ចៅហ្វាយ 6:11-14
ចៅហ្វាយ 6:11-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គ្រានោះ ទេវតារបស់ព្រះយេហូវ៉ាបានមកអង្គុយនៅក្រោមដើមម៉ៃសាក់នៅអូប្រា ដែលជារបស់យ៉ូអាស ក្នុងអំបូរអ័បៀស៊ើរ រីឯគេឌានជាកូនរបស់លោក កំពុងតែបោកស្រូវនៅក្នុងធុងគាបផ្លែទំពាំងបាយជូរ ដើម្បីលាក់នឹងពួកម៉ាឌាន។ ទេវតារបស់ព្រះយេហូវ៉ាបានបង្ហាញខ្លួនឲ្យលោកឃើញ ហើយប្រាប់ថា៖ «នែ៎ អ្នកពូកែក្លាហានអើយ ព្រះយេហូវ៉ាគង់ជាមួយអ្នក»។ គេឌានឆ្លើយតបថា៖ «លោកម្ចាស់អើយ ប្រសិនបើព្រះយេហូវ៉ាគង់នៅជាមួយយើងខ្ញុំមែន ហេតុអ្វីបានជាការទាំងអស់នេះកើតឡើងដល់យើងខ្ញុំដូច្នេះ? ឯណាទៅការអស្ចារ្យទាំងប៉ុន្មានរបស់ព្រះអង្គ ដែលបុព្វបុរសរបស់យើងខ្ញុំបានថ្លែងប្រាប់តមកថា ព្រះយេហូវ៉ាបាននាំយើងឡើងចេញពីស្រុកអេស៊ីព្ទមកនោះ? ឥឡូវនេះ ព្រះយេហូវ៉ាបានបោះបង់ចោលយើងខ្ញុំ ព្រះអង្គប្រគល់យើងខ្ញុំទៅក្នុងកណ្ដាប់ដៃរបស់ពួកម៉ាឌានហើយ»។ ព្រះយេហូវ៉ាបែរមកឯលោក ហើយមានព្រះបន្ទូលថា៖ «ចូរចេញទៅដោយសារកម្លាំងរបស់អ្នកនេះចុះ ហើយសង្គ្រោះអ៊ីស្រាអែលឲ្យរួចពីកណ្ដាប់ដៃរបស់ពួកម៉ាឌាន គឺយើងចាត់អ្នកឲ្យទៅ»។
ចៅហ្វាយ 6:11-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
គ្រានោះ ទេវតារបស់ព្រះអម្ចាស់បានមកភូមិអូប្រា អង្គុយនៅក្រោមដើមជ្រៃ ដែលជាកម្មសិទ្ធិរបស់លោកយ៉ូអាស ក្នុងអំបូរអបៀស៊ើរ។ ពេលនោះ លោកគេឌាន ជាកូនរបស់លោកយ៉ូអាស កំពុងតែបោកបែនស្រូវ ក្នុងធុងសម្រាប់គាបផ្លែទំពាំងបាយជូរ ដើម្បីកុំឲ្យជនជាតិម៉ាឌានឃើញ។ ទេវតារបស់ព្រះអម្ចាស់មកបង្ហាញខ្លួនឲ្យលោកគេឌានឃើញ ហើយពោលថា៖ «វីរជនដ៏អង់អាចអើយ ព្រះអម្ចាស់គង់នៅជាមួយអ្នកហើយ!»។ លោកគេឌានឆ្លើយតបវិញថា៖ «លោកម្ចាស់អើយ ប្រសិនបើព្រះអម្ចាស់គង់នៅជាមួយយើងមែន ហេតុអ្វីក៏ទុក្ខវេទនាទាំងនេះកើតមានដល់យើង? ឯណាទៅការអស្ចារ្យទាំងប៉ុន្មានដែលដូនតារបស់យើងតែងតែតំណាលប្រាប់ ទាំងបញ្ជាក់ថា ព្រះអម្ចាស់បាននាំយើងចេញពីស្រុកអេស៊ីបមកនោះ? ឥឡូវនេះ ព្រះអម្ចាស់បោះបង់ចោលយើងហើយ ព្រះអង្គបានប្រគល់យើងទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិម៉ាឌាន!»។ ព្រះអម្ចាស់ បែរមករកលោក ហើយមានព្រះបន្ទូលថា៖ «ដោយសារកម្លាំងដែលអ្នកមាន ចូរទៅសង្គ្រោះអ៊ីស្រាអែលឲ្យរួចពីកណ្ដាប់ដៃរបស់ជនជាតិម៉ាឌាន គឺយើងចាត់អ្នកឲ្យទៅ!»។
ចៅហ្វាយ 6:11-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គ្រានោះ ទេវតានៃព្រះយេហូវ៉ាក៏យាងមកគង់នៅក្រោមដើមម៉ៃសាក់នៅត្រង់អូប្រា ដែលជារបស់យ៉ូអាស ក្នុងគ្រួអ័បៀស៊ើរ រីឯគេឌានជាកូន គាត់កំពុងតែបោកស្រូវនៅក្នុងធុងគាបផ្លែទំពាំងបាយជូរ ដើម្បីលាក់នឹងពួកម៉ាឌាន ទេវតានៃព្រះយេហូវ៉ា ក៏លេចមកឲ្យលោកឃើញ ហើយប្រាប់ថា នែ អ្នកពូកែក្លាហានអើយ ព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងឯង តែគេឌានឆ្លើយឡើងថា ឱព្រះអម្ចាស់នៃទូលបង្គំអើយ បើសិនជាព្រះយេហូវ៉ាទ្រង់គង់នៅជាមួយនឹងពួកទូលបង្គំពិត នោះហេតុអ្វីបានជាការទាំងអស់នេះកើតឡើងដល់ពួកទូលបង្គំដូច្នេះ ឯអស់ទាំងការអស្ចារ្យរបស់ទ្រង់ ដែលពួកឰយុកោបានថ្លែងប្រាប់តមកថា ព្រះយេហូវ៉ាទ្រង់បាននាំយើងខ្ញុំឡើងចេញពីស្រុកអេស៊ីព្ទមក តើការទាំងនោះនៅឯណា ដ្បិតឥឡូវនេះព្រះយេហូវ៉ាទ្រង់បានបោះបង់ចោលពួកទូលបង្គំ ព្រមទាំងប្រគល់ទៅក្នុងកណ្តាប់ដៃនៃពួកម៉ាឌានហើយ នោះព្រះយេហូវ៉ា ទ្រង់ទតមើលលោក ហើយមានបន្ទូលថា ចូរឯងទៅដោយសារកំឡាំងឯងនេះ ហើយជួយសង្គ្រោះសាសន៍អ៊ីស្រាអែលឲ្យរួចពីកណ្តាប់ដៃនៃពួកម៉ាឌានចុះ អញបានចាត់ឯងឲ្យទៅហើយ