អេសាយ 6:1-7

អេសាយ 6:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ឆ្នាំ​ដែល​ព្រះ‌បាទ​អ៊ូសៀស​សោយ​ទិវង្គត ខ្ញុំ​បាន​ឃើញ​ព្រះ‌អម្ចាស់​គង់​លើ​បល្ល័ង្ក​ដ៏​ខ្ពស់​បំផុត ជាយ​ព្រះ‌ភូសា​របស់​ព្រះអង្គ​លាត​ពេញ​ក្នុង​ព្រះ‌វិហារ។ នៅ​ពី​លើ​ព្រះអង្គ មាន​ពពួក​សេរភីម*។ សេរភីម​នីមួយៗ​មាន​ស្លាប​ប្រាំ​មួយ គឺ​ស្លាប​ពីរ​សម្រាប់​បាំង​មុខ ស្លាប​ពីរ​សម្រាប់​បាំង​ជើង និង​ស្លាប​ពីរ​ទៀត​សម្រាប់​ហើរ។ សេរភីម​ទាំង​នោះ​បន្លឺ​សំឡេង​ឆ្លើយ​ឆ្លង​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «ព្រះ​ដ៏វិសុទ្ធ ព្រះ​ដ៏វិសុទ្ធ ព្រះ​ដ៏វិសុទ្ធ គឺ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល! ផែនដី​ទាំង​មូល​ពោរ‌ពេញ​ទៅ​ដោយ​សិរី‌រុងរឿង​របស់​ព្រះអង្គ!»។ ព្រះ‌សូរសៀង​របស់​ព្រះអង្គ​ធ្វើ​ឲ្យ​កក្រើក​ទ្វារ​ព្រះ‌វិហារ ហើយ​មាន​ផ្សែង​ហុយ​ពេញ​ព្រះ‌ដំណាក់។ ពេល​នោះ ខ្ញុំ​លាន់​មាត់​ថា៖ «ស្លាប់​ខ្ញុំ​ហើយ! ខ្ញុំ​ពិត​ជា​ត្រូវ​វិនាស ដ្បិត​ខ្ញុំ​ជា​មនុស្ស​មាន​បបូរ​មាត់​មិន​បរិសុទ្ធ* ហើយ​ខ្ញុំ​ក៏​រស់​នៅ​កណ្ដាល​ចំណោម​ប្រជា‌ជន​ដែល​មាន​បបូរ​មាត់​មិន​បរិសុទ្ធ​ដែរ តែ​ខ្ញុំ​បាន​ឃើញ​ព្រះ‌មហា‌ក្សត្រ ជា​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល»។ ខណៈ​នោះ សេរភីម​មួយ​ហើរ​មក​រក​ខ្ញុំ ទាំង​កាន់​តង្កៀប​កៀប​រងើក​ភ្លើង​ពី​អាសនៈ​មក​ជា​មួយ​ផង រួច​យក​រងើក​ភ្លើង​នោះ​មក​ប៉ះ​មាត់​ខ្ញុំ ទាំង​ប្រាប់​ថា៖ «ដោយ​រងើក​ភ្លើង​នេះ​ប៉ះ​បបូរ​មាត់ លោក​ដូច្នេះ ព្រះ‌អម្ចាស់​លើក‌លែង​ទោស​ឲ្យ​លោក ព្រះអង្គ​ដក​បាប​ចេញ​ពី​លោក​ហើយ»។

