យេរេមា 1:1-19
យេរេមា 1:1-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នេះជាពាក្យរបស់ហោរាយេរេមា ជាកូនហ៊ីលគីយ៉ា គឺជាម្នាក់ក្នុងពួកសង្ឃ ដែលនៅក្រុងអាណាថោត ក្នុងស្រុកបេនយ៉ាមីន ជាអ្នកដែលព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្លួន នៅក្នុងឆ្នាំទី១៣ នៃរាជ្យព្រះបាទយ៉ូសៀស ជាបុត្រព្រះបាទអាំម៉ូន ស្តេចស្រុកយូដា ក៏មានមកដល់ នៅក្នុងរាជ្យយ៉ូយ៉ាគីម ជាបុត្រព្រះបាទយ៉ូសៀស ជាស្តេចស្រុកយូដា ដរាបដល់ផុតឆ្នាំទីដប់មួយ ក្នុងរាជ្យព្រះបាទសេដេគា ជាបុត្រព្រះបាទយ៉ូសៀស ដែលជាស្តេចស្រុកយូដា គឺដល់ខែស្រាពណ៍ ជាគ្រាដែលពួកក្រុងយេរូសាឡិម ត្រូវចាប់ដឹកនាំទៅជាឈ្លើយនោះឯង។ រីឯព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំថា៖ «មុនដែលយើងបានជបបង្កើតអ្នកនៅក្នុងពោះម្តាយ នោះយើងស្គាល់អ្នកហើយ កាលមុនដែលអ្នកសម្រាលចេញពីផ្ទៃមក នោះយើងបានញែកអ្នកជាបរិសុទ្ធផង ក៏បានតាំងអ្នកឡើងជាហោរា ដល់អស់ទាំងសាសន៍»។ នោះខ្ញុំបានទូលថា៖ «ឱព្រះអម្ចាស់យេហូវ៉ាអើយ មើល៍ ទូលបង្គំគ្មានវោហារអធិប្បាយទេ ដ្បិតទូលបង្គំជាមនុស្សក្មេងសុទ្ធ»។ ប៉ុន្តែ ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា៖ «កុំឲ្យថាអ្នកជាមនុស្សក្មេងឡើយ ដ្បិតបើយើងចាត់អ្នកឲ្យទៅឯអ្នកណា នោះអ្នកត្រូវតែទៅ ហើយសេចក្ដីអ្វី ដែលយើងបង្គាប់អ្នក នោះអ្នកត្រូវតែប្រាប់ដែរ»។ ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា៖ «កុំឲ្យខ្លាចចំពោះគេឡើយ ដ្បិតយើងនៅជាមួយ ដើម្បីនឹងជួយឲ្យអ្នករួច»។ នោះព្រះយេហូវ៉ាលូកព្រះហស្តមកពាល់មាត់ខ្ញុំ ហើយមានព្រះបន្ទូលថា៖ «មើល៍ យើងបានដាក់ពាក្យរបស់យើងនៅក្នុងមាត់អ្នកហើយ មើល៍ នៅថ្ងៃនេះយើងតាំងអ្នកលើអស់ទាំងសាសន៍ និងលើនគរទាំងប៉ុន្មាន ដើម្បីឲ្យបានដករំលើង រុះទម្លាក់ ហើយបំផ្លាញរំលំចុះ ព្រមទាំងសង់ឡើងវិញ ហើយដាំទៀតផង»។ ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖ «យេរេមាអើយ តើអ្នកឃើញអ្វី?» ខ្ញុំទូលតបថា៖ «ទូលបង្គំឃើញឈើចំបក់ មួយមែក»។ នោះព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា៖ «អ្នកបានឃើញត្រឹមត្រូវហើយ ដ្បិតយើងកំពុងព្យាយាម ធ្វើឲ្យពាក្យរបស់យើងបានសម្រេច»។ ព្រះបន្ទូលនៃព្រះយេហូវ៉ា