យ៉ាកុប 4:1-10

យ៉ាកុប 4:1-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ការ​ទាស់​ទែង និង​ការ​ឈ្លោះ​ប្រ‌កែក​ក្នុង​ចំណោម​អ្នក​រាល់​គ្នា នោះ​តើ​មក​ពីណា? តើ​មិន​មែន​មក​ពី​ចិត្តស្រើប​ស្រាល ដែល​ច្បាំង​នៅ​ខាង​ក្នុង​អ្នក​រាល់​គ្នា​ទេ​ឬ? អ្នក​រាល់​គ្នា​ប្រាថ្នា​ចង់​បាន តែ​មិន​បាន​ទេ អ្នក​រាល់​គ្នា​សម្លាប់​គេ អ្នករាល់​គ្នា​មាន​ចិត្ត​ច្រណែន តែ​ពុំ​អាច​ទទួល​បាន​អ្វី​ឡើយ ក៏​ឈ្លោះ​ប្រ‌កែក ហើយ​តយុទ្ធ​គ្នា តែ​មិន​បាន​អ្វី​សោះ ព្រោះ​អ្នក​រាល់​គ្នា​មិន​ទូល​សូម។ អ្នក​រាល់​គ្នា​ទូល​សូម​ដែរ តែ​មិន​បានទទួល ព្រោះអ្នក​រាល់​គ្នា​ទូល​សូម​ដោយបំណង​អាក្រក់ សម្រាប់​តែ​នឹង​បំពេញ​ចិត្តស្រើប​ស្រាល​របស់​ខ្លួន។ មនុស្ស​ផិត​ក្បត់​អើយ! តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​ថា ការ​ធ្វើ​ជា​មិត្ត​សម្លាញ់​នឹង​លោកីយ៍ នោះ​ធ្វើ​ខ្លួនឲ្យ​ទៅ​ជា​សត្រូវ​នឹង​ព្រះ? ដូច្នេះ អ្នក​ណា​ដែល​ចូល​ចិត្ត​ធ្វើ​ជា​មិត្ត​សម្លាញ់​នឹង​លោកីយ៍ អ្នក​នោះ​តាំង​ខ្លួន​ជា​សត្រូវ​នឹង​ព្រះ‌ហើយ។ ឬ​តើ​អ្នក​រាល់​គ្នា​ស្មាន​ថា ព្រះ​គម្ពីរចែង​មក​ជាឥត​ប្រយោជន៍​ឬ ដែល​ថា៖ «ព្រះ‌វិញ្ញាណ​ដែល​ព្រះ‌ទ្រង់​ប្រទាន​ឲ្យ​មក​គង់​ក្នុង​យើង ទ្រង់​ស្រឡាញ់​ដោយ​ព្រះ​ហឫទ័យ​ប្រចណ្ឌ»? ប៉ុន្ដែ ព្រះ​អង្គ​ផ្តល់​ព្រះ‌គុណ​ខ្លាំង​ជាង​នេះ​ទៅ​ទៀត។ ហេតុ​នេះ​ហើយ​បាន​ជាបទ​គម្ពីរ​ចែង​ថា៖ «ព្រះ‌ទ្រង់​ប្រឆាំង​នឹងមនុស្ស​មាន​អំនួត តែ​ទ្រង់​ផ្តល់​ព្រះ‌គុណ​ដល់​មនុស្ស​ដែលបន្ទាប​ខ្លួន​វិញ» ។ ដូច្នេះ សូម​ចុះ​ចូល​ចំពោះ​ព្រះ ហើយ​តស៊ូ​នឹង​អារក្ស​ចុះ នោះ​វា​នឹង​រត់​ចេញ​ពី​អ្នក​រាល់​គ្នា​មិន​ខាន។ សូម​ចូល​ទៅ​ជិត​ព្រះ‌អង្គ នោះ​ព្រះ‌អង្គ​នឹង​យាង​មក​ជិត​អ្នក​រាល់​គ្នា​វិញ​ដែរ។ មនុស្ស​បាប​អើយ ចូរ​លាង​ដៃ​ឲ្យ​ស្អាតចុះ មនុស្ស​មាន​ចិត្ត​ពីរ​អើយ ចូរ​សម្អាត​ចិត្ត​ឲ្យ​ស្អាត​ឡើង។ ចូរ​មាន​ទុក្ខ ហើយ​យំ​សោយ​សោក​ចុះ ចូរ​ឲ្យ​សំណើច​របស់​អ្នក​រាល់​គ្នា​ត្រឡប់​ជា​ទុក្ខ​សោក ហើយ​ឲ្យ​អំណរ​បែ្រ​ទៅ​ជា​ទុក្ខ​ព្រួយ​វិញ។ ចូរ​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះ‌អម្ចាស់ នោះ​ព្រះ‌អង្គ​នឹង​តម្កើង​អ្នក​រាល់​គ្នា​ឡើង។

ចែក​រំលែក
អាន យ៉ាកុប 4

យ៉ាកុប 4:1-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ការ​ទាស់‌ទែង ឈ្លោះ​ប្រកែក​គ្នា ក្នុង​ចំណោម​បងប្អូន កើត​មក​ពី​អ្វី? តើ​មិន​មែន​មក​ពី​ចិត្ត​ស្រើប‌ស្រាល ដែល​ប្រទាញ‌ប្រទង់​គ្នា នៅ​ក្នុង​សរីរាង្គ​របស់​បងប្អូន​ទេ​ឬ? បងប្អូន​មាន​ចិត្ត​លោភ‌លន់ តែ​មិន​បាន​ដូច​ការ​ប៉ង‌ប្រាថ្នា​ទេ បងប្អូន​ក៏​សម្លាប់ និង​ឈ្នានីស​គេ ហើយ​នៅ​តែ​គ្មាន​បាន​ផល​អ្វី បងប្អូន​ឈ្លោះ​ប្រកែក និង​ទាស់‌ទែង​គ្នា ក៏​នៅ​តែ​ពុំ​បាន​ទទួល​អ្វី​ដែរ ព្រោះ​បងប្អូន​មិន​ទូល​សូម​ពី​ព្រះ‌ជាម្ចាស់។ បងប្អូន​ទូល​សូម​ដែរ តែ​ឥត​បាន​ទទួល ព្រោះ​បងប្អូន​ទូល​សូម​ដោយ​បំណង​អាក្រក់ គឺ​បងប្អូន​ចង់​បាន សម្រាប់​តែ​បំពេញ​ចិត្ត​ស្រើប‌ស្រាល​របស់​ខ្លួន​ប៉ុណ្ណោះ។ មនុស្ស​ក្បត់​ចិត្ត​អើយ ! បងប្អូន​មិន​ជ្រាប​ទេ​ឬ​ថា ការ​ស្រឡាញ់​លោកីយ៍​ធ្វើ​ឲ្យ​ខ្លួន​ទៅ​ជា​សត្រូវ​នឹង​ព្រះ‌ជាម្ចាស់? អ្នក​ណា​ចង់​ធ្វើ​ជា​មិត្ត​សម្លាញ់​នឹង​លោកីយ៍ អ្នក​នោះ​តាំង​ខ្លួន​ជា​សត្រូវ​នឹង​ព្រះ‌ជាម្ចាស់! តើ​បងប្អូន​ស្មាន​ថា​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ឥត​បាន​ការ​អ្វី​ទេ​ឬ គឺ​ថា ព្រះ‌ជាម្ចាស់​មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់​វិញ្ញាណ ដែល​ព្រះអង្គ​ប្រទាន​ឲ្យ​មក​គង់​ក្នុង​បងប្អូន​រហូត​ដល់​ប្រច័ណ្ឌ។ ប៉ុន្តែ ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​ខ្លាំង​ជាង​នេះ​ទៅ​ទៀត ដ្បិត​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ថា «ព្រះ‌ជាម្ចាស់​ប្រឆាំង​នឹង​មនុស្ស​មាន​អំនួត តែ​ទ្រង់​ប្រណី‌សន្ដោស​អស់​អ្នក​ដែល​ដាក់​ខ្លួន» ។ ដូច្នេះ សូម​បងប្អូន​គោរព​ចុះ​ចូល​ព្រះ‌ជាម្ចាស់ ហើយ​ប្រឆាំង​នឹង​មារ* នោះ​វា​មុខ​ជា​រត់​ចេញ​ឆ្ងាយ​ពី​បងប្អូន​មិន​ខាន។ សូម​ចូល​ទៅ​ជិត​ព្រះ‌ជាម្ចាស់ នោះ​ព្រះអង្គ​នឹង​យាង​មក​ជិត​បងប្អូន​វិញ​ដែរ។ មនុស្ស​បាប​អើយ ចូរ​ជម្រះ​ខ្លួន​ឲ្យ​បរិសុទ្ធ*​ទៅ! មនុស្ស​មាន​ចិត្ត​ពីរ​អើយ ចូរ​ជម្រះ​ចិត្ត​គំនិត​ឲ្យ​បាន​ស្អាត​ឡើង! ចូរ​ទទួល​ស្គាល់​ថា​ខ្លួន​ធ្លាក់​ដល់​កម្រិត​ណា​ហើយ ចូរ​កាន់​ទុក្ខ និង​សោក​សង្រេង ព្រម​ទាំង​ធ្វើ​ឲ្យ​សំណើច​ក្អាក‌ក្អាយ​របស់​អ្នក​រាល់​គ្នា​ប្រែ​ទៅ​ជា​ទុក្ខ​សោក ហើយ​ឲ្យ​អំណរ​សប្បាយ​របស់​អ្នក​រាល់​គ្នា​ប្រែ​ទៅ​ជា​ទុក្ខ​ព្រួយ​វិញ។ ចូរ​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់ នោះ​ព្រះអង្គ​នឹង​លើក​តម្កើង​អ្នក​រាល់​គ្នា​ជា​មិន​ខាន។

