អេសាយ 64:2-7

អេសាយ 64:2-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច​កាល​ណា​ភ្លើង​រាល​ឆេះ​គំនរ​ស្នាប់ ឬ​ដូច​ភ្លើង​ធ្វើ​ឲ្យ​ទឹក​ពុះ​ខ្ជោល​ឡើង​ផង ដើម្បី​ធ្វើ​ឲ្យ​ពួក​ខ្មាំង​សត្រូវ​ព្រះ‌អង្គ​បាន​ស្គាល់​ព្រះ‌នាម​ព្រះ‌អង្គ ហើយ​សាសន៍​ទាំង​ប៉ុន្មាន​បាន​ញាប់‌ញ័រ​នៅ​ចំពោះ​ព្រះ‌អង្គ នៅ​គ្រា​ដែល​ព្រះ‌អង្គ​បាន​ធ្វើ​ការ​គួរ​ស្ញែង‌ខ្លាច ដែល​យើង​ខ្ញុំ​មិន​បាន​ម៉ៃ​ចិត្ត​សោះ នោះ​ព្រះ‌អង្គ​បាន​យាង​ចុះ​មក ហើយ​ភ្នំ​ទាំង​ប៉ុន្មាន​បាន​កក្រើក​ញ័រ​នៅ​ចំពោះ​ព្រះ‌អង្គ។ ដ្បិត​ចាប់​តាំង​ពី​ចាស់​បុរាណ​មក មនុស្ស​លោក​មិន​ដែល​ឮ ក៏​មិន​ដែល​ដឹង​ដោយ‌សារ​ត្រចៀក ហើយ​ភ្នែក​មិន​ដែល​ឃើញ​ព្រះ​ឯ​ណា​ក្រៅ​ពី​ព្រះ‌អង្គ ដែល​ធ្វើ​ការ​ជំនួស​អ្នក​ដែល​សង្ឃឹម​ដល់​ព្រះ‌អង្គ​ឡើយ។ ព្រះ‌អង្គ​តែង‌តែ​ប្រោស​ដល់​អ្នក​ដែល​មាន​ចិត្ត​រីក‌រាយ ហើយ​ប្រព្រឹត្ត​ដោយ​សុចរិត គឺ​ដល់​ពួក​អ្នក​ដែល​នឹក​ចាំ​ពី​ព្រះ‌អង្គ ក្នុង​អស់​ទាំង​ផ្លូវ​របស់​ព្រះ‌អង្គ តែ​ព្រះ‌អង្គ​មាន​សេចក្ដី​ក្រោធ​ដោយ​ព្រោះ​យើង​ខ្ញុំ​ធ្វើ​បាប ព្រោះ​យើង​ខ្ញុំ​បាន​នៅ​ជាប់​ក្នុង​អំពើ​ទាំង​នោះ ជា​យូរ​មក​ហើយ។ ដ្បិត​យើង​ខ្ញុំ​ទាំង​អស់​គ្នា​បាន​ត្រឡប់ ដូច​ជា​មនុស្ស​ដែល​មិន​ស្អាត ហើយ​អស់​ទាំង​អំពើ​សុចរិត​របស់​យើង​ខ្ញុំ ក៏​ដូច​ជា​អាវ​កខ្វក់​ហើយ យើង​ខ្ញុំ​ស្វិត​ក្រៀម​ទៅ​ដូច​ជា​ស្លឹក​ឈើ ហើយ​អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ​ក៏​ផាត់ យក​យើង​ខ្ញុំ​ទៅ​ដូច​ជា​ខ្យល់។ គ្មាន​អ្នក​ណា​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌អង្គ ឬ​ដាស់‌តឿន​ខ្លួន​អ្នក​ឲ្យ​ចាប់​តោង​ព្រះ‌អង្គ​ឡើង ដ្បិត​ព្រះ‌អង្គ​បាន​គេច​ព្រះ‌ភក្ត្រ​ចេញ​ពី​យើង​ខ្ញុំ​ហើយ ក៏​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​រលាយ​ទៅ ដោយ‌សារ​អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ​ផង។

