ចៅហ្វាយ 6:11-40

ចៅហ្វាយ 6:11-40 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

គ្រា​នោះ ទេវតា​របស់​ព្រះ‌យេហូវ៉ាបាន​មក​អង្គុយ​នៅ​ក្រោម​ដើម​ម៉ៃសាក់​នៅ​អូប្រា ដែល​ជា​របស់​យ៉ូអាស ក្នុង​អំបូរ​អ័បៀ‌ស៊ើរ រីឯ​គេឌាន​ជា​កូន​របស់​លោក កំពុង​តែ​បោក​ស្រូវ​នៅ​ក្នុង​ធុង​គាប​ផ្លែ​ទំពាំង‌បាយ‌ជូរ ដើម្បី​លាក់​នឹង​ពួក​ម៉ាឌាន។ ទេវតារបស់​ព្រះ‌យេហូវ៉ាបានបង្ហាញ​ខ្លួន​ឲ្យ​លោក​ឃើញ ហើយ​ប្រាប់​ថា៖ «នែ៎ អ្នក​ពូកែ​ក្លាហាន​អើយ ព្រះ‌យេហូវ៉ា​គង់​ជា​មួយ​អ្នក»។ គេ​ឌាន​ឆ្លើយ​តប​ថា៖ «លោក​ម្ចាស់​អើយ ប្រសិន‌បើ​ព្រះ‌យេហូវ៉ា​គង់​នៅ​ជា​មួយ​យើង​ខ្ញុំ​មែន ហេតុ​អ្វី​បាន​ជា​ការ​ទាំង​អស់​នេះ​កើត​ឡើង​ដល់​យើង​ខ្ញុំ​ដូច្នេះ? ឯ​ណា​ទៅ​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ ដែល​បុព្វ‌បុរស​របស់​យើង​ខ្ញុំ​បាន​ថ្លែង​ប្រាប់​ត​មក​ថា ព្រះ‌យេហូវ៉ា​បាន​នាំ​យើង​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មកនោះ? ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​បាន​បោះ‌បង់​ចោល​យើង​ខ្ញុំ ព្រះ‌អង្គ​ប្រគល់​យើង​ខ្ញុំ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​ម៉ាឌាន​ហើយ»។ ព្រះ‌យេហូវ៉ា​បែរ​មក​ឯ​លោក ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ចេញ​ទៅ​ដោយ‌សារ​កម្លាំង​របស់​អ្នក​នេះ​ចុះ ហើយ​សង្គ្រោះ​អ៊ីស្រា‌អែល​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក​ម៉ាឌាន គឺ​យើង​ចាត់​អ្នក​ឲ្យ​ទៅ»។ លោក​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ ធ្វើ​ដូច​ម្តេច​ឲ្យ​ទូល‌បង្គំ​អាច​សង្គ្រោះ​អ៊ីស្រាអែល​បាន? មើល៍ ត្រកូល​ទូល‌បង្គំ​ខ្សត់​ខ្សោយ​ជាង​គេ​ក្នុង​ពួក​ម៉ាណា‌សេ ហើយ​ទូល‌បង្គំ​ក៏​ជា​អ្នក​តូច​ជាង​គេនៅ​ក្នុងគ្រួសា​របស់​ឪពុក​ទូល‌បង្គំ​ដែរ»។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​តប​ថា៖ «យើង​នឹង​នៅ​ជា​មួយ​អ្នក ហើយ​អ្នក​នឹង​វាយ​សាសន៍​ម៉ាឌាន ដូច​ជា​វាយ​មនុស្ស​តែ​ម្នាក់»។ លោក​ទូល​ព្រះ‌អង្គ​ថា៖ «ប្រសិន‌បើ​ទូល‌បង្គំ​ប្រកប​ដោយ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ សូម​សម្ដែង​ទី​សម្គាល់​មួយ​ឲ្យ​ទូល‌បង្គំ​ដឹង​ថា គឺ​ពិត​ជា​ព្រះ‌អង្គ​មែន​ដែល​មាន​ព្រះ‌បន្ទូល​នឹង​ទូល‌បង្គំ។ សូម​កុំ​យាង​ចេញ​ពី​ទី​នេះ​ឡើយ ចាំ​ឲ្យ​ទូល‌បង្គំ​ត្រឡប់​មក​វិញ ហើយ​នាំ​យក​តង្វាយ​របស់​ទូល‌បង្គំ មក​ថ្វាយ​នៅ​ចំពោះ​ព្រះ‌អង្គ​សិន»។ ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​នៅ​ចាំ​រហូត​អ្នក​ត្រឡប់​មក​វិញ»។ ដូច្នេះ គេឌាន​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​លោក ហើយ​រៀបចំ​កូន​ពពែ​មួយ និង​នំបុ័ង​ឥត​ដំបែ​ធ្វើ​ពី​ម្សៅ​មួយ​ថាំង។ លោក​យក​សាច់​ដាក់​ក្នុង​កញ្ច្រែង ហើយ​ដាក់​ទឹក​សម្ល​ក្នុង​ចាន នាំ​យក​មក​ថ្វាយ​ព្រះ‌អង្គ នៅក្រោម​ដើម​ម៉ៃសាក់ លោក​ក៏​ថ្វាយ​តង្វាយ​នោះ​ដល់​ព្រះ‌អង្គ។ ទេវតារបស់​ព្រះ​ពោល​មក​កាន់​លោក​ថា៖ «ចូរ​យក​សាច់ និង​នំបុ័ង​ឥត​ដំបែ​នោះ មក​ដាក់​នៅ​លើ​ថ្ម​នេះ ហើយ​ចាក់​ទឹក​សម្ល​ពី​លើ​ទៅ»។ លោក​ក៏​ធ្វើ​តាម​ដូច្នោះ។ ពេល​នោះ ទេវតា​របស់​ព្រះ‌យេហូវ៉ា​ក៏​លូក​ចុង​ដំបង​ដែល​កាន់​នៅ​ព្រះ‌ហស្ត ទៅ​ពាល់​សាច់ និង​នំបុ័ង​ឥត​ដំបែ​នោះ រួច​ក៏​មាន​ភ្លើង​ចេញ​ពី​ថ្ម​មក​បញ្ឆេះ​សាច់ និង​នំបុ័ង​ឥត​ដំបែ​អស់​ទៅ ហើយ​ទេវតា​របស់​ព្រះ‌យេហូវ៉ា​ក៏​ស្រាប់​តែ​បាត់​ពី​មុខ​លោក​ទៅ។ កាល​គេឌាន​ដឹង​ថា ជា​ទេវតា​របស់​ព្រះ‌យេហូវ៉ា លោកក៏​ពោល​ថា៖ «វរ​ហើយ ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ‌អម្ចាស់​អើយ! ដ្បិត​ទូល‌បង្គំ​បាន​ឃើញ​ទេវតា​របស់​ព្រះ‌យេហូវ៉ា​នៅ​ប្រទល់​មុខ»។ ប៉ុន្ដែ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូលមក​កាន់​លោក​ថា៖ «សូម​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​សេចក្ដី​សុខសាន្ត កុំ​ភ័យ​អី អ្នក​មិន​ត្រូវ​ស្លាប់​ទេ »។ ពេល​នោះ គេឌាន​ក៏​សង់​អាស‌នា​មួយ ថ្វាយ​ព្រះ‌យេហូវ៉ា​នៅ​ទី​នោះ រួច​ដាក់​ឈ្មោះ​ថា យេហូវ៉ា-សាឡិម (ដែល​មាន​ន័យ​ថា ព្រះ‌អម្ចាស់​ជា​សេចក្ដី​សុខ​សាន្ត)។ អាសនា​នោះ​ស្ថិត​នៅ​ត្រង់​អូប្រា ដែល​ជា​របស់​ពួក​អ័បៀ‌ស៊ើរ រហូត​ដល់​សព្វ​ថ្ងៃ។ នៅ​យប់​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ​បន្ទូល​មក​កាន់​លោក​ថា៖ «ចូរ​យក​គោ​ឈ្មោល​របស់​ឪពុក​អ្នក គឺ​គោ​ទី​ពីរ​អាយុ​ប្រាំពីរ​ខួប ទៅ​ទាញ​រំលំ​អាសនា​របស់​ព្រះ‌បាល ដែល​ជា​របស់​ឪពុក​អ្នក ហើយ​កាប់​បំផ្លាញ​បង្គោល​សក្ការៈ ដែល​នៅ​ក្បែរ​នោះ​ចេញ រួច​សង់​អាសនា​មួយ​ថ្វាយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នៅ​លើ​កំពូល​ភ្នំ​នោះ ដោយ​រៀប​ថ្ម​ឲ្យ​បាន​ត្រឹម​ត្រូវ។ បន្ទាប់​មក ត្រូវ​យក​គោ​ទី​ពីរ​ថ្វាយ​ជា​តង្វាយ​ដុត ដោយ​យក​បង្គោល​សក្ការៈ ដែល​អ្នក​បាន​កាប់​នោះ មក​ធ្វើ​ជា​ឧសសម្រាប់​ដុត»។ ដូច្នេះ គេឌាន​នាំ​អ្នក​បម្រើ​របស់​លោក​ដប់​នាក់ ហើយ​ធ្វើ​តាមដូច​ព្រះ‌យេហូវ៉ា​បាន​ប្រាប់លោក តែ​ដោយ​ព្រោះ​លោក​ខ្លាចមនុស្ស​នៅ​ក្នុង​គ្រួសារ​របស់​លោក និង​មនុស្ស​នៅ​ទី​ក្រុង លោក​មិន​ហ៊ា​ន​ធ្វើ​នៅ​ពេល​ថ្ងៃ​ទេ គឺ​លោក​ធ្វើ​នៅ​ពេល​យប់​វិញ។ កាលមនុស្ស​នៅ​ទី​ក្រុងបាន​ក្រោក​ឡើង​ពី​ព្រលឹម ឃើញ​អាសនា​របស់​ព្រះ​បាល​ត្រូវ​គេ​រំលំ បង្គោល​សក្ការៈ​ដែល​នៅ​ជិត​នោះ ត្រូវ​គេ​កាប់​ចោល ហើយ​គោ​ទី​ពីរត្រូវ​បាន​គេ​ថ្វាយ​នៅ​លើ​អាសនា​ដែល​គេ​សង់​ឡើង គេក៏​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «តើ​អ្នក​ណា​បាន​ធ្វើ​ការ​នេះ?» កាល​គេ​បាន​ស៊ើប​សួរ​ទៅ នោះ​មាន​គេ​ប្រាប់​ថា៖ «គឺ​គេឌាន ជា​កូន​យ៉ូអាស បាន​ធ្វើ​ការ​នេះ»។ ពេល​នោះ មនុស្ស​នៅ​ទី​ក្រុង​ពោល​ទៅ​កាន់​យ៉ូអាស​ថា៖ «ចូរ​នាំ​កូន​របស់​អ្នក​ចេញ​មក វាត្រូវ​តែ​ស្លាប់ ដ្បិត​វា​បាន​រំលំ​អាសនា​របស់​ព្រះ‌បាល ហើយ​កាប់​បំផ្លាញបង្គោល​សក្ការៈ​ដែល​នៅជិត​នោះ​ទៀត​ផង»។ ប៉ុន្ដែ យ៉ូអាស​ឆ្លើយ​តប​ទៅ​អស់​អ្នក​ដែល​មក​ទាស់​នឹង​លោក​ថា៖ «តើ​អ្នក​រាល់​គ្នា​ចង់​តវ៉ា​ជំនួស​ព្រះ​បាល? ឬ​ក៏​អ្នក​រាល់​គ្នា​ចង់​សង្គ្រោះ​ព្រះ‌បាល? អ្នក​ណា​ដែល​ចង់​តវ៉ា​ជំនួស​ព្រះ‌បាល អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​មុន​ថ្ងៃ​រះ។ ប្រសិន‌បើព្រះ​បាល​ជា​ព្រះ ទុក​ឲ្យ​លោក​តវ៉ា​ដោយ​ខ្លួន​ឯង​ទៅ ព្រោះ​គេ​បាន​រំលំ​អាសនា​របស់​លោក​ហើយ»។ ដូច្នេះ នៅ​ថ្ងៃ​នោះ គេ​ហៅ​គេឌាន ថា «យេរូ-បាល» ដែល​មាន​ន័យ​ថា «ទុក​ឲ្យ​ព្រះ‌បាល​តវ៉ា​នឹង​គាត់ទៅ ព្រោះ​គាត់​បាន​រំលំ​អាសនា​របស់​លោក»។ គ្រា​នោះ ពួក​សាសន៍​ម៉ាឌាន​ទាំង​ប៉ុន្មាន និង​ពួក​អាម៉ា‌ឡេក ព្រម​ទាំង​មនុស្ស​នៅ​ស្រុក​ខាង​កើត បាន​ប្រមូល​ផ្ដុំ​គ្នា ហើយ​ឆ្លង​ទន្លេ​យ័រ​ដាន់​មក​បោះ‌ទ័ព​នៅ​ជ្រលង​ភ្នំ​យេស‌រាល។ ប៉ុន្ដែ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌យេហូវ៉ា​សណ្ឋិត​លើ​គេឌាន លោក​ក៏​ផ្លុំ​ត្រែ​ឡើង ហើយ​កោះ​ហៅ​ពួក​អ័បៀ‌ស៊ើរ​ឲ្យ​មក​តាម​លោក។ លោក​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ពាស​ពេញ​ស្រុក​ម៉ាណា‌សេ​ទាំង​មូល ហើយ​កោះ​ហៅ​ពួក​គេ​ឲ្យ​មក​តាម​លោក​ដែរ។ លោក​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ឯ​ពួក​អេស៊ើរ ពួក​សាប់‌យូឡូន និង​ពួក​ណែប‌ថា‌លី​ទៀត ហើយ​គេ​ក៏​ឡើង​មក​ជួប​លោក។ ពេល​នោះ គេឌាន​ទូល​ដល់​ព្រះ​ថា៖ «ប្រសិន‌បើ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​សង្គ្រោះ​អ៊ីស្រា‌អែល ដោយ‌សារ​ដៃ​របស់​ទូល‌បង្គំ ដូច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មែន មើល៍ ទូល‌បង្គំ​ដាក់​រោម​ចៀម​នេះ​នៅ​ទី​លាន​ស្រូវ។ ប្រសិន‌បើ​ឃើញ​មាន​សន្សើម​នៅ​តែលើ​រោម​ចៀម ហើយ​ដី​ទាំង​អស់​ស្ងួត នោះ​ទូល‌បង្គំ​នឹង​ដឹង​ថា ព្រះ‌អង្គ​នឹង​សង្គ្រោះ​អ៊ីស្រា‌អែល​ដោយ‌សារ​ដៃ​ទូល‌បង្គំ ដូច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មែន»។ នោះ​ក៏​កើត​មាន​ដូច្នោះ។ លុះ​ស្អែក​ឡើង លោក​ក្រោក​ពី​ព្រលឹម ហើយ​ច្របាច់​ពូត​រោម​ចៀម​នោះ បាន​ទឹក​សន្សើម​ពេញ​មួយ​ចាន។ ពេល​នោះ គេឌាន​ទូល​ទៅ​ព្រះ​ថា៖ «សូម​ព្រះ‌អង្គ​កុំ​ខ្ញាល់​នឹង​ទូល‌បង្គំ​ឡើយ ទូល‌បង្គំ​សូម​ទូល​តែ​ម្តង​ទៀត​ប៉ុណ្ណោះ។ សូម​មេត្តា​អនុញ្ញាត​ឲ្យ​ទូល‌បង្គំ​សាក​រោម​ចៀម​នេះ​ម្តង​ទៀត គឺ​សូម​ឲ្យ​ស្ងួត​តែ​រោម​ចៀម​ប៉ុណ្ណោះ ហើយ​ឲ្យ​ដី​ទាំង​ប៉ុន្មាន​មាន​ទឹក​សន្សើម​វិញ»។ ព្រះ‌ទ្រង់​ក៏​ធ្វើ​ដូច្នោះ​នៅ​យប់​នោះ គឺ​មាន​តែ​រោម​ចៀម​ប៉ុណ្ណោះ​ដែល​ស្ងួត តែ​នៅ​ពេញ​លើ​ដី មាន​សុទ្ធ​តែ​ទឹក​សន្សើម។

ចែក​រំលែក
អាន ចៅហ្វាយ 6

ចៅហ្វាយ 6:11-40 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

គ្រា​នោះ ទេវតា​របស់​ព្រះ‌អម្ចាស់​បាន​មក​ភូមិ​អូប្រា អង្គុយ​នៅ​ក្រោម​ដើម​ជ្រៃ ដែល​ជា​កម្មសិទ្ធិ​របស់​លោក​យ៉ូអាស ក្នុង​អំបូរ​អបៀ‌ស៊ើរ។ ពេល​នោះ លោក​គេឌាន ជា​កូន​របស់​លោក​យ៉ូអាស កំពុង​តែ​បោក​បែន​ស្រូវ ក្នុង​ធុង​សម្រាប់​គាប​ផ្លែ​ទំពាំង‌បាយជូរ ដើម្បី​កុំ​ឲ្យ​ជន‌ជាតិ​ម៉ាឌាន​ឃើញ។ ទេវតា​របស់​ព្រះ‌អម្ចាស់​មក​បង្ហាញ​ខ្លួន​ឲ្យ​លោក​គេឌាន​ឃើញ ហើយ​ពោល​ថា៖ «វីរ‌ជន​ដ៏​អង់‌អាច​អើយ ព្រះ‌អម្ចាស់​គង់​នៅ​ជា​មួយ​អ្នក​ហើយ!»