ចែក​រំលែក
អាន យ៉ាកុប 4

យ៉ាកុប 4:1-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​សេចក្ដី​ទាស់‌ទែង នឹង​សេចក្ដី​ឈ្លោះ​ប្រកែក ក្នុង​ពួក​អ្នក​រាល់​គ្នា នោះ​មក​ពី​ណា តើ​មិន​មែន​មក​ពី​សេចក្ដី​សំរើប ដែល​ច្បាំង​ក្នុង​អវយវៈ​របស់​អ្នក​រាល់​គ្នា​ទេ​អី អ្នក​រាល់​គ្នា​សង្វាត​ចង់​បាន តែ​មិន​បាន​ទេ អ្នក​រាល់​គ្នា​សំឡាប់​គេ ហើយ​មាន​ចិត្ត​ច្រណែន តែ​ពុំ​អាច​នឹង​បាន​ឡើយ ក៏​ឈ្លោះ​ប្រកែក ហើយ​ត‌យុទ្ធ​គ្នា តែ​មិន​បាន​អ្វី​សោះ ពី​ព្រោះ​មិន​សូម អ្នក​រាល់​គ្នា​ក៏​សូម​ដែរ តែ​មិន​បាន​ទេ ដ្បិត​សេចក្ដី​សំណូម​នោះ​បែប​អាក្រក់ សំរាប់​នឹង​ចាយ​បំពេញ​សេចក្ដី​សំរើប​របស់​អ្នក​រាល់​គ្នា​វិញ ឱ​ពួក​កំផិត​ទាំង​ប្រុស​ទាំង​ស្រី​អើយ តើ​មិន​ដឹង​ទេ​ឬ​អី​ថា ដែល​ស្រឡាញ់​ដល់​លោកីយ នោះ​គឺ​ជា​ស្អប់​ដល់​ព្រះ​ហើយ ដូច្នេះ អ្នក​ណា​ដែល​ចូល​ចិត្ត​ចង់​ធ្វើ​ជា​មិត្រ​សំឡាញ់​នឹង​លោកីយ នោះ​ឈ្មោះ​ថា បាន​តាំង​ខ្លួន​ជា​ខ្មាំង​សត្រូវ​នឹង​ព្រះ​វិញ ឬ​តើ​អ្នក​រាល់​គ្នា​ស្មាន​ថា គម្ពីរ​សំដែង​ចេញ​ជា​ឥត​ប្រយោជន៍​ឬ​អី រីឯ​ព្រះ‌វិញ្ញាណ​ដែល​បាន​សណ្ឋិត​នៅ​ក្នុង​យើង ទ្រង់​រំឭក​ដល់​យើង ដោយ​មាន​ព្រះ‌ហឫទ័យ​ប្រចណ្ឌ តែ​ទ្រង់​ផ្តល់​ព្រះ‌គុណ​មក​កាន់​តែ​ខ្លាំង​ឡើង ហេតុ​នោះ​បាន​ជា​ទ្រង់​មាន​បន្ទូល​ថា «ព្រះ‌ទ្រង់​ទាស់​ទទឹង​នឹង​ពួក​មាន​ឫក​ធំ តែ​ទ្រង់​ផ្តល់​ព្រះ‌គុណ​មក​ពួក​រាប​សា​វិញ» ដូច្នេះ ត្រូវ​ចុះ​ចូល​ចំពោះ​ព្រះ ហើយ​តស៊ូ​នឹង​អារក្ស​វិញ​ចុះ នោះ​វា​នឹង​រត់​ចេញ​ពី​អ្នក​រាល់​គ្នា​ទៅ ត្រូវ​ចូល​ទៅ​ជិត​ព្រះ នោះ​ទ្រង់​នឹង​ចូល​មក​ជិត​អ្នក​រាល់​គ្នា​ដែរ ឱ​ពួក​មាន​បាប​អើយ ចូរ​លាង​ដៃ​ឲ្យ​ស្អាត​ចុះ ឱ​ពួក​អ្នក​មាន​ចិត្ត​២​អើយ ចូរ​សំអាត​ចិត្ត​ឡើង ចូរ​ឲ្យ​មាន​សេចក្ដី​ទុក្ខ ហើយ​យំ​សោក ទាំង​ស្រក់​ទឹក​ភ្នែក​ចុះ សូម​ឲ្យ​សំណើច​របស់​អ្នក​រាល់​គ្នា​ត្រឡប់​ជា​ដំងូរ ហើយ​ឲ្យ​សេចក្ដី​អំណរ​ទៅ​ជា​សេចក្ដី​ព្រួយ​វិញ ចូរ​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះ‌អម្ចាស់ នោះ​ទ្រង់​នឹង​ដំកើង​អ្នក​រាល់​គ្នា​ឡើង។

ចែក​រំលែក
អាន យ៉ាកុប 4