អេសាយ 61:1-11

អេសាយ 61:1-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជា‌អម្ចាស់ សណ្ឋិត​លើ​ខ្ញុំ ដ្បិត​ព្រះ‌អម្ចាស់​បាន​ចាក់​ប្រេង​អភិសេក​ខ្ញុំ ឲ្យ​នាំ​ដំណឹង‌ល្អ​ទៅ​ប្រាប់​អ្នក​ដែល​ត្រូវ​គេ​ជិះ‌ជាន់ ជួយ​ថែ​ទាំ​អ្នក​ដែល​បាក់​ទឹក​ចិត្ត ប្រកាស​ប្រាប់​ជន​ជាប់​ជា​ឈ្លើយ​ថា ពួក​គេ​នឹង​រួច​ខ្លួន ហើយ​ប្រាប់​អ្នក​ជាប់​ឃុំ‌ឃាំង​ថា ពួក​គេ​នឹង​មាន​សេរី‌ភាព ព្រម​ទាំង​ប្រកាស​ពី​ឆ្នាំ​ដែល​ព្រះ‌អម្ចាស់​សម្តែង ព្រះ‌ហឫទ័យ​មេត្តា​ករុណា និង​ពី​ថ្ងៃ​កំណត់​ដែល​ព្រះ​របស់​យើង ដាក់​ទោស​មនុស្ស​អាក្រក់ ហើយ​សម្រាល​ទុក្ខ​អស់​អ្នក​ដែល​កាន់​ទុក្ខ គឺ​ឲ្យ​អ្នក​ក្រុង​ស៊ីយ៉ូន​ដែល​កាន់​ទុក្ខ​នោះ ទទួល​មកុដ​នៅ​លើ​ក្បាល​ជំនួស​ផេះ ឲ្យ​គេ​លាប​ប្រេង​សម្តែង​អំណរ​សប្បាយ ជំនួស​ភាព​ក្រៀម‌ក្រំ​នៃ​ការ​កាន់​ទុក្ខ ឲ្យ​គេ​ស្លៀក​ពាក់​យ៉ាង​ថ្លៃ‌ថ្នូរ ជំនួស​ខោ‌អាវ​ដាច់‌ដាច។ ពេល​នោះ គេ​នឹង​ប្រដូច​អ្នក​ក្រុង​យេរូ‌សាឡឹម ទៅ​នឹង​ដើម​ឈើ​សក្ការៈ​នៃ​ព្រះ​ដ៏​សុចរិត ជា​សួន​ឧទ្យាន​របស់​ព្រះ‌អម្ចាស់ ដើម្បី​បង្ហាញ​ភាព​ថ្កុំ‌ថ្កើង​របស់​ព្រះអង្គ។ ពួក​គេ​នឹង​សង់​ក្រុង ដែល​បាក់​បែក​កាល​ពី​មុន​នោះ​ឡើង​វិញ ពួក​គេ​នឹង​លើក​អ្វីៗ​ដែល​ខ្ទេច‌ខ្ទី​កាល​ពី​បុរាណ ឲ្យ​មាន​រូប​រាង​ឡើង​វិញ។ ពួក​គេ​ជួស‌ជុល​ក្រុង​ដែល​ខ្មាំង​បំផ្លាញ​ចោល ជា​ច្រើន​ជំនាន់​នោះ​ឡើង​វិញ។ សាសន៍​ដទៃ​នឹង​នាំ​គ្នា​មក ហើយ​ឃ្វាល​ហ្វូង​ចៀម​របស់​អ្នក​រាល់​គ្នា កូន​ចៅ​របស់​គេ​នឹង​ភ្ជួរ​រាស់​ដី ហើយ​ដាំ​ទំពាំង‌បាយជូរ​ឲ្យ​អ្នក​រាល់​គ្នា។ ចំណែក​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​នឹង​មាន​ឈ្មោះ​ថា បូជា‌ចារ្យ*​របស់​ព្រះ‌អម្ចាស់ គេ​នឹង​ហៅ​អ្នក​រាល់​គ្នា​ថា អ្នក​បម្រើ​របស់​ព្រះ​នៃ​យើង។ អ្នក​រាល់​គ្នា​នឹង​ចិញ្ចឹម​ជីវិត​ដោយ​ភោគ​ទ្រព្យ របស់​ប្រជា‌ជាតិ​ទាំង‌ឡាយ ហើយ​តែង​ខ្លួន​ដោយ​គ្រឿង​អលង្ការ​ដ៏​មាន តម្លៃ​របស់​ពួក​គេ។ អ្នក​រាល់​គ្នា​លែង​អាម៉ាស់ និង​លែង​បាក់​មុខ​ទៀត​ហើយ អ្នក​រាល់​គ្នា​នឹង​ទទួល​ទឹក​ដី​របស់​គេ មួយ​ទ្វេ​ជា​ពីរ​ទុក​ជា​មត៌ក