ចៅហ្វាយ 6:34-40

ចៅហ្វាយ 6:34-40 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប៉ុន្ដែ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌យេហូវ៉ា​សណ្ឋិត​លើ​គេឌាន លោក​ក៏​ផ្លុំ​ត្រែ​ឡើង ហើយ​កោះ​ហៅ​ពួក​អ័បៀ‌ស៊ើរ​ឲ្យ​មក​តាម​លោក។ លោក​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ពាស​ពេញ​ស្រុក​ម៉ាណា‌សេ​ទាំង​មូល ហើយ​កោះ​ហៅ​ពួក​គេ​ឲ្យ​មក​តាម​លោក​ដែរ។ លោក​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ឯ​ពួក​អេស៊ើរ ពួក​សាប់‌យូឡូន និង​ពួក​ណែប‌ថា‌លី​ទៀត ហើយ​គេ​ក៏​ឡើង​មក​ជួប​លោក។ ពេល​នោះ គេឌាន​ទូល​ដល់​ព្រះ​ថា៖ «ប្រសិន‌បើ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​សង្គ្រោះ​អ៊ីស្រា‌អែល ដោយ‌សារ​ដៃ​របស់​ទូល‌បង្គំ ដូច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មែន មើល៍ ទូល‌បង្គំ​ដាក់​រោម​ចៀម​នេះ​នៅ​ទី​លាន​ស្រូវ។ ប្រសិន‌បើ​ឃើញ​មាន​សន្សើម​នៅ​តែលើ​រោម​ចៀម ហើយ​ដី​ទាំង​អស់​ស្ងួត នោះ​ទូល‌បង្គំ​នឹង​ដឹង​ថា ព្រះ‌អង្គ​នឹង​សង្គ្រោះ​អ៊ីស្រា‌អែល​ដោយ‌សារ​ដៃ​ទូល‌បង្គំ ដូច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មែន»។ នោះ​ក៏​កើត​មាន​ដូច្នោះ។ លុះ​ស្អែក​ឡើង លោក​ក្រោក​ពី​ព្រលឹម ហើយ​ច្របាច់​ពូត​រោម​ចៀម​នោះ បាន​ទឹក​សន្សើម​ពេញ​មួយ​ចាន។ ពេល​នោះ គេឌាន​ទូល​ទៅ​ព្រះ​ថា៖ «សូម​ព្រះ‌អង្គ​កុំ​ខ្ញាល់​នឹង​ទូល‌បង្គំ​ឡើយ ទូល‌បង្គំ​សូម​ទូល​តែ​ម្តង​ទៀត​ប៉ុណ្ណោះ។ សូម​មេត្តា​អនុញ្ញាត​ឲ្យ​ទូល‌បង្គំ​សាក​រោម​ចៀម​នេះ​ម្តង​ទៀត គឺ​សូម​ឲ្យ​ស្ងួត​តែ​រោម​ចៀម​ប៉ុណ្ណោះ ហើយ​ឲ្យ​ដី​ទាំង​ប៉ុន្មាន​មាន​ទឹក​សន្សើម​វិញ»។ ព្រះ‌ទ្រង់​ក៏​ធ្វើ​ដូច្នោះ​នៅ​យប់​នោះ គឺ​មាន​តែ​រោម​ចៀម​ប៉ុណ្ណោះ​ដែល​ស្ងួត តែ​នៅ​ពេញ​លើ​ដី មាន​សុទ្ធ​តែ​ទឹក​សន្សើម។

ចែក​រំលែក
អាន ចៅហ្វាយ 6

ចៅហ្វាយ 6:34-40 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់​យាង​មក​គង់​ក្នុង​លោក​គេឌាន លោក​ក៏​ផ្លុំ​ស្នែង ដើម្បី​កោះ​ហៅ​ប្រជា‌ជន​ក្នុង​អំបូរ​អបៀ‌ស៊ើរ ឲ្យ​មក​តាម​លោក។ លោក​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ដែន​ដី​របស់​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ទាំង​មូល ដើម្បី​កេណ្ឌ​មនុស្ស​មក​តាម​លោក។ លោក​បាន​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ដែន​ដី​របស់​កុល‌សម្ព័ន្ធ​អេ‌ស៊ើរ សាប់យូ‌ឡូន និង​ណែប‌ថាលី​ដែរ ហើយ​ពួក​គេ​ក៏​នាំ​គ្នា​មក​រក​លោក។ ពេល​នោះ លោក​គេឌាន​ទូល​ព្រះ‌អម្ចាស់​ដូច​ត​ទៅ៖ «ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា ទ្រង់​នឹង​សង្គ្រោះ​អ៊ីស្រា‌អែល តាម​រយៈ​ទូលបង្គំ ដូច្នេះ ទូលបង្គំ​សូម​លាត​ស្បែក​ចៀម​នៅ​លើ​លាន​បោក​ស្រូវ។ ប្រសិន​បើ​ទឹក​សន្សើម​ធ្លាក់​តែ​លើ​ស្បែក​ចៀម ហើយ​ដី​នៅ​ជុំ‌វិញ​ស្ងួត នោះ​ទូលបង្គំ​នឹង​ដឹង​ថា ព្រះអង្គ​ពិត​ជា​សព្វ​ព្រះ‌ហឫទ័យ​សង្គ្រោះ​អ៊ីស្រា‌អែល តាម​រយៈ​ទូលបង្គំ ដូច​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មែន»។ ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​កើត​មាន​ដូច្នោះ​មែន។ នៅ​ព្រឹក​ថ្ងៃ​បន្ទាប់ លោក​គេឌាន​ក្រោក​ឡើង លោក​ពូត​ស្បែក​ចៀម​បាន​ទឹក​សន្សើម​ពេញ​មួយ​ចាន។ លោក​គេឌាន​ទូល​ព្រះ‌ជាម្ចាស់​ថា៖ «សូម​ព្រះអង្គ​កុំ​ព្រះ‌ពិរោធ​នឹង​ទូលបង្គំ​អី។ ទូលបង្គំ​សូម​ទូល​តែ​ម្ដង​ទៀត​ប៉ុណ្ណោះ សូម​មេត្តា​អនុញ្ញាត​ឲ្យ​ទូលបង្គំ​សាក​ល្បង ជា​លើក​ចុង​ក្រោយ គឺ​សូម​ឲ្យ​ស្បែក​ចៀម​នៅ​ស្ងួត ហើយ​ឲ្យ​សន្សើម​ធ្លាក់​ជោក​ដី​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំ‌វិញ»។ យប់​នោះ ព្រះ‌ជាម្ចាស់​បាន​ធ្វើ​តាម​សំណូម​ពរ​របស់​លោក​គេឌាន គឺ​មាន​តែ​ស្បែក​ចៀម​ទេ​ដែល​ស្ងួត ហើយ​ដី​ទាំង​អស់​ដែល​នៅ​ជុំ‌វិញ ជោក​ទៅ​ដោយ​ទឹក​សន្សើម។

ចែក​រំលែក
អាន ចៅហ្វាយ 6

ចៅហ្វាយ 6:34-40 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​ទ្រង់​យាង​មក​សណ្ឋិត​លើ​គេឌាន លោក​ក៏​ផ្លុំ​ត្រែ​ឡើង នោះ​ពួក​អ័បៀ‌ស៊ើរ​ក៏​មូល​គ្នា​មក​តាម​លោក រួច​លោក​ចាត់​មនុស្ស​ឲ្យ​ទៅ​គ្រប់​ក្នុង​ស្រុក​ម៉ាន៉ាសេ គេ​ក៏​មូល​គ្នា​មក​តាម​លោក​ដែរ រួច​គាត់​ចាត់​មនុស្ស​ឲ្យ​ទៅ​ឯ​ពួក​អេស៊ើរ ពួក​សាប់‌យូល៉ូន នឹង​ពួក​ណែប‌ថាលី​ទៀត គេ​ក៏​មូល​មក​ឯ​លោក​ទាំង​អស់​គ្នា។ ស្រេច​ហើយ គេឌាន​ទូល​ដល់​ព្រះ​ថា បើ​សិន​ជា​ព្រះ‌អង្គ​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​នឹង​ជួយ​សង្គ្រោះ​ដល់​សាសន៍​អ៊ីស្រាអែល ដោយ‌សារ​ដៃ​របស់​ទូលបង្គំ ដូច​ជា​ទ្រង់​បាន​មាន​បន្ទូល​ហើយ នោះ​មើល ទូលបង្គំ​ដាក់​រោម​ចៀម​នេះ​នៅ​ទី​លាន​ស្រូវ ដូច្នេះ​បើ​ឃើញ​សន្សើម​មាន​នៅ​តែ​នឹង​រោម​ចៀម​ប៉ុណ្ណោះ ហើយ​ដី​ទាំង​អស់​ស្ងួត​វិញ នោះ​ទូលបង្គំ​នឹង​ដឹង​ថា ទ្រង់​ជួយ​សង្គ្រោះ​ដល់​សាសន៍​អ៊ីស្រាអែល​ដោយ‌សារ​ដៃ​ទូលបង្គំ​ពិត​មែន ដូច​ជា​ទ្រង់​បាន​មាន​បន្ទូល​ហើយ នោះ​ក៏​កើត​មាន​ដូច្នោះ លុះ​ថ្ងៃ​ស្អែក​ឡើង លោក​ក្រោក​ពី​ព្រលឹម​ទៅ​ច្របាច់​ពូត​រោម​ចៀម​នោះ បាន​ទឹក​សន្សើម​ពេញ​១​ចាន រួច​គេឌាន​ទូល​ទៅ​ព្រះ​ថា សូម​ទ្រង់​កុំ​ខ្ញាល់​នឹង​ទូលបង្គំ​ឡើយ ទូលបង្គំ​នឹង​ទូល​តែ​ម្តង​ណេះ​ទេ គឺ​សូម​ឲ្យ​ទូលបង្គំ​សាក​ដោយ​រោម​ចៀម​នេះ​ម្តង​ទៀត សូម​ឲ្យ​តែ​រោម​ចៀម​នេះ​បាន​ស្ងួត​ទៅ ហើយ​ឲ្យ​ដី​មាន​ទឹក​សន្សើម​វិញ ព្រះ‌ទ្រង់​ក៏​ធ្វើ​ដូច្នោះ​នៅ​យប់​នោះ គឺ​រោម​ចៀម​ទៅ​ជា​ស្ងួត តែ​នៅ​ពេញ​លើ​ដី មាន​សុទ្ធ​តែ​ទឹក​សន្សើម​វិញ។

ចែក​រំលែក
អាន ចៅហ្វាយ 6