យ៉ាកុប 1:17-25

យ៉ាកុប 1:17-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

គ្រប់​អំណោយ​ដ៏​ល្អ​វិសេស និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដ៏​គ្រប់​លក្ខណៈ​ដែល​យើង​បាន​ទទួល សុទ្ធ​តែ​មក​ពី​ស្ថាន​លើ​ទាំង​អស់ គឺ​មក​ពី​ព្រះ‌បិតា​ដែល​បង្កើត​ពន្លឺ ។ ព្រះអង្គ​មិន​ចេះ​ប្រែ​ក្រឡាស់​ទេ ហើយ​នៅ​ក្នុង​ព្រះអង្គ សូម្បី​តែ​ស្រមោល​នៃ​ការ​ប្រែ‌ប្រួល​ក៏​គ្មាន​ផង។ ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​បង្កើត​យើង​មក ដោយ‌សារ​ព្រះ‌បន្ទូល​នៃ​សេចក្ដី​ពិត ដើម្បី​ឲ្យ​យើង​បាន​ទៅ​ជា​ផល​ដំបូង​ម្យ៉ាង​នៃ​អ្វីៗ​ទាំង​អស់ ដែល​ព្រះអង្គ​បង្កើត​មក។ បងប្អូន​ជា​ទី​ស្រឡាញ់​អើយ បងប្អូន​សុទ្ធ​តែ​ជា​អ្នក​ចេះ​ដឹង​ហើយ ក៏​ប៉ុន្តែ ម្នាក់ៗ​ត្រូវ​ប្រុង​ប្រៀប​ស្ដាប់ តែ​កុំ​ប្រញាប់​និយាយ កុំ​ប្រញាប់​ខឹង ដ្បិត​អ្នក​មាន​កំហឹង​ពុំ​អាច​ធ្វើ​អ្វី​ស្រប​តាម​សេចក្ដី​សុចរិត*​របស់​ព្រះ‌ជាម្ចាស់​ឡើយ។ ហេតុ​នេះ បងប្អូន​ត្រូវ​លះ‌បង់​ចិត្ត​សៅ‌ហ្មង​គ្រប់​យ៉ាង និង​ចិត្ត​កំរោល​ឃោរ‌ឃៅ​ទាំង​ប៉ុន្មាន​នោះ​ចោល​ទៅ ហើយ​កាន់​ចិត្ត​ស្លូត‌បូត ទទួល​ព្រះ‌បន្ទូល​ដែល​ព្រះ‌ជាម្ចាស់​បាន​បណ្ដុះ​ក្នុង​បងប្អូន ព្រោះ​ព្រះ‌បន្ទូល​នេះ​អាច​នឹង​សង្គ្រោះ​ព្រលឹង​របស់​បងប្អូន។ ចូរ​ប្រតិបត្តិ​តាម​ព្រះ‌បន្ទូល កុំ​គ្រាន់​តែ​ស្ដាប់​ទាំង​បញ្ឆោត​ចិត្ត​ខ្លួន​ឯង​ប៉ុណ្ណោះ​ឡើយ។ អ្នក​ណា​ស្ដាប់​ព្រះ‌បន្ទូល​ហើយ មិន​ប្រតិបត្តិ​តាម អ្នក​នោះ​ប្រៀប​បាន​នឹង​មនុស្ស​ម្នាក់​ឆ្លុះ​កញ្ចក់​មើល​មុខ​ខ្លួន លុះ​ពិនិត្យ​មើល​រួច​ហើយ ក៏​ចេញ​ទៅ ស្រាប់​តែ​ភ្លេច​មិន​ដឹង​ថា​មុខ​ខ្លួន​ឯង​ដូច​ម្ដេច​ផង។ រីឯ​អ្នក​ដែល​យក​ចិត្ត​ទុក​ដាក់​ពិនិត្យ​មើល​ក្រឹត្យ‌វិន័យ​ដ៏​គ្រប់​លក្ខណៈ ជា​ក្រឹត្យ‌វិន័យ​ដែល​ផ្ដល់​សេរី‌ភាព ហើយ​ព្យាយាម​ប្រតិបត្តិ​តាម​យ៉ាង​ដិត​ដល់ គឺ​មិន​គ្រាន់​តែ​ស្ដាប់ រួច​ភ្លេច​អស់​ទៅ អ្នក​នោះ​នឹង​មាន​សុភមង្គល*​ក្នុង​កិច្ចការ​ដែល​ខ្លួន​ធ្វើ​ជា​មិន​ខាន។