បានមកដល់ខ្ញុំម្តងទៀតសួរថា៖ «តើអ្នកឃើញអ្វី?» ខ្ញុំក៏ទូលតបថា៖ «ទូលបង្គំឃើញថ្លាងទឹកកំពុងតែពុះ ដែលមានមាត់ផ្អៀងមកពីទិសខាងជើង»។ នោះព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា៖ «នឹងកើតមានការអាក្រក់ ផុលចេញពីទិសខាងជើង មកលើពួកអ្នកស្រុកទាំងអស់ ដ្បិតមើល៍ យើងនឹងហៅគ្រប់ទាំងគ្រួសារនៃនគរទាំងប៉ុន្មាននៅខាងជើង ហើយគេនឹងមកតាំងបល្ល័ង្ករបស់គេរៀងខ្លួន នៅត្រង់មាត់ទ្វារក្រុងយេរូសាឡិម ទល់នឹងកំផែងទីក្រុងព័ទ្ធជុំវិញ ហើយទល់នឹងទីក្រុងរបស់ស្រុកយូដាទាំងអស់ផង នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា នោះយើងនឹងធ្វើទោសដល់ទីក្រុងទាំងនោះ ដោយព្រោះអំពើទុច្ចរិតរបស់គេទាំងប៉ុន្មាន គឺដែលគេបានបោះបង់ចោលយើង ហើយបានដុតកំញានថ្វាយដល់ព្រះដទៃ ព្រមទាំងថ្វាយបង្គំចំពោះរបស់ដែលដៃខ្លួនគេបានធ្វើផង ដូច្នេះ ចូរឲ្យអ្នកក្រវាត់ចង្កេះ ហើយក្រោកឡើងទៅប្រាប់ដល់គេ តាមគ្រប់ទាំងសេចក្ដីដែលយើងបង្គាប់អ្នកចុះ កុំឲ្យស្រយុតចិត្តចំពោះគេឡើយ ក្រែងយើងធ្វើឲ្យអ្នកស្រយុតចិត្តនៅមុខគេជាពិត ដ្បិតមើល៍ នៅថ្ងៃនេះ យើងបានតាំងអ្នកឡើង ទុកជាទីក្រុងត្រៀមដោយគ្រឿងចម្បាំង ជាសសរដែក ហើយជាកំផែងលង្ហិន សម្រាប់តនឹងស្រុកទាំងមូល និងស្តេចទាំងប៉ុន្មាននៃសាសន៍យូដា ព្រមទាំងតនឹងពួកចៅហ្វាយ និងពួកសង្ឃ ហើយនឹងបណ្ដាជនទាំងឡាយនៅស្រុកនេះផង គេនឹងតជាមួយអ្នក តែមិនឈ្នះអ្នកឡើយ ដ្បិតយើងនៅជាមួយ ដើម្បីនឹងជួយអ្នកឲ្យរួច» នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
យេរេមា 1:1-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នេះជាសេចក្ដីដែលលោកយេរេមាបានថ្លែង និងកិច្ចការដែលលោកបានធ្វើ។ លោកយេរេមាត្រូវជាកូនរបស់លោកហ៊ីលគីយ៉ា ជាបូជាចារ្យ*មួយរូប ក្នុងក្រុមបូជាចារ្យ នៅភូមិអាណាថោត ក្នុងស្រុកបេនយ៉ាមីន។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោក នៅឆ្នាំទីដប់បីនៃរជ្ជកាលព្រះបាទយ៉ូសៀស ជាបុត្ររបស់ព្រះបាទអាំម៉ូន និងជាស្ដេចស្រុកយូដា ។ ព្រះអង្គមានព្រះបន្ទូលមកលោកទៀត នៅរជ្ជកាលព្រះបាទយេហូយ៉ាគីមជាបុត្ររបស់ព្រះបាទយ៉ូសៀស និងជាស្ដេចស្រុកយូដា រហូតដល់ចុងឆ្នាំទីដប់មួយនៃរជ្ជកាលព្រះបាទសេដេគា ជាបុត្ររបស់ព្រះបាទយ៉ូសៀស