ចៅហ្វាយ 9:22-57

ចៅហ្វាយ 9:22-57 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​អប៊ីម៉ា‌ឡេក​បាន​ដឹក​នាំ​ស្រុក​អ៊ីស្រា‌អែល​អស់​រយៈ​ពេល​បី​ឆ្នាំ។ ក្រោយ​មក ព្រះ‌ជាម្ចាស់​បាន​ធ្វើ​ឲ្យ​លោក​អប៊ីម៉ា‌ឡេក និង​ពួក​អ្នក​មុខ​អ្នក​ការ​នៅ​ស៊ីគែម មាន​គំនិត​បាក់​បែក​គ្នា គឺ​ពួក​គេ​បាន​នាំ​គ្នា​ក្បត់​នឹង​លោក​អប៊ីម៉ា‌ឡេក។ ដូច្នេះ ពួក​គេ​ទទួល​ទោស​ចំពោះ​ឃាត‌កម្ម​ដែល​ខ្លួន​បាន​ប្រព្រឹត្ត គឺ​សម្លាប់​កូន​ប្រុស​របស់​លោក​យេរូ‌បាល ទាំង​ចិត‌សិប​នាក់។ លោក​អប៊ីម៉ា‌ឡេក​ទទួល​ទោស ព្រោះ​បាន​សម្លាប់​បងប្អូន​របស់​ខ្លួន រីឯ​អ្នក​មុខ​អ្នក​ការ​នៅ​ស៊ីគែម​ទទួល​ទោស ព្រោះ​តែ​សម​គំនិត​ជា​មួយ​គាត់​ក្នុង​ឃាត‌កម្ម​នេះ។ ពួក​អ្នក​មុខ​អ្នក​ការ​នៅ​ស៊ីគែម​បាន​ចាត់​មនុស្ស​ឲ្យ​ទៅ​បង្កប់​ខ្លួន​នៅ​លើ​កំពូល​ភ្នំ ដើម្បី​ប្លន់​អស់​អ្នក​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​នោះ គឺ​ក្នុង​គោល​បំណង​ប្រឆាំង​នឹង​លោក​អប៊ីម៉ា‌ឡេក។ មាន​គេ​នាំ​ដំណឹង​នេះ​ទៅ​ប្រាប់​លោក​អប៊ីម៉ា‌ឡេក។ ថ្ងៃ​មួយ លោក​កាអាល ជា​កូន​របស់​លោក​អេបេដ បាន​ធ្វើ​ដំណើរ​ដល់​ស៊ីគែម​ជា​មួយ​បងប្អូន​របស់​គាត់។ ពួក​អ្នក​មុខ​អ្នក​ការ​នៅ​ស៊ីគែម​ទុក​ចិត្ត​គាត់។ ពួក​គេ​ចេញ​ទៅ​ចម្ការ បេះ​ផ្លែ​ទំពាំង‌បាយជូរ ហើយ​គាប​យក​ទឹក រួច​នាំ​គ្នា​ធ្វើ​បុណ្យ​យ៉ាង​សប្បាយ។ បន្ទាប់​មក គេ​ចូល​ទៅ​ក្នុង​វិហារ​ព្រះ​របស់​គេ គេ​នាំ​គ្នា​ស៊ី​ផឹក ហើយ​ដាក់​បណ្ដាសា​លោក​អប៊ីម៉ា‌ឡេក។ ពេល​នោះ លោក​កាអាល​ពោល​ឡើង​ថា៖ «តើ​អប៊ីម៉ា‌ឡេក​ជា​នរណា ហើយ​យើង​ទាំង​អស់​គ្នា​នៅ​ស៊ីគែម​នេះ​ជា​នរណា​ដែរ បាន​ជា​ត្រូវ​ចំណុះ​គាត់? គាត់​ជា​កូន​របស់​លោក​យេរូ‌បាល ហើយ​សេប៊ូល​ជា​តំណាង​របស់​គាត់។ ដូច្នេះ អ្នក​រាល់​គ្នា​មិន​ត្រូវ​បម្រើ​គាត់​ឡើយ ចូរ​ស្មោះ​ត្រង់​នឹង​ពូជ‌ពង្ស​លោក​ហា‌ម៉ោរ ដែល​ត្រូវ​ជា​ឪពុក​របស់​លោក​ស៊ីគែម​នោះ​វិញ។ ប្រសិន​បើ​មាន​គេ​ប្រគល់​ប្រជា‌ជន​នៅ​ស៊ីគែម​នេះ​មក​ឲ្យ​ខ្ញុំ​ត្រួត‌ត្រា ខ្ញុំ​នឹង​ផ្តួល​អប៊ីម៉ា‌ឡេក​ជា​មិន​ខាន»។ បន្ទាប់​មក លោក​កាអាល​ក៏​ស្រែក​ថា៖ «អប៊ីម៉ា‌ឡេក​អើយ ចូរ​ប្រមូល​កង‌ទ័ព​របស់​ឯង ចេញ​មក​ប្រយុទ្ធ​ជា​មួយ​នឹង​យើង!»។ កាល​លោក​សេប៊ូល ជា​ចៅហ្វាយ​ក្រុង បាន​ឮ​ពាក្យ​ដែល​លោក​កាអាល ជា​កូន​របស់​លោក​អេបេដ និយាយ​គាត់​ខឹង​យ៉ាង​ខ្លាំង។ គាត់​ក៏​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ជា​សម្ងាត់ ប្រាប់​លោក​អប៊ីម៉ា‌ឡេក​ថា៖ «កាអាល ជា​កូន​របស់​លោក​អេបេដ ព្រម​ទាំង​បងប្អូន​របស់​គេ​ទើប​នឹង​មក​ដល់​ស៊ីគែម ហើយ​កំពុង​តែ​ញុះ‌ញង់​អ្នក​ក្រុង​ឲ្យ​ប្រឆាំង​នឹង​លោក។ ដូច្នេះ នៅ​យប់​នេះ សូម​លោក​ចេញ​ទៅ​បង្កប់​ខ្លួន​នៅ​ឯ​ស្រុក​ស្រែ ជា​មួយ​ទាហាន​របស់​លោក​ទៅ។ ស្អែក​ឡើង ពេល​ថ្ងៃ​រះ សឹម​វាយ​សម្រុក​ចូល​ទីក្រុង។ នៅ​ពេល​កាអាល និង​បក្ស​ពួក​របស់​គេ​ចេញ​ទៅ​តទល់​នឹង​លោក​នោះ លោក​អាច​ប្រព្រឹត្ត​ចំពោះ​ពួក​គេ​តាម​តែ​លោក​យល់​ឃើញ​ទៅ​ចុះ»។ លោក​អប៊ីម៉ា‌ឡេក និង​ទាហាន​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ​គាត់ ក្រោក​ឡើង​ទាំង​យប់ ចែក​គ្នា​ជា​បួន​ក្រុម រួច​ទៅ​បង្កប់​ខ្លួន​នៅ​ក្បែរ​ស៊ីគែម។ ពេល​នោះ លោក​កាអាល ជា​កូន​របស់​លោក​អេបេដ ក៏​ចេញ​ទៅ​ឈរ​នៅ​មាត់​ទ្វារ​ទីក្រុង។ រីឯ​លោក​អប៊ីម៉ា‌ឡេក និង​ទាហាន​របស់​គាត់ ក៏​ស្ទុះ​ចេញ​មក​ពី​ទី​បង្កប់​ខ្លួន​ដែរ។ លោក​កាអាល​ឃើញ​ពួក​គេ ក៏​និយាយ​ទៅ​កាន់​លោក​សេប៊ូល​ថា៖ «មើល! មាន​មនុស្ស​ចុះ​ពី​លើ​កំពូល​ភ្នំ​មក»។ ប៉ុន្តែ លោក​សេប៊ូល​ឆ្លើយ​ថា៖ «មិន​មែន​ទេ គឺ​ជា​ស្រមោល​ភ្នំ​ទេ​តើ តែ​អ្នក​មើល​ឃើញ​ថា​ជា​មនុស្ស​ទៅ​វិញ!»។ លោក​កាអាល​ក៏​ពោល​ទៀត​ថា៖ «មើល​ន៎ គឺ​ពិត​ជា​មាន​មនុស្ស​ចុះ​ពី​ភ្នំ​ដែល​នៅ​កណ្ដាល​នោះ​មែន ហើយ​ក៏​មាន​មួយ​ក្រុម​ទៀត​មក​តាម​ផ្លូវ​ដើម​ជ្រៃ​របស់​ពួក​ហោរា​ដែរ»។ លោក​សេប៊ូល​ឆ្លើយ​តប​ថា៖ «ម្ដេច​ក៏​អ្នក​ឯង​មិន​ក្អេង‌ក្អាង​ទៀត​ទៅ? កាល​ពី​មុន​អ្នក​ឯង​បាន​ពោល​ថា “តើ​អប៊ីម៉ា‌ឡេក​ជា​នរណា បាន​ជា​យើង​ត្រូវ​ចំណុះ​គាត់?”។ ឥឡូវ​នេះ ពួក​ដែល​អ្នក​ឯង​មើល‌ងាយ មក​ដល់​ហើយ ចូរ​ចេញ​ទៅ​ប្រយុទ្ធ​ជា​មួយ​គេ​ទៅ!»។ លោក​កាអាល​ក៏​នាំ​មុខ​អ្នក​ក្រុង​ស៊ីគែម ចេញ​ទៅ​ប្រយុទ្ធ​ជា​មួយ​លោក​អប៊ីម៉ា‌ឡេក។ លោក​កាអាល​បាក់​ទ័ព ហើយ​លោក​អប៊ីម៉ា‌ឡេក​ដេញ​តាម​ពី​ក្រោយ។ មនុស្ស​មួយ​ចំនួន​ធំ​ត្រូវ​របួស ដួល​ស្លាប់​មុន​ទៅ​ដល់​មាត់​ទ្វារ​ក្រុង។ លោក​អប៊ីម៉ា‌ឡេក​ទៅ​ស្នាក់​នៅ​ភូមិ​អារូ‌ម៉ា ចំណែក​លោក​សេប៊ូល​វិញ គាត់​ដេញ​លោក​កាអាល និង​បងប្អូន​របស់​គេ ចេញ​ពី​ស៊ីគែម មិន​ឲ្យ​គេ​នៅ​ក្នុង​ក្រុង​នោះ​ឡើយ។ លុះ​ស្អែក​ឡើង លោក​អប៊ីម៉ា‌ឡេក បាន​ទទួល​ដំណឹង​ថា អ្នក​ក្រុង​ស៊ីគែម​រៀបចំ​ខ្លួន​ចេញ​ទៅ​វាល។ គាត់​ក៏​ប្រមូល​ទាហាន​របស់​គាត់​មក ចែក​គេ​ជា​បី​ក្រុម ហើយ​ឲ្យ​ទៅ​បង្កប់​ខ្លួន​នៅ​តាម​វាល។ ពេល​គាត់​ឃើញ​អ្នក​ក្រុង​ស៊ីគែម​ចេញ​ពី​ទីក្រុង​មក គាត់​ក៏​ស្ទុះ​ទៅ​វាយ​ប្រហារ​ពួក​គេ​ភ្លាម។ លោក​អប៊ីម៉ា‌ឡេក និង​ក្រុម​ដែល​នៅ​ជា​មួយ​គាត់ នាំ​គ្នា​ទៅ​ស្ទាក់​នៅ​មាត់​ទ្វារ​ក្រុង ក្នុង​ពេល​ដែល​ក្រុម​ពីរ​ទៀត​កំពុង​តែ​ដេញ​ប្រហារ​ជីវិត​អស់​អ្នក​ដែល​នៅ​តាម​វាល។ លោក​អប៊ីម៉ា‌ឡេក​វាយ​ទីក្រុង​ពេញ​មួយ​ថ្ងៃ ទើប​ដណ្ដើម​យក​ទីក្រុង​បាន។ គាត់​សម្លាប់​ប្រជា‌ជន​នៅ​ក្នុង​ទីក្រុង ហើយ​បំផ្លាញ​ទីក្រុង ព្រម​ទាំង​បាច​អំបិល​ទៀត​ផង។ នៅ​ពេល​ឮ​ដំណឹង​នេះ ពួក​អ្នក​មុខ​អ្នក​ការ​ទាំង​ប៉ុន្មាន ដែល​ស្ថិត​នៅ​ក្នុង​ប៉ម​ស៊ីគែម នាំ​គ្នា​ទៅ​ជ្រក​នៅ​ក្នុង​គុហា ដែល​នៅ​ក្រោម​វិហារ​ព្រះ‌បេរីត។ លោក​អប៊ីម៉ា‌ឡេក​បាន​ទទួល​ដំណឹង​ថា ពួក​គេ​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទី​នោះ គាត់​ក៏​ឡើង​ទៅ​លើ​ភ្នំ​សាល់‌ម៉ូន ជា​មួយ​ទាហាន​របស់​គាត់។ គាត់​យក​ពូថៅ​ទៅ​កាប់​មែក​ឈើ​មួយ រួច​លើក​លី ទាំង​បង្គាប់​ទៅ​ទាហាន​របស់​គាត់​ថា៖ «ចូរ​ធ្វើ​តាម​ខ្ញុំ​ជា​ប្រញាប់!»