អ្នក​រាល់​គ្នា​នឹង​មាន​អំណរ​សប្បាយ អស់‌កល្ប​ជានិច្ច។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា យើង​ចូល​ចិត្ត​យុត្តិធម៌ ហើយ​ស្អប់​ការ​ជំរិត​ជិះ‌ជាន់​ណាស់។ យើង​នឹង​សង​អ្នក​រាល់​គ្នា​វិញ​យ៉ាង​ត្រឹម​ត្រូវ យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ដែល​នៅ​ស្ថិត‌ស្ថេរ អស់‌កល្ប​ជានិច្ច​ជា​មួយ​អ្នក​រាល់​គ្នា។ ប្រជា‌ជាតិ​ទាំង‌ឡាយ​នឹង​ស្គាល់​កូន​ចៅ របស់​អ្នក​រាល់​គ្នា ហើយ​ពូជ‌ពង្ស​អ្នក​រាល់​គ្នា​ក៏​នឹង​មាន​ឈ្មោះ​ល្បី នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​នានា​ដែរ។ អស់​អ្នក​ដែល​ជួប​ពួក​គេ​នឹង​ទទួល​ស្គាល់​ថា ពួក​គេ​ជា​ជាតិ​មួយ​ដែល​ព្រះ‌អម្ចាស់ បាន​ប្រទាន​ពរ។ ខ្ញុំ​មាន​អំណរ​យ៉ាង​ខ្លាំង ព្រោះ​តែ​ព្រះ‌អម្ចាស់ ខ្ញុំ​រីក‌រាយ​យ៉ាង​អស់​ពី​ចិត្ត ព្រោះ​តែ​ព្រះ​របស់​ខ្ញុំ ដ្បិត​ព្រះអង្គ​បាន​សង្គ្រោះ​ខ្ញុំ។ ព្រះអង្គ​បាន​យក​សេចក្ដី​សុចរិត មក​ពាក់​ឲ្យ​ខ្ញុំ ដូច​កូន​កម្លោះ និង​កូន​ក្រមុំ តែង​ខ្លួន​នៅ​ថ្ងៃ​រៀប​មង្គលការ។ ដី​ធ្វើ​ឲ្យ​ពន្លក និង​គ្រាប់​ពូជ​ផ្សេងៗ ដុះ​ឡើង​នៅ​ក្នុង​សួន​ច្បារ​យ៉ាង​ណា ព្រះ‌ជា‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​សេចក្ដី​សុចរិត និង​ការ​សរសើរ​តម្កើង​ផុស​ចេញ​ពី​ទឹក​ដី​នេះ នៅ​ចំពោះ​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​យ៉ាង​នោះ​ដែរ។

ចែក​រំលែក
អាន អេសាយ 61

អេសាយ 61:1-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា​សណ្ឋិត​លើ​ខ្ញុំ ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង​ខ្ញុំ ឲ្យ​ផ្សាយ​ដំណឹង​ល្អ​ដល់​មនុស្ស​ទាល់​ក្រ ព្រះ‌អង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ដើម្បី​ប្រោស​មនុស្ស​ដែល​មាន​ចិត្ត​សង្រេង និង​ប្រកាស​ប្រាប់​ពី​សេចក្ដី​ប្រោស​លោះ​ដល់​ពួក​ឈ្លើយ ហើយ​ពី​ការ​ដោះ​លែង​ដល់​ពួក​អ្នក​ដែល​ជាប់​ចំណង ព្រម​ទាំង​ប្រកាស​ប្រាប់​ពី​ឆ្នាំ ដែល​ព្រះ‌យេហូវ៉ា​សព្វ​ព្រះ‌ហឫ‌ទ័យ និង​ពី​ថ្ងៃ​ដែល​ព្រះ​នៃ​យើង​ខ្ញុំ​នឹង​សង‌សឹក