ចែក​រំលែក
អាន យ៉ាកុប 1

យ៉ាកុប 1:17-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

គ្រប់​ទាំង​អ្វីៗ​ល្អ​ដែល​ព្រះ​ប្រទាន​មក និង​គ្រប់​ទាំង​អំណោយ‌ទាន​ដ៏​គ្រប់​លក្ខណ៍ នោះ​សុទ្ធ​តែ​មក​ពី​ស្ថាន​លើ គឺ​មក​ពី​ព្រះ‌វរបិតា​នៃ​ពន្លឺ ដែល​ព្រះ‌អង្គ​មិន​ចេះ​ប្រែ​ប្រួល សូម្បី​តែ​ស្រមោល​នៃ​ការ​ផ្លាស់​ប្រែ​ក៏​គ្មាន​ដែរ។ ព្រះ​បាន​បង្កើត​យើង​មក តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ ដោយ​សារ​ព្រះ‌បន្ទូល​ដ៏​ពិត ប្រយោជន៍​ឲ្យ​យើង​បាន​ដូច​ជា​ផល​ដំបូងនៃ​អ្វីៗ​ទាំង​អស់​ដែល​ព្រះ‌អង្គ​បង្កើត​មក។ បង‌ប្អូន​ស្ងួន‌ភ្ងា​អើយ ចូរ​ឲ្យ​គ្រប់​គ្នា​បាន​ឆាប់​នឹង​ស្តាប់ ក្រ​នឹង​និយាយ ហើយ​យឺត​នឹង​ខឹង​ដែរ។ ដ្បិត​កំហឹង​របស់​មនុស្ស មិន​ដែល​សម្រេច​តាម​សេចក្ដី​សុចរិត​របស់​ព្រះ​ឡើយ។ ហេតុ​នេះ ចូរ​ទទួល​ព្រះ‌បន្ទូល​ដែល​បាន​ដាំ​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ដោយ​ចិត្ត​សុភាព​ចុះ ទាំង​លះ​ចោល​អស់​ទាំង​អំពើ​ស្មោក​គ្រោក និង​អំពើ​គម្រក់​ទាំង​ប៉ុន្មាន​ចេញ ដ្បិត​ព្រះ‌បន្ទូល​នោះ​អាច​នឹង​សង្គ្រោះ​ព្រលឹង​អ្នក​រាល់​គ្នា។ ចូរ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​ព្រះ‌បន្ទូល កុំ​គ្រាន់​តែ​ស្តាប់ ហើយ​បញ្ឆោត​ខ្លួន​ឯង​ប៉ុណ្ណោះ​នោះ​ឡើយ។ ដ្បិត​បើ​អ្នក​ណា​ស្តាប់​ព្រះ‌បន្ទូល​ហើយ តែ​មិន​ប្រព្រឹត្ត​តាម អ្នក​នោះ​ធៀប​ដូច​ជា​មនុស្ស​ដែល​ឆ្លុះ​មុខ​ក្នុង​កញ្ចក់ អ្នក​នោះ​គ្រាន់​តែ​ឆ្លុះ​មើល រួច​ចេញ​បាត់​ទៅ ទាំង​ភ្លេច​ពី​រូប​ភាព​របស់​ខ្លួន​ជា​យ៉ាង​ណា​ភ្លាម។ រីឯ​អ្នក​ដែល​ពិនិត្យ​មើល​ក្នុង​ក្រឹត្យ‌វិន័យ​ដ៏​គ្រប់​លក្ខណ៍ គឺ​ជា​ក្រឹត្យ‌វិន័យ​ខាង​ឯ​សេរី‌ភាព ហើយ​ជាប់​ចិត្ត ឥត​មាន​ភ្លេច​នឹង​សេចក្ដី​ដែល​ស្តាប់ គឺ​ប្រព្រឹត្ត​តាម អ្នក​នោះ​នឹង​មាន​ពរ​ក្នុង​គ្រប់​ទាំង​កិច្ច​ការ​ដែល​ខ្លួន​ធ្វើ​ជាមិន​ខាន។