។ ពួក​ទាហាន​ក៏​កាប់​មែក​ឈើ​ម្នាក់​មួយ​មែកៗ ហើយ​លី​ទៅ​តាម​លោក​អប៊ីម៉ា‌ឡេក។ ពួក​គេ​យក​មែក​ឈើ​ទាំង​នោះ​ទៅ​គរ​នៅ​មាត់​គុហា រួច​ដុត​ភ្លើង​បញ្ឆេះ​គុហា ព្រម​ទាំង​មនុស្ស​ដែល​នៅ​ក្នុង​នោះ​ផង។ អស់​អ្នក​ដែល​នៅ​ក្នុង​ប៉ម​ស៊ីគែម បាន​ស្លាប់​បែប​នេះ​ឯង ពួក​គេ​ទាំង​ប្រុស​ទាំង​ស្រី​មាន​ចំនួន​ប្រមាណ​មួយ​ពាន់​នាក់។ ក្រោយ​មក លោក​អប៊ីម៉ា‌ឡេក​ទៅ​ក្រុង​ថេ‌បេស គាត់​ឡោម‌ព័ទ្ធ​ក្រុង​នោះ ហើយ​ដណ្ដើម​យក​បាន។ នៅ​កណ្ដាល​ក្រុង​នោះ មាន​ប៉ម​មួយ​យ៉ាង​មាំ ប្រជា‌ជន​ទាំង​ប្រុស​ទាំង​ស្រី និង​អ្នក​មុខ​អ្នក​ការ​ទាំង​ប៉ុន្មាន​នៅ​ក្រុង​នោះ នាំ​គ្នា​ទៅ​ជ្រក​ក្នុង​ប៉ម​នោះ។ ពួក​គេ​បិទ​ទ្វារ​យ៉ាង​ជិត រួច​នាំ​គ្នា​ឡើង​ទៅ​លើ​កំពូល។ លោក​អប៊ីម៉ា‌ឡេក​ចូល​ទៅ​វាយ​យក​ប៉ម​នោះ គឺ​គាត់​ទៅ​ជិត​មាត់​ទ្វារ ដើម្បី​ដុត​បំផ្លាញ​ចោល។ ពេល​នោះ ស្ត្រី​ម្នាក់​បាន​ទម្លាក់​ត្បាល់​ថ្ម​មួយ​ទៅ​លើ​ក្បាល​គាត់ ហើយ​ក្បាល​គាត់​ក៏​បែក។ ភ្លាម​នោះ លោក​អប៊ីម៉ា‌ឡេក​ហៅ​យុវជន​ដែល​កាន់​អាវុធ​របស់​គាត់​មក ហើយ​បង្គាប់​ថា៖ «ចូរ​ហូត​ដាវ​សម្លាប់​ខ្ញុំ​ទៅ ដើម្បី​កុំ​ឲ្យ​គេ​និយាយ​ថា មាន​ស្ត្រី​ម្នាក់​បាន​សម្លាប់​ខ្ញុំ​ឡើយ»។ យុវជន​នោះ​ក៏​ចាក់​ទម្លុះ​គាត់ ហើយ​គាត់​ក៏​ស្លាប់​ទៅ។ កាល​ជន‌ជាតិ​អ៊ីស្រា‌អែល​ឃើញ​ថា គាត់​បាន​ស្លាប់​ហើយ​នោះ គេ​ក៏​វិល​ត្រឡប់​ទៅ​កាន់​ទី​លំ‌នៅ​របស់​គេ​រៀងៗ​ខ្លួន​វិញ។ គឺ​យ៉ាង​នេះ​ហើយ ដែល​ព្រះ‌ជាម្ចាស់​ដាក់​ទោស​លោក​អប៊ីម៉ា‌ឡេក សម​នឹង​អំពើ​អាក្រក់​ដែល​គាត់​បាន​ធ្វើ​ចំពោះ​ឪពុក​របស់​គាត់ ដោយ​សម្លាប់​បងប្អូន​គាត់​ទាំង​ចិត‌សិប​នាក់។ ព្រះ‌ជាម្ចាស់​ក៏​បាន​ដាក់​ទោស​អ្នក​ក្រុង​ស៊ីគែម សម​នឹង​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​ដែរ គឺ​ស្រប​តាម​ពាក្យ​បណ្ដាសា​របស់​លោក​យ៉ូថាម ជា​កូន​របស់​លោក​យេរូ‌បាល បាន​ថ្លែង​ទាស់​នឹង​ពួក​គេ។

ចែក​រំលែក
អាន ចៅហ្វាយ 9

ចៅហ្វាយ 9:22-57 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

អ័ប៊ី‌ម៉្មា‌ឡិច​គ្រប់​គ្រង​លើ​ពួក​អ៊ីស្រា‌អែល​រយៈ​ពេល​បី​ឆ្នាំ។ ក្រោយ​មក ព្រះ‌ទ្រង់​បណ្ដាល​ឲ្យ​អ័ប៊ី‌ម៉្មា‌ឡិច និង​ពួក​មេ​ដឹក​នាំ​នៅ​ស៊ីគែម មាន​គំនិត​អាក្រក់​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ពួក​មេ​ដឹក​នាំ​នៅ​ស៊ីគែម​ក៏​ប្រព្រឹត្ត​ដោយ​ចិត្ត​ក្បត់​នឹង​អ័ប៊ី‌ម៉្មា‌ឡិច ដើម្បី​ឲ្យ​ឈាម​របស់​កូន​យេរូ-បាល​ទាំង​ចិត​សិប​នាក់ ដែល​អ័ប៊ី‌ម៉្មា‌ឡិចជា​ប្អូន​បាន​សម្លាប់​ដោយ​ឃោរ​ឃៅ បាន​ធ្លាក់​មក​លើ​គាត់ និង​ធ្លាក់​មក​លើ​មនុស្ស​នៅ​ស៊ីគែម ដែល​បាន​ចម្រើន​កម្លាំង​ដៃគាត់ ឲ្យ​សម្លាប់​បង​ប្អូន​របស់​ខ្លួន។ ពួក​មេ​ដឹក​នាំ​នៅ​ស៊ីគែម​បាន​បង្កប់​មនុស្ស​នៅ​លើ​ភ្នំ​ឲ្យ​ចាំ​ចាប់​គាត់ អ្នក​ទាំង​នោះ​ក៏​ប្លន់​អស់​អ្នក​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​នោះ ហើយ​ដំណឹង​នោះក៏បាន​ឮ​ដល់​អ័ប៊ី‌ម៉្មា‌ឡិច។ គ្រា​នោះ កាអាល​ជា​កូន​អេបេឌ បាន​មក​ដល់​ស៊ីគែម​ជា​មួយ​បង​ប្អូន​របស់​គាត់ ហើយ​ពួកមេ​ដឹក​នាំ​នៅ​ស៊ីគែម​ក៏​ទុក​ចិត្ត​នឹង​គាត់។ គេ​នាំ​គ្នា​ចេញ​ទៅ​ចម្ការ បេះ​ផ្លែ​ទំពាំង‌បាយ​ជូរ​របស់​ខ្លួន​យក​មក​គាប រួច​ធ្វើ​ពិធី​បុណ្យ​យ៉ាង​សប្បាយ បន្ទាប់​មក គេ​ចូល​ទៅ​ស៊ី​ផឹក​ក្នុង​វិហារ​នៃ​ព្រះ​របស់​គេ ហើយ​ដាក់​បណ្ដា‌សា​អ័ប៊ី‌ម៉្មា‌ឡិច។ កាអាល​ជា​កូន​អេបេឌ​ពោល​ឡើង​ថា៖ «តើ​អ័ប៊ី‌ម៉្មា‌ឡិច​ជា​អ្នក​ណា ហើយ​ពួក​យើង​នៅ​ស៊ីគែម​នេះ​ជា​អ្នក​ណា បាន​ជា​យើង​ត្រូវ​បម្រើ​គាត់? តើ​គាត់​មិន​មែន​ជា​កូន​របស់​យេរូ-បាល ហើយ​សេប៊ុល​មិន​មែន​ជា​តំណាង​របស់​គាត់​ទេ​ឬ? ចូរ​បម្រើ​មនុស្ស​របស់​ហាម៉ោរ ដែល​ជា​ឪពុក​របស់​ស៊ីគែម​វិញ ហេតុ​អី​បាន​ជា​យើង​ត្រូវ​បម្រើ​អ័ប៊ី‌ម៉្មា‌ឡិច? ឱ​ប្រសិន‌បើ​ប្រជាជន​នេះ​នៅ​ក្រោម​អំណាច​របស់​ខ្ញុំ​ទៅ​អេះ! នោះ​ខ្ញុំ​នឹង​ដក​អ័ប៊ី‌ម៉្មា‌ឡិច​ចេញ ខ្ញុំ​នឹង​និយាយ​ទៅ​អ័ប៊ី‌ម៉្មា‌ឡិច​ថា "ចូរ​ប្រមូល​កង​ទ័ព​របស់​ឯង​ឲ្យ​ច្រើន ហើយ​ចេញ​មក!"»។ កាល​សេប៊ុល​ជា​ចៅ‌ហ្វាយ​ក្រុង​បាន​ឮ​ពាក្យ​របស់​កាអាល​ជា​កូន​អេបេឌ​ដូច្នេះ កំហឹង​របស់​លោក​ក៏​ឆួល​ឡើង។ គាត់​ក៏​ចាត់​គេ​ឲ្យ​ទៅ​ជម្រាប​អ័ប៊ី‌ម៉្មា‌ឡិច​ដោយ​សម្ងាត់​ថា៖ «មើល៍ កាអាល​ជា​កូន​អេបេឌ និង​បង​ប្អូន​របស់​គាត់ បាន​មក​ដល់​ស៊ីគែម ហើយ​គេ​ញុះ‌ញង់​អ្នក​ក្រុង​ឲ្យ​ប្រឆាំង​នឹង​លោក។ ដូច្នេះ សូម​លោក និង​មនុស្ស​ដែល​នៅ​ជា​មួយ​លោក ចេញ​ទៅ​បង្កប់​ខ្លួន​ទាំង​យប់ នៅ​តាមទី​វាល​ទៅ។ រួច​ព្រឹក​ឡើង នៅ​ពេល​ថ្ងៃ​រះ​ភ្លាម សូម​ក្រោក​ឡើង ហើយ​សម្រុក​ចូល​ទី​ក្រុង​ទៅ។ ពេល​កាអាល និង​មនុស្ស​ដែល​នៅ​ជាមួយ​វា​ចេញ​មក​ច្បាំង​នឹង​លោក សូម​ឲ្យ​លោក​ប្រព្រឹត្ត​នឹង​វា តាម​តែ​មាន​ឱកាស​ចុះ»។ ដូច្នេះ អ័ប៊ី‌ម៉្មា‌ឡិច និង​មនុស្ស​ដែល​នៅ​ជាមួយ​គាត់ ក៏​ក្រោក​ឡើង​ទាំង​យប់ នាំ​គ្នា​ទៅ​បង្កប់​ខ្លួន​ជា​បួន​ក្រុម ដើម្បី​ច្បាំងនឹង​ក្រុង​ស៊ីគែម។ ឯ​កាអាល ជា​កូន​អេបេឌ ក៏​ចេញ​ទៅ​ឈរ​នៅ​មាត់​ទ្វារ​ក្រុង រួច​អ័ប៊ី‌ម៉្មា‌ឡិច និង​មនុស្ស​ដែល​នៅ​ជា​មួយ ក៏​ស្ទុះ​ចេញ​ពី​ទី​បង្កប់​ខ្លួន​ដែរ។ ពេល​កាអាល​ឃើញ​ពួក​គេ គាត់​ក៏​ប្រាប់​សេប៊ុល​ថា៖ «មើល៍ មាន​មនុស្ស​ចុះ​ពី​កំពូល​ភ្នំ​មក​ហើយ!» ប៉ុន្ដែ សេប៊ុល​ឆ្លើយ​ថា៖ «មិន​មែន​ទេ គឺ​ស្រមោល​ភ្នំ​ដែល​អ្នក​មើល​ទៅ​ឃើញ​ដូច​ជា​មនុស្ស​ទេ​តើ!»