យេរេមា 25:1-12
យេរេមា 25:1-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នេះជាព្រះបន្ទូលដែលបានមកដល់ហោរាយេរេមា ពីដំណើរប្រជាជនស្រុកយូដាទាំងប៉ុន្មានក្នុងឆ្នាំទីបួននៃរជ្ជកាលព្រះបាទយេហូយ៉ាគីម ជាបុត្រព្រះបាទយ៉ូសៀស ស្តេចយូដា (គឺជាឆ្នាំដំបូងនៃរជ្ជកាលព្រះបាទនេប៊ូក្នេសា ជាស្តេចស្រុកបាប៊ីឡូន) ជាសេចក្ដីដែលហោរាយេរេមាបានប្រាប់ដល់បណ្ដាជននៅស្រុកយូដា និងពួកអ្នកនៅក្រុងយេរូសាឡិមទាំងអស់ថា៖ ចាប់តាំងពីឆ្នាំទីដប់បី ក្នុងរាជ្យយ៉ូសៀសជាបុត្រអាំម៉ូន ស្តេចយូដា ដរាបដល់សព្វថ្ងៃនេះ គឺរយៈពេលម្ភៃបីឆ្នាំហើយ ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំ ហើយខ្ញុំបានក្រោកពីព្រលឹមស្រាងប្រាប់ដល់អ្នករាល់គ្នា តែអ្នករាល់គ្នាមិនបានស្តាប់តាមទេ។ ព្រះយេហូវ៉ាបានចាត់ពួកហោរាទាំងប៉ុន្មាន ជាអ្នកបម្រើរបស់ព្រះអង្គ ឲ្យមករកអ្នករាល់គ្នាដែរ គឺបានក្រោកពីព្រលឹមស្រាងចាត់គេមក តែអ្នករាល់គ្នាមិនបានស្តាប់តាម ឬផ្ទៀងត្រចៀកស្តាប់សោះ ព្រះអង្គបានមានព្រះបន្ទូលថា៖ ចូរអ្នករាល់គ្នាវិលមកពីផ្លូវអាក្រក់របស់ខ្លួន ហើយពីអំពើអាក្រក់ដែលគ្រប់គ្នាប្រព្រឹត្តឥឡូវចុះ នោះអ្នករាល់គ្នានឹងបាននៅក្នុងស្រុក ដែលព្រះយេហូវ៉ាបានប្រទានដល់អ្នក និងបុព្វបុរសអ្នក តាំងពីបុរាណ ហើយរហូតតទៅ។ កុំទៅតាមព្រះដទៃ ដើម្បីនឹងគោរព ហើយថ្វាយបង្គំដល់វាឡើយ ក៏កុំបណ្ដាលឲ្យយើងខឹង ដោយសារការដែលដៃអ្នករាល់គ្នាធ្វើដែរ យ៉ាងនោះយើងនឹងមិនប្រទូស្តដល់អ្នករាល់គ្នាទេ ប៉ុន្តែ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ អ្នករាល់គ្នាមិនបានស្តាប់តាមយើងសោះ គឺជាការដែលនាំឲ្យយើងខឹង ដោយសារការដែលដៃអ្នកបានធ្វើ ឲ្យយើងបានប្រទូស្តដល់អ្នក។ ហេតុនោះ ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា៖ ដោយព្រោះអ្នករាល់គ្នាមិនបានស្តាប់តាមពាក្យយើង យើងនឹងចាត់ទៅនាំយកអស់ទាំងពួកគ្រួនៅស្រុកខាងជើង និងនេប៊ូក្នេសា ស្តេចបាប៊ីឡូន ជាអ្នកបម្រើរបស់យើងមក។ ព្រះយេហូវ៉ាមានព្រះបន្ទូលទៀតថា៖ យើងនឹងនាំគេមកទាស់នឹងស្រុកនេះ និងពួកអ្នកនៅក្នុងស្រុក ហើយទាស់នឹងសាសន៍ទាំងប៉ុន្មាននៅជុំវិញផង យើងនឹងបំផ្លាញពួកអ្នកស្រុកនេះឲ្យអស់រលីង