អេសាយ 62:1-5

អេសាយ 62:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដោយ​យល់​ដល់​ក្រុង​ស៊ីយ៉ូន នោះ​យើង​មិន​ព្រម​អត់​ធ្មត់​ទេ ហើយ​ដោយ​យល់​ដល់​ក្រុង​យេរូ‌សាឡិម យើង​មិន​ព្រម​បង្អង់​ឡើយ ទាល់​តែ​សេចក្ដី​សុចរិត​របស់​ក្រុង​នោះ​បាន​ភ្លឺ​ចេញ​មក ដូច​ជា​រស្មី​ពន្លឺ ហើយ​សេចក្ដី​សង្គ្រោះ​របស់​គេ​បាន​ភ្លឺ​ដូច​ជា​ពន្លឺ​ភ្លើង។ នោះ​អស់​ទាំង​សាសន៍​នឹង​ឃើញ​សេចក្ដី​សុចរិត​របស់​អ្នក ហើយ​សេចក្ដី​ទាំង‌ឡាយ​នឹង​ឃើញ​សិរី‌ល្អ​របស់​អ្នក​ដែរ អ្នក​នឹង​មាន​ឈ្មោះ​ថ្មី ជា​ឈ្មោះ​ដែល​ព្រះ‌ឧស្ឋ​នៃ​ព្រះ‌យេហូវ៉ា​សម្រេច​ឲ្យ។ អ្នក​ជា​មកុដ​ដ៏​រុងរឿង​នៅ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា ហើយ​ជា​ព្រះ‌មាលា‌រាជ្យ​នៅ​ព្រះ‌ហស្ត​ព្រះ​របស់​អ្នក។ គេ​នឹង​លែង​ហៅ​អ្នក​ថា «ទី​ក្រុងដែល​គេ​បោះបង់​ចោល » ឬ «ស្រុក​ស្ងាត់​ជ្រងំ » ទៀត​ឡើយ។ គឺ​គេ​នឹង​ហៅ​អ្នក​ថា «យើង​ពេញ​ចិត្ត​នឹង​អ្នក​ជា​ខ្លាំង » ហើយ​ស្រុក​របស់​អ្នក​នឹង​បាន​ដូច​ជា «ស្ត្រី​មាន​ប្តី » ដ្បិត​ព្រះ​យេហូវ៉ា​គាប់​ព្រះហឫទ័យ​នឹង​អ្នក​ជា​ខ្លាំង ហើយ​ស្រុក​របស់​អ្នក​នឹង​បាន​រៀប​ការ។ ដ្បិត​ដែល​មនុស្ស​កំលោះ​យក​ស្រី​ក្រមុំ​ធ្វើ​ជា​ប្រពន្ធ​យ៉ាង​ណា នោះ​ពួក​កូន​ប្រុសៗ​របស់​អ្នក​នឹង​មក​រួម​នឹង​អ្នក​យ៉ាង​នោះ​ដែរ ហើយ​ដែល​ប្តី​ថ្មោង‌ថ្មី​មាន​ចិត្ត​រីក‌រាយ​ចំពោះ​ប្រពន្ធ​យ៉ាង​ណា នោះ​ព្រះ​របស់​អ្នក​នឹង​មាន​សេចក្ដី​រីក‌រាយ​ចំពោះ​អ្នក​យ៉ាង​នោះ​ដែរ។

ចែក​រំលែក
អាន អេសាយ 62

អេសាយ 62:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

យើង​គិត​ដល់​ក្រុង​ស៊ីយ៉ូន យើង​នឹង​មិន​នៅ​ស្ងៀម​ឡើយ ដោយ​យើង​គិត​ដល់​ក្រុង​យេរូ‌សាឡឹម យើង​នឹង​មិន​នៅ​សម្ងំ​ឥត​ធ្វើ​អ្វី​នោះ​ឡើយ ដរាប​ណា​ទាល់​តែ​សេចក្ដី​សុចរិត​ចាំង​ចេញ ពី​ក្រុង​នេះ​ដូច​ថ្ងៃ​រះ ហើយ​ការ​សង្គ្រោះ​កើត​មាន​ដល់​ក្រុង​នេះ យ៉ាង​ច្បាស់​ដូច​ពន្លឺ​ភ្លើង។ ពេល​នោះ ប្រជា‌ជាតិ​នានា​នឹង​ឃើញ សេចក្ដី​សុចរិត​របស់​អ្នក ហើយ​ស្ដេច​ទាំង​ប៉ុន្មាន​នឹង​ឃើញ​សិរី‌រុងរឿង របស់​អ្នក​ដែរ។ គេ​នឹង​ហៅ​អ្នក​តាម​ឈ្មោះ​ថ្មី ជា​ឈ្មោះ​ដែល​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ។ អ្នក​នឹង​ប្រៀប​ដូច​ជា​ភួង​ជ័យ​ដ៏​ល្អ​ប្រណីត នៅ​ក្នុង​ព្រះ‌ហស្ដ​របស់​ព្រះ‌អម្ចាស់ និង​ជា​មកុដ​រាជ្យ​ក្នុង​ព្រះ‌ហស្ដ​ព្រះ​របស់​អ្នក។ គេ​នឹង​លែង​ហៅ​អ្នក​ថា “ស្ត្រី​ដែល​ស្វាមី​លះ‌បង់​ចោល”​ទៀត​ហើយ គេ​ក៏​នឹង​លែង​ហៅ​ទឹក​ដី​របស់​អ្នក​ថា “ដី​ដែល​គេ​បោះ​បង់​ចោល​ដែរ”។ ផ្ទុយ​ទៅ​វិញ គេ​នឹង​ហៅ​អ្នក​ថា “ព្រលឹង​មាស​បង!” ហើយ​គេ​នឹង​ហៅ​ទឹក​ដី​របស់​អ្នក​ថា “ភរិយា​សម្លាញ់​ចិត្ត” ដ្បិត​ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​អ្នក ហើយ​ទឹក​ដី​របស់​អ្នក​នឹង​បាន​ដូច​ជា ស្ត្រី​ដែល​ជា​នា​នឹង​ប្ដី​ឡើង​វិញ។ ព្រះអង្គ​ដែល​បាន​សង់​អ្នក នឹង​រៀបការ​ជា​មួយ​អ្នក ដូច​កំលោះ​ម្នាក់​រៀបការ​នឹង​ស្រី​ក្រមុំ។ ភរិយា​ថ្មោង​ថ្មី​ផ្ដល់​អំណរ​សប្បាយ ឲ្យ​ស្វាមី​យ៉ាង​ណា អ្នក​ក៏​ផ្ដល់​អំណរ​សប្បាយ ដល់​ព្រះ​របស់​អ្នក​យ៉ាង​នោះ​ដែរ។

ចែក​រំលែក
អាន អេសាយ 62

អេសាយ 62:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដោយ​យល់​ដល់​ក្រុង​ស៊ីយ៉ូន នោះ​អញ​មិន​ព្រម​អត់​ធ្មត់​ទេ ហើយ​ដោយ​យល់​ដល់​ក្រុង​យេរូ‌សាឡិម នោះ​អញ​មិន​ព្រម​បង្អង់​ឡើយ ទាល់​តែ​សេចក្ដី​សុចរិត​របស់​ក្រុង​នោះ​បាន​ភ្លឺ​ចេញ​មក ដូច​ជា​រស្មី​នៃ​ពន្លឺ ហើយ​សេចក្ដី​សង្គ្រោះ​របស់​គេ​បាន​ដូច​ជា​ចង្កៀង​ដែល​ឆេះ នោះ​អស់​ទាំង​សាសន៍​នឹង​ឃើញ​សេចក្ដី​សុចរិត​របស់​ឯង ហើយ​ស្ដេច​ទាំង‌ឡាយ​នឹង​ឃើញ​សិរី‌ល្អ​របស់​ឯង​ដែរ ឯង​នឹង​មាន​ឈ្មោះ​ថ្មី ជា​ឈ្មោះ​ដែល​ព្រះ‌ឱស្ឋ​នៃ​ព្រះ‌យេហូវ៉ា​នឹង​សំរេច​ឲ្យ ឯង​នឹង​ជា​មកុដ​ដ៏​រុងរឿង​នៅ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា ហើយ​ជា​ព្រះ‌មាលា‌រាជ្យ​នៅ​ព្រះ‌ហស្ត​របស់​ព្រះ​នៃ​ឯង ឯង​មិន​ត្រូវ​គេ​ហៅ​ថា ទី​ក្រុង​ចោល​បង់ ហើយ​ដី​ឯង​ក៏​មិន​ត្រូវ​ហៅ​ថា ទី​ស្ងាត់‌ជ្រងំ ទៀត​ឡើយ គឺ​ឯង​នឹង​ត្រូវ​ហៅ​ថា «ទី​ស្រឡាញ់» ហើយ​ដី​របស់​ឯង​ថា​ជា​អ្នក​មាន​ប្ដី​វិញ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​សេចក្ដី​រីក‌រាយ​ចំពោះ​ឯង ហើយ​ដី​ឯង​នឹង​បាន​រៀប​ការ ដ្បិត​ដែល​មនុស្ស​កំឡោះ​យក​ស្រី​ក្រមុំ​ធ្វើ​ជា​ប្រពន្ធ​យ៉ាង​ណា នោះ​ពួក​កូន​ប្រុសៗ​របស់​ឯង​នឹង​មក​រួម​នឹង​ឯង​យ៉ាង​នោះ​ដែរ ហើយ​ដែល​ប្ដី​ថ្មោង‌ថ្មី​មាន​ចិត្ត​រីក‌រាយ​ចំពោះ​ប្រពន្ធ​យ៉ាង​ណា នោះ​ព្រះ​នៃ​ឯង​នឹង​មាន​សេចក្ដី​រីក‌រាយ​ចំពោះ​ឯង​យ៉ាង​នោះ​ដែរ។

ចែក​រំលែក
អាន អេសាយ 62