។ កាអាល​ក៏​ប្រាប់​ម្តង​ទៀត​ថា៖ «មើល​ហ្ន៎ មាន​មនុស្សចុះ​មក​ពី​ទួល​ខ្ពស់​នោះ​ហើយ ក៏​មាន​មួយ​ពួក​ទៀត​មក​តាម​ផ្លូវ​ដើម​ម៉ៃសាក់​អេឡូន-មេវនេ‌នីម ដែរ»។ ពេល​នោះ សេប៊ុល​ឆ្លើយ​ថា៖ «ឥឡូវ​នេះ តើ​សម្ដី​អ្នក​ឯង​នៅ​ឯ​ណា អ្នក​ឯង​បាន​ពោល​ថា "តើ​អ័ប៊ី‌ម៉្មា‌ឡិច​ជា​អ្នក​ណាបាន​ជា​យើង​ត្រូវបម្រើ​វា?" តើ​មិន​មែន​មនុស្ស​ទាំងនេះ​ទេ​ឬ ដែល​ឯង​បាន​មើល​ងាយ? ឥឡូវ​នេះ ចូរ​ចេញ​ទៅ​ច្បាំង​នឹង​គេ​ទៅ!» កាអាល​ក៏​នាំ​មុខ​ពួក​មេ​ដឹក​នាំ​ក្រុង​ស៊ីគែម ចេញ​ទៅ​ច្បាំង​នឹង​អ័ប៊ី‌ម៉្មា‌ឡិច តែ​អ័ប៊ី‌ម៉្មា‌ឡិច​ដេញ​គាត់ ហើយ​គាត់​ក៏​រត់​ពី​មុខ​គេ​ទៅ។ មាន​មនុស្ស​ជា​ច្រើន​បាន​ដួលដោយ​ត្រូវ​របួស រហូត​ដល់​មាត់​ទ្វារ​ក្រុង។ ឯ​អ័ប៊ី‌ម៉្មា‌ឡិច​ក៏​អាស្រ័យ​នៅ​ភូមិ​អារូម៉ា ហើយ​សេប៊ុល​បាន​បណ្តេញ​កាអាល និង​បង​ប្អូន​របស់​គាត់ មិន​ឲ្យ​គេ​នៅ​ក្រុង​ស៊ីគែម​ទៀត​ឡើយ។ លុះ​ស្អែក​ឡើង ប្រជាជន​ក៏​ចេញ​ទៅ​ត្រៀម​នៅ​ទី​វាល ហើយ​មាន​គេ​ទៅ​ជម្រាប​អ័ប៊ី‌ម៉្មា‌ឡិច។ អ័ប៊ី‌ម៉្មា‌ឡិច​ក៏​ប្រមូល​មនុស្ស​របស់​គាត់ ហើយ​ចែក​ពួក​គេ​ជា​បី​ក្រុម រួច​ចេញ​ទៅ​បង្កប់​ខ្លួន​នៅ​តាម​ទី​វាល តែ​កាល​គាត់​ក្រឡេក​មើល​ទៅ​ឃើញ​មនុស្ស​ចេញ​ពី​ទី​ក្រុង​មក គាត់​ក៏​ស្ទុះ​ចូល​ទៅ​វាយ​ប្រហារ​គេ​ភ្លាម។ អ័ប៊ី‌ម៉្មា‌ឡិច និង​ពួក​ទ័ព​មួយ​ក្រុម​ដែល​នៅ​ជា​មួយគាត់ ក៏​រត់​ទៅ​ខាង​មុខ ហើយ​ឈរ​នៅ​មាត់​ទ្វារ​ក្រុង ចំណែក​ឯ​ទ័ព​ពីរ​ក្រុម​ទៀត សម្រុក​ចូល​ទៅ​វាយ​ប្រហារ​អស់​អ្នក​ដែល​នៅ​តាមទី​វាល។ អ័ប៊ី‌ម៉្មា‌ឡិច​ច្បាំង​នឹង​ទី​ក្រុង​នោះ​អស់​ពេញ​មួយ​ថ្ងៃ គាត់​ចាប់​យក​បាន​ទី​ក្រុង ហើយ​សម្លាប់​ប្រជាជន​នៅ​ក្នុង​ទីក្រុង បំផ្លាញ​ទី​ក្រុង ព្រម​ទាំង​បាច​អំបិល​ទៀត​ផង។ កាល​ពួក​មេ​ដឹក​នាំ​ទាំង​ប៉ុន្មាន​នៅ​ប៉ម​ស៊ីគែម​ឮ​ដំណឹង​នេះ គេ​ក៏​ចូល​ទៅ​ក្នុង​ជម្រក​ការ​ពារ​នៃ​វិហារ​ព្រះ‌បេរីត។ មាន​គេ​ជម្រាប​អ័ប៊ី‌ម៉្មា‌ឡិច​ថា ពួក​មេ​ដឹក​នាំ​ទាំង​ប៉ុន្មាន​នៅ​ប៉ម​ស៊ីគែម បាន​ប្រមូល​ផ្ដុំ​គ្នា​ហើយ។ ពេល​នោះ អ័ប៊ី‌ម៉្មា‌ឡិច និង​ពួក​ទ័ព​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ ក៏​ឡើង​ទៅ​លើ​ភ្នំ​សាល‌ម៉ូន។ អ័ប៊ី‌ម៉្មា‌ឡិច​យក​ពូថៅ​ទៅ​កាប់​មែក​ឈើ​មួយ រួច​ដាក់​លើ​ស្មា​លី​ទៅ ទាំង​បង្គាប់​មនុស្ស​ដែល​នៅ​ជា​មួយ​ថា៖ «អ្នក​រាល់​គ្នា​ឃើញ​ខ្ញុំ​ធ្វើ​អ្វី ចូរ​ប្រញាប់​នឹង​ធ្វើ​តាម​ខ្ញុំ​ទៅ!»។ ដូច្នេះ ពួក​ទាហាន​ក៏​កាប់​មែក​ឈើ​រៀង​ខ្លួន ហើយ​លី​ទៅ​តាម​អ័ប៊ី‌ម៉្មា‌ឡិច រួច​ដាក់​មែក​ឈើ​ទាំង​នោះនៅ​ត្រង់​មាត់​ច្រក​ជម្រក​ការ​ពារ​នោះ ហើយ​យក​ភ្លើង​ដុត​បញ្ឆេះ ដូច្នេះ មនុស្ស​ដែល​នៅ​ប៉ម​ស៊ីគែម​ទាំង​ប៉ុន្មាន ក៏​ស្លាប់​អស់ ទាំង​ប្រុស​ទាំង​ស្រី មាន​ចំនួន​ប្រមាណ​មួយ​ពាន់​នាក់។ បន្ទាប់​មក អ័ប៊ី‌ម៉្មា‌ឡិច​ក៏​ទៅ​ដល់​ក្រុង​ថេ‌បេស បោះ‌ទ័ព​ច្បាំង​នឹង​ក្រុង​ថេ​បេស ហើយ​ចាប់​យក​បាន​ទី​ក្រុង​នោះ។ ប៉ុន្ដែ នៅ​ក្នុង​ទី​ក្រុង​នោះមាន​ប៉ម​មួយ​យ៉ាង​មាំ ឯ​ប្រជាជន​ទាំង​អស់​គ្នា ទាំង​ប្រុស​ទាំង​ស្រី រួម​ទាំង​ពួក​មេ​ដឹក​នាំ​នៅ​ក្រុង​នោះ​ទាំង​ប៉ុន្មាន