ហើយ​ឲ្យ​កម្សាន្ត​ចិត្ត​នៃ​អស់​អ្នក​ណា​ដែល​សោយ‌សោក ក៏​ចែក​ឲ្យ​ដល់​ពួក​អ្នក​ដែល​សោយ‌សោក នៅ​ក្រុង​ស៊ីយ៉ូន​បាន​ភួង​លម្អ​ជំនួស​ផេះ ហើយ​ប្រេង​នៃ​អំណរ​ជំនួស​សេចក្ដី​សោក‌សៅ ព្រម​ទាំង​អាវ​ពាក់​នៃ​សេចក្ដី​សរសើរ ជំនួស​ទុក្ខ​ធ្ងន់​ដែល​គ្រប​សង្កត់ ដើម្បី​ឲ្យ​គេ​បាន​ហៅ​ថា ជា​ដើម​ឈើ​នៃ​សេចក្ដី​សុចរិត គឺ​ជា​ដើម​ដែល​ព្រះ‌យេហូវ៉ា​បាន​ដាំ មាន​ប្រយោជន៍​ឲ្យ​ព្រះ‌អង្គ​បាន​ថ្កើង​ឡើង។ គេ​នឹង​សង់​អស់​ទាំង​ទីក្រុង ដែល​ខូច‌បង់​ពី​ដើម​ឡើង​វិញ ហើយ​រៀប​កន្លែង​ចោល​ស្ងាត់​ពី​កាល​មុន​ឡើង​ជា​ថ្មី គេ​នឹង​ជួស‌ជុល​អស់​ទាំង​ទី​ក្រុង​ដែល​ខូច‌បង់ និង​ទី​កន្លែង​ដែល​ចោល​ស្ងាត់​ជា​ច្រើន​ជំនាន់​នោះ​ឡើង​វិញ។ គ្រា​នោះ ពួក​សាសន៍​ដទៃ​នឹង​ឃ្វាល​ហ្វូង​សត្វ​ឲ្យ​អ្នក មនុស្ស​ប្រទេស​ក្រៅ​នឹង​ភ្ជួរ​រាស់ ហើយ​ថែ​រក្សា​ចម្ការ​ទំពាំង‌បាយ‌ជូរ​ឲ្យ​អ្នក។ តែ​អ្នក​រាល់​គ្នា នឹង​បាន​ហៅ​ថា​ជា​សង្ឃ​របស់​ព្រះ‌យេហូវ៉ា មនុស្ស​ទាំង‌ឡាយ​នឹង​ហៅ​អ្នក​រាល់​គ្នា ជា​អ្នក​គោរព​ដល់​ព្រះ​នៃ​យើង​រាល់​គ្នា អ្នក​រាល់​គ្នា​នឹង​ស៊ី​ទ្រព្យ‌សម្បត្តិ​របស់​អស់​ទាំង​សាសន៍ ហើយ​មាន​សេចក្ដី​រីក‌រាយ​ដោយ​របស់​រុងរឿង​នៃ​គេ។ អ្នក​រាល់​គ្នា​នឹង​បាន​ចំណែក​មួយ​ជា​ពីរ ជំនួស​សេចក្ដី​ខ្មាស​របស់​អ្នក ហើយ​មាន​សេចក្ដី​រីក‌រាយ ដោយ​ចំណែក​ដែល​ខ្លួន​ទទួល​ជំនួស​សេចក្ដី​អាប់‌យស ដូច្នេះ អ្នក​នឹង​បាន​ពីរ​ចំណែក​នៅ​ក្នុង​ស្រុក​របស់​អ្នក ហើយ​មាន​អំណរ​នៅ​អស់​កល្ប​ជា‌និច្ច។ ដ្បិត​យើង​គឺ​ព្រះ‌យេហូវ៉ា យើង​ស្រឡាញ់​សេចក្ដី​យុត្តិ‌ធម៌ យើង​ស្អប់​ការ​លួច​ប្លន់ និង​អំពើ​ទុច្ចរិត យើង​នឹង​ឲ្យ​រង្វាន់​ដល់​អ្នក​ដោយ​សេចក្ដី​ពិត ហើយ​យើង​នឹង​តាំង​សេចក្ដី​សញ្ញា ដ៏​នៅ​អស់​កល្ប​ជា‌និច្ច​ជា​មួយ​អ្នក។ គេ​នឹង​ស្គាល់​ពូជ‌ពង្ស​របស់​អ្នក នៅ​កណ្ដាល​អស់​ទាំង​សាសន៍ ហើយ​កូន​ចៅ​របស់​អ្នក នៅ​កណ្ដាល​ជន​ជាតិ​ទាំង‌ឡាយ អស់​អ្នក​ណា​ដែល​ឃើញ​អ្នក​នឹង​ទទួល​ស្គាល់​ថា អ្នក​ជា​ពួក​អ្នក​ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ពរ។ ខ្ញុំ​នឹង​អរ​សប្បាយ​ចំពោះ​ព្រះ‌យេហូវ៉ា ព្រលឹង​ខ្ញុំ​នឹង​រីក‌រាយ​ចំពោះ​ព្រះ​នៃ​ខ្ញុំ ដ្បិត​ព្រះ‌អង្គ​បាន​ប្រដាប់​ខ្លួន​ខ្ញុំ ដោយ​សម្លៀក‌បំពាក់​នៃ​សេចក្ដី​សង្គ្រោះ ព្រះ‌អង្គ​បាន​ឃ្លុំ​ខ្ញុំ​ដោយ​អាវ​ជា​សេចក្ដី​សុចរិត ដូច​ជា​ប្តី​ថ្មោង‌ថ្មី​តែង​ខ្លួន​ដោយ​គ្រឿង​លម្អ ហើយ​ដូច​ជា​ប្រពន្ធ​ថ្មោង‌ថ្មី ប្រដាប់​ដោយ​ត្បូង​របស់​ខ្លួន​ដែរ។ ដ្បិត​ដែល​ដី​ធ្វើ​ឲ្យ​ចេញ​ពន្លក ហើយ​សួន‌ច្បារ​បណ្ដាល​ឲ្យ​ពូជ​ផ្សេងៗ ដែល​គេ​ដាំ​នៅ​ទី​នោះ បាន​ដុះ​ឡើង​ជា​យ៉ាង​ណា នោះ​ព្រះ‌អម្ចាស់‌យេហូវ៉ា ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​សេចក្ដី​សុចរិត និង​សេចក្ដី​សរសើរបាន​លេច​ឡើង នៅ​ចំពោះ​អស់​ទាំង​សាសន៍​យ៉ាង​នោះ​ដែរ។

ចែក​រំលែក
អាន អេសាយ 61

អេសាយ 61:1-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​សណ្ឋិត​លើ​ខ្ញុំ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ខ្ញុំ​ឲ្យ​ផ្សាយ​ដំណឹង​ល្អ​ដល់​មនុស្ស​ទាល់​ក្រ ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ដើម្បី​នឹង​ប្រោស​មនុស្ស​ដែល​មាន​ចិត្ត​សង្រេង នឹង​ប្រកាស​ប្រាប់​ពី​សេចក្ដី​ប្រោស​លោះ​ដល់​ពួក​ឈ្លើយ ហើយ​ពី​ការ​ដោះ​លែង​ដល់​ពួក​អ្នក​ដែល​ជាប់​ចំណង ព្រម​ទាំង​ប្រកាស​ប្រាប់​ពី​ឆ្នាំ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ នឹង​ពី​ថ្ងៃ ដែល​ព្រះ​នៃ​យើង​ខ្ញុំ​នឹង​សង‌សឹក​ផង ហើយ​ឲ្យ​កំសាន្ត​ចិត្ត​នៃ​អស់​អ្នក​ណា​ដែល​សោយ‌សោក នឹង​ចែក​ឲ្យ​ដល់​ពួក​អ្នក​ដែល​សោយ‌សោក នៅ​ក្រុង​ស៊ីយ៉ូន​បាន​ភួង​លំអ​ជំនួស​ផេះ ហើយ​ប្រេង​នៃ​សេចក្ដី​អំណរ​ជំនួស​សេចក្ដី​សោក‌សៅ ព្រម​ទាំង​អាវ​ពាក់​នៃ​សេចក្ដី​សរសើរ ជំនួស​ទុក្ខ​ធ្ងន់​ដែល​គ្រប​សង្កត់ ដើម្បី​ឲ្យ​គេ​បាន​ហៅ​ថា ជា​ដើម​ឈើ​នៃ​សេចក្ដី​សុចរិត គឺ​ជា​ដើម​ដែល​ព្រះ‌យេហូវ៉ា​បាន​ដាំ មាន​ប្រយោជន៍​ឲ្យ​ទ្រង់​បាន​ថ្កើង​ឡើង។ គេ​នឹង​សង់​អស់​ទាំង​ទី ដែល​ខូច​បង់​ពី​ដើម​ឡើង​វិញ ហើយ​រៀប​កន្លែង​ចោល​ស្ងាត់​ពី​កាល​មុន​ឡើង​ជា​ថ្មី គេ​នឹង​ជួស‌ជុល​អស់​ទាំង​ទី​ក្រុង​ដែល​ខូច​បង់ ហើយ​អស់​ទាំង​ទី​កន្លែង​ដែល​ចោល​ស្ងាត់ តាំង​ពី​ច្រើន​ដំណ​ត​មក​ផង គ្រា​នោះ ពួក​សាសន៍​ដទៃ​នឹង​ឃ្វាល​ហ្វូង​សត្វ​ឲ្យ​ឯង ហើយ​មនុស្ស​ប្រទេស​ក្រៅ​នឹង​ភ្ជួរ‌រាស់ ហើយ​ថែ​រក្សា​ចំការ​ទំពាំង‌បាយ‌ជូរ​ឲ្យ​ឯង តែ​ឯ​ឯង​រាល់​គ្នា នឹង​បាន​ហៅ​ថា​ជា​សង្ឃ​របស់​ព្រះ‌យេហូវ៉ា មនុស្ស​ទាំង‌ឡាយ​នឹង​ហៅ​ឯង​រាល់​គ្នា​ជា​អ្នក​គោរព​ដល់​ព្រះ​នៃ​យើង​រាល់​គ្នា ឯង​រាល់​គ្នា​នឹង​ស៊ី​ទ្រព្យ​សម្បត្តិ​របស់​អស់​ទាំង​សាសន៍ ហើយ​នឹង​មាន​សេចក្ដី​រីក‌រាយ​ដោយ​របស់​រុងរឿង​នៃ​គេ ឯង​រាល់​គ្នា​នឹង​បាន​ចំណែក​១​ជា​២​ជំនួស​សេចក្ដី​ខ្មាស​របស់​ឯង ហើយ​នឹង​មាន​សេចក្ដី​រីក‌រាយ ដោយ​ចំណែក​ដែល​ខ្លួន​ទទួល​ជំនួស​សេចក្ដី​អាប់‌យស ដូច្នេះ ឯង​នឹង​បាន​២​ចំណែក​នៅ​ក្នុង​ស្រុក​របស់​ឯង ហើយ​នឹង​មាន​សេចក្ដី​អំណរ ដ៏​នៅ​អស់​‌កល្ប​ជានិច្ច ដ្បិត​អញ គឺ​ព្រះ‌យេហូវ៉ា អញ​ស្រឡាញ់​សេចក្ដី​យុត្តិ‌ធម៌ តែ​ស្អប់​ការ​លួច​ប្លន់ នឹង​សេចក្ដី​ទុច្ចរិត​វិញ អញ​នឹង​ឲ្យ​រង្វាន់​ដល់​ឯង​ដោយ​សេចក្ដី​ពិត ហើយ​នឹង​តាំង​សេចក្ដី​សញ្ញា​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច​នឹង​ឯង គេ​នឹង​ស្គាល់​ពូជ‌ពង្ស​របស់​ឯង នៅ​កណ្តាល​អស់​ទាំង​សាសន៍ ហើយ​កូន​ចៅ​របស់​ឯង នៅ​កណ្តាល​ជន‌ជាតិ​ទាំង‌ឡាយ អស់​អ្នក​ណា​ដែល​ឃើញ​ឯង​នឹង​ទទួល​ស្គាល់​ថា ឯង​ជា​ពួក​អ្នក​ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ពរ​ឲ្យ។ ខ្ញុំ​នឹង​អរ​សប្បាយ​ចំពោះ​ព្រះ‌យេហូវ៉ា ព្រលឹង​ខ្ញុំ​នឹង​រីក‌រាយ​ចំពោះ​ព្រះ​នៃ​ខ្ញុំ ពី​ព្រោះ​ទ្រង់​បាន​ប្រដាប់​ខ្លួន​ខ្ញុំ​ដោយ​សំលៀក‌បំពាក់​នៃ​សេចក្ដី​សង្គ្រោះ ទ្រង់​បាន​គ្រលុំ​ខ្ញុំ​ដោយ​អាវ​ជា​សេចក្ដី​សុចរិត ដូច​ជា​ប្ដី​ថ្មោង‌ថ្មី​តែង​ខ្លួន​ដោយ​គ្រឿង​លំអ ហើយ​ដូច​ជា​ប្រពន្ធ​ថ្មោង‌ថ្មី ក៏​ប្រដាប់​ដោយ​ត្បូង​របស់​ខ្លួន​ដែរ ដ្បិត​ដែល​ដី​ធ្វើ​ឲ្យ​ចេញ​ពន្លក ហើយ​សួន‌ច្បារ​បណ្តាល​ឲ្យ​ពូជ​ផ្សេងៗ ដែល​គេ​ដាំ​នៅ​ទី​នោះ បាន​ដុះ​ឡើង​ជា​យ៉ាង​ណា នោះ​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​នឹង​ធ្វើ​ឲ្យ​សេចក្ដី​សុចរិត នឹង​សេចក្ដី​សរសើរ បាន​លេច​ឡើង នៅ​ចំពោះ​អស់​ទាំង​សាសន៍​យ៉ាង​នោះ​ដែរ។

ចែក​រំលែក
អាន អេសាយ 61