ព្រមទាំងធ្វើឲ្យទៅជាទីស្រឡាំងកាំង ជាទីដែលគេហួសចិត្ត ហើយជាទីខូចបង់នៅអស់កល្បជានិច្ច។ យើងនឹងបំបាត់សំឡេងអរសប្បាយ សំឡេងរីករាយ សំឡេងប្ដីប្រពន្ធថ្មោងថ្មី សូរត្បាល់កិន និងពន្លឺចង្កៀងពីពួកគេ។ ដូច្នេះ ស្រុកនេះទាំងមូលនឹងនៅស្ងាត់ជ្រងំ ហើយជាទីស្រឡាំងកាំង សាសន៍ទាំងនេះនឹងត្រូវបម្រើស្តេចបាប៊ីឡូនអស់ចិតសិបឆ្នាំ។ បន្ទាប់ពីចិតសិបឆ្នាំហើយ យើងនឹងធ្វើទោសស្តេចបាប៊ីឡូន និងពួកសាសន៍នោះ ដោយព្រោះអំពើទុច្ចរិតរបស់គេ ឯស្រុករបស់ពួកខាល់ដេ យើងនឹងធ្វើឲ្យស្ងាត់ជ្រងំជារៀងរហូតទៅ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
យេរេមា 25:1-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នេះជាសេចក្ដីដែលព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមា ស្ដីអំពីជនជាតិយូដាទាំងមូល នៅឆ្នាំទីបួននៃរជ្ជកាលព្រះបាទយេហូយ៉ាគីម ជាបុត្ររបស់ព្រះបាទយ៉ូសៀស ជាស្ដេចស្រុកយូដា ត្រូវនឹងឆ្នាំទីមួយនៃរជ្ជកាលព្រះចៅនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន។ លោកយេរេមាប្រកាសព្រះបន្ទូលនេះដល់អ្នកស្រុកយូដាទាំងអស់ និងអ្នកក្រុងយេរូសាឡឹមទាំងមូលដូចតទៅ: ចាប់ពីឆ្នាំទីដប់បីនៃរជ្ជកាលព្រះបាទយ៉ូសៀស បុត្ររបស់ព្រះបាទអាំម៉ូន ជាស្ដេចស្រុកយូដា មកទល់ថ្ងៃនេះ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំបានម្ភៃបីឆ្នាំហើយ ហើយខ្ញុំក៏បាននាំព្រះបន្ទូលនេះមកប្រាប់អ្នករាល់គ្នា គឺខ្ញុំបានប្រកាសប្រាប់អ្នករាល់គ្នាជារៀងរហូតមក តែអ្នករាល់គ្នាពុំបានស្ដាប់ទេ។ ព្រះអម្ចាស់បានចាត់ព្យាការីទាំងប៉ុន្មានដែលជាអ្នកបម្រើរបស់ព្រះអង្គ ឲ្យមករកអ្នករាល់គ្នាជារៀងរហូតមក តែអ្នករាល់គ្នាមិនយកចិត្តទុកដាក់ត្រងត្រាប់ស្ដាប់ឡើយ។ លោកទាំងនោះប្រកាសព្រះបន្ទូលថា៖ «អ្នករាល់គ្នាត្រូវងាកចេញពីផ្លូវទុច្ចរិត ឈប់ប្រព្រឹត្តអំពើអាក្រក់ទៀត នោះអ្នករាល់គ្នា នឹងបានរស់នៅក្នុងទឹកដី ដែលព្រះអម្ចាស់ប្រទានឲ្យអ្នករាល់គ្នា និងបុព្វបុរសរបស់អ្នករាល់គ្នា ជារៀងរហូត។ កុំរត់តាមព្រះឯទៀតៗដើម្បីគោរពបម្រើ និងថ្វាយបង្គំព្រះទាំងនោះឡើយ។ បើអ្នករាល់គ្នាលែងបញ្ឆេះកំហឹងរបស់យើង ដោយសូនរូបព្រះទេនោះ យើងក៏មិនធ្វើទោសអ្នករាល់គ្នាដែរ។ ប៉ុន្តែ អ្នករាល់គ្នាមិនបានស្ដាប់យើងទេ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ - គឺអ្នករាល់គ្នាបញ្ឆេះកំហឹងរបស់យើងដោយសូនរូបព្រះ ជាហេតុបណ្ដាលឲ្យអ្នករាល់គ្នាត្រូវវេទនា។ ហេតុនេះហើយបានជាព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា: ដោយអ្នករាល់គ្នាមិនស្ដាប់ពាក្យយើងទេនោះ យើងនឹងចាត់គេទៅហៅប្រជាជាតិទាំងអស់ ដែលនៅស្រុកខាងជើង ព្រមទាំងនេប៊ូក្នេសា ស្ដេចស្រុកបាប៊ីឡូន ជាអ្នកបម្រើរបស់យើងឲ្យមក -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ យើងនឹងបង្គាប់អ្នកទាំងនោះឲ្យវាយលុកស្រុកនេះ និងប្រជាជនដែលរស់នៅក្នុងស្រុក ព្រមទាំងប្រជាជាតិនានាដែលនៅជុំវិញ។ ពួកគេនឹងបំផ្លាញស្រុកទាំងនោះថ្វាយផ្ដាច់ដល់យើង ហើយធ្វើឲ្យស្រុកទាំងនោះក្លាយទៅជាទីស្មសាន រហូតតទៅ។ ពេលមនុស្សម្នាឃើញមហន្តរាយដែលកើតមាន គេស្រឡាំងកាំងគ្រប់ៗគ្នា។ យើងនឹងធ្វើឲ្យសម្រែកក្អាកក្អាយ ព្រមទាំងចម្រៀងរបាំដ៏សប្បាយ និងបទចម្រៀងអាពាហ៍ពិពាហ៍របស់គូស្វាមីភរិយាលែងឮក្នុងចំណោមពួកគេ ហើយសំឡេងត្បាល់កិន និងពន្លឺចង្កៀងក៏លែងមានទៀតដែរ។ ស្រុកនេះទាំងមូលនឹងត្រូវអន្តរាយ វិនាសហិនហោច ហើយប្រជាជាតិទាំងនោះនឹងទៅជាចំណុះស្ដេចស្រុកបាប៊ីឡូន អស់រយៈពេលចិតសិបឆ្នាំ។ លុះរយៈពេលចិតសិបឆ្នាំកន្លងផុតទៅ យើងនឹងដាក់ទោសស្ដេចស្រុកបាប៊ីឡូន ព្រមទាំងប្រជាជាតិនេះ ព្រោះតែអំពើឧក្រិដ្ឋរបស់ពួកគេ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ -យើងនឹងធ្វើឲ្យស្រុកខាល់ដេក្លាយទៅជាទីស្មសាន រហូតតទៅ។
យេរេមា 25:1-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នេះជាព្រះបន្ទូល ដែលមកពីព្រះយេហូវ៉ា ដល់យេរេមា ពីដំណើរបណ្តាជន នៅស្រុកយូដាទាំងប៉ុន្មានក្នុងឆ្នាំទី៤ នៃរាជ្យយេហូយ៉ាគីម ជាបុត្រយ៉ូសៀស ស្តេចយូដា (ឆ្នាំនោះជាឆ្នាំដំបូង នៃរាជ្យនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន) ជាសេចក្ដីដែលហោរាយេរេមាបានប្រាប់ដល់បណ្តាជននៅស្រុកយូដា នឹងពួកអ្នកនៅក្រុងយេរូសាឡិមទាំងអស់ថា ចាប់តាំងពីឆ្នាំទី១៣ ក្នុងរាជ្យយ៉ូសៀសជាបុត្រអាំម៉ូន ស្តេចយូដា ដរាបដល់សព្វថ្ងៃនេះ គឺអស់២៣ឆ្នាំនេះហើយ នោះព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំ ហើយខ្ញុំបានទាំងក្រោកពីព្រលឹមស្រាងប្រាប់ដល់អ្នករាល់គ្នាផង តែអ្នករាល់គ្នាមិនបានស្តាប់តាមទេ ឯព្រះយេហូវ៉ាទ្រង់បានចាត់ពួកហោរាទាំងប៉ុន្មាន ជាអ្នកបំរើរបស់ទ្រង់ ឲ្យមកឯអ្នករាល់គ្នាដែរ គឺបានក្រោកពីព្រលឹមស្រាងនឹងចាត់គេផង តែអ្នករាល់គ្នាមិនបានស្តាប់តាម ឬផ្ទៀងត្រចៀកនឹងស្តាប់សោះ ទ្រង់បានមានបន្ទូលថា ចូរឲ្យអ្នករាល់គ្នាវិលមកពីផ្លូវអាក្រក់របស់ខ្លួន ហើយពីអំពើអាក្រក់ដែលគ្រប់គ្នាប្រព្រឹត្តឥឡូវចុះ នោះឯងរាល់គ្នានឹងបាននៅក្នុងស្រុក ដែលព្រះយេហូវ៉ាបានប្រទានដល់ឯង នឹងពួកឰយុកោឯង ចាប់តាំងពីបុរាណ ហើយសំរាប់ជាដរាបតទៅ កុំឲ្យទៅតាមព្រះដទៃ ដើម្បីនឹងគោរព ហើយថ្វាយបង្គំដល់វាឡើយ ក៏កុំឲ្យបណ្តាលឲ្យអញខឹង ដោយសារការដែលដៃឯងរាល់គ្នាធ្វើដែរ យ៉ាងនោះអញនឹងមិនប្រទូស្តដល់ឯងរាល់គ្នាទេ ប៉ុន្តែ ព្រះយេហូវ៉ា ទ្រង់មានបន្ទូលថា ឯងរាល់គ្នាមិនបានស្តាប់តាមអញសោះ គឺជាការដែលនាំឲ្យអញខឹង ដោយសារការដែលដៃឯងបានធ្វើវិញ ឲ្យអញបានប្រទូស្តដល់ឯង ហេតុនោះ ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលដូច្នេះថា ដោយព្រោះឯងរាល់គ្នាមិនបានស្តាប់តាមពាក្យអញ នោះមើល អញនឹងចាត់ទៅនាំយកអស់ទាំងពួកគ្រួនៅស្រុកខាងជើង នឹងនេប៊ូក្នេសា ស្តេចបាប៊ីឡូន ជាអ្នកបំរើរបស់អញមក ព្រះយេហូវ៉ា ទ្រង់មានបន្ទូលថា អញនឹងនាំគេមកទាស់នឹងស្រុកនេះ នឹងពួកអ្នកនៅក្នុងស្រុក ហើយទាស់នឹងសាសន៍ទាំងប៉ុន្មាននៅជុំវិញផង អញនឹងបំផ្លាញពួកស្រុកនេះអស់រលីង ព្រមទាំងធ្វើឲ្យទៅជាទីស្រឡាំងកាំង ជាទីដែលគេធ្វើស៊ីសស៊ូសឲ្យ ហើយជាទីខូចបង់នៅអស់កល្បជានិច្ច មួយទៀត អញនឹងបំបាត់សំឡេងអរសប្បាយ នឹងសំឡេងរីករាយ សំឡេងប្ដីប្រពន្ធថ្មោងថ្មី នឹងសូរត្បាល់កិន ហើយពន្លឺចង្កៀងពីពួកគេចេញ ដូច្នេះ ស្រុកនេះទាំងមូលនឹងទៅជាស្ងាត់ជ្រងំ ហើយជាទីស្រឡាំងកាំងផង សាសន៍ទាំងនេះនឹងត្រូវបំរើស្តេចបាប៊ីឡូនអស់៧០ឆ្នាំ។ លុះដល់គ្រប់៧០ឆ្នាំនោះហើយ នោះអញនឹងធ្វើទោសស្តេចបាប៊ីឡូន នឹងពួកសាសន៍នោះ ដោយព្រោះអំពើទុច្ចរិតរបស់គេ ឯស្រុករបស់ពួកខាល់ដេ នោះអញនឹងធ្វើឲ្យស្ងាត់ជ្រងំជាដរាបទៅ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា