យ៉ាកុប 4:11-17
យ៉ាកុប 4:11-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បងប្អូនអើយ កុំនិយាយមួលបង្កាច់គ្នាទៅវិញទៅមកឡើយ អ្នកណានិយាយមួលបង្កាច់គ្នា ហើយថ្កោលទោសបងប្អូនរបស់ខ្លួន អ្នកនោះក៏និយាយមួលបង្កាច់ក្រឹត្យវិន័យ ហើយថ្កោលទោសក្រឹត្យវិន័យដែរ តែបើអ្នកថ្កោលទោសក្រឹត្យវិន័យ អ្នកមិនមែនកាន់តាមក្រឹត្យវិន័យទេ គឺឈ្មោះថាជាអ្នកថ្កោលទោសវិញ។ អ្នកដែលបង្កើតក្រឹត្យវិន័យ និងជាចៅក្រម មានតែមួយប៉ុណ្ណោះ គឺជាព្រះដែលអាចសង្គ្រោះ ហើយក៏អាចបំផ្លាញបានដែរ។ រីឯអ្នកវិញ តើអ្នកជាអ្នកណាដែលហ៊ានថ្កោលទោសអ្នកជិតខាងរបស់ខ្លួនដូច្នេះ? ឥឡូវនេះ អ្នកដែលពោលថា៖ «ថ្ងៃនេះ ឬថ្ងៃស្អែក យើងនឹងធ្វើដំណើរទៅក្រុងណាមួយ ហើយស្នាក់នៅក្រុងនោះមួយឆ្នាំ ដើម្បីរកស៊ីឲ្យបានចំណេញ» តែអ្នករាល់គ្នាមិនដឹងថានឹងមានអ្វីកើតឡើងនៅថ្ងៃស្អែកទេ។ តើជីវិតរបស់អ្នករាល់គ្នាជាអ្វី? ដ្បិតអ្នករាល់គ្នាជាចំហាយទឹក ដែលឃើញតែមួយភ្លែត រួចក៏រសាត់បាត់ទៅ។ ផ្ទុយទៅវិញ អ្នករាល់គ្នាគួរតែពោលដូច្នេះវិញថា៖ «បើព្រះអម្ចាស់សព្វព្រះហឫទ័យ នោះយើងនឹងមានជីវិតរស់ ហើយយើងនឹងធ្វើការនេះ ឬធ្វើការនោះ» តែឥឡូវនេះ អ្នករាល់គ្នាបែរជាអួតអាងពីអំនួតរបស់ខ្លួនទៅវិញ។ គ្រប់ទាំងការអួតអាងបែបនេះសុទ្ធតែអាក្រក់ទាំងអស់។ ដូច្នេះ អ្នកណាស្គាល់អំពើល្អដែលត្រូវធ្វើ តែមិនព្រមធ្វើ នោះរាប់ជាមានបាបដល់អ្នកនោះហើយ។
យ៉ាកុប 4:11-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បងប្អូនអើយ មិនត្រូវនិយាយដើមគ្នាទៅវិញទៅមកឡើយ អ្នកណានិយាយដើម ឬថ្កោលទោសបងប្អូនណាម្នាក់ អ្នកនោះក៏ដូចជានិយាយដើមក្រឹត្យវិន័យ* និងថ្កោលទោសក្រឹត្យវិន័យដែរ។ ប្រសិនបើអ្នកថ្កោលទោសក្រឹត្យវិន័យបានសេចក្ដីថា អ្នកមិនមែនកាន់ក្រឹត្យវិន័យទេ គឺអ្នកថ្កោលទោសក្រឹត្យវិន័យទៅវិញ។ មានតែព្រះជាម្ចាស់មួយព្រះអង្គគត់ដែលបង្កើតក្រឹត្យវិន័យ ហើយព្រះអង្គជាចៅក្រមវិនិច្ឆ័យទោស។ មានតែព្រះអង្គប៉ុណ្ណោះដែលអាចសង្គ្រោះ និងធ្វើឲ្យវិនាស។ រីឯអ្នកវិញ តើអ្នកមានឋានៈអ្វីបានជាហ៊ានថ្កោលទោសបងប្អូនឯទៀតៗដូច្នេះ!