ចែក​រំលែក
អាន អេសាយ 64

អេសាយ 64:2-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​ព្រះអង្គ​សម្តែង​មហិទ្ធិ‌ឫទ្ធិ​ដ៏​អស្ចារ្យ ដែល​យើង​ខ្ញុំ​មិន​បាន​ទន្ទឹង​រង់‌ចាំ គឺ​នៅ​ពេល​ព្រះអង្គ​យាង​ចុះ​មក ភ្នំ​ទាំង‌ឡាយ​មុខ​ជា​កក្រើក នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ​ពុំ‌ខាន។ តាំង​ពី​ដើម​រៀង​មក គេ​ពុំ​ដែល​ឮ​ពុំ​ដែល​ឃើញ ព្រះ​ណា​ប្រព្រឹត្ត​បែប​នេះ ចំពោះ​អស់​អ្នក​ដែល ជឿ​សង្ឃឹម​លើ​ព្រះអង្គ​ឡើយ គឺ​មាន​តែ​ព្រះអង្គ​ប៉ុណ្ណោះ​ដែល​ប្រព្រឹត្ត​ដូច្នេះ។ ព្រះអង្គ​តែងតែ​ប្រណី​សន្ដោស​អស់​អ្នក​ដែល ប្រព្រឹត្ត​អំពើ​សុចរិត​ដោយ​ចិត្ត​រីក‌រាយ គឺ​អស់​អ្នក​ដែល​មិន​ភ្លេច​មាគ៌ា​របស់​ព្រះអង្គ។ ពេល​ណា​យើង​ខ្ញុំ​ដើរ​តាម​មាគ៌ា​ពី​មុន​វិញ ព្រះអង្គ​នឹង​សង្គ្រោះ​យើង​ខ្ញុំ។ ផ្ទុយ​ទៅ​វិញ ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ នៅ​ពេល​ណា​យើង​ខ្ញុំ​ងាក​ចេញ​ពី មាគ៌ា​របស់​ព្រះអង្គ។ យើង​ខ្ញុំ​ទាំង​អស់​គ្នា​ក្លាយ​ទៅ​ជា​ជន​មិន​បរិសុទ្ធ ហើយ​អំពើ​ទាំង​ប៉ុន្មាន​ដែល​យើង​ខ្ញុំ​ប្រព្រឹត្ត ដោយ​ស្មាន​ថា​ជា​អំពើ​សុចរិត​នោះ ប្រៀប​បាន​នឹង​ក្រណាត់​សំពត់​ប្រឡាក់​ឈាម យើង​ខ្ញុំ​ទាំង​អស់​គ្នា​ប្រៀប​បាន​នឹង​ស្លឹក​ឈើ​ក្រៀម ហើយ​អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ​នឹង​បក់​បោក នាំ​យើង​ខ្ញុំ​ទៅ​ដូច​ស្លឹក​ឈើ​ប៉ើង​តាម​ខ្យល់។ គ្មាន​នរណា​ម្នាក់​អង្វរ​រក​ព្រះ‌នាម​ព្រះអង្គ​ទេ គ្មាន​នរណា​ម្នាក់​ភ្ញាក់​រឭក ហើយ​ជំពាក់​ចិត្ត​នឹង​ព្រះអង្គ​ឡើយ ដ្បិត​ព្រះអង្គ​បាន​លាក់​ព្រះ‌ភ័ក្ត្រ​នឹង​យើង​ខ្ញុំ ព្រះអង្គ​បណ្ដោយ​ឲ្យ​ចិត្ត​អាក្រក់ របស់​យើង​ខ្ញុំ ដឹក​នាំ​យើង​ខ្ញុំ។ ក៏​ប៉ុន្តែ ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ជា​ព្រះ‌បិតា​របស់​យើង​ខ្ញុំ។ យើង​ខ្ញុំ​ទាំង​អស់​គ្នា​ប្រៀប​បាន​នឹង​ដី​ឥដ្ឋ ហើយ​ព្រះអង្គ​ដូច​ជា​ជាង​ស្មូន។ យើង​ខ្ញុំ​ទាំង​អស់​គ្នា​សុទ្ធ​តែ​ជា​ស្នា​ព្រះ‌ហស្ដ របស់​ព្រះអង្គ។

ចែក​រំលែក
អាន អេសាយ 64

អេសាយ 64:2-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច​កាល​ណា​ភ្លើង​រាល​ឆេះ​គំនរ​ស្នាប់ ឬ​ដូច​ភ្លើង​ធ្វើ​ឲ្យ​ទឹក​ពុះ​ខ្ជោល​ឡើង​ផង ដើម្បី​នឹង​ធ្វើ​ឲ្យ​ពួក​ខ្មាំង​សត្រូវ​ទ្រង់​បាន​ស្គាល់​ព្រះ‌នាម​ទ្រង់ ហើយ​សាសន៍​ទាំង​ប៉ុន្មាន​បាន​ញាប់‌ញ័រ​នៅ​ចំពោះ​ទ្រង់ នៅ​គ្រា​ដែល​ទ្រង់​បាន​ធ្វើ​ការ​គួរ​ស្ញែង‌ខ្លាច ដែល​យើង​ខ្ញុំ​មិន​បាន​ម៉ៃ​ចិត្ត​សោះ នោះ​ទ្រង់​បាន​យាង​ចុះ​មក ហើយ​ភ្នំ​ទាំង​ប៉ុន្មាន​បាន​កក្រើក​ញ័រ​នៅ​ចំពោះ​ទ្រង់ ដ្បិត​ចាប់​តាំង​ពី​ចាស់​បុរាណ​មក មនុស្ស​លោក​មិន​ដែល​ឮ ក៏​មិន​ដែល​ដឹង​ដោយ‌សារ​ត្រចៀក ហើយ​ភ្នែក​មិន​ដែល​ឃើញ​ព្រះ​ឯ​ណា​ក្រៅ​ពី​ទ្រង់ ដែល​ធ្វើ​ការ​ជំនួស​អ្នក​ដែល​សង្ឃឹម​ដល់​ទ្រង់​ឡើយ ទ្រង់​តែង‌តែ​ប្រោស​ដល់​អ្នក​ដែល​មាន​ចិត្ត​រីក‌រាយ ហើយ​ប្រព្រឹត្ត​ដោយ​សុចរិត គឺ​ដល់​ពួក​អ្នក​ដែល​នឹក​ចាំ​ពី​ទ្រង់​ក្នុង​អស់​ទាំង​ផ្លូវ​របស់​ទ្រង់ មើល ទ្រង់​បាន​មាន​សេចក្ដី​ក្រោធ​ដោយ​ព្រោះ​យើង​ខ្ញុំ​ធ្វើ​បាប យើង​ខ្ញុំ​បាន​នៅ​ជាប់​ក្នុង​អំពើ​ទាំង​នោះ ជា​យូរ​មក​ហើយ ដូច្នេះ យើង​ខ្ញុំ​នឹង​បាន​សង្គ្រោះ​ឬ ដ្បិត​យើង​ខ្ញុំ​ទាំង​អស់​គ្នា​បាន​ត្រឡប់​ទៅ​ដូច​ជា​មនុស្ស​ដែល​មិន​ស្អាត ហើយ​អស់​ទាំង​អំពើ​សុចរិត​របស់​យើង​ខ្ញុំ ក៏​ដូច​ជា​អាវ​កខ្វក់​ហើយ យើង​ខ្ញុំ​រាល់​គ្នា​ស្វិត​ក្រៀម​ទៅ​ដូច​ជា​ស្លឹក​ឈើ ហើយ​អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ​ក៏​ផាត់​យក​យើង​ខ្ញុំ​ទៅ​ដូច​ជា​ខ្យល់ ឥត​មាន​អ្នក​ណា​មួយ​ដែល​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ទ្រង់ ឬ​ដែល​ដាស់‌តឿន​ខ្លួន​ឯង​ឲ្យ​ចាប់​តោង​ទ្រង់​ឡើង ដ្បិត​ទ្រង់​បាន​គេច​ព្រះ‌ភក្ត្រ​ចេញ​ពី​យើង​ខ្ញុំ​ហើយ ក៏​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​រលាយ​ទៅ ដោយ‌សារ​អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ​ផង។

ចែក​រំលែក
អាន អេសាយ 64

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