ចែក​រំលែក
អាន អេសាយ 6

អេសាយ 6:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ឆ្នាំ​ដែល​ស្តេច​អ៊ូសៀស​សុគត នោះ​ខ្ញុំ​ឃើញ​ព្រះ‌អម្ចាស់​គង់​លើ​បល្ល័ង្ក​នៅ​ទី​ខ្ពស់ ហើយ​បាន​តម្កើង​ឡើង ឯ​រំភាយ​ព្រះ‌ពស្ត្រ​សាយ​មក​ពេញ​ក្នុង​ព្រះ‌វិហារ។ នៅ​ពី​លើ​ព្រះ‌អង្គ​មាន​ពួក​សេរភីម គ្រប់​គ្នា​មាន​ស្លាប​ប្រាំមួយ ក៏​បាំង​មុខ​ដោយ​ស្លាប​ពីរ បាំង​ជើង​ដោយ​ស្លាប​ពីរ ហើយ​ប្រើ​ពីរ​សម្រាប់​ហើរ។ មួយ​បន្លឺ​ទៅ​កាន់​មួយ​ថា៖ «បរិសុទ្ធ បរិសុទ្ធ គឺ​ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារ​ព្រះ‌អង្គ​បរិសុទ្ធ ផែនដី​ទាំង​មូល​មាន​ពេញ ដោយ​សិរី‌ល្អ​របស់​ព្រះ‌អង្គ»។ ក្រប​ទ្វារ​ក៏​ញ័រ ដោយ​សូរ​សំឡេង​សេរភីម​ដែល​បន្លឺ​នោះ ហើយ​មាន​ផ្សែង​ពេញ​ព្រះដំណាក់។ នោះ​ខ្ញុំ​ពោល​ថា៖ «វរ​ហើយ​ខ្ញុំ ខ្ញុំ​ត្រូវ​វិនាស​ជា​ពិត ដ្បិត​ខ្ញុំ​ជា​មនុស្ស​មាន​បបូរ​មាត់​មិន​ស្អាត ហើយ​ខ្ញុំ​នៅ​កណ្ដាល​បណ្ដា​មនុស្ស​ដែល​មាន​បបូរ​មាត់​មិន​ស្អាត​ដែរ ពី​ព្រោះ​ភ្នែក​ខ្ញុំ​បាន​ឃើញ​មហា‌ក្សត្រ គឺ​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ»។ ខណៈ​នោះ សេរ‌ភីម​មួយ​បាន​ហើរ​មក​ឯ​ខ្ញុំ ដៃ​កាន់​រងើក​ភ្លើង​ដែល​បាន​យក​ពី​អាស‌នា​ដោយ​ដង្កៀប មក​ប៉ះ​នឹង​មាត់​ខ្ញុំ ដោយ​ពោល​ថា៖ «នែ​រងើក​នេះ​បាន​ប៉ះ​នឹង​បបូរ​មាត់​អ្នក​ហើយ អំពើ​ទុច្ចរិត​របស់​អ្នក​បាន​ដក​ចេញ ហើយ​អំពើ​បាប​របស់​អ្នក​បាន​អត់​ទោស​ឲ្យ​ដែរ»។

ចែក​រំលែក
អាន អេសាយ 6

អេសាយ 6:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​ឆ្នាំ​ដែល​ស្តេច​អ៊ូសៀស​ទ្រង់​បាន​សុគត នោះ​ខ្ញុំ​ឃើញ​ព្រះ‌អម្ចាស់​ទ្រង់​គង់​លើ​បល្ល័ង្ក​នៅ​ទី​ខ្ពស់ ហើយ​បាន​ដំកើង​ឡើង ឯ​រំភាយ​ព្រះ‌ពស្ត្រ​ទ្រង់​សាយ​មក​ពេញ​ក្នុង​ព្រះ‌វិហារ នៅ​ពី​លើ​ទ្រង់​មាន​ពួក​សេរភីម គ្រប់​គ្នា​មាន​ស្លាប​៦ ក៏​បាំង​មុខ​ដោយ​ស្លាប​២ បាំង​ជើង​ដោយ​ស្លាប​២ ហើយ​ប្រើ​២​សំរាប់​ហើរ មួយ​បន្លឺ​ទៅ​កាន់​១​ថា បរិសុទ្ធ បរិសុទ្ធ គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​បរិសុទ្ធ ផែនដី​ទាំង​មូល​មាន​ពេញ​ដោយ​សិរី‌ល្អ​នៃ​ទ្រង់ ក្រប​ទ្វារ​ក៏​ញ័រ ដោយ​សូរ​សំឡេង​នៃ​សេរភីម​ដែល​បន្លឺ​នោះ ហើយ​ព្រះ‌វិហារ​បាន​ពេញ​ទៅ​ដោយ​ផ្សែង នោះ​ខ្ញុំ​ពោល​ថា វរ‌ហើយ​ខ្ញុំ ខ្ញុំ​ត្រូវ​វិនាស​ជា​ពិត ដ្បិត​ខ្ញុំ​ជា​មនុស្ស​មាន​បបូរ​មាត់​មិន​ស្អាត ហើយ​ខ្ញុំ​នៅ​កណ្តាល​បណ្តា​មនុស្ស​ដែល​មាន​បបូរ​មាត់​មិន​ស្អាត​ដែរ ពី​ព្រោះ​ភ្នែក​ខ្ញុំ​បាន​ឃើញ​មហា‌ក្សត្រ គឺ​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ខណៈ​នោះ សេរ‌ភីម​១​បាន​ហើរ​មក​ឯ​ខ្ញុំ ដៃ​កាន់​រងើក​ភ្លើង​ដែល​បាន​យក​ពី​អាសនា​ដោយ​ដង្កៀប ក៏​ឲ្យ​ប៉ះ​នឹង​មាត់​ខ្ញុំ ដោយ​ពោល​ថា នែ​រងើក​នេះ​បាន​ប៉ះ​នឹង​បបូរ​មាត់​អ្នក​ហើយ ឯ​សេចក្ដី​ទុច្ចរិត​របស់​អ្នក នោះ​បាន​ដក​ចេញ ហើយ​អំពើ​បាប​របស់​អ្នក​បាន​អត់​ទោស​ឲ្យ​ផង។

ចែក​រំលែក
អាន អេសាយ 6