អេសាយ 66:12-16
អេសាយ 66:12-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលថា: យើងនឹងឲ្យសេចក្ដីសុខសាន្ត ហូរមកក្រុងនេះ ដូចទឹកទន្លេ យើងនឹងបង្ហូរធនធានដ៏រុងរឿងរបស់ ប្រជាជាតិនានាចូលមកក្នុងក្រុងនេះ ដូចទឹកហូរប្រៀបមាត់ច្រាំង។ យើងនឹងថ្នាក់ថ្នមអ្នករាល់គ្នាដូចម្ដាយបំបៅកូន បីវា និងថ្នាក់ថ្នមវានៅលើភ្លៅ។ ម្ដាយលួងលោមកូនយ៉ាងណា យើងនឹងលួងលោមអ្នករាល់គ្នាយ៉ាងនោះដែរ អ្នករាល់គ្នានឹងរស់នៅក្នុងក្រុងយេរូសាឡឹម ដោយលែងមានទុក្ខព្រួយទៀត។ កាលណាអ្នករាល់គ្នាឃើញក្រុងយេរូសាឡឹម បានសុខសាន្តដូច្នេះ អ្នករាល់គ្នានឹងមានចិត្តសប្បាយរីករាយ ហើយអ្នករាល់គ្នានឹងមានកម្លាំងឡើងវិញ ដូចស្មៅលាស់ស្រស់បំព្រង។ ព្រះអម្ចាស់នឹងសម្តែងព្រះបារមី ឲ្យអ្នកបម្រើរបស់ព្រះអង្គឃើញ តែព្រះអង្គសម្តែងព្រះពិរោធទាស់នឹង ខ្មាំងសត្រូវរបស់ព្រះអង្គ។ មើល ព្រះអម្ចាស់កំពុងតែយាងមក ព្រះអង្គយាងមកក្នុងភ្លើង រាជរថរបស់ព្រះអង្គប្រៀបបាននឹងខ្យល់កួច។ ព្រះអង្គធ្វើតាមព្រះពិរោធដ៏ខ្លាំងរបស់ព្រះអង្គ ព្រះអង្គប្រើអណ្ដាតភ្លើង ដើម្បីដាក់ទោស ស្របតាមព្រះបន្ទូលដែលព្រះអង្គ ព្រមានទុកជាមុន។ ព្រះអម្ចាស់នឹងវិនិច្ឆ័យទោសមនុស្សទាំងអស់ ដោយប្រើភ្លើង និងដាវ ព្រះអម្ចាស់នឹងប្រហារមនុស្សជាច្រើន។
អេសាយ 66:12-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលដូចេ្នះថា យើងនឹងផ្សាយសេចក្ដីសុខ ឲ្យហូរទៅដល់វាដូចជាទន្លេ ព្រមទាំងសិរីល្អរបស់អស់ទាំងសាសន៍ ដូចជាទឹកជ្រោះដែលហូរលិចច្រាំងផង នោះអ្នករាល់គ្នានឹងជព្ជាក់បៅ វានឹងពរអ្នក ហើយថ្នមអ្នកនៅលើភ្លៅ។ យើងនឹងកម្សាន្តចិត្តអ្នក ដូចជាម្តាយដែលលួងលោមកូន នោះអ្នករាល់គ្នានឹងមានសេចក្ដីកម្សាន្តចិត្ត ចំពោះក្រុងយេរូសាឡិម។ អ្នករាល់គ្នានឹងឃើញ ហើយមានអំណររីករាយក្នុងចិត្ត ឯអ្នករាល់គ្នានឹងបានស្រស់ដូចស្មៅខ្ចី ហើយព្រះហស្តរបស់ព្រះយេហូវ៉ានឹងសម្ដែងចេញ ដល់ពួកអ្នកបម្រើរបស់ព្រះអង្គ ហើយសេចក្ដីក្រោធរបស់ព្រះអង្គ នឹងសង្កត់លើអស់ទាំងខ្មាំងសត្រូវ។ ដ្បិតព្រះយេហូវ៉ានឹងយាងមកក្នុងភ្លើង ហើយព្រះរាជរថរបស់ព្រះអង្គដូចជាខ្យល់កួច ដើម្បីសម្រេចតាមសេចក្ដីក្រោធដ៏សហ័សរបស់ព្រះអង្គ និងតាមពាក្យស្តីបន្ទោសរបស់ព្រះអង្គ ដោយសារអណ្ដាតភ្លើង។ ដ្បិតព្រះយេហូវ៉ានឹងសម្រេចតាមសេចក្ដីយុត្តិធម៌ ដល់មនុស្សទាំងអស់ ដោយសារភ្លើង និងដោយសារដាវរបស់ព្រះអង្គ ដូច្នេះ ពួកអ្នកដែលព្រះយេហូវ៉ាប្រហារជីវិត នោះមានគ្នាច្រើនណាស់។
អេសាយ 66:12-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា មើល អញនឹងផ្សាយសេចក្ដីសុខ ឲ្យហូរទៅដល់វាដូចជាទន្លេ ព្រមទាំងសិរីល្អរបស់អស់ទាំងសាសន៍ ដូចជាទឹកជ្រោះដែលហូរលិចច្រាំងផង នោះឯងរាល់គ្នានឹងជព្ជាក់បៅ វានឹងពរឯង ហើយថ្នមឯងនៅលើភ្លៅ អញនឹងកំសាន្តចិត្តឯង ដូចជាម្តាយដែលលួងលោមកូន នោះឯងរាល់គ្នានឹងមានសេចក្ដីកំសាន្តចិត្តចំពោះក្រុងយេរូសាឡិមហើយ ឯងរាល់គ្នានឹងឃើញ ហើយនឹងមានសេចក្ដីអំណររីករាយក្នុងចិត្ត ឯឆ្អឹងឯងរាល់គ្នា នោះនឹងបានស្រស់ដូចស្មៅខ្ចី ហើយព្រះហស្តនៃព្រះយេហូវ៉ានឹងសំដែងចេញ ដល់ពួកអ្នកបំរើរបស់ទ្រង់ ហើយសេចក្ដីខ្ញាល់របស់ទ្រង់ នឹងសង្កត់លើអស់ទាំងខ្មាំងសត្រូវផង។ ដ្បិតមើល ព្រះយេហូវ៉ាទ្រង់នឹងយាងមកនាំទាំងភ្លើងមកជាមួយ ហើយព្រះរាជរថរបស់ទ្រង់នឹងបានដូចជាខ្យល់កួច ដើម្បីនឹងសំរេចតាមសេចក្ដីខ្ញាល់ដ៏សហ័សរបស់ទ្រង់ នឹងតាមពាក្យស្តីបន្ទោសរបស់ទ្រង់ ដោយសារអណ្តាតភ្លើង ពីព្រោះព្រះយេហូវ៉ាទ្រង់នឹងសំរេចតាមសេចក្ដីយុត្តិធម៌ដល់អស់ទាំងមនុស្ស ដោយសារភ្លើងនឹងដាវរបស់ទ្រង់ ដូច្នេះ ពួកអ្នកដែលព្រះយេហូវ៉ាទ្រង់ នឹងប្រហារជីវិត នោះនឹងមានជាច្រើន