និងជាស្ដេចស្រុកយូដា ហើយរហូតដល់គ្រាដែលអ្នកក្រុងយេរូសាឡឹមត្រូវគេកៀរយកទៅជាឈ្លើយសឹកនៅខែទីប្រាំ។ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «យើងស្គាល់អ្នកតាំងពីមុនពេល ដែលយើងបានសូនអ្នកក្នុងផ្ទៃម្ដាយម៉្លេះ យើងក៏បានញែកអ្នកទុកសម្រាប់យើង តាំងពីមុនពេលអ្នកកើតចេញពីផ្ទៃម្ដាយដែរ។ យើងតែងតាំងអ្នកឲ្យធ្វើជាព្យាការី សម្រាប់ប្រជាជាតិនានា»។ ខ្ញុំទូលព្រះអង្គវិញថា៖ «បពិត្រព្រះជាអម្ចាស់! ទូលបង្គំគ្មានសិទ្ធិនឹងថ្លែងព្រះបន្ទូលទេ ដ្បិតទូលបង្គំនៅក្មេងពេក»។ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «កុំពោលថា“ខ្ញុំនៅក្មេងពេក”នោះឡើយ អ្នកត្រូវតែទៅជួបអស់អ្នកដែលយើង ចាត់ឲ្យទៅជួប ហើយប្រកាសសេចក្ដីទាំងប៉ុន្មាន ដែលយើងនឹងបង្គាប់អ្នក។ កុំភ័យខ្លាចពួកគេឡើយ ដ្បិតយើងនៅជាមួយអ្នក ដើម្បីរំដោះអ្នក!» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ បន្ទាប់មក ព្រះអម្ចាស់លាតព្រះហស្ដមកពាល់មាត់ខ្ញុំ ហើយមានព្រះបន្ទូលមកខ្ញុំថា៖ «យើងដាក់ពាក្យរបស់យើងក្នុងមាត់អ្នកហើយ មើលថ្ងៃនេះ យើងតែងតាំងអ្នកឲ្យមានអំណាចលើប្រជាជាតិ និងលើអាណាចក្រទាំងឡាយ ដើម្បីឲ្យអ្នករម្លើង និងរំលំ ដើម្បីឲ្យអ្នកកម្ទេច និងបំផ្លាញ ហើយដើម្បីឲ្យអ្នកសង់ និងដាំឡើងវិញ»។ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅនេះ៖ «យេរេមាអើយ តើអ្នកឃើញអ្វី?»។ ខ្ញុំឆ្លើយវិញថា៖ «ទូលបង្គំឃើញស្វាយចន្ទីមួយ មែក»។ បន្ទាប់មក ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «អ្វីដែលអ្នកឃើញ ត្រឹមត្រូវហើយ ដ្បិតយើងនឹងព្យាយាមធ្វើឲ្យពាក្យរបស់យើងបានសម្រេចជារូបរាង»។ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំជាលើកទីពីរថា៖ «តើអ្នកឃើញអ្វី?»។ ខ្ញុំតបវិញថា៖ «ទូលបង្គំឃើញឆ្នាំងទឹកមួយកំពុងតែពុះនៅលើចង្ក្រាន ដែលបែរមុខទៅទិសខាងជើង»។ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំទៀតថា៖ «ទុក្ខវេទនានឹងមកពីទិសខាងជើង ហើយកើតមានដល់ប្រជាជនទាំងអស់នៅក្នុងស្រុក ដ្បិតយើងនឹងហៅប្រជាជនទាំងអស់នៅអាណាចក្រខាងជើង ឲ្យមក -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ពួកគេនឹងនាំគ្នាបោះទ័ពតាមទ្វារក្រុងយេរូសាឡឹម និងនៅមុខកំពែងដែលព័ទ្ធជុំវិញក្រុង