរិតរបស់គេ ហើយនឹងលែងនឹកចាំពីអំពើបាបគេទៀតជាដរាបទៅ។ ឯព្រះ ដែលប្រទានព្រះអាទិត្យ សំរាប់ជាពន្លឺនៅពេលថ្ងៃ ហើយតាំងរបៀបនៃព្រះចន្ទនឹងតារាទាំងប៉ុន្មានសំរាប់បំភ្លឺនៅពេលយប់ ជាព្រះដែលបណ្តាលឲ្យសមុទ្រកំរើកឡើង ដល់ម៉្លេះបានជាឮសន្ធឹករលក ដែលព្រះនាមទ្រង់ជាព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលដូច្នេះថា បើបញ្ញត្តច្បាប់ទាំងនេះឃ្លាតចេញពីមុខអញទៅកាលណា នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ពូជអ៊ីស្រាអែលក៏នឹងលែងធ្វើជានគរនៅមុខអញជាដរាបទៅ កាលនោះដែរ ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា បើអាចនឹងវាស់ផ្ទៃមេឃខាងលើ ហើយស្ទង់ឫសផែនដីនៅខាងក្រោមបាន នោះអញនឹងបោះបង់ចោលពូជអ៊ីស្រាអែល ដោយព្រោះអស់ទាំងការដែលគេបានប្រព្រឹត្តដែរ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា មើល នឹងមានគ្រាមកដល់ ដែលទីក្រុងនេះនឹងបានសង់ឡើងថ្វាយព្រះយេហូវ៉ា ចាប់តាំងពីប៉មហាណានាល រហូតដល់ទ្វារជ្រុងកំផែង ហើយខ្សែរង្វាស់ នឹងវាស់ត្រង់ចេញទៅដល់ភ្នំការេប រួចនឹងបត់មកដល់កូអាត ឯច្រកភ្នំទាំងមូលនៃសាកសព ហើយនឹងផែះ ព្រមទាំងចំការទាំងប៉ុន្មានរហូតដល់ជ្រោះកេដ្រុន នឹងដល់ជ្រុងកំផែងទ្វារសេះ ដែលបើកទៅទិសខាងកើត នោះនឹងបានជាទីបរិសុទ្ធដល់ព្រះយេហូវ៉ាទាំងអស់ នឹងមិនត្រូវដករំលើង ឬរំលំបំផ្លាញទៀតឡើយ នៅជាដរាបតទៅ។