យ៉ាកុប 5:13-16
យ៉ាកុប 5:13-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ក្នុងចំណោមអ្នករាល់គ្នា តើមានអ្នកណាកើតទុក្ខលំបាកឬទេ? ត្រូវឲ្យអ្នកនោះអធិស្ឋាន។ តើមានអ្នកណាអរសប្បាយឬទេ? ត្រូវឲ្យអ្នកនោះច្រៀងសរសើរតម្កើងព្រះចុះ។ ក្នុងចំណោមអ្នករាល់គ្នា តើមានអ្នកណាឈឺឬទេ? ត្រូវឲ្យអ្នកនោះហៅពួកចាស់ទុំរបស់ក្រុមជំនុំមក ហើយឲ្យលោកទាំងនោះអធិស្ឋានឲ្យ ព្រមទាំងលាបប្រេងក្នុងព្រះនាមព្រះអម្ចាស់ផង។ ពាក្យអធិស្ឋានដែលចេញពីជំនឿ នឹងសង្គ្រោះអ្នកដែលឈឺនោះ ហើយព្រះអម្ចាស់នឹងប្រោសឲ្យគាត់ក្រោកឡើងវិញ។ ប្រសិនបើគាត់បានប្រព្រឹត្តអំពើបាប នោះគាត់នឹងទទួលបានការអត់ទោស។ ដូច្នេះ ចូរលន់តួទោសបាបនឹងគ្នាទៅវិញទៅមក ហើយអធិស្ឋានឲ្យគ្នាទៅវិញទៅមកផង ដើម្បីឲ្យអ្នករាល់គ្នាបានជាសះស្បើយ ដ្បិតពាក្យអធិស្ឋានរបស់មនុស្សសុចរិត នោះពូកែ ហើយមានប្រសិទ្ធភាពណាស់។
យ៉ាកុប 5:13-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្នុងចំណោមបងប្អូន បើមាននរណាម្នាក់កើតទុក្ខលំបាក ត្រូវឲ្យគាត់អធិស្ឋាន* បើមាននរណាអរសប្បាយ ត្រូវច្រៀងបទលើកតម្កើងព្រះជាម្ចាស់។ ក្នុងចំណោមបងប្អូន បើនរណាមានជំងឺ ត្រូវអញ្ជើញព្រឹទ្ធាចារ្យរបស់ក្រុមជំនុំមក ដើម្បីឲ្យលោកទាំងនោះអធិស្ឋានឲ្យគាត់ និងលាបប្រេង*ឲ្យក្នុងព្រះនាមព្រះអម្ចាស់។ ពាក្យអធិស្ឋានដែលផុសចេញមកពីជំនឿ នឹងសង្គ្រោះអ្នកជំងឺនោះ ហើយព្រះអម្ចាស់នឹងប្រោសគាត់ឲ្យក្រោកឡើងវិញ ប្រសិនបើគាត់បានប្រព្រឹត្តអំពើបាប ព្រះអង្គនឹងលើកលែងទោសឲ្យ។ ដូច្នេះ សូមបងប្អូនលន់តួបាបដល់គ្នាទៅវិញទៅមក ព្រមទាំងអធិស្ឋានឲ្យគ្នាទៅវិញទៅមកផង ដើម្បីឲ្យជាសះស្បើយ។ ពាក្យទូលអង្វររបស់មនុស្សសុចរិត*មានប្រសិទ្ធភាពខ្លាំងណាស់។
យ៉ាកុប 5:13-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តើមានពួកអ្នករាល់គ្នាណា កើតទុក្ខលំបាកឬទេ ត្រូវឲ្យអ្នកនោះអធិស្ឋាន តើមានអ្នកណាអរសប្បាយឬទេ ត្រូវឲ្យគេច្រៀងសរសើរដល់ព្រះចុះ តើមានពួកអ្នករាល់គ្នាណាឈឺឬទេ ត្រូវឲ្យអ្នកនោះហៅពួកចាស់ទុំក្នុងពួកជំនុំមកអធិស្ឋានឲ្យចុះ ព្រមទាំងលាបប្រេងឲ្យ ដោយនូវព្រះនាមព្រះអម្ចាស់ផង នោះពាក្យអធិស្ឋាននៃសេចក្ដីជំនឿ នឹងជួយសង្គ្រោះដល់មនុស្សហេវនោះ ហើយព្រះអម្ចាស់ទ្រង់នឹងប្រោសឲ្យគាត់បានជាឡើង បើគាត់បានធ្វើបាបអ្វី នោះនឹងបានអត់ទោសឲ្យផង ដូច្នេះ ចូរឲ្យអ្នករាល់គ្នាលន់តួទោសនឹងគ្នា ហើយអធិស្ឋានឲ្យគ្នាទៅវិញទៅមក ដើម្បីឲ្យបានជាចុះ ដ្បិតសេចក្ដីទូលអង្វរដ៏អស់ពីចិត្តរបស់មនុស្សសុចរិត នោះពូកែណាស់