។ ឥឡូវនេះ ចំពោះបងប្អូនដែលពោលថា «ថ្ងៃនេះឬស្អែក យើងនឹងធ្វើដំណើរទៅក្រុងមួយ ហើយស្នាក់នៅក្រុងនោះមួយឆ្នាំ ដើម្បីរកស៊ី និងបានចំណេញ!» ខ្ញុំសូមជម្រាបថា បងប្អូនពុំដឹងថា ថ្ងៃស្អែក ជីវិតបងប្អូននឹងទៅជាយ៉ាងណាឡើយ! បងប្អូនប្រៀបបីដូចជាចំហាយទឹក ដែលមានតែមួយភ្លែត រួចក៏រសាត់បាត់ទៅ។ បងប្អូនគួរតែពោលថា «បើព្រះអម្ចាស់សព្វព្រះហឫទ័យ យើងនឹងមានជីវិតរស់ ហើយយើងធ្វើការនេះ ឬធ្វើការនោះ» តែឥឡូវនេះ បងប្អូនបែរជាក្អេងក្អាងអួតបំប៉ោងទៅវិញ។ ការអួតក្អេងក្អាងបែបនេះអាក្រក់ណាស់។ ប្រសិនបើអ្នកណាចេះធ្វើអំពើល្អ តែមិនព្រមធ្វើ អ្នកនោះប្រព្រឹត្តអំពើបាបហើយ។
យ៉ាកុប 4:11-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
បងប្អូនអើយ កុំឲ្យនិន្ទាគ្នាឡើយ អ្នកណាដែលនិន្ទា ហើយថ្កោលទោសបងប្អូនខ្លួន នោះក៏និន្ទា ហើយថ្កោលទោសចំពោះក្រិត្យវិន័យដែរ បើអ្នកថ្កោលទោសក្រិត្យវិន័យ នោះអ្នកមិនមែនកាន់តាមក្រិត្យវិន័យទេ គឺឈ្មោះថាជាអ្នកថ្កោលទោសវិញ ឯអ្នកដែលតែងក្រិត្យវិន័យ ហើយជំនុំជំរះផង នោះមានតែ១ទេ គឺជាព្រះ ដែលទ្រង់អាចនឹងជួយសង្គ្រោះ ឬបំផ្លាញក៏បាន ចុះតើអ្នកជាអ្វី ដែលថ្កោលទោសអ្នកដទៃនោះ។ ឥឡូវនេះ ឯពួកអ្នកដែលថា ថ្ងៃនេះ ឬថ្ងៃស្អែកយើងនឹងទៅឯក្រុងណាមួយ ហើយនឹងនៅស្រុកនោះអស់១ឆ្នាំ ដើម្បីនឹងរកស៊ីឲ្យបានចំណេញ អ្នករាល់គ្នាមិនដឹងជានឹងកើតមានយ៉ាងណាដល់ថ្ងៃស្អែកទេ ដ្បិតជីវិតអ្នករាល់គ្នាជាអ្វី គឺជាចំហាយទឹកទេតើ ដែលឃើញតែ១ភ្លែត រួចបាត់ទៅ គួរតែបាននិយាយដូច្នេះវិញថា បើយើងរស់នៅ ហើយព្រះអម្ចាស់ទ្រង់សព្វព្រះហឫទ័យ នោះយើងនឹងធ្វើការនេះ ឬការនោះ តែឥឡូវនេះ អ្នករាល់គ្នាមានសេចក្ដីអំនួត អំពីពាក្យអួតអាងរបស់ខ្លួនដូច្នោះ ហើយគ្រប់ទាំងសេចក្ដីអំនួតយ៉ាងនោះ សុទ្ធតែអាក្រក់ទាំងអស់ ដូច្នេះ ឯអ្នកណាដែលចេះធ្វើល្អ តែមិនធ្វើសោះ នោះរាប់ជាបាបដល់អ្នកនោះវិញ។