ចែក​រំលែក
អាន យ៉ាកុប 1

យ៉ាកុប 1:17-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គ្រប់​ទាំង​របស់​ដ៏​ល្អ ដែល​ព្រះ​ប្រទាន​មក នឹង​អស់​ទាំង​អំណោយ​ទាន​ដ៏​គ្រប់​លក្ខណ៍ នោះ​សុទ្ធ​តែ​មក​ពី​ស្ថាន​លើ គឺ​មក​ពី​ព្រះវរ‌បិតា​នៃ​ពន្លឺ ដែល​ទ្រង់​មិន​ចេះ​ប្រែ‌ប្រួល សូម្បី​តែ​ស្រមោល​នៃ​សេចក្ដី​ផ្លាស់​ប្រែ​ក៏​គ្មាន​ដែរ ទ្រង់​បាន​បង្កើត​យើង​រាល់​គ្នា​មក​តាម​ព្រះ‌ហឫទ័យ​ទ្រង់ ដោយ‌សារ​ព្រះ‌បន្ទូល​ដ៏​ពិត ប្រយោជន៍​ឲ្យ​យើង​បាន​បែប​ដូច​ជា​ផល​ដំបូង ក្នុង​របស់​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បង្កើត​មក។ ដូច្នេះ បង​ប្អូន​ស្ងួន‌ភ្ងា​អើយ ចូរ​ឲ្យ​គ្រប់​គ្នា​បាន​ឆាប់​នឹង​ស្តាប់ ក្រ​នឹង​និយាយ ហើយ​យឺត​នឹង​ខឹង​ដែរ ដ្បិត​សេចក្ដី​កំហឹង​របស់​មនុស្ស មិន​ដែល​សំរេច​តាម​សេចក្ដី​សុចរិត​របស់​ព្រះ​ទេ បាន​ជា​ចូរ​ទទួល​ព្រះ‌បន្ទូល​ដែល​បាន​ដាំ​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ដោយ​ចិត្ត​សុភាព​ចុះ ទាំង​លះ​ចោល​អស់​ទាំង​សេចក្ដី​ស្មោក‌គ្រោក​ចេញ នឹង​សេចក្ដី​គំរក់​ដ៏​មាន​ច្រើន​ម៉្លេះ​ចេញ​ផង ដ្បិត​ព្រះ‌បន្ទូល​នោះ​អាច​នឹង​ជួយ​សង្គ្រោះ​ព្រលឹង​អ្នក​រាល់​គ្នា​បាន ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​ព្រះ‌បន្ទូល​ទៅ កុំ​ឲ្យ​គ្រាន់​តែ​ស្តាប់​ប៉ុណ្ណោះ ហើយ​បញ្ឆោត​ខ្លួន​វិញ​នោះ​ឡើយ ដ្បិត​បើ​អ្នក​ណា​ស្តាប់​ព្រះ‌បន្ទូល​ហើយ តែ​មិន​ប្រព្រឹត្ត​តាម អ្នក​នោះ​ធៀប​ដូច​ជា​មនុស្ស​ដែល​ឆ្លុះ​មុខ​ក្នុង​កញ្ចក់ អ្នក​នោះ​គ្រាន់​តែ​មើល​ខ្លួន រួច​ចេញ​បាត់​ទៅ ហើយ​ក៏​ភ្លេច​ពី​បែប​ភាព​ខ្លួន​ជា​យ៉ាង​ណា​ភ្លាម តែ​អ្នក​ណា​ដែល​ភិនិត្យ​មើល​ក្នុង​ក្រិត្យ‌វិន័យ​ដ៏​គ្រប់​លក្ខណ៍ គឺ​ជា​ក្រិត្យ‌វិន័យ​ខាង​ឯ​សេរី‌ភាព ហើយ​ក៏​ជាប់​ចិត្ត​ចំពោះ ឥត​មាន​ភ្លេច​សេចក្ដី​ដែល​ស្តាប់​នោះ​ឡើយ គឺ​បាន​ប្រព្រឹត្ត​តាម​វិញ អ្នក​នោះ​នឹង​មាន​ពរ​ក្នុង​គ្រប់​ទាំង​ការ​ដែល​ខ្លួន​ធ្វើ​ទាំង​ប៉ុន្មាន។

ចែក​រំលែក
អាន យ៉ាកុប 1

យ៉ាកុប 1:17-25

យ៉ាកុប 1:17-25 គខបយ៉ាកុប 1:17-25 គខបយ៉ាកុប 1:17-25 គខប