នាំ​គ្នា​រត់​ទៅ​ជ្រក​នៅ​ប៉ម​នោះ ហើយ​បិទ​ទ្វារ​ជិត រួច​ឡើង​ទៅ​លើ​កំពូល។ អ័ប៊ី‌ម៉្មា‌ឡិច​ចូល​មក​ច្បាំង​នឹង​ប៉ម​នោះ គាត់​ចូល​ទៅ​ជិត​មាត់​ទ្វារ​ប៉ម ដើម្បី​យក​ភ្លើង​ដុត​បំផ្លាញ​ចោល។ ពេល​នោះ មាន​ស្ត្រី​ម្នាក់​បាន​ទម្លាក់​គម្រប​ត្បាល់​កិន​មួយ មក​លើ​ក្បាល​អ័ប៊ី‌ម៉្មា‌ឡិច ហើយ​គាត់​ក៏​បែក​ក្បាល។ ភ្លាម​នោះ គាត់​ហៅ​យុវជន​ម្នាក់ ដែល​កាន់​អាវុធ​របស់​គាត់ ហើយ​បង្គាប់​ថា៖ «ចូរ​ឯង​ហូត​ដាវ​មក​សម្លាប់​អញ​ទៅ ដើម្បី​កុំ​ឲ្យ​គេ​និយាយ​ថា មាន​ស្ត្រី​ម្នាក់​បាន​សម្លាប់​អញ​នោះ​ឡើយ»។ ដូច្នេះ យុវជន​នោះ​ក៏​ចាក់​ទម្លុះ​គាត់ ហើយ​គាត់​ក៏​ស្លាប់​ទៅ។ កាល​ពួក​អ៊ីស្រា‌អែល​បាន​ឃើញ​ថា អ័ប៊ី‌ម៉្មា‌ឡិច​ស្លាប់​ហើយ គេ​ក៏​ត្រឡប់​ទៅ​លំនៅ​របស់​គេ​រៀង​ៗ​ខ្លួន​វិញ។ គឺ​យ៉ាង​នេះ​ហើយ​ដែល​ព្រះ​បាន​សង​អំពើ​ដ៏​អាក្រក់​របស់​អ័ប៊ី‌ម៉្មា‌ឡិច ដែល​គាត់​បាន​ប្រព្រឹត្ត​ចំពោះ​ឪពុក​ខ្លួន ដោយ​សម្លាប់​បង​ប្អូន​ខ្លួន​ទាំង​ចិត​សិប​នាក់ ហើយ​ព្រះ‌ទ្រង់​ក៏​បាន​ទម្លាក់​អំពើ​អាក្រក់​របស់​ពួក​អ្នក​នៅ​ស៊ីគែម​ទាំង​ប៉ុន្មាន មក​លើ​ក្បាល​គេ​វិញ​ដែរ ហើយ​បណ្ដា‌សា​របស់​យ៉ូថាម ជា​កូន​យេរូ-បាល ក៏​ធ្លាក់​លើ​គេ​ដែរ។

ចែក​រំលែក
អាន ចៅហ្វាយ 9

ចៅហ្វាយ 9:22-57 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

អ័ប៊ី‌ម៉្មា‌ឡិច​ក៏​ជែង​គ្រប់‌គ្រង​លើ​ពួក​អ៊ីស្រាអែល​អស់​៣​ឆ្នាំ លំដាប់​នោះ ព្រះ‌ទ្រង់​បណ្តាល​ឲ្យ​អ័ប៊ី‌ម៉្មា‌ឡិច នឹង​ពួក​មនុស្ស​នៅ​ស៊ីគែម មាន​គំនិត​អាក្រក់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ពួក​មនុស្ស​នៅ​ស៊ីគែម​ក៏​ប្រព្រឹត្ត​ដោយ​ចិត្ត​ក្បត់​ចំពោះ​អ័ប៊ី‌ម៉្មា‌ឡិច ដើម្បី​ឲ្យ​ឈាម​នៃ​ពួក​កូន​យេរូ-បាល​ទាំង​៧០​នាក់ ដែល​អ័ប៊ី‌ម៉្មា‌ឡិច​ជា​ប្អូន បាន​សំឡាប់​ដោយ​សាហាវ បាន​ធ្លាក់​មក​លើ​លោក នឹង​ពួក​មនុស្ស​នៅ​ស៊ីគែម ដែល​បាន​ចំរើន​កំឡាំង​ដៃ​លោក ឲ្យ​សំឡាប់​បង​ប្អូន​ផង ដូច្នេះ​ពួក​មនុស្ស​នៅ​ស៊ីគែម គេ​ក៏​បង្កប់​មនុស្ស​នៅ​លើ​ភ្នំ​ឲ្យ​ចាំ​ចាប់​លោក ពួក​អ្នក​ទាំង​នោះ​ក៏​ប្លន់​អស់​អ្នក​ដែល​មក​តាម​ផ្លូវ​នោះ ហើយ​មាន​គេ​នាំ​ដំណឹង​នោះ​ទៅ​ប្រាប់​ដល់​អ័ប៊ី‌ម៉្មា‌ឡិច។ គ្រា​នោះ កាអាស​ជា​កូន​អេបេឌ ក៏​មក​ដល់​ស៊ីគែម​ជា​មួយ​នឹង​បង​ប្អូន​គាត់ ហើយ​ពួក​មនុស្ស​នៅ​ស៊ីគែម ក៏​ទុក​ចិត្ត​នឹង​គាត់ គេ​នាំ​គ្នា​ចេញ​ទៅ​ឯ​ចំការ បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​របស់​ខ្លួន​យក​មក​គាប រួច​តាំង​អរ​សប្បាយ​ឡើង​ជា​មួយ​គ្នា នោះ​ក៏​ចូល​ទៅ​ស៊ី​ផឹក​ក្នុង​វិហារ​នៃ​ព្រះ​របស់​គេ ហើយ​ដាក់​បណ្តាសា​ដល់​អ័ប៊ី‌ម៉្មា‌ឡិច កាអាល ជា​កូន​អេបេឌ បញ្ចេញ​វាចា​ថា តើ​អ័ប៊ី‌ម៉្មា‌ឡិច​ជា​អ្វី ហើយ​ស៊ីគែម​ជា​អ្វី ដែល​យើង​ត្រូវ​កោត‌ខ្លាច​ដល់​វា តើ​វា​មិន​មែន​ជា​កូន​យេរូ-បាល ហើយ​មេ‌ទ័ព​របស់​វា​មិន​មែន​ឈ្មោះ​សេប៊ុល​ទេ​ឬ​អី ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​កោត‌ខ្លាច​ដល់​ពួក​ហាម៉ោរ​ជា​ឪពុក​ស៊ីគែម​វិញ តើ​ចង់​កោត‌ខ្លាច​ដល់​អ័ប៊ី‌ម៉្មា‌ឡិច​ធ្វើ​អី ឱ​បើ​ជា​បណ្តាជន​ទាំង​នេះ​នៅ​ក្រោម​អំណាច​ខ្ញុំ​វិញ​ទៅ​អេះ នោះ​ខ្ញុំ​នឹង​ដក​អ័ប៊ី‌ម៉្មា‌ឡិច​ចេញ រួច​គាត់​និយាយ​ប្រកួត​នឹង​អ័ប៊ី‌ម៉្មា‌ឡិច ដោយ​ពាក្យ​ថា ចូរ​ចំរើន​ពល‌ទ័ព​ឯង​ចេញ​មក​ល្បង​ល​ចុះ។ កាល​សេប៊ុល ជា​ចៅហ្វាយ​ទី​ក្រុង បាន​ឮ​ពាក្យ​របស់​កាអាល ជា​កូន​អេបេឌ​ដូច្នោះ ក៏​កើត​មាន​សេចក្ដី​កំហឹង​ឡើង រួច​លោក​ចាត់​គេ​ឲ្យ​ទៅ​ជំរាប​អ័ប៊ី‌ម៉្មា‌ឡិច​ដោយ​សំងាត់​ថា មើល ឥឡូវ​កាអាល ជា​កូន​អេបេឌ នឹង​បង​ប្អូន​វា បាន​មក​ដល់​ស៊ីគែម​ហើយ គេ​ញុះ‌ញង់​ទី​ក្រុង​ឲ្យ​បះ‌បោរ​ទាស់​នឹង​លោក ដូច្នេះ​សូម​ឲ្យ​លោក នឹង​ពួក​អ្នក​ដែល​កាន់​ខាង​លោក រៀបចំ​ទៅ​បង្កប់​ខ្លួន​ទាំង​យប់​នៅ​ទី​វាល​ទៅ រួច​ដល់​វេលា​ព្រឹក កាល​ថ្ងៃ​ទើប​នឹង​រះ នោះ​សូម​លោក​ក្រោក​ឡើង សង្ខុញ​ចូល​មក​ឯ​ទី​ក្រុង​តែ​ម្តង យ៉ាង​នោះ លុះ​កាល​វា នឹង​ពួក​អ្នក​ដែល​កាន់​ខាង​វា ចេញ​ទៅ​ច្បាំង​នឹង​លោក សូម​ឲ្យ​លោក​ប្រព្រឹត្ត​នឹង​វា​តាម​តែ​មាន​ឱកាស​ចុះ។ ខណៈ​នោះ អ័ប៊ី‌ម៉្មា‌ឡិច នឹង​អស់​មនុស្ស​ដែល​កាន់​ខាង​លោក ក៏​ក្រោក​ឡើង​ទាំង​យប់ នាំ​គ្នា​ទៅ​បង្កប់​ខ្លួន​ជា​៤​ពួក ដើម្បី​ច្បាំង​នឹង​ពួក​ក្រុង​ស៊ីគែម ឯ​កាអាល ជា​កូន​អេបេឌ ក៏​ចេញ​ទៅ​ឈរ​នៅ​មាត់​ទ្វារ​ក្រុង រួច​អ័ប៊ី‌ម៉្មា‌ឡិច នឹង​ពួក​អ្នក​ដែល​នៅ​ជា​មួយ ក៏​ងើប​ចេញ​ពី​ទី​បង្កប់​ខ្លួន​មក កាល​កាអាល​បាន​ឃើញ​គេ ក៏​ប្រាប់​ដល់​សេប៊ុល​ថា មើល មាន​មនុស្ស​ចុះ​ពី​ភ្នំ​នោះ​មក​ហើយ តែ​សេប៊ុល​ឆ្លើយ​ថា នោះ​ជា​ស្រមោល​ភ្នំ​ទេ ដែល​អ្នក​មើល​ទៅ​ឃើញ​ដូច​ជា​មនុស្ស​វិញ កាអាល​ក៏​ប្រាប់​ម្តង​ទៀត​ថា មើល​នុ៎ះន៏ មាន​គេ​មក​ពី​ទួល​ខ្ពស់​នោះ​ហើយ ក៏​មាន​១​ពួក​ទៀត​មក​តាម​ផ្លូវ​ដើម​ម៉ៃសាក់​មេវនេ‌នីម​ដែរ នោះ​សេប៊ុល​ឆ្លើយ​ថា តើ​សំដី​ឯង​នៅ​ឯ​ណា​ឥឡូវ ដែល​ឯង​បាន​ថា តើ​អ័ប៊ី‌ម៉្មា‌ឡិច​ជា​អ្វី ដែល​យើង​ត្រូវ​កោត‌ខ្លាច​ដល់​វា គឺ​មនុស្ស​ទាំង​នោះ​ហើយ ដែល​ឯង​បាន​មើល‌ងាយ​ទេ​តើ ដូច្នេះ​ចូរ​ចេញ​ទៅ​ច្បាំង​នឹង​គេ​ឥឡូវ​នេះ​ចុះ កាអាល​ក៏​នាំ​មុខ​ពួក​មនុស្ស​នៅ​ស៊ីគែម ចេញ​ទៅ​ច្បាំង​នឹង​អ័ប៊ី‌ម៉្មា‌ឡិច តែ​អ័ប៊ី‌ម៉្មា‌ឡិច​ប្រដេញ​គាត់​វិញ ហើយ​គាត់​ក៏​រត់​ពី​មុខ​គេ​ទៅ មាន​មនុស្ស​ជា​ច្រើន​បាន​ដួល ដោយ​ត្រូវ​របួស រហូត​ដល់​មាត់​ទ្វារ​ទី​ក្រុង។ ឯ​អ័ប៊ី‌ម៉្មា‌ឡិច លោក​ក៏​អាស្រ័យ​នៅ​ត្រង់​អារូម៉ា ហើយ​សេប៊ុល​បាន​បណ្តេញ​កាអាល នឹង​បង​ប្អូន​គេ មិន​ឲ្យ​នៅ​ស៊ីគែម​ទៀត​ទេ រួច​ដល់​ថ្ងៃ​ស្អែក​ឡើង បណ្តាជន​ក៏​ចេញ​ទៅ​ត្រៀម​នៅ​ឯ​វាល ហើយ​មាន​គេ​ទៅ​ជំរាប​ដល់​អ័ប៊ី‌ម៉្មា‌ឡិច នោះ​អ័ប៊ី‌ម៉្មា‌ឡិច​ក៏​ចែក​ពួក​ទ័ព​ជា​៣​ផ្នែក