អេសាយ 65:17-23
អេសាយ 65:17-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដ្បិតមើល៍ យើងនឹងបង្កើតផ្ទៃមេឃថ្មី ផែនដីថ្មី ឯរបស់ពីមុន នោះគ្មានអ្នកណានឹងចាំទៀត ក៏មិនដែលចូលក្នុងគំនិតឡើយ។ ប៉ុន្តែ អ្នករាល់គ្នាត្រូវមានអំណរ ហើយរីករាយជាដរាបចំពោះការដែលយើងបង្កើតនោះ ដ្បិតមើល៍ យើងនឹងធ្វើឲ្យក្រុងយេរូសាឡិមបានជាទីរីករាយ ហើយប្រជាជនទាំងឡាយជាអំណរ។ យើងនឹងមានសេចក្ដីរីករាយចំពោះក្រុងយេរូសាឡិម និងអំណរចំពោះប្រជារាស្ត្ររបស់យើង រួចនៅក្នុងទីក្រុងនោះ នឹងលែងឮសំឡេងយំ និងសម្រែកទៀត។ ក៏នឹងលែងមានកូនតូចដែលរស់នៅតែប៉ុន្មានថ្ងៃ ឬមនុស្សចាស់ដែលមិនបានរស់នៅ ឲ្យពេញកំណត់អាយុទៀតដែរ ដ្បិតអ្នកណាដែលស្លាប់ក្នុងអាយុមួយរយឆ្នាំ នោះគេនឹងរាប់ថា ជាក្មេងទេ ហើយមនុស្សបាបណាដែលរស់ដល់ត្រឹមមួយរយឆ្នាំ នោះនឹងត្រូវបណ្ដាសាវិញ។ គ្រានោះ មនុស្សនឹងសង់ផ្ទះ ហើយអាស្រ័យនៅ ក៏នឹងដាំចម្ការទំពាំងបាយជូរ ហើយបរិភោគផលដែរ។ គេមិនសង់ដើម្បីម្នាក់ទៀតអាស្រ័យនៅទេ ឬដាំសម្រាប់ម្នាក់ទៀតបរិភោគផលនោះឡើយ ដ្បិតអាយុរបស់ប្រជារាស្ត្ររបស់យើង នឹងបានវែងដូចជាអាយុនៃដើមឈើ ហើយពួករើសតាំងរបស់យើង នឹងប្រើប្រាស់ការដែលដៃគេធ្វើជាយឺនយូរ។ គេខំធ្វើការមិនមែនឥតប្រយោជន៍ ឬបង្កើតមកឲ្យតែបានត្រូវវិនាសទៅនោះឡើយ ដ្បិតគេជាពូជនៃពួកដ៏មានពររបស់ព្រះយេហូវ៉ា ព្រមទាំងកូនដែលគេបង្កើតមកនោះដែរ។
អេសាយ 65:17-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
យើងនឹងបង្កើតផ្ទៃមេឃថ្មី និងផែនដីថ្មី អ្វីៗដែលកើតមានកាលពីមុន គេលែងនឹកនាទៀតហើយ គឺគ្មាននរណានឹងឃើញទៀតទេ។ ចូរអរសប្បាយឡើង ចូរសប្បាយរីករាយរហូតតទៅ ចំពោះអ្វីៗដែលយើងបង្កើតមក គឺយើងបង្កើតក្រុងយេរូសាឡឹម ដែលមានអំណរសប្បាយរីករាយ យើងបង្កើតប្រជាជននៅក្រុងនេះ ដែលមានអំណរ។ ក្រុងយេរូសាឡឹមនឹងធ្វើឲ្យយើង សប្បាយរីករាយ ប្រជាជនរបស់យើងក៏ធ្វើឲ្យយើងរីករាយ ក្នុងទីក្រុង គេលែងឮសូរសម្រែកយំសោកទៀតហើយ នៅក្រុងនោះ ក៏លែងមានទារករស់បានតែ បួនដប់ថ្ងៃទៀតដែរ ប្រជាជនទាំងអស់សុទ្ធតែមានអាយុវែង អ្នកដែលស្លាប់ក្មេងជាងគេ មានអាយុយ៉ាងហោចណាស់មួយរយឆ្នាំ រីឯមនុស្សដែលរស់បានត្រឹមតែមួយរយឆ្នាំ គេចាត់ទុកថាជាអ្នកត្រូវបណ្ដាសា។ ពេលនោះ គេនឹងសង់ផ្ទះ ហើយរស់នៅក្នុងផ្ទះនោះ គេដាំដំណាំ ហើយបរិភោគផលពីដំណាំនោះ គឺគេមិនសង់ផ្ទះឲ្យអ្នកផ្សេងមកនៅ គេមិនដាំដំណាំទុកឲ្យអ្នកផ្សេង បរិភោគផលឡើយ ដ្បិតប្រជារាស្ត្ររបស់យើងនឹងមានអាយុវែង ដូចអាយុដើមឈើធំៗ អស់អ្នកដែលយើងជ្រើសរើស នឹងប្រើប្រាស់អ្វីៗដែលខ្លួនបានបង្កបង្កើត ។ គេនឹងមិនធ្វើការនឿយហត់ជាអសារបង់ ហើយគេក៏មិនបង្កើតកូនចៅមក ដើម្បីឲ្យត្រូវអន្តរាយដែរ ដ្បិតពួកគេនឹងបានទៅជាពូជពង្សមួយ ដែលព្រះអម្ចាស់ប្រទានពរ កូនចៅរបស់គេនឹងគង់វង្សនៅជាមួយគេ។
អេសាយ 65:17-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតមើល អញនឹងបង្កើតផ្ទៃមេឃថ្មី ហើយនឹងផែនដីថ្មី ឯរបស់ពីមុនៗ នោះនឹងគ្មានអ្នកណានឹកចាំទៀត ក៏មិនដែលចូលក្នុងគំនិតឡើយ ប៉ុន្តែត្រូវឲ្យឯងរាល់គ្នាមានសេចក្ដីអំណរ ហើយរីករាយឡើងជាដរាបចំពោះការដែលអញបង្កើតនោះ ដ្បិតមើល អញនឹងធ្វើឲ្យក្រុងយេរូសាឡិមបានជាទីរីករាយ ហើយប្រជាជនទាំងឡាយជាសេចក្ដីអំណរ នោះអញនឹងមានសេចក្ដីរីករាយចំពោះក្រុងយេរូសាឡិម នឹងសេចក្ដីអំណរចំពោះរាស្ត្រអញ រួចនៅក្នុងទីក្រុងនោះ នឹងលែងឮសំឡេងយំ នឹងសំរែកទៀតឡើយ ក៏នឹងលែងមានកូនតូចដែលរស់នៅតែប៉ុន្មានថ្ងៃ ឬមនុស្សចាស់ដែលមិនបានរស់នៅឲ្យពេញកំណត់អាយុ តទៅទៀត ដ្បិតអ្នកណាដែលស្លាប់ក្នុងអាយុ១០០ឆ្នាំ នោះគេនឹងរាប់ថា ជាក្មេងទេ ហើយមនុស្សបាបណាដែលរស់ដល់ត្រឹម១០០ឆ្នាំ នោះនឹងត្រូវបណ្តាសាវិញ គ្រានោះ មនុស្សនឹងសង់ផ្ទះ ហើយនឹងអាស្រ័យនៅផង ក៏នឹងដាំចំការទំពាំងបាយជូរ ហើយនឹងបរិភោគផលដែរ គេនឹងមិនសង់ រួចមានម្នាក់ទៀតអាស្រ័យនៅ ឬដាំ រួចមានម្នាក់ទៀតបរិភោគផលនោះឡើយ ដ្បិតអាយុរបស់រាស្ត្រអញនឹងបានវែងដូចជាអាយុនៃដើមឈើ ហើយពួករើសតាំងរបស់អញនឹងប្រើប្រាស់ការដែលដៃគេធ្វើជាយឺនយូរទៅ គេនឹងមិនខំធ្វើជាឥតប្រយោជន៍ ឬបង្កើតមកឲ្យតែបានត្រូវវិនាសទៅនោះឡើយ ដ្បិតគេជាពូជនៃពួកដ៏មានពររបស់ព្រះយេហូវ៉ា ព្រមទាំងកូនដែលគេបង្កើតតទៅផង