។ លោក​គេឌាន​ឆ្លើយ​តប​វិញ​ថា៖ «លោក​ម្ចាស់​អើយ ប្រសិន​បើ​ព្រះ‌អម្ចាស់​គង់​នៅ​ជា​មួយ​យើង​មែន ហេតុ​អ្វី​ក៏​ទុក្ខ​វេទនា​ទាំង​នេះ​កើត​មាន​ដល់​យើង? ឯ​ណា​ទៅ​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន​ដែល​ដូនតា​របស់​យើង​តែងតែ​តំណាល​ប្រាប់ ទាំង​បញ្ជាក់​ថា ព្រះ‌អម្ចាស់​បាន​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីប​មក​នោះ? ឥឡូវ​នេះ ព្រះ‌អម្ចាស់​បោះ​បង់​ចោល​យើង​ហើយ ព្រះអង្គ​បាន​ប្រគល់​យើង​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​ម៉ាឌាន!»។ ព្រះ‌អម្ចាស់ បែរ​មក​រក​លោក ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ដោយ‌សារ​កម្លាំង​ដែល​អ្នក​មាន ចូរ​ទៅ​សង្គ្រោះ​អ៊ីស្រា‌អែល​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​ម៉ាឌាន គឺ​យើង​ចាត់​អ្នក​ឲ្យ​ទៅ!»។ លោក​គេឌាន​ឆ្លើយ​ថា៖ «លោក​ម្ចាស់​អើយ ធ្វើ​ដូច​ម្ដេច​ឲ្យ​ខ្ញុំ​ប្របាទ​អាច​សង្គ្រោះ​អ៊ីស្រា‌អែល​បាន? ដ្បិត​ក្នុង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ អំបូរ​របស់​ខ្ញុំ​ប្របាទ​ខ្សត់‌ខ្សោយ​ជាង​គេ ហើយ​ក្នុង​គ្រួសារ​របស់​ខ្ញុំ​ប្របាទ​ទៀត​សោត ក៏​ខ្ញុំ​ប្របាទ​ក្មេង​ជាង​គេ​ដែរ»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​វិញ​ថា៖ «យើង​នឹង​ស្ថិត​នៅ​ជា​មួយ​អ្នក ហើយ​អ្នក​នឹង​វាយ​ឈ្នះ​ជន‌ជាតិ​ម៉ាឌាន ដូច​វាយ​ជា​មួយ​នឹង​មនុស្ស​តែ​ម្នាក់»។ លោក​គេឌាន​ទូល​តប​ថា៖ «ប្រសិន​បើ​លោក​គាប់​ចិត្ត​ខ្ញុំ​ប្របាទ​មែន សូម​ផ្ដល់​ទី​សម្គាល់​មួយ​ឲ្យ​ខ្ញុំ​ប្របាទ​បាន​ដឹង​ថា លោក​ពិត​ជា​ព្រះ‌អម្ចាស់​ដែល​កំពុង​តែ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ប្របាទ​មែន! សូម​លោក​ម្ចាស់​កុំ​អញ្ជើញ​ទៅ​ណា ចាំ​ខ្ញុំ​ប្របាទ​ត្រឡប់​មក​វិញ ទាំង​នាំ​យក​តង្វាយ​មក​ជូន​ផង»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ចាំ​នៅ​ទី​នេះ​រហូត​ដល់​អ្នក​ត្រឡប់​មក​វិញ»។ លោក​គេឌាន​ចូល​ទៅ​យក​កូន​ពពែ​មួយ​មក​រៀបចំ​ធ្វើ​ម្ហូប និង​យក​ម្សៅ​មួយ​ថាំង​មក​ធ្វើ​នំប៉័ង​ឥត​មេ។ លោក​ស្រង់​សាច់​ដាក់​ក្នុង​កញ្ច្រែង ហើយ​ដួស​ទឹក​សម្ល​ដាក់​ក្នុង​ចាន​មួយ រួច​យក​ទៅ​ជូន​ទេវតា​របស់​ព្រះ‌អម្ចាស់ នៅ​ក្រោម​ដើម​ជ្រៃ។ ទេវតា​ពោល​មក​លោក​ថា៖ «ចូរ​ដាក់​សាច់ និង​នំប៉័ង​ឥត​មេ​លើ​ថ្ម​នេះ​ទៅ រួច​ចាក់​ទឹក​សម្ល​ពី​លើ​ផង»។ លោក​គេឌាន​ធ្វើ​តាម។ ទេវតា​របស់​ព្រះ‌អម្ចាស់​យក​ចុង​ដំបង​ដែល​លោក​កាន់​ទៅ​ពាល់​សាច់ និង​នំប៉័ង​ឥត​មេ ពេល​នោះ មាន​ភ្លើង​ផុស​ចេញ​ពី​ថ្ម ហើយ​ឆេះ​សាច់ និង​នំប៉័ង​អស់​ទៅ។ បន្ទាប់​មក ទេវតា​របស់​ព្រះ‌អម្ចាស់​ក៏​កំបាំង​បាត់​ទៅ។ ពេល​នោះ លោក​គេឌាន​ដឹង​ថា ជា​ទេវតា​របស់​ព្រះ‌អម្ចាស់ លោក​ពោល​ថា៖ «វីវរ​ហើយ ព្រះ‌ជា‌អម្ចាស់​អើយ! ដ្បិត​ទូលបង្គំ​បាន​ឃើញ​ទេវតា​របស់​ព្រះអង្គ ផ្ទាល់​នឹង​ភ្នែក!»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ថា៖ «សុំ​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត កុំ​ខ្លាច​អ្វី​ឡើយ អ្នក​នឹង​មិន​ស្លាប់​ទេ »។ លោក​គេឌាន​សង់​អាសនៈ​មួយ​ថ្វាយ​ព្រះ‌អម្ចាស់ ត្រង់​កន្លែង​នោះ ហើយ​ដាក់​ឈ្មោះ​ថា៖ «ព្រះ‌អម្ចាស់​ប្រទាន​សេចក្ដី​សុខ‌សាន្ត»។ អាសនៈ​នេះ​នៅ​ស្ថិត‌ស្ថេរ​រហូត​ដល់​សព្វ​ថ្ងៃ នា​ភូមិ​អូប្រា ជា​ភូមិ​របស់​អំបូរ​អបៀ‌ស៊ើរ។ នៅ​យប់​ដដែល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​គេឌាន​ថា៖ «ចូរ​យក​គោ​បា​របស់​ឪពុក​អ្នក គឺ​គោ​ទី​ពីរ ដែល​មាន​អាយុ​ប្រាំ‌ពីរ​ឆ្នាំ។ បន្ទាប់​មក ចូរ​រំលំ​អាសនៈ​ព្រះ​បាល​របស់​ឪពុក​អ្នក ព្រម​ទាំង​កាប់​បំផ្លាញ​បង្គោល​របស់​ព្រះ‌អាសេ‌រ៉ា​នៅ​ក្បែរ​នោះ​ផង។ បន្ទាប់​មក​ទៀត ចូរ​សង់​អាសនៈ​មួយ​ដ៏​សម‌រម្យ​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នៅ​លើ​កំពូល​ភ្នំ​នោះ រួច​យក​គោ​បា​ទី​ពីរ​នោះ​មក​ដុត​ទាំង​មូល​ធ្វើ​ជា​យញ្ញ‌បូជា ដោយ​យក​បង្គោល​ព្រះ‌អាសេ‌រ៉ា ដែល​អ្នក​បាន​កាប់​នោះ មក​ធ្វើ​ជា​អុស​សម្រាប់​ដុត»។ លោក​គេឌាន​នាំ​អ្នក​បម្រើ​របស់​លោក​ដប់​នាក់​មក ហើយ​ធ្វើ​តាម​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក ប៉ុន្តែ ដោយ​លោក​ខ្លាច​ក្រុម​ញាតិ​របស់​លោក និង​ខ្លាច​អ្នក​ភូមិ លោក​មិន​ហ៊ាន​ធ្វើ​ការ​នោះ​នៅ​ពេល​ថ្ងៃ​ទេ គឺ​លោក​ធ្វើ​នៅ​ពេល​យប់​វិញ។ លុះ​ព្រលឹម​ឡើង ពេល​ក្រោក​ពី​ដំណេក អ្នក​ភូមិ​ឃើញ​អាសនៈ​របស់​ព្រះ​បាល​រលំ ហើយ​បង្គោល​របស់​ព្រះ‌អាសេ‌រ៉ា​ដែល​នៅ​ជិត​នោះ​ក៏​ត្រូវ​គេ​កាប់​ចោល​ដែរ ព្រម​ទាំង​ឃើញ​គោ​បា​ទី​ពីរ​ដែល​គេ​ដុត​ជា​យញ្ញ‌បូជា នៅ​លើ​អាសនៈ​ទើប​នឹង​សង់​ទៀត​ផង។ គេ​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «តើ​នរណា​បាន​ធ្វើ​ការ​នេះ?»។ កាល​ស៊ើប‌សួរ​ទៅ មាន​គេ​ប្រាប់​ថា៖ «គឺ​គេឌាន ជា​កូន​របស់​យ៉ូអាស បាន​ធ្វើ​ការ​នេះ»។ អ្នក​ភូមិ​ពោល​ទៅ​កាន់​លោក​យ៉ូអាស​ថា៖ «ចូរ​នាំ​កូន​របស់​អ្នក​ចេញ​មក វា​ត្រូវ​តែ​ស្លាប់ ព្រោះ​វា​បាន​រំលំ​អាសនៈ​របស់​ព្រះ​បាល ព្រម​ទាំង​កាប់​បង្គោល​របស់​ព្រះ‌អាសេ‌រ៉ា ដែល​នៅ​ជិត​នោះ​ទៀត​ផង!»។ លោក​យ៉ូអាស​ឆ្លើយ​ទៅ​អស់​អ្នក​ដែល​នៅ​ក្បែរ​លោក​ថា៖ «តើ​បងប្អូន​ឬ​ដែល​ត្រូវ​មក​តវ៉ា​ជំនួស​ព្រះ​បាល? តើ​បងប្អូន​ឬ​ដែល​ជា​អ្នក​សង្គ្រោះ​ព្រះ​បាល? អ្នក​ណា​តវ៉ា​ជំនួស​ព្រះ​បាល អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​មុន​ព្រឹក​ស្អែក។ បើ​ព្រះ​បាល​ពិត​ជា​ព្រះ​មែន ទុក​ឲ្យ​លោក​តវ៉ា​ខ្លួន​ឯង​ផ្ទាល់​ទៅ ព្រោះ​គេ​បាន​រំលំ​អាសនៈ​របស់​លោក!»។ ចាប់​តាំង​ពី​ពេល​នោះ​មក អ្នក​ភូមិ​ហៅ​លោក​គេឌាន​ថា «យេរូ‌បាល» ដោយ​ពោល​ថា «សូម​ឲ្យ​ព្រះ​បាល​តវ៉ា​នឹង​គាត់​ទៅ ដ្បិត​គាត់​បាន​រំលំ​អាសនៈ​របស់​លោក»។ នៅ​គ្រា​នោះ ជន‌ជាតិ​ម៉ាឌាន​ទាំង​មូល ជន‌ជាតិ​អាម៉ា‌ឡេក និង​ពួក​ពនេ‌ចរ​ដែល​មក​ពី​ទិស​ខាង​កើត បាន​ប្រមូល​ផ្ដុំ​គ្នា ឆ្លង​ទន្លេ​យ័រដាន់ ហើយ​បោះ​ទ័ព​នៅ​ត្រង់​ជ្រលង​ភ្នំ​យេស‌រាល។ ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់​យាង​មក​គង់​ក្នុង​លោក​គេឌាន លោក​ក៏​ផ្លុំ​ស្នែង ដើម្បី​កោះ​ហៅ​ប្រជា‌ជន​ក្នុង​អំបូរ​អបៀ‌ស៊ើរ ឲ្យ​មក​តាម​លោក។ លោក​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ដែន​ដី​របស់​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ទាំង​មូល ដើម្បី​កេណ្ឌ​មនុស្ស​មក​តាម​លោក។ លោក​បាន​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ដែន​ដី​របស់​កុល‌សម្ព័ន្ធ​អេ‌ស៊ើរ សាប់យូ‌ឡូន និង​ណែប‌ថាលី​ដែរ ហើយ​ពួក​គេ​ក៏​នាំ​គ្នា​មក​រក​លោក។ ពេល​នោះ លោក​គេឌាន​ទូល​ព្រះ‌អម្ចាស់​ដូច​ត​ទៅ៖ «ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា ទ្រង់​នឹង​សង្គ្រោះ​អ៊ីស្រា‌អែល តាម​រយៈ​ទូលបង្គំ ដូច្នេះ ទូលបង្គំ​សូម​លាត​ស្បែក​ចៀម​នៅ​លើ​លាន​បោក​ស្រូវ។ ប្រសិន​បើ​ទឹក​សន្សើម​ធ្លាក់​តែ​លើ​ស្បែក​ចៀម ហើយ​ដី​នៅ​ជុំ‌វិញ​ស្ងួត នោះ​ទូលបង្គំ​នឹង​ដឹង​ថា ព្រះអង្គ​ពិត​ជា​សព្វ​ព្រះ‌ហឫទ័យ​សង្គ្រោះ​អ៊ីស្រា‌អែល តាម​រយៈ​ទូលបង្គំ ដូច​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មែន»។ ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​កើត​មាន​ដូច្នោះ​មែន។ នៅ​ព្រឹក​ថ្ងៃ​បន្ទាប់ លោក​គេឌាន​ក្រោក​ឡើង លោក​ពូត​ស្បែក​ចៀម​បាន​ទឹក​សន្សើម​ពេញ​មួយ​ចាន។ លោក​គេឌាន​ទូល​ព្រះ‌ជាម្ចាស់​ថា៖ «សូម​ព្រះអង្គ​កុំ​ព្រះ‌ពិរោធ​នឹង​ទូលបង្គំ​អី។ ទូលបង្គំ​សូម​ទូល​តែ​ម្ដង​ទៀត​ប៉ុណ្ណោះ សូម​មេត្តា​អនុញ្ញាត​ឲ្យ​ទូលបង្គំ​សាក​ល្បង ជា​លើក​ចុង​ក្រោយ គឺ​សូម​ឲ្យ​ស្បែក​ចៀម​នៅ​ស្ងួត ហើយ​ឲ្យ​សន្សើម​ធ្លាក់​ជោក​ដី​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំ‌វិញ»។ យប់​នោះ ព្រះ‌ជាម្ចាស់​បាន​ធ្វើ​តាម​សំណូម​ពរ​របស់​លោក​គេឌាន គឺ​មាន​តែ​ស្បែក​ចៀម​ទេ​ដែល​ស្ងួត ហើយ​ដី​ទាំង​អស់​ដែល​នៅ​ជុំ‌វិញ ជោក​ទៅ​ដោយ​ទឹក​សន្សើម។

ចែក​រំលែក
អាន ចៅហ្វាយ 6

ចៅហ្វាយ 6:11-40 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គ្រា​នោះ ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ក៏​យាង​មក​គង់​នៅ​ក្រោម​ដើម​ម៉ៃសាក់​នៅ​ត្រង់​អូប្រា ដែល​ជា​របស់​យ៉ូអាស ក្នុង​គ្រួ​អ័បៀ‌ស៊ើរ រីឯ​គេឌាន​ជា​កូន គាត់​កំពុង​តែ​បោក​ស្រូវ​នៅ​ក្នុង​ធុង​គាប​ផ្លែ​ទំពាំង‌បាយ‌ជូរ ដើម្បី​លាក់​នឹង​ពួក​ម៉ាឌាន ទេវតា​នៃ​ព្រះ‌យេហូវ៉ា ក៏​លេច​មក​ឲ្យ​លោក​ឃើញ ហើយ​ប្រាប់​ថា នែ អ្នក​ពូកែ​ក្លាហាន​អើយ ព្រះ‌យេហូវ៉ា​ទ្រង់​គង់​ជា​មួយ​នឹង​ឯង តែ​គេឌាន​ឆ្លើយ​ឡើង​ថា ឱ​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ​អើយ បើ​សិន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​គង់​នៅ​ជា​មួយ​នឹង​ពួក​ទូលបង្គំ​ពិត នោះ​ហេតុ​អ្វី​បាន​ជា​ការ​ទាំង​អស់​នេះ​កើត​ឡើង​ដល់​ពួក​ទូលបង្គំ​ដូច្នេះ ឯ​អស់​ទាំង​ការ​អស្ចារ្យ​របស់​ទ្រង់ ដែល​ពួក​ឰយុកោ​បាន​ថ្លែង​ប្រាប់​ត​មក​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​នាំ​យើង​ខ្ញុំ​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក តើ​ការ​ទាំង​នោះ​នៅ​ឯ​ណា ដ្បិត​ឥឡូវ​នេះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បោះ‌បង់​ចោល​ពួក​ទូលបង្គំ ព្រម​ទាំង​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ម៉ាឌាន​ហើយ នោះ​ព្រះ‌យេហូវ៉ា ទ្រង់​ទត​មើល​លោក ហើយ​មាន​បន្ទូល​ថា ចូរ​ឯង​ទៅ​ដោយ‌សារ​កំឡាំង​ឯង​នេះ ហើយ​ជួយ​សង្គ្រោះ​សាសន៍​អ៊ីស្រាអែល​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​ម៉ាឌាន​ចុះ អញ​បាន​ចាត់​ឯង​ឲ្យ​ទៅ​ហើយ រួច​លោក​ទូល​ទ្រង់​ថា ឱ​ព្រះ‌អម្ចាស់​អើយ ធ្វើ​ដូច​ម្តេច​ឲ្យ​ទូលបង្គំ​ជួយ​សង្គ្រោះ​ដល់​សាសន៍​អ៊ីស្រាអែល​បាន មើល ទូលបង្គំ​ជា​គ្រួ​ក្រ​ជាង​គេ​ក្នុង​ពួក​ម៉ាន៉ាសេ ហើយ​ទូលបង្គំ​ក៏​ជា​អ្នក​តូច​បំផុត​ក្នុង​ពួក​ផ្ទះ​ឪពុក​ទូលបង្គំ​ផង ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​តប​ថា អញ​នឹង​នៅ​ជា​មួយ​នឹង​ឯង ឯង​នឹង​វាយ​សាសន៍​ម៉ាឌាន​ដូច​ជា​វាយ​ដល់​មនុស្ស​តែ​ម្នាក់ លោក​ទូល​ថា បើ​ទូលបង្គំ​ប្រកប​ដោយ​ព្រះ‌គុណ​នៃ​ទ្រង់ នោះ​សូម​ទ្រង់​សំដែង​ទី​សំគាល់​ឲ្យ​ទូលបង្គំ​បាន​ដឹង​ផង ថា​គឺ​ទ្រង់​ហើយ​ដែល​មាន​បន្ទូល​នឹង​ទូលបង្គំ​ពិត​មែន សូម​ទ្រង់​កុំ​ថយ​ចេញ​ពី​ទី​នេះ​ឡើយ ដរាប​ដល់​ទូលបង្គំ​ទៅ​នាំ​យក​ដង្វាយ​របស់​ទូលបង្គំ មក​ថ្វាយ​នៅ​ចំពោះ​ទ្រង់​សិន ទ្រង់​ក៏​ទទួល​ថា អញ​នឹង​ចាំ​ទាល់​តែ​ឯង​មក​វិញ។ ដូច្នេះ គេឌាន​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ ចាត់‌ចែង​រៀបចំ​កូន​ពពែ​១ នឹង​នំបុ័ង​ឥត​ដំបែ​ធ្វើ​ពី​ម្សៅ​១​ថាំង ដាក់​សាច់​ក្នុង​កញ្ច្រែង ហើយ​ក៏​ដាក់​ទឹក​សំឡ​ក្នុង​ចាន នាំ​យក​មក​ថ្វាយ​ទ្រង់ នៅ​ត្រង់​ដើម​ម៉ៃសាក់​នោះ នោះ​ទេវតា​នៃ​ព្រះ​ក៏​មាន​បន្ទូល​ប្រាប់​ថា ចូរ​យក​សាច់ នឹង​នំបុ័ង​ឥត​ដំបែ​នោះ មក​ដាក់​នៅ​លើ​ថ្ម​នេះ ហើយ​ចាក់​ទឹក​សំឡ​ពី​លើ​ទៅ លោក​ក៏​ធ្វើ​តាម​ដូច្នោះ រួច​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ក៏​លូក​ចុង​ដំបង ដែល​កាន់​នៅ​ព្រះ‌ហស្ត ទៅ​ពាល់​សាច់ នឹង​នំបុ័ង​ឥត​ដំបែ​នោះ ក៏​មាន​ភ្លើង​ចេញ​ពី​ថ្ម​បញ្ឆេះ​សាច់ នឹង​នំបុ័ង​ឥត​ដំបែ​អស់​រលីង​ទៅ លុះ​ស្រេច​ហើយ ទេវតា​នៃ​ព្រះ‌យេហូវ៉ា ក៏​យាង​ចេញ​ពី​មុខ​បាត់​ទៅ គេឌាន​ក៏​បាន​ដឹង​ថា ជា​ទេវតា​នៃ​ព្រះ‌យេហូវ៉ា បាន​ជា​លោក​ទូល​ថា វរ‌ហើយ ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ‌អម្ចាស់​អើយ ដ្បិត​ទូលបង្គំ​បាន​ឃើញ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​នៅ​ប្រទល់​មុខ ព្រះ‌យេហូវ៉ា​ទ្រង់​ព្រះ‌បន្ទូល​តប​មក​ថា ចូរ​ឲ្យ​មាន​សេចក្ដី​សុខ​ចុះ កុំ​ឲ្យ​ភ័យ​អី ឯង​មិន​ត្រូវ​ស្លាប់​ទេ នោះ​គេឌាន​ក៏​ស្អាង​អាសនា​១​ថ្វាយ​ព្រះ‌យេហូវ៉ា​នៅ​ទី​នោះ រួច​ដាក់​ឈ្មោះ​ថា «យេហូវ៉ា-សាឡិម» អាសនា​នោះ​ក៏​នៅ​ត្រង់​អូប្រា​របស់​ផង​ពួក​អ័បៀ‌ស៊ើរ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។ នៅ​វេលា​យប់​នោះ​ឯង ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​លោក​ថា ចូរ​នាំ​យក​គោ​ឈ្មោល​របស់​ឪពុក​ឯង គឺ​ជា​គោ​ទី​២​អាយុ​៧​ខួប​ទៅ​ជា​មួយ ត្រូវ​ឲ្យ​ឯង​រំលំ​អាសនា​នៃ​ព្រះ‌បាល​របស់​ឪពុក​ឯង​ចេញ​ទៅ ព្រម​ទាំង​កាប់​បំផ្លាញ​អ្នក‌តា​ដែល​នៅ​ក្បែរ​ទី​នោះ​ផង រួច​ស្អាង​អាសនា​១​ថ្វាយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង តាម​របៀប​នៅ​លើ​ថ្មដា​នោះ ហើយ​ត្រូវ​យក​គោ​ទី​២​ថ្វាយ​ជា​ដង្វាយ​ដុត ដោយ​ដុត​នឹង​ឈើ​ជា​រូប​អ្នក‌តា ដែល​ឯង​បាន​កាប់​នោះ ដូច្នេះ​គេឌាន​ក៏​នាំ​យក​អ្នក​បំរើ​របស់​ខ្លួន​១០​នាក់ ទៅ​ធ្វើ​តាម​ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​ប្រាប់ តែ​លោក​ធ្វើ​នៅ​ពេល​ថ្ងៃ​មិន​បាន ដោយ​ព្រោះ​ខ្លាច​ពួក​អ្នក​ផ្ទះ​របស់​ឪពុក​ខ្លួន នឹង​ពួក​មនុស្ស​នៅ​ទី​ក្រុង​នោះ បាន​ជា​ធ្វើ​នៅ​ពេល​យប់​វិញ។ កាល​ពួក​មនុស្ស​នៅ​ទី​ក្រុង​បាន​ក្រោក​ឡើង​ពី​ព្រលឹម ឃើញ​អាសនា​នៃ​ព្រះ​បាល​បាន​រលំ​ហើយ ឯ​អ្នក‌តា​ក៏​បាន​កាប់​ចោល​ផង ហើយ​គោ​ទី​២​បាន​ថ្វាយ​នៅ​លើ​អាសនា​ដែល​បាន​ស្អាង​ឡើង នោះ​គេ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា តើ​អ្នក​ណា​បាន​ធ្វើ​នេះ គេ​ក៏​ស៊ើប​សួរ​រក រួច​មាន​គេ​ប្រាប់​ថា គឺ​គេឌាន ជា​កូន​យ៉ូអាស បាន​ធ្វើ​ការ​នោះ ដូច្នេះ​ពួក​មនុស្ស​នៅ​ទី​ក្រុង គេ​ប្រាប់​ទៅ​យ៉ូអាស​ថា ចូរ​នាំ​កូន​អ្នក​ចេញ​មក​ឲ្យ​វា​ស្លាប់​ទៅ ដ្បិត​វា​បាន​រំលំ​អាសនា​នៃ​ព្រះ‌បាល ហើយ​កាប់​បំផ្លាញ​រូប​អ្នក‌តា​ដែល​នៅ​ក្បែរ​ទី​នោះ​ផង យ៉ូអាស​ក៏​ឆ្លើយ​ទៅ​អស់​អ្នក​ដែល​មក​ទាស់​នឹង​គាត់​ថា តើ​អ្នក​រាល់​គ្នា​ចង់​តវ៉ា​ជំនួស ហើយ​គិត​ជួយ​សង្គ្រោះ​ព្រះ‌បាល​ឬ​អី ឯ​អ្នក​ណា​ដែល​ចង់​តវ៉ា​ជំនួស​ព្រះ‌បាល ឲ្យ​អ្នក​នោះ​ត្រូវ​ស្លាប់​វិញ​ឥឡូវ មុន​ដែល​ថ្ងៃ​រះ​ផង បើ​នេះ​ជា​ព្រះ​ពិត នោះ​ចូរ​ឲ្យ​វា​តវ៉ា​ដោយ​ខ្លួន​វា​ចុះ ដោយ​ព្រោះ​គេ​បាន​រំលំ​អាសនា​ហើយ ហេតុ​នោះ​បាន​ជា​នៅ​ថ្ងៃ​នោះ​ឯង គេ​ហៅ​គេឌាន​ថា យេរូ-បាល ដោយ​ព្រោះ​ពាក្យ​ដែល​ថា ចូរ​ឲ្យ​ព្រះ‌បាល​តវ៉ា​ដោយ​ខ្លួន​ឯង​ចុះ គឺ​ពី​ព្រោះ​បាន​រំលំ​អាសនា​គេ​ហើយ។ គ្រា​នោះ ពួក​សាសន៍​ម៉ាឌាន​ទាំង​ប៉ុន្មាន នឹង​ពួក​អាម៉ា‌លេក ព្រម​ទាំង​ពួក​មនុស្ស​នៅ​ស្រុក​ខាង​កើត ក៏​មូល​គ្នា​ឆ្លង​ទន្លេ មក​បោះ​ទ័ព​នៅ​ត្រង់​វាល​ច្រក​ភ្នំ​យេស‌រាល នោះ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​ទ្រង់​យាង​មក​សណ្ឋិត​លើ​គេឌាន លោក​ក៏​ផ្លុំ​ត្រែ​ឡើង នោះ​ពួក​អ័បៀ‌ស៊ើរ​ក៏​មូល​គ្នា​មក​តាម​លោក រួច​លោក​ចាត់​មនុស្ស​ឲ្យ​ទៅ​គ្រប់​ក្នុង​ស្រុក​ម៉ាន៉ាសេ គេ​ក៏​មូល​គ្នា​មក​តាម​លោក​ដែរ រួច​គាត់​ចាត់​មនុស្ស​ឲ្យ​ទៅ​ឯ​ពួក​អេស៊ើរ ពួក​សាប់‌យូល៉ូន នឹង​ពួក​ណែប‌ថាលី​ទៀត គេ​ក៏​មូល​មក​ឯ​លោក​ទាំង​អស់​គ្នា។ ស្រេច​ហើយ គេឌាន​ទូល​ដល់​ព្រះ​ថា បើ​សិន​ជា​ព្រះ‌អង្គ​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​នឹង​ជួយ​សង្គ្រោះ​ដល់​សាសន៍​អ៊ីស្រាអែល ដោយ‌សារ​ដៃ​របស់​ទូលបង្គំ ដូច​ជា​ទ្រង់​បាន​មាន​បន្ទូល​ហើយ នោះ​មើល ទូលបង្គំ​ដាក់​រោម​ចៀម​នេះ​នៅ​ទី​លាន​ស្រូវ ដូច្នេះ​បើ​ឃើញ​សន្សើម​មាន​នៅ​តែ​នឹង​រោម​ចៀម​ប៉ុណ្ណោះ ហើយ​ដី​ទាំង​អស់​ស្ងួត​វិញ នោះ​ទូលបង្គំ​នឹង​ដឹង​ថា ទ្រង់​ជួយ​សង្គ្រោះ​ដល់​សាសន៍​អ៊ីស្រាអែល​ដោយ‌សារ​ដៃ​ទូលបង្គំ​ពិត​មែន ដូច​ជា​ទ្រង់​បាន​មាន​បន្ទូល​ហើយ នោះ​ក៏​កើត​មាន​ដូច្នោះ លុះ​ថ្ងៃ​ស្អែក​ឡើង លោក​ក្រោក​ពី​ព្រលឹម​ទៅ​ច្របាច់​ពូត​រោម​ចៀម​នោះ បាន​ទឹក​សន្សើម​ពេញ​១​ចាន រួច​គេឌាន​ទូល​ទៅ​ព្រះ​ថា សូម​ទ្រង់​កុំ​ខ្ញាល់​នឹង​ទូលបង្គំ​ឡើយ ទូលបង្គំ​នឹង​ទូល​តែ​ម្តង​ណេះ​ទេ គឺ​សូម​ឲ្យ​ទូលបង្គំ​សាក​ដោយ​រោម​ចៀម​នេះ​ម្តង​ទៀត សូម​ឲ្យ​តែ​រោម​ចៀម​នេះ​បាន​ស្ងួត​ទៅ ហើយ​ឲ្យ​ដី​មាន​ទឹក​សន្សើម​វិញ ព្រះ‌ទ្រង់​ក៏​ធ្វើ​ដូច្នោះ​នៅ​យប់​នោះ គឺ​រោម​ចៀម​ទៅ​ជា​ស្ងួត តែ​នៅ​ពេញ​លើ​ដី មាន​សុទ្ធ​តែ​ទឹក​សន្សើម​វិញ។

ចែក​រំលែក
អាន ចៅហ្វាយ 6