នាំ​ចេញ​ទៅ​បង្កប់​ខ្លួន​នៅ​ឯ​វាល តែ​កាល​លោក​ក្រឡេក​មើល​ទៅ​ឃើញ​ពួក​បណ្តាជន​កំពុង​ចេញ​ពី​ទី​ក្រុង​មក​ទៀត នោះ​ក៏​ក្រោក​ស្ទុះ​ចូល​ទៅ​វាយ​គេ រួច​លោក នឹង​ពួក​ទ័ព​១​ផ្នែក​ដែល​នៅ​ជា​មួយ ក៏​រត់​ទៅ​ពី​ខាង​មុខ ឈរ​នៅ​មាត់​ទ្វារ​ក្រុង ឯ​ពួក​ទ័ព​២​ផ្នែក​ឯ​ទៀត ក៏​ស្ទុះ​ចូល​ទៅ​វាយ​ពួក​ដែល​នៅ​ឯ​វាល​នោះ អ័ប៊ី‌ម៉្មា‌ឡិច​បាន​ច្បាំង​នឹង​ពួក​ទី​ក្រុង​នោះ​អស់​ពេញ​១​ថ្ងៃ ក៏​ចាប់​យក​ទី​ក្រុង​បាន ហើយ​សំឡាប់​ពួក​បណ្តាជន​ទាំង​ប៉ុន្មាន រួច​រំលំ​ទី​ក្រុង ព្រម​ទាំង​បាច​អំបិល​ទៅ​លើ​ផង។ កាល​ពួក​មនុស្ស​នៅ​ប៉ម​ស៊ីគែម​បាន​ឮ​ដំណឹង​នោះ គេ​ក៏​ចូល​ទៅ​ក្នុង​បន្ទាយ​មាន​កំផែង​មាំ‌មួន ត្រង់​វិហារ​ព្រះ‌បេរីត មាន​គេ​ជំរាប​ដល់​អ័ប៊ី‌ម៉្មា‌ឡិច​ថា ពួក​មនុស្ស​នៅ​ប៉ម​ស៊ីគែម​បាន​មូល​គ្នា​ហើយ នោះ​អ័ប៊ី‌ម៉្មា‌ឡិច ព្រម​ទាំង​ពួក​ទ័ព​ដែល​នៅ​ជា​មួយ ក៏​ឡើង​ទៅ​លើ​ភ្នំ​សាល‌ម៉ូន លោក​យក​ពូថៅ​ទៅ​កាប់​មែក​ឈើ​១​លី​ទៅ ហើយ​បង្គាប់​ដល់​ពួក​មនុស្ស​ដែល​នៅ​ជា​មួយ​ថា ចូរ​ឯង​រាល់​គ្នា​ប្រញាប់​នឹង​ធ្វើ​តាម​ដូច​ជា​អញ​ចុះ ដូច្នេះ គេ​ក៏​កាប់​មែក​ឈើ​រៀង​ខ្លួន​លី​ទៅ​តាម រួច​ដាក់​មែក​ឈើ​ទាំង​នោះ នៅ​ត្រង់​ជើង​បន្ទាយ ហើយ​ដុត​បញ្ឆេះ​ពី​លើ​គេ​ទៅ ដូច្នេះ ពួក​មនុស្ស​ដែល​នៅ​ប៉ម​ស៊ីគែម​ទាំង​ប៉ុន្មាន ក៏​ស្លាប់​អស់ ទាំង​ប្រុស​ទាំង​ស្រី មាន​ចំនួន​ប្រហែល​ជា​១​ពាន់​នាក់។ រួច​អ័ប៊ី‌ម៉្មា‌ឡិច​ក៏​ទៅ​ដល់​ថេបេស បោះ​ទ័ព​ទាស់​នឹង​គេ ហើយ​ចាប់​យក​ទី​ក្រុង​បាន តែ​នៅ​ក្នុង​ទី​ក្រុង​នោះ មាន​ប៉ម​១​មាំ‌មួន​ណាស់ ឯ​ពួក​មនុស្ស​នៅ​ក្រុង​ទាំង​អស់​គ្នា ទាំង​ប្រុស​ទាំង​ស្រី គេ​ក៏​រត់​ទៅ​ជ្រក​នៅ​ប៉ម​នោះ រួច​បិទ​ទ្វារ​នាំ​គ្នា​ឡើង​ទៅ​ដល់​កំពូល អ័ប៊ី‌ម៉្មា‌ឡិច​ក៏​មក​ច្បាំង​នឹង​ទី​ប៉ម ហើយ​ចូល​ទៅ​ដល់​មាត់​ទ្វារ ដើម្បី​នឹង​បង្កាត់​ភ្លើង​ដុត​ចោល ខណៈ​នោះ មាន​ស្ត្រី​ម្នាក់​យក​គ្រប​ត្បាល់​កិន បោះ​មក​លើ ត្រូវ​បែក​ក្បាល​អ័ប៊ី‌ម៉្មា‌ឡិច​ទៅ ដូច្នេះ លោក​ហៅ​មនុស្ស​កំឡោះ​ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​លោក មក​ជា​ប្រញាប់​ប្រាប់​ថា ចូរ​ឯង​ហូត​ដាវ​មក​សំឡាប់​អញ​ទៅ ដើម្បី​កុំ​ឲ្យ​មាន​ពាក្យ​ដំនៀល​ថា មាន​ស្រី​បាន​សំឡាប់​អញ​នោះ​ឡើយ ដូច្នេះ មនុស្ស​កំឡោះ​នោះ​ក៏​ចាក់​ទំលុះ​លោក​សំឡាប់​ចោល​ទៅ កាល​ពួក​សាសន៍​អ៊ីស្រាអែល​បាន​ឃើញ​ថា អ័ប៊ី‌ម៉្មា‌ឡិច​ស្លាប់​ហើយ នោះ​គេ​ក៏​ត្រឡប់​ទៅ​ឯ​កន្លែង​គេ​រៀង​ខ្លួន​វិញ គឺ​យ៉ាង​នោះ​ហើយ​ដែល​ព្រះ​បាន​សង​អំពើ​ដ៏​លាមក​អាក្រក់ ដែល​លោក​បាន​ធ្វើ​ដល់​ឪពុក​ខ្លួន ដោយ​សំឡាប់​បង​ប្អូន​ទាំង​៧០​នាក់​នោះ ហើយ​ព្រះ‌ទ្រង់​ក៏​បាន​ទំលាក់​សេចក្ដី​ដ៏​លាមក​អាក្រក់​របស់​ពួក​អ្នក​នៅ​ស៊ីគែម​ទាំង​ប៉ុន្មាន មក​លើ​ក្បាល​គេ​វិញ​ដែរ ព្រម​ទាំង​សេចក្ដី​បណ្តាសា​របស់​យ៉ូថាម ជា​កូន​យេរូ-បាល​ផង។

ចែក​រំលែក
អាន ចៅហ្វាយ 9