យ៉ាកុប 1:1-27
យ៉ាកុប 1:1-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
យ៉ាកុប ជាអ្នកបម្រើរបស់ព្រះ និងរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ សូមជម្រាបសួរដល់កុលសម្ព័ន្ធទាំងដប់ពីរ ដែលត្រូវខ្ចាត់ខ្ចាយ។ បងប្អូនអើយ កាលណាអ្នករាល់គ្នាមានសេចក្តីល្បួងផ្សេងៗ នោះត្រូវរាប់ជាអំណរសព្វគ្រប់វិញ ដោយដឹងថា ការល្បងលមើលជំនឿរបស់អ្នករាល់គ្នា នោះនាំឲ្យមានចិត្តអំណត់។ ចូរទុកឲ្យចិត្តអំណត់នោះ បានធ្វើការសម្រេចពេញលេញចុះ ដើម្បីឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ហើយពេញខ្នាតឥតខ្វះអ្វីឡើយ។ ប្រសិនបើអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាខ្វះប្រាជ្ញា អ្នកនោះត្រូវទូលសូមពីព្រះ ដែលទ្រង់ប្រទានដល់មនុស្សទាំងអស់ដោយសទ្ធា ដ្បិតទ្រង់នឹងប្រទានឲ្យ ឥតបន្ទោសឡើយ។ ប៉ុន្ដែ ត្រូវឲ្យអ្នកនោះទូលសូមដោយចិត្តជឿ ឥតសង្ស័យអ្វីសោះ ដ្បិតអ្នកណាដែលសង្ស័យ នោះប្រៀបដូចជារលកសមុទ្រដែលត្រូវខ្យល់ផាត់ ទាំងរំពើកចុះឡើង កុំឲ្យមនុស្សយ៉ាងនោះនឹកស្មានថា ខ្លួននឹងបានអ្វីពីព្រះអម្ចាស់ឡើយ។ ដ្បិតអ្នកនោះជាមនុស្សមានចិត្តពីរ ចេះតែសាវាក្នុងគ្រប់ទាំងផ្លូវរបស់ខ្លួន។ សូមឲ្យបងប្អូនណា ដែលមានសណ្ឋានទាបថោកបានត្រេកអរឡើង ដ្បិតព្រះបានលើកតម្កើងគេហើយ ឯអ្នកមានវិញក៏ត្រូវត្រេកអរដែរ ដោយព្រះទ្រង់បន្ទាបគេចុះ ព្រោះគេនឹងត្រូវរុះរោយទៅដូចជាផ្កាស្មៅ។ ដ្បិតថ្ងៃរះឡើង មានចំហាយក្តៅនៅពេលណា ស្មៅក៏ក្រៀមស្វិត ផ្កាក៏រុះរោយ ហើយលម្អរបស់វាក៏បាត់បង់ទៅ។ ដូច្នេះ អ្នកមានក៏នឹងត្រូវស្រពោនទៅក្នុងកិច្ចការរបស់ខ្លួនយ៉ាងនោះដែរ។ មានពរហើយអ្នកណាដែលស៊ូទ្រាំនឹងសេចក្តីល្បួង ដ្បិតកាលណាត្រូវល្បងល ឃើញថាខ្ជាប់ខ្ជួនហើយ អ្នកនោះនឹងទទួលបានមកុដនៃជីវិត ដែលព្រះអម្ចាស់សន្យានឹងប្រទានឲ្យអស់អ្នកដែលស្រឡាញ់ព្រះអង្គ។ ពេលអ្នកណាម្នាក់ជួបសេចក្ដីល្បួង មិនត្រូវពោលថា «ព្រះទ្រង់ល្បួងខ្ញុំ»ឡើយ ដ្បិតអំពើអាក្រក់ពុំអាចនឹងល្បួងព្រះបានឡើយ ហើយព្រះអង្គក៏មិនដែលល្បួងអ្នកណាដែរ។ ប៉ុន្ដែ ដែលគ្រប់គ្នាជួបសេចក្ដីល្បួង នោះគឺដោយសារតែបំណងប្រាថ្នារបស់ខ្លួននាំប្រទាញ ហើយលួងលោមប៉ុណ្ណោះ រួចកាលណាបំណងប្រាថ្នាជាប់មានជាផ្ទៃ នោះសម្រាលចេញមកជាអំពើបាប ហើយកាលណាអំពើបាបបានពោរពេញឡើង នោះក៏បង្កើតជាសេចក្តីស្លាប់។ បងប្អូនស្ងួនភ្ងារបស់ខ្ញុំអើយ កុំឲ្យយល់ច្រឡំឡើយ។ គ្រប់ទាំងអ្វីៗល្អដែលព្រះប្រទានមក និងគ្រប់ទាំងអំណោយទានដ៏គ្រប់លក្ខណ៍ នោះសុទ្ធតែមកពីស្ថានលើ គឺមកពីព្រះវរបិតានៃពន្លឺ ដែលព្រះអង្គមិនចេះប្រែប្រួល សូម្បីតែស្រមោលនៃការផ្លាស់ប្រែក៏គ្មានដែរ។ ព្រះបានបង្កើតយើងមក តាមព្រះហឫទ័យរបស់ព្រះអង្គ ដោយសារព្រះបន្ទូលដ៏ពិត ប្រយោជន៍ឲ្យយើងបានដូចជាផលដំបូងនៃអ្វីៗទាំងអស់ដែលព្រះអង្គបង្កើតមក។ បងប្អូនស្ងួនភ្ងាអើយ ចូរឲ្យគ្រប់គ្នាបានឆាប់នឹងស្តាប់ ក្រនឹងនិយាយ ហើយយឺតនឹងខឹងដែរ។ ដ្បិតកំហឹងរបស់មនុស្ស មិនដែលសម្រេចតាមសេចក្ដីសុចរិតរបស់ព្រះឡើយ។ ហេតុនេះ ចូរទទួលព្រះបន្ទូលដែលបានដាំក្នុងចិត្តអ្នករាល់គ្នា ដោយចិត្តសុភាពចុះ ទាំងលះចោលអស់ទាំងអំពើស្មោកគ្រោក និងអំពើគម្រក់ទាំងប៉ុន្មានចេញ ដ្បិតព្រះបន្ទូលនោះអាចនឹងសង្គ្រោះព្រលឹងអ្នករាល់គ្នា។ ចូរអ្នករាល់គ្នាប្រព្រឹត្តតាមព្រះបន្ទូល កុំគ្រាន់តែស្តាប់ ហើយបញ្ឆោតខ្លួនឯងប៉ុណ្ណោះនោះឡើយ។ ដ្បិតបើអ្នកណាស្តាប់ព្រះបន្ទូលហើយ តែមិនប្រព្រឹត្តតាម អ្នកនោះធៀបដូចជាមនុស្សដែលឆ្លុះមុខក្នុងកញ្ចក់ អ្នកនោះគ្រាន់តែឆ្លុះមើល រួចចេញបាត់ទៅ ទាំងភ្លេចពីរូបភាពរបស់ខ្លួនជាយ៉ាងណាភ្លាម។ រីឯអ្នកដែលពិនិត្យមើលក្នុងក្រឹត្យវិន័យដ៏គ្រប់លក្ខណ៍ គឺជាក្រឹត្យវិន័យខាងឯសេរីភាព ហើយជាប់ចិត្ត ឥតមានភ្លេចនឹងសេចក្ដីដែលស្តាប់ គឺប្រព្រឹត្តតាម អ្នកនោះនឹងមានពរក្នុងគ្រប់ទាំងកិច្ចការដែលខ្លួនធ្វើជាមិនខាន។ ប្រសិនបើអ្នកណាស្មានថា ខ្លួនជាអ្នកកាន់សាសនា តែមិនចេះទប់អណ្តាតខ្លួន អ្នកនោះឈ្មោះថាបញ្ឆោតចិត្តខ្លួន ហើយសាសនារបស់អ្នកនោះឥតប្រយោជន៍ទទេ។ សាសនាដែលបរិសុទ្ធ ហើយឥតសៅហ្មងនៅចំពោះព្រះវរបិតា នោះគឺទៅសួរសុខទុក្ខក្មេងកំព្រា និងស្ត្រីមេម៉ាយដែលមានទុក្ខវេទនា ព្រមទាំងរក្សាខ្លួនមិនឲ្យប្រឡាក់ដោយលោកីយ៍នេះឡើយ។
យ៉ាកុប 1:1-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំ យ៉ាកុប ជាអ្នកបម្រើព្រះជាម្ចាស់ និងជាអ្នកបម្រើព្រះអម្ចាស់យេស៊ូគ្រិស្ត* សូមជម្រាបមកកុលសម្ព័ន្ធ*ទាំងដប់ពីរ ដែលបែកខ្ញែកគ្នាក្នុងពិភពលោកទាំងមូល សូមជ្រាប។ បងប្អូនអើយ ទុក្ខលំបាកគ្រប់យ៉ាង ដែលបងប្អូនត្រូវឆ្លងកាត់នោះ សូមចាត់ទុកថាជាការដែលធ្វើឲ្យបងប្អូនមានអំណរដ៏បរិបូណ៌វិញ ដោយដឹងថា ការល្បងលមើលជំនឿរបស់បងប្អូននឹងនាំឲ្យបងប្អូនចេះស៊ូទ្រាំ។ ប៉ុន្តែ ត្រូវឲ្យការស៊ូទ្រាំនេះបង្កើតចេញជាផលផ្លែដ៏ល្អគ្រប់លក្ខណៈ ដើម្បីឲ្យបងប្អូនបានគ្រប់លក្ខណៈ មានគុណសម្បត្តិល្អសព្វគ្រប់ ឥតខ្វះត្រង់ណាឡើយ។ ក្នុងចំណោមបងប្អូន ប្រសិនបើមាននរណាម្នាក់ខ្វះប្រាជ្ញា អ្នកនោះត្រូវតែទូលសូមពីព្រះជាម្ចាស់។ ព្រះអង្គនឹងប្រទានឲ្យជាមិនខាន ដ្បិតព្រះអង្គប្រទានឲ្យមនុស្សទាំងអស់ដោយព្រះហឫទ័យទូលាយ ឥតបន្ទោសឡើយ ក៏ប៉ុន្តែ អ្នកនោះត្រូវទូលសូមដោយចិត្តជឿ ឥតសង្ស័យអ្វីសោះ ដ្បិតអ្នកដែលមានចិត្តសង្ស័យ ប្រៀបបាននឹងរលកសមុទ្រត្រូវបក់បោកចុះឡើងទៅតាមខ្យល់។ មនុស្សប្រភេទនេះ មិនត្រូវនឹកស្មានថានឹងបានទទួលអ្វីពីព្រះអម្ចាស់ឡើយ ព្រោះគេជាមនុស្សមានចិត្តពីរ មិនដែលនឹងនក្នុងកិច្ចការទាំងប៉ុន្មានដែលខ្លួនប្រព្រឹត្តទេ។ សូមឲ្យបងប្អូនដែលក្រីក្របានខ្ពស់មុខឡើង ដោយព្រះជាម្ចាស់លើកតម្កើងគេហើយ។ រីឯបងប្អូនដែលជាអ្នកមានវិញ ក៏ត្រូវខ្ពស់មុខឡើងដែរ ដោយព្រះជាម្ចាស់បន្ទាបគេចុះ ដ្បិតអ្នកមាននឹងត្រូវរុះរោយទៅដូចផ្កា។ លុះដល់ថ្ងៃរះពេញកម្ដៅហើយ ដើមក៏ស្វិតក្រៀម ផ្កាក៏រុះរោយ ហើយលំអរបស់វាក៏រលាយបាត់ទៅ។ អ្នកមានក៏នឹងត្រូវរុះរោយបាត់ទៅជាមួយកិច្ចការ ដែលខ្លួនប្រព្រឹត្តដែរ។ អ្នកណាស៊ូទ្រាំនឹងទុក្ខលំបាក អ្នកនោះពិតជាមានសុភមង្គល ដ្បិតក្រោយដែលព្រះជាម្ចាស់បានល្បងលគេមើលរួចហើយ គេនឹងទទួលជីវិតទុកជារង្វាន់ ដែលព្រះអង្គបានសន្យានឹងប្រទានឲ្យអស់អ្នកដែលស្រឡាញ់ព្រះអង្គ។ ពេលនរណាម្នាក់ជួបនឹងការល្បួង មិនត្រូវពោលថា «ព្រះជាម្ចាស់ល្បួងខ្ញុំ»ឡើយ ដ្បិតគ្មានអ្វីអាចល្បួងព្រះជាម្ចាស់ឲ្យធ្វើអំពើអាក្រក់ឡើយ ហើយព្រះអង្គផ្ទាល់ក៏មិនល្បួងនរណាដែរ។ ម្នាក់ៗជួបនឹងការល្បួង មកតែពីចិត្តលោភលន់របស់ខ្លួនឯងផ្ទាល់ទាក់ទាញ និងលួងលោមបញ្ឆោតប៉ុណ្ណោះ។ ចិត្តលោភលន់តែងតែបង្កើតអំពើបាប លុះដល់អំពើបាបចម្រើនដល់កម្រិត ហើយក៏បណ្ដាលឲ្យស្លាប់ ។ បងប្អូនជាទីស្រឡាញ់អើយ សូមកុំយល់ច្រឡំឡើយ។ គ្រប់អំណោយដ៏ល្អវិសេស និងអ្វីៗទាំងប៉ុន្មានដ៏គ្រប់លក្ខណៈដែលយើងបានទទួល សុទ្ធតែមកពីស្ថានលើទាំងអស់ គឺមកពីព្រះបិតាដែលបង្កើតពន្លឺ ។ ព្រះអង្គមិនចេះប្រែក្រឡាស់ទេ ហើយនៅក្នុងព្រះអង្គ សូម្បីតែស្រមោលនៃការប្រែប្រួលក៏គ្មានផង។ ព្រះអង្គសព្វព្រះហឫទ័យបង្កើតយើងមក ដោយសារព្រះបន្ទូលនៃសេចក្ដីពិត ដើម្បីឲ្យយើងបានទៅជាផលដំបូងម្យ៉ាងនៃអ្វីៗទាំងអស់ ដែលព្រះអង្គបង្កើតមក។ បងប្អូនជាទីស្រឡាញ់អើយ បងប្អូនសុទ្ធតែជាអ្នកចេះដឹងហើយ ក៏ប៉ុន្តែ ម្នាក់ៗត្រូវប្រុងប្រៀបស្ដាប់ តែកុំប្រញាប់និយាយ កុំប្រញាប់ខឹង ដ្បិតអ្នកមានកំហឹងពុំអាចធ្វើអ្វីស្របតាមសេចក្ដីសុចរិត*របស់ព្រះជាម្ចាស់ឡើយ។ ហេតុនេះ បងប្អូនត្រូវលះបង់ចិត្តសៅហ្មងគ្រប់យ៉ាង និងចិត្តកំរោលឃោរឃៅទាំងប៉ុន្មាននោះចោលទៅ ហើយកាន់ចិត្តស្លូតបូត ទទួលព្រះបន្ទូលដែលព្រះជាម្ចាស់បានបណ្ដុះក្នុងបងប្អូន ព្រោះព្រះបន្ទូលនេះអាចនឹងសង្គ្រោះព្រលឹងរបស់បងប្អូន។ ចូរប្រតិបត្តិតាមព្រះបន្ទូល កុំគ្រាន់តែស្ដាប់ទាំងបញ្ឆោតចិត្តខ្លួនឯងប៉ុណ្ណោះឡើយ។ អ្នកណាស្ដាប់ព្រះបន្ទូលហើយ មិនប្រតិបត្តិតាម អ្នកនោះប្រៀបបាននឹងមនុស្សម្នាក់ឆ្លុះកញ្ចក់មើលមុខខ្លួន លុះពិនិត្យមើលរួចហើយ ក៏ចេញទៅ ស្រាប់តែភ្លេចមិនដឹងថាមុខខ្លួនឯងដូចម្ដេចផង។ រីឯអ្នកដែលយកចិត្តទុកដាក់ពិនិត្យមើលក្រឹត្យវិន័យដ៏គ្រប់លក្ខណៈ ជាក្រឹត្យវិន័យដែលផ្ដល់សេរីភាព ហើយព្យាយាមប្រតិបត្តិតាមយ៉ាងដិតដល់ គឺមិនគ្រាន់តែស្ដាប់ រួចភ្លេចអស់ទៅ អ្នកនោះនឹងមានសុភមង្គល*ក្នុងកិច្ចការដែលខ្លួនធ្វើជាមិនខាន។ ប្រសិនបើនរណាម្នាក់នឹកស្មានថាខ្លួនជាអ្នកកាន់សាសនា តែមិនចេះទប់អណ្ដាតខ្លួន អ្នកនោះបញ្ឆោតខ្លួនឯងហើយ ហើយសាសនាដែលខ្លួនកាន់នោះ ក៏គ្មានប្រយោជន៍អ្វីដែរ។ រីឯសាសនាដ៏បរិសុទ្ធ ឥតខ្ចោះនៅចំពោះព្រះភ័ក្ត្រព្រះបិតាជាម្ចាស់វិញ គឺស្ថិតនៅលើការទៅសួរសុខទុក្ខក្មេងកំព្រា និងស្ត្រីមេម៉ាយដែលមានទុក្ខលំបាក ព្រមទាំងស្ថិតនៅលើការរក្សាខ្លួនឲ្យផុតពីអំពើសៅហ្មងរបស់លោកីយ៍នេះ។
យ៉ាកុប 1:1-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
សំបុត្រយ៉ាកុប ជាបាវបំរើរបស់ព្រះ ហើយរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ខ្ញុំផ្ញើមកជំរាបសួរដល់ពូជអំបូរទាំង១២ ដែលត្រូវខ្ចាត់ខ្ចាយ។ បងប្អូនអើយ កាលណាអ្នករាល់គ្នាមានសេចក្ដីល្បួងផ្សេងៗ នោះត្រូវរាប់ជាសេចក្ដីអំណរសព្វគ្រប់វិញ ដោយដឹងថា ការល្បងលមើលសេចក្ដីជំនឿនៃអ្នករាល់គ្នា នោះនាំបង្កើតឲ្យមានសេចក្ដីខ្ជាប់ខ្ជួន ចូរទុកឲ្យសេចក្ដីខ្ជាប់ខ្ជួននោះ បានធ្វើការឲ្យសំរេចពេញលេញចុះ ដើម្បីឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ហើយពេញខ្នាតឥតខ្វះអ្វីឡើយ តែបើអ្នករាល់គ្នាណាមួយខ្វះប្រាជ្ញា មានតែសូមដល់ព្រះ ដែលទ្រង់ប្រទានដល់មនុស្សទាំងអស់ដោយសទ្ធា ឥតបន្ទោសផង នោះទ្រង់នឹងប្រទានឲ្យ តែត្រូវឲ្យអ្នកនោះសូមដោយចិត្តជឿ ឥតសង្ស័យអ្វីសោះ ដ្បិតអ្នកណាដែលសង្ស័យ នោះប្រៀបដូចជារលកសមុទ្រដែលត្រូវផាត់ដោយខ្យល់ ទាំងរំពើកចុះឡើង កុំឲ្យមនុស្សយ៉ាងនោះនឹកស្មានថា ខ្លួននឹងបានអ្វីពីព្រះអម្ចាស់ឡើយ ដ្បិតអ្នកនោះជាមនុស្សមានចិត្ត២ ចេះតែសាវ៉ាក្នុងគ្រប់ទាំងផ្លូវ។ ត្រូវឲ្យបងប្អូនណា ដែលមានសណ្ឋានទាបថោកបានត្រេកអរ ដោយបានដំកើងឡើង ហើយអ្នកមានត្រូវអរសប្បាយ ដោយត្រូវបន្ទាបចុះវិញ ដ្បិតគេនឹងបាត់ទៅដូចជាផ្កាស្មៅ ពីព្រោះថ្ងៃរះឡើង មានចំហាយក្តៅវេលាណា នោះធ្វើឲ្យស្មៅក្រៀមស្វិត ហើយផ្កាក៏រោយរុះ ឯលំអក៏វិនាសសូន្យទៅ ដូច្នេះ អ្នកមានក៏នឹងត្រូវស្រពោនទៅក្នុងផ្លូវខ្លួនយ៉ាងនោះដែរ មានពរហើយ មនុស្សណាដែលស៊ូទ្រាំនឹងសេចក្ដីល្បួង ដ្បិតកាលណាត្រូវល្បងល ឃើញថាខ្ជាប់ខ្ជួនហើយ នោះនឹងទទួលបានមកុដនៃជីវិត ដែលព្រះអម្ចាស់ទ្រង់សន្យានឹងប្រទានឲ្យដល់អស់អ្នកណាដែលស្រឡាញ់ទ្រង់។ កាលណាមានសេចក្ដីល្បួង នោះកុំឲ្យអ្នកណានិយាយថា ព្រះទ្រង់ល្បួងខ្លួនឡើយ ដ្បិតសេចក្ដីអាក្រក់ពុំអាចនឹងល្បួងនាំព្រះហឫទ័យព្រះបានឡើយ ហើយព្រះក៏មិនដែលល្បួងអ្នកណាដែរ តែដែលគ្រប់គ្នាកើតមានសេចក្ដីល្បួង នោះគឺដោយសារតែសេចក្ដីប៉ងប្រាថ្នារបស់ខ្លួននាំប្រទាញ ហើយលួងលោមទេ រួចកាលណាសេចក្ដីប៉ងប្រាថ្នាជាប់មានជាផ្ទៃ នោះសំរាលចេញមកជាអំពើបាប ហើយកាលណាបាបបានពោរពេញឡើង នោះក៏បង្កើតជាសេចក្ដីស្លាប់។ បងប្អូនស្ងួនភ្ងារបស់ខ្ញុំអើយ កុំឲ្យត្រូវបំភាន់ឡើយ គ្រប់ទាំងរបស់ដ៏ល្អ ដែលព្រះប្រទានមក នឹងអស់ទាំងអំណោយទានដ៏គ្រប់លក្ខណ៍ នោះសុទ្ធតែមកពីស្ថានលើ គឺមកពីព្រះវរបិតានៃពន្លឺ ដែលទ្រង់មិនចេះប្រែប្រួល សូម្បីតែស្រមោលនៃសេចក្ដីផ្លាស់ប្រែក៏គ្មានដែរ ទ្រង់បានបង្កើតយើងរាល់គ្នាមកតាមព្រះហឫទ័យទ្រង់ ដោយសារព្រះបន្ទូលដ៏ពិត ប្រយោជន៍ឲ្យយើងបានបែបដូចជាផលដំបូង ក្នុងរបស់ទាំងប៉ុន្មានដែលទ្រង់បង្កើតមក។ ដូច្នេះ បងប្អូនស្ងួនភ្ងាអើយ ចូរឲ្យគ្រប់គ្នាបានឆាប់នឹងស្តាប់ ក្រនឹងនិយាយ ហើយយឺតនឹងខឹងដែរ ដ្បិតសេចក្ដីកំហឹងរបស់មនុស្ស មិនដែលសំរេចតាមសេចក្ដីសុចរិតរបស់ព្រះទេ បានជាចូរទទួលព្រះបន្ទូលដែលបានដាំក្នុងចិត្តអ្នករាល់គ្នា ដោយចិត្តសុភាពចុះ ទាំងលះចោលអស់ទាំងសេចក្ដីស្មោកគ្រោកចេញ នឹងសេចក្ដីគំរក់ដ៏មានច្រើនម៉្លេះចេញផង ដ្បិតព្រះបន្ទូលនោះអាចនឹងជួយសង្គ្រោះព្រលឹងអ្នករាល់គ្នាបាន ចូរឲ្យអ្នករាល់គ្នាប្រព្រឹត្តតាមព្រះបន្ទូលទៅ កុំឲ្យគ្រាន់តែស្តាប់ប៉ុណ្ណោះ ហើយបញ្ឆោតខ្លួនវិញនោះឡើយ ដ្បិតបើអ្នកណាស្តាប់ព្រះបន្ទូលហើយ តែមិនប្រព្រឹត្តតាម អ្នកនោះធៀបដូចជាមនុស្សដែលឆ្លុះមុខក្នុងកញ្ចក់ អ្នកនោះគ្រាន់តែមើលខ្លួន រួចចេញបាត់ទៅ ហើយក៏ភ្លេចពីបែបភាពខ្លួនជាយ៉ាងណាភ្លាម តែអ្នកណាដែលភិនិត្យមើលក្នុងក្រិត្យវិន័យដ៏គ្រប់លក្ខណ៍ គឺជាក្រិត្យវិន័យខាងឯសេរីភាព ហើយក៏ជាប់ចិត្តចំពោះ ឥតមានភ្លេចសេចក្ដីដែលស្តាប់នោះឡើយ គឺបានប្រព្រឹត្តតាមវិញ អ្នកនោះនឹងមានពរក្នុងគ្រប់ទាំងការដែលខ្លួនធ្វើទាំងប៉ុន្មាន។ បើអ្នកណាស្មានថា ខ្លួនជាអ្នកកាន់សាសនា តែមិនចេះទប់អណ្តាតសោះ អ្នកនោះឈ្មោះថាបញ្ឆោតចិត្តខ្លួនហើយ ឯសាសនារបស់អ្នកនោះជាឥតប្រយោជន៍ទទេ ឯសាសនាដែលបរិសុទ្ធ ហើយឥតសៅហ្មង នៅចំពោះព្រះដ៏ជាព្រះវរបិតា នោះគឺឲ្យទៅសួរពួកកំព្រា នឹងពួកមេម៉ាយ ក្នុងកាលដែលគេមានសេចក្ដីវេទនា ហើយឲ្យរក្សាខ្លួន មិនឲ្យប្រឡាក់ដោយលោកីយនេះឡើយ។