ព្រមទាំងបោះទ័ពនៅជុំវិញក្រុងទាំងប៉ុន្មាន ក្នុងស្រុកយូដាផង។ យើងនឹងប្រកាសដាក់ទោសប្រជារាស្ត្ររបស់យើង ព្រោះតែអំពើអាក្រក់ទាំងប៉ុន្មានដែលគេប្រព្រឹត្ត គឺពួកគេបានបោះបង់ចោលយើង ពួកគេបានថ្វាយសក្ការៈបូជាចំពោះព្រះឯទៀតៗ ព្រមទាំងថ្វាយបង្គំរូបព្រះ ជាស្នាដៃរបស់ខ្លួនផ្ទាល់។ រីឯអ្នកវិញ ចូរត្រៀមខ្លួន! ចូរក្រោកឡើង ហើយទៅប្រកាសប្រាប់ពួកគេនូវសេចក្ដីទាំងប៉ុន្មាន ដែលយើងនឹងបង្គាប់ឲ្យអ្នកថ្លែង។ កុំតក់ស្លុតនៅចំពោះមុខពួកគេសោះឡើយ បើមិនដូច្នោះទេ យើងនឹងធ្វើឲ្យអ្នករឹតតែតក់ស្លុតថែមទៀត។ ថ្ងៃនេះ យើងពង្រឹងអ្នកឲ្យមានជំហររឹងប៉ឹង គឺប្រៀបដូចជាក្រុងដែលមានកំពែងដ៏មាំ ឬដូចសសរដែក និងជញ្ជាំងលង្ហិន ដើម្បីឲ្យអ្នកតទល់នឹងប្រជាជនក្នុងស្រុកទាំងមូល តទល់នឹងស្ដេច នាម៉ឺនសព្វមុខមន្ត្រី ក្រុមបូជាចារ្យ និងអ្នកស្រុកនេះ។ ពួកគេនាំគ្នាប្រឆាំងនឹងអ្នក តែមិនអាចឈ្នះអ្នកបានទេ ដ្បិតយើងនៅជាមួយអ្នក ដើម្បីរំដោះអ្នក» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
យេរេមា 1:1-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នេះជាពាក្យរបស់យេរេមា ជាកូនហ៊ីលគីយ៉ា គឺជាម្នាក់ក្នុងពួកសង្ឃ ដែលនៅក្រុងអាន៉ាថោត ក្នុងស្រុកបេនយ៉ាមីន ជាអ្នកដែលព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្លួន នៅក្នុងឆ្នាំទី១៣នៃរាជ្យយ៉ូសៀស ជាបុត្រអាំម៉ូន ស្តេចស្រុកយូដា ក៏មានមកដល់ នៅក្នុងរាជ្យយ៉ូយ៉ាគីម ជាបុត្រយ៉ូសៀស ជាស្តេចស្រុកយូដា ដរាបដល់ផុតឆ្នាំទី១១ ក្នុងរាជ្យសេដេគា ជាបុត្រយ៉ូសៀស ដែលជាស្តេចស្រុកយូដា គឺដល់ខែស្រាពណ៍ ជាគ្រាដែលពួកក្រុងយេរូសាឡិម ត្រូវចាប់ដឹកនាំទៅជាឈ្លើយនោះឯង។ រីឯព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំថា មុនដែលអញបានជបបង្កើតឯងនៅក្នុងពោះម្តាយ នោះអញស្គាល់ឯងហើយ កាលមុនដែលឯងសំរាលចេញពីផ្ទៃមក នោះអញបានញែកឯងជាបរិសុទ្ធផង ក៏បានតាំងឯងឡើងជាហោរា ដល់អស់ទាំងសាសន៍ នោះខ្ញុំបានទូលថា ឱព្រះអម្ចាស់យេហូវ៉ាអើយ មើល ទូលបង្គំគ្មានវោហារអធិប្បាយទេ ដ្បិតទូលបង្គំជាមនុស្សក្មេងសុទ្ធ តែព្រះយេហូវ៉ាទ្រង់មានបន្ទូលមកខ្ញុំថា កុំឲ្យថាឯងជាមនុស្សក្មេងឡើយ ដ្បិតបើអញចាត់ឯងឲ្យទៅឯអ្នកណា នោះឯងត្រូវតែទៅ ហើយសេចក្ដីអ្វីដែលអញបង្គាប់ឯង នោះឯងត្រូវតែប្រាប់ដែរ ព្រះយេហូវ៉ាទ្រង់មានបន្ទូលមកខ្ញុំថា កុំឲ្យខ្លាចចំពោះគេឡើយ ដ្បិតអញនៅជាមួយ ដើម្បីនឹងជួយឲ្យឯងរួច នោះព្រះយេហូវ៉ាទ្រង់លូកព្រះហស្តមកពាល់មាត់ខ្ញុំ ហើយមានបន្ទូលថា មើល អញបានដាក់ពាក្យរបស់អញនៅក្នុងមាត់ឯងហើយ មើល នៅថ្ងៃនេះ អញតាំងឯងលើអស់ទាំងសាសន៍ នឹងលើនគរទាំងប៉ុន្មាន ដើម្បីឲ្យបានដករំលើង រុះទំលាក់ ហើយបំផ្លាញរំលំចុះ ព្រមទាំងសង់ឡើងវិញ ហើយដាំទៀតផង។ មួយទៀត ព្រះបន្ទូលនៃព្រះយេហូវ៉ា ក៏មកដល់ខ្ញុំ សួរថា យេរេមាអើយ តើឯងឃើញអ្វីនុ៎ះ នោះខ្ញុំទូលតបថា ទូលបង្គំឃើញដំបងឈើចំបក់១ រួចព្រះយេហូវ៉ាមានបន្ទូលមកខ្ញុំថា ឯងបានឃើញត្រូវហើយ ពីព្រោះអញព្យាយាមនឹងធ្វើសំរេចតាមពាក្យរបស់អញ។ ព្រះបន្ទូលនៃព្រះយេហូវ៉ា បានមកដល់ខ្ញុំម្តងទៀត សួរថា តើឯងឃើញអ្វីនុ៎ះ ខ្ញុំក៏ទូលតបថា ទូលបង្គំឃើញថ្លាងទឹកកំពុងតែពុះ ដែលមានមាត់ផ្អៀងមកពីទិសខាងជើង នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលមកខ្ញុំថា នឹងកើតមានការអាក្រក់ ផុលចេញពីទិសខាងជើង មកលើពួកអ្នកស្រុកទាំងអស់ ដ្បិតមើល អញនឹងហៅគ្រប់ទាំងគ្រួសារនៃនគរទាំងប៉ុន្មាននៅខាងជើង ហើយគេនឹងមកតាំងបល្ល័ង្ករបស់គេរៀងខ្លួន នៅត្រង់មាត់ទ្វារក្រុងយេរូសាឡិម ទល់នឹងកំផែងទីក្រុងព័ទ្ធជុំវិញ ហើយទល់នឹងទីក្រុងរបស់ស្រុកយូដាទាំងអស់ផង នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា នោះអញនឹងធ្វើទោសដល់ទីក្រុងទាំងនោះ ដោយព្រោះសេចក្ដីទុច្ចរិតរបស់គេទាំងប៉ុន្មាន គឺដែលគេបានបោះបង់ចោលអញ ហើយបានដុតកំញានថ្វាយដល់ព្រះដទៃ ព្រមទាំងថ្វាយបង្គំចំពោះរបស់ដែលដៃខ្លួនគេបានធ្វើផង ដូច្នេះចូរឲ្យឯងក្រវាត់ចង្កេះ ហើយក្រោកឡើងទៅប្រាប់ដល់គេ តាមគ្រប់ទាំងសេចក្ដីដែលអញបង្គាប់ឯងចុះ កុំឲ្យស្រយុតចិត្តចំពោះគេឡើយ ក្រែងអញធ្វើឲ្យឯងស្រយុតចិត្តនៅមុខគេជាពិត ដ្បិតមើល នៅថ្ងៃនេះអញបានតាំងឯងឡើង ទុកជាទីក្រុងត្រៀមដោយគ្រឿងចំបាំង ជាសសរដែក ហើយជាកំផែងលង្ហិន សំរាប់តនឹងស្រុកទាំងមូល នឹងស្តេចទាំងប៉ុន្មាននៃសាសន៍យូដា ព្រមទាំងតនឹងពួកចៅហ្វាយ នឹងពួកសង្ឃ ហើយនឹងបណ្តាជនទាំងឡាយនៅស្រុកនេះផង គេនឹងតនឹងឯង តែមិនឈ្នះឯងឡើយ ដ្បិតអញនៅជាមួយ ដើម្បីនឹងជួយឯងឲ្យរួច នេះជាព្រះបន្ទូលនៃព្រះយេវ៉ា។