អេសាយ 66:9-14
អេសាយ 66:9-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលសួរថា តើយើងនឹងនាំទៅដល់កំណត់ដែលត្រូវសម្រាល ឥតធ្វើឲ្យកើតមកផងឬ? ព្រះរបស់អ្នកក៏មានព្រះបន្ទូលសួរថា យើងដែលធ្វើឲ្យកើតមក តើយើងនឹងបង្ខាំងផ្ទៃឬ? ឱពួកអ្នកដែលស្រឡាញ់ក្រុងយេរូសាឡិមអើយ ចូររីករាយជាមួយគ្នា ហើយមានអំណរដោយព្រោះក្រុងនេះចុះ អស់អ្នកដែលយំទួញនឹងទីក្រុងអើយ ចូររីករាយជាមួយក្រុងនេះ ដើម្បីឲ្យអ្នករាល់គ្នាបានបៅដោះ ជាសេចក្ដីកម្សាន្តចិត្តរបស់វាឲ្យឆ្អែត ហើយឲ្យបានជព្ជាក់ទឹកដោះរបស់វា ព្រមទាំងចាប់ចិត្តចំពោះសិរីល្អដ៏បរិបូររបស់វាផង។ ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលដូចេ្នះថា យើងនឹងផ្សាយសេចក្ដីសុខ ឲ្យហូរទៅដល់វាដូចជាទន្លេ ព្រមទាំងសិរីល្អរបស់អស់ទាំងសាសន៍ ដូចជាទឹកជ្រោះដែលហូរលិចច្រាំងផង នោះអ្នករាល់គ្នានឹងជព្ជាក់បៅ វានឹងពរអ្នក ហើយថ្នមអ្នកនៅលើភ្លៅ។ យើងនឹងកម្សាន្តចិត្តអ្នក ដូចជាម្តាយដែលលួងលោមកូន នោះអ្នករាល់គ្នានឹងមានសេចក្ដីកម្សាន្តចិត្ត ចំពោះក្រុងយេរូសាឡិម។ អ្នករាល់គ្នានឹងឃើញ ហើយមានអំណររីករាយក្នុងចិត្ត ឯអ្នករាល់គ្នានឹងបានស្រស់ដូចស្មៅខ្ចី ហើយព្រះហស្តរបស់ព្រះយេហូវ៉ានឹងសម្ដែងចេញ ដល់ពួកអ្នកបម្រើរបស់ព្រះអង្គ ហើយសេចក្ដីក្រោធរបស់ព្រះអង្គ នឹងសង្កត់លើអស់ទាំងខ្មាំងសត្រូវ។
អេសាយ 66:9-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលថា: បើយើងឲ្យស្ត្រីម្នាក់មានផ្ទៃពោះគ្រប់ខែ តើយើងឃាត់ឃាំងមិនឲ្យកូនកើតបានឬ ព្រះរបស់អ្នកមានព្រះបន្ទូលថា បើយើងឲ្យទារកចាប់ផ្ទៃ តើយើងរារាំងវាមិនឲ្យកើតបានឬ? អស់អ្នកដែលស្រឡាញ់ក្រុងយេរូសាឡឹមអើយ ចូរសប្បាយរួមជាមួយក្រុងនេះចុះ ចូរត្រេកអររីករាយយ៉ាងខ្លាំង! អស់អ្នកដែលកាន់ទុក្ខអាណិត ក្រុងយេរូសាឡឹមអើយ ចូរសប្បាយរីករាយ រួមជាមួយក្រុងនេះដែរ។ សូមឲ្យអ្នករាល់គ្នាបានស្កប់ចិត្តនឹងក្រុងនេះ ដូចកូនដែលម្ដាយថ្នាក់ថ្នមបំបៅដែរ អ្នករាល់គ្នានឹងបានថ្កុំថ្កើងរុងរឿង ដោយសារក្រុងនេះ។ ព្រះអម្ចាស់មានព្រះបន្ទូលថា: យើងនឹងឲ្យសេចក្ដីសុខសាន្ត ហូរមកក្រុងនេះ ដូចទឹកទន្លេ យើងនឹងបង្ហូរធនធានដ៏រុងរឿងរបស់ ប្រជាជាតិនានាចូលមកក្នុងក្រុងនេះ ដូចទឹកហូរប្រៀបមាត់ច្រាំង។ យើងនឹងថ្នាក់ថ្នមអ្នករាល់គ្នាដូចម្ដាយបំបៅកូន បីវា និងថ្នាក់ថ្នមវានៅលើភ្លៅ។ ម្ដាយលួងលោមកូនយ៉ាងណា យើងនឹងលួងលោមអ្នករាល់គ្នាយ៉ាងនោះដែរ អ្នករាល់គ្នានឹងរស់នៅក្នុងក្រុងយេរូសាឡឹម ដោយលែងមានទុក្ខព្រួយទៀត។ កាលណាអ្នករាល់គ្នាឃើញក្រុងយេរូសាឡឹម បានសុខសាន្តដូច្នេះ អ្នករាល់គ្នានឹងមានចិត្តសប្បាយរីករាយ ហើយអ្នករាល់គ្នានឹងមានកម្លាំងឡើងវិញ ដូចស្មៅលាស់ស្រស់បំព្រង។ ព្រះអម្ចាស់នឹងសម្តែងព្រះបារមី ឲ្យអ្នកបម្រើរបស់ព្រះអង្គឃើញ តែព្រះអង្គសម្តែងព្រះពិរោធទាស់នឹង ខ្មាំងសត្រូវរបស់ព្រះអង្គ។
អេសាយ 66:9-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់មានបន្ទូលសួរថា តើអញនឹងនាំទៅដល់កំណត់ដែលត្រូវសំរាល ឥតធ្វើឲ្យកើតមកផងឬ ព្រះនៃឯងទ្រង់ក៏មានបន្ទូលសួរថា ឯអញដែលធ្វើឲ្យកើតមក តើអញនឹងបង្ខាំងផ្ទៃឬអី។ ឱពួកអ្នកដែលស្រឡាញ់ក្រុងយេរូសាឡិមអើយ ចូររីករាយឡើងជាមួយនឹងវា ហើយមានសេចក្ដីអំណរដោយព្រោះវាចុះ អស់អ្នកដែលយំទួញនឹងទីក្រុងអើយ ចូររីករាយឡើងដោយសេចក្ដីអំណរចំពោះវាវិញ ដើម្បីឲ្យឯងរាល់គ្នាបានបៅដោះ ជាសេចក្ដីកំសាន្តចិត្តរបស់វាឲ្យឆ្អែត ហើយឲ្យបានជព្ជាក់ទឹកដោះរបស់វា ព្រមទាំងចាប់ចិត្តចំពោះសិរីល្អដ៏បរិបូររបស់វាផង ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា មើល អញនឹងផ្សាយសេចក្ដីសុខ ឲ្យហូរទៅដល់វាដូចជាទន្លេ ព្រមទាំងសិរីល្អរបស់អស់ទាំងសាសន៍ ដូចជាទឹកជ្រោះដែលហូរលិចច្រាំងផង នោះឯងរាល់គ្នានឹងជព្ជាក់បៅ វានឹងពរឯង ហើយថ្នមឯងនៅលើភ្លៅ អញនឹងកំសាន្តចិត្តឯង ដូចជាម្តាយដែលលួងលោមកូន នោះឯងរាល់គ្នានឹងមានសេចក្ដីកំសាន្តចិត្តចំពោះក្រុងយេរូសាឡិមហើយ ឯងរាល់គ្នានឹងឃើញ ហើយនឹងមានសេចក្ដីអំណររីករាយក្នុងចិត្ត ឯឆ្អឹងឯងរាល់គ្នា នោះនឹងបានស្រស់ដូចស្មៅខ្ចី ហើយព្រះហស្តនៃព្រះយេហូវ៉ានឹងសំដែងចេញ ដល់ពួកអ្នកបំរើរបស់ទ្រង់ ហើយសេចក្ដីខ្ញាល់របស់ទ្រង់ នឹងសង្កត់លើអស់ទាំងខ